សាលាដំបូងខេត្តព្រះសីហនុ សម្រេចលើកពេលសវនាការលើសំណុំរឿងជនជាប់ឃុំ ដែលគ្រោងធ្វើនៅចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ដើម្បីបង្ការកុំឱ្យមានការឆ្លងរាលដាលមេរោគកូវីដ១៩។
ក្នុងសេចក្តីជូនដំណឹងរបស់សាលដំបូងខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ដើម្បីចូលរួមធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំឱ្យមានការរីករាលដាលក្នុងសហគមន៍បន្ថែមទៀត ក្រោយពីព្រឹត្តិការណ៍២៨វិច្ឆិកា តុលាការសម្រេចលើកពេលសវនាការលើសំណុំរឿងជនជាប់ឃុំ ដែលគ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ទៅពេលក្រោយវិញ លើកលែងតែសំណុំរឿងចាំបាច់មួយចំនួន ដែលចៅក្រមត្រូវពិនិត្យមើលជាក់ស្តែងទៅតាមច្បាប់។
សេចក្តីជូនដំណឹងដដែលឱ្យដឹងដែរថា កន្លងមកមន្ត្រីមួយចំនួន នៃសាលាដំបូង និងអយ្យការអមសាលាខេត្តព្រះសីហនុ មានការប៉ះពាល់ដោយផ្ទាល់ ឬប្រយោល និងត្រូវធ្វើចត្តាឡីស័កផងដែរ។
បន្ថែមពីនេះ សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ចំពោះការបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋនៅដំណើរការជាធម្មតា ប៉ុន្តែអនុវត្តន៍វិធានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល រក្សាគម្លាត និងចៀសវាងការប្រមូលផ្តុំដែលមានគ្នាច្រើនជាដើម៕









