ក្រសួងអប់រំសម្រេចផ្អាកចេញចូល និងលេងកីឡាគ្រប់ប្រភេទ ក្នុងបរិវេណពហុកីឡដ្ឋានជាតិចំនួន៥ថ្ងៃ ចាប់ពីដើមសប្តាហ៍ក្រោយនេះ ដើម្បីទុកឱ្យក្រសួងសុខាភិបាលយកទីតាំងនោះ ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ក្រសួងសម្រេច ផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីឆ្លើយតបតាមតម្រូវការ ចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡដ្ឋានជាតិសម្រាប់ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
បន្ថែមពីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជូនដំណឹងទៅ «បុគ្គលិកអប់រំដែលមានទីតាំង បម្រើការងារក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ»វិញ៕









