ក្រសួង​​អប់រំ​​ផ្អាក​​សកម្ម​ភាព​​កីឡានិង​​ការ​ហាត់​ប្រាណ​​ក្នុង​​ស្តាត​​អូឡាំពិក​​

ទិដ្ឋភាពនៅពីមុខច្រកចូលពហុកីឡដ្ឋានអូឡាំពិក កាលពីឆ្នាំ២០១៧។ (ហ៊ុន សិរីវឌ្ឍន៍)

​ក្រសួង​អប់រំ​ ហាមឃាត់​សកម្មភាព​កីឡានិង​ការហាត់ប្រាណ​គ្រប់​ប្រភេទ​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​អូឡាំពិក ដោយ​ថា ទីតាំង​មួយ​នេះនឹង​ត្រូវ​ប្រើជា​កន្លែង​ប្រមូល​មនុស្ស​សម្រាប់​ធ្វើតេស្ត​សុខភាព​នៅ​សប្ដាហ៍​ក្រោយនេះ។

ក្រសួង​អប់រំ​ បាន​ប្រកាស​ឱ្យ​ដឹង​បែបនេះ​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃនេះ ប្រាប់​ទៅ​ស្ថាប័ន​កីឡា​ចំណុះ​ឱ្យ​ក្រសួងនិង​ប្រាប់​ទៅ​មហាជន​ទូទៅ។

ក្រសួង​បាន​ប្រកាស​ថា ក្រសួងសុខាភិបាល​នឹង​យក​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​សម្រាប់​ប្រមូល​សំណាក​របស់​មនុស្សជា​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២៨វិច្ឆិកា​កន្លងមក​នេះ ដែល​ការ​ធ្វើតេស្ត​ដ៏​ធំ​នេះ នឹង​ធ្វើ​ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី១២ ខែធ្នូ ឬនៅ​សប្ដាហ៍​ក្រោយនេះ។

ក្រសួង​ក៏បាន​ណែនាំ​ទៅដល់​បុគ្គលិក​អប់រំ​ដែល​បម្រើការ​ងារ​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​អូឡាំពិក​នេះឱ្យ​បំពេញការងារ​ពី​ចម្ងាយ​តាម​អន​ឡាញ។

កម្ពុជា​បាន​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ចាប់តាំងពី​សប្ដាហ៍​មុន​មក បន្ទាប់ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជាលើកដំបូង​នៅ​លើ​ស្ត្រី​វ័យ៥៦ឆ្នាំ ដែល​ជា​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ លោក ឆែម សា​វុធ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ជា​អ្វី​ដែល​រដ្ឋាភិបាល​បាន​ហៅ​ករណីនេះ​ថា «ព្រឹត្តិ​ការណ៍២៨វិច្ឆិកា»។

គិត​មកដល់​ថ្ងៃនេះ ក្រសួងសុខាភិបាល ​បាន​រក​ឃើញ​មនុស្ស២៣នាក់​ហើយ ក្នុង​នោះ​មាន​កុមារ​វ័យ៣ឆ្នាំ​ម្នាក់​ផង​ដែរ បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ពួក​គេ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ