លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបិទទីតាំងអាជីវកម្មទាំងឡាយដែលមិនអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្នុងសារសំឡេងផ្សព្វផ្សាយលើហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន បានឱ្យដឹងនៅថ្ងៃនេះថា ការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញកន្លងមក គឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
ករណីនេះ លោកនាយករដ្ឋមន្ត្រី រំលឹកអភិបាលខេត្ត រាជធានីទាំងអស់ ចុះតាមដានត្រួតពិនិត្យនៅទីតាំងលក់ដូរទាំងអស់ទាំងផ្សារ ទាំងអគារលក់ដូរនានា ហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានាដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ ត្រូវប្រើអំណាចរបស់រដ្ឋ បិទហាងនោះជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលក៏បានព្រាងនូវព្រះរាជក្រឹត្យ និងសារលិខិតរួចរាល់ហើយក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីអះអាងថា មិនចង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ ព្រោះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំង ហើយអ្នកដែលរងគ្រោះប្រជាពលរដ្ឋ។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធិភាពខ្ពស់៕









