អាជ្ញាធរ​​ថា​ អ្នក​​ផលិត​​ស្រា​៦​នាក់​ត្រូវ​​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​ករណី​​សង្ស័យ​​ពុល​​ស្រា​-ស​នៅ​​ខេត្ត​​កំពង់​ឆ្នាំង​

អាជ្ញាធរ​ខេត្ត រួម​នឹង​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប​) បាន​នាំ​យក​នូវ​សំណាក​គំរូ លើក​ទី៣ (ស្រា​ស+ស្រាថ្នាំ​) នៅ​ស្រុក​ទឹកផុស ដើម្បី​យក​ទៅ​ពិនិត្យ​នៅ​ឡា​បូ (រាជធានី​ភ្នំពេញ​) ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ការិ.ផ្សព្វផ្សាយ​អប់រំ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​)

​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា គិត​មកដល់​រសៀល​ថ្ងៃសុក្រ​នេះ តុលាការ​បានសម្រេច​ឃុំខ្លួន​អ្នក​ផលិត​ស្រា​-ស ៣នាក់ នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន ខណៈ​មនុស្ស៣នាក់​ទៀត កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោយពី​មាន​ករណី​សង្ស័យ​ពុល​ស្រា​-ស បណ្តាល​ឱ្យ​មនុស្សជាង ១០នាក់​​ស្លាប់ និង​ជាង១០០នាក់​ទៀត​ឈឺ។

កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ករណី​សង្ស័យ​ពុល​ស្រា​-ស បាន​កើតឡើង​អំឡុង​ពេល​អ្នកភូមិ​ជាច្រើន​នាក់​ចូលរួម​កំដរ​បុណ្យសព​មួយ​កន្លែង​ ស្ថិត​ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ក្រោយមក​ នៅ​ថ្ងៃទី០១ ខែធ្នូ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បានសម្រេច​បិទ​កន្លែង​ផលិត​និង​ចែកចាយ​ស្រា​-ស និង​ស្រាថ្នាំ​បណ្តោះអាសន្ន​ជាច្រើន​ទីតាំង បន្ទាប់ពី​មនុស្ស​​ស្លាប់ និង​ធ្លាក់ខ្លួន​​ឈឺ​ជាបន្តបន្ទាប់។

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក អៀរ ប៊ុ​នធឿន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា គិត​ត្រឹម​ថ្ងៃនេះ មាន​មនុស្ស៣នាក់​ហើយដែល​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ និង​មាន​មនុស្ស៣នាក់​បន្ថែម​ទៀតត្រូវ​បាន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោយពី​រក​ឃើញថា ពួក​គេ​ផលិត​ស្រាមិន​គោរព​ទៅតាម​បច្ចេកទេសនិង​តាម​ស្តង់​ដា​រគុណភាព។

លោក​បន្ថែម​ថា៖ «ដោយសារ​ការផលិត​របស់​គាត់ អត់​ត្រូវ​តាម​បច្ចេកទេស​មាត្រ​ដ្ឋានដែល​បាន​កំណត់​ច្បាស់លាស់ ដូចជាមេតាណុល​ហ្នឹង​វា​មាន​ច្រើនហួស​កម្រិត»។

អ្នកនាំពាក្យ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ប្រតិបត្តិ​ការ​ចុះ​ពិនិត្យ​កន្លែង​ផលិតនិង​ចែកចាយ​ស្រា​ទូទាំង​ខេត្ត គិត​ត្រឹម​ម៉ោង៥ល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ គឺ​អាជ្ញាធរ​បាន​បិទ​ទីតាំង​ផលិត​ស្រា​-ស ចំនួន៣៤៦កន្លែង និង​បិទ​កន្លែង​ចែកចាយ​បន្ត​ចំនួន៥៤៣កន្លែង ខណៈ​ប្រតិបត្តិ​ការ​ចុះ​ពិនិត្យ​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ នៅ​មិនទាន់​បាន​បូក​បញ្ចូល​នៅឡើយ។ 

លោក​ថា អាជ្ញាធរ​នឹង​បន្ត​ចុះ​បិទ​ទីតាំង​ផលិត​ស្រា​-សដែល​មិន​ត្រូវ​តាម​បច្ចេកទេសនិង​គុណភាព​ទាំងនោះ​រហូត​ទាល់​តែ​អស់ ហើយ​អ្នក​ផលិត​ស្រា​មិន​គោរព​ទៅតាម​ស្តង់​ដារ ​នឹង​ប្រឈម​ផ្លូវច្បាប់។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ឡុង ស៊ី​ថា មានប្រសាសន៍​ថា មនុស្ស៣នាក់ ដែល​បញ្ជូន​ទៅ​ឃុំ​ខ្លួនបណ្តោះអាសន្ន​នោះ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ «ធ្វើ​ពាណិជ្ជកម្ម និង​ផលិត​ម្ហូបអាហារ​មាន​ជាតិពុល និង​មនុស្សឃាត​ដោយ​អចេតនា» តាម​មាត្រា១៨ និង ៦៣ នៃ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​គុណភាព សមត្ថភាព​ផលិត​ផល​ទំ​នេញនិង​សេវា និង​មាត្រា២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​បន្ថែម​ថា៖ «សម្រាប់​ការ​ជាប់ពន្ធ​នា​គារនិង​ផាកពិន័យ ខ្ញុំ​មិនដឹង​ទេ វា​ជា​សិទ្ធិ​សម្រេច​របស់​ចៅក្រម»។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានឱ្យ​ដឹង​ថា អ្នកភូមិ​ស្លាប់​ពាក់ព័ន្ធ​នឹង​ការ​ផឹក​ស្រា​ស នៅ​ឯស្រុក​ទឹកផុស ចាប់តាំងពីថ្ងៃទី២៦ ខែវិច្ឆិកាមក សរុប​ជាង ១០នាក់​ បន្ទាប់ពី​មន្ត្រី​សុខាភិបាល​បាន​ចុះទៅ​ស្រាវជ្រាវ​នៅ​តាម​ភូមិ​នានា។

អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទ​ឌឿន មានប្រសាសន៍​ថា រហូតមកដល់​ថ្ងៃ​សុក្រ​នេះ ពុំ​មាន​មនុស្ស​ឈឺនិង​ស្លាប់ដោយ​​ពុល​ស្រា​ទៀត​ឡើយ។

អភិបាលខេត្ត​រូប​នេះ បញ្ជាក់​ថា ករណី​អាជ្ញាធរ​បិទ​កន្លែង​ផលិត​ស្រានិង​ចរាចរ​ណ៍ស្រា​នេះ គឺ​ពុំ​ទាន់​កំណាត់​ថ្ងៃ​ឱ្យ​បើក​វិញ​ទេ ដោយ​រង់​ចាំ​ការ​ត្រួតពិនិត្យ​ផ្លូវច្បាប់ គុណភាព និង​បច្ចេកទេស​សិន។

លោក​បន្ថែម​ថា៖ «ករណី​យើង​បិទ​នេះ គឺ​យើង​បិទ​ទាំងអស់ អ្នកលក់​ក៏​យើង​បិទ​ដែរ មូលហេតុ​យើង​បិទ​ ដោយសារ​ស្រា​មាន​ជាតិពុល យើង​ខ្លាច​វា​ប្រឈម អ៊ីចឹង​យើង​បិទ​ទាំងអស់ អត់ឱ្យ​លក់ អត់ឱ្យ​ផលិត​ទៀត​ទេ រង់ចាំ​ការ​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​សិន ហើយ​បាន​យើង​ប្រជុំ​ថា តើ​ធ្វើ​យ៉ាងម៉េច​? ដោះស្រាយ​យ៉ាងម៉េច​តទៅទៀត ឥលូវ​យើង​អត់​ទាន់​ដឹង​ទេ»។

មន្ត្រី​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិ​ភាព លោក ហេង គី​មហុង បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ ចំពោះ​អ្នក​ផលិត​ស្រា​-សដែល​មិន​គោរព​តាម​ស្តង់​ដា​របច្ចេកទេស​និង​គុណភាព​នេះ។ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​មាន​វិធានការ​បន្ថែម​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បណ្តែតបណ្តោយ​ឱ្យ​មានការ​ផលិតនិង​ចែកចាយ​ស្រា​-ស ដែល​គ្មាន​ស្តង់ដាររ​ហូត​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នេះ​ដែរ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ក៏​ស្នើ​ឱ្យ​មានការ​ឃាត់ខ្លួន​ចំពោះ​អ្នក​បំពេញមុខ​ងារ​សាធារណៈពាក់ព័ន្ធ​រឿង​នេះ ពី​បទ​ធ្វេសប្រហែស ពីព្រោះ​ខ្ញុំ​យល់ថា ការផលិត​នេះ មិនមែន​អាជ្ញាធរ​មូលដ្ឋាន​មិនដឹង​ទេ គឺ​ប្រាកដ​ណាស់​ថា ពួក​គាត់​បានដឹង​ថាមានការ​ផលិត​ស្រា​នៅក្នុង​មូលដ្ឋាន​របស់​ពួក​គាត់។ អ៊ីចឹង​វា​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ជាមួយ​ភាព​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​មូលដ្ឋាន»។

អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ថា ពាក់ព័ន្ធ​មនុស្ស​ស្លាប់និង​ឈឺ​ដោយ​សង្ស័យ​ពុល​ស្រា​នៅ​ខេត្ត​កំពង់ឆ្នាំង ស្ថាប័ន​នេះ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ដោយ​សំណាក​មួយចំនួន​រក​ឃើញថា មាន​ផ្ទុក​សារធាតុ​មេតាណុល​ចន្លោះ​ពី ១០,៥ ទៅ ១៧,២៥ ភាគរយ ដែល​វា​លើស​ពី​កម្រិត​អនុញ្ញាត​ឱ្យ​ប្រើ ដែល​មានត្រឹមតែ ០,១៥ ភាគរយ​ប៉ុណ្ណោះ។ អគ្គនាយក​ដ្ឋាន​នេះ អះអាង​ថា កាលណា​អ្នក​ផលិត ប្រើប្រាស់​ជាតិ​មេតាណុល​លើសកម្រិត​អនុញ្ញាត​នៅក្នុង​ស្រា​ នឹង​ធ្វើ​ឱ្យ​មនុស្ស​ដែល​ទទួលទាន​អាច​ស្លាប់​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ