​ប៉ូលិ​ស​ថា​ មនុស្ស​៩​នាក់​ត្រូវ​​បញ្ជូន​​ទៅ​​តុលា​ការ​​ពាក់​ព័ន្ធ​​ករណី​​ពុល​​ស្រា​​នៅ​​ខេត្ត​​កំពង់​ឆ្នាំង​

អាជ្ញាធរ​ខេត្ត រួម​នឹង​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប​) បាន​នាំ​យក​នូវ​សំណាក​គំរូ លើក​ទី៣ (ស្រា​ស+ស្រាថ្នាំ​) នៅ​ស្រុក​ទឹកផុស ដើម្បី​យក​ទៅ​ពិនិត្យ​នៅ​ឡា​បូ (រាជធានី​ភ្នំពេញ​) ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ការិ.ផ្សព្វផ្សាយ​អប់រំ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​)

​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា មនុស្ស៩នាក់ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ​ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ស្លាប់ដោយ​សង្ស័យ​ពុល​ស្រា​-ស នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​មន្ត្រី​តុលាការ​ថា មានតែ​មនុស្ស៦នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅនិង​ត្រូវ​ចោទប្រកាន់។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន អះអាង​ថា ចាប់តាំងពី​ថ្ងៃទី២៦ ខែវិច្ឆិកា​មក មាន​មនុស្ស១៥នាក់បាន​ស្លាប់ និង​ជាង១០០នាក់បាន​ឈឺ​ ដោយ​សង្ស័យ​ថាពុល​ស្រា​-ស ស្ថិតនៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ខូវ លី ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃអង្គារ​នេះ​ថា នគរបាល​បាន​បញ្ជូន​មនុស្ស៩នាក់ទៅ​តុលាការ ​ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ស្លាប់ដោយសារ​ពុល​ស្រា​នៅ​ស្រុក​ទឹកផុស​នេះ។

លោក​បន្ថែម​ថា៖ «យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៩នាក់ ​មាន​ស្រី៤នាក់​ ប៉ុន្តែ​តុលាការ​ដោះលែង​ប៉ុន្មាន ​ឃុំ​ប៉ុន្មាន ​ឃុំ​ប៉ុន្មាន ​ខ្ញុំ​អត់​ដឹង​ទេ»។

ស្នងការ​រូប​នេះបញ្ជាក់​ថា រហូតមកដល់​ថ្ងៃនេះ អាជ្ញាធរ​បាន​ចុះ​ពិនិត្យនិង​ផ្អាក​អាជីវកម្ម​ផលិ​តស្រា​-ស ចំនួន៥១៥កន្លែង និង​កន្លែង​ចែកចាយ​បន្ត​ ចំនួន១១៥កន្លែង។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោ​ក ឡុង ស៊ី​ថា មានប្រសាសន៍​ថា មាន​មនុស្ស​តែ៦នាក់​ប៉ុណ្ណោះដែល​បាន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ពុល​ស្រា​នៅ​ស្រុក​ទឹកផុស​នេះ ក្នុង​នោះ​ មនុស្ស៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន និង​ម្នាក់ទៀតធ្លាក់ខ្លួន​ឈឺ តម្រូវ​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​សិន រង់ចាំ​ការសាកសួរ​នៅពេល​ក្រោយ។

លោក​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួននិង​ឃុំខ្លួន​នោះ គឺ​ដោយសារតែ​ពួក​គេ​ផលិត​ស្រា​-សមាន​ជាតិ​មេ​តា​ណុ​លហួ​សក​ម្រិ​តអនុញ្ញាត។

អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ទៀត​ថា អ្នក​ទាំង៥ដែល​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ​«ធ្វើ​ពាណិជ្ជកម្ម និង​ផលិត​ម្ហូបអាហារ​មាន​ជាតិពុល និង​មនុស្សឃាត​ដោយ​អចេតនា» តាម​មាត្រា១៨ និង ៦៣ នៃ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​គុណភាព សមត្ថភាព​ផលិត​ផល​ទំ​និ​ញនិង​សេវា និង​មាត្រា២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​បន្ថែម​ថា៖ «បច្ចុប្បន្ន មាន៥នាក់​ត្រូវ​បាន​ឃុំខ្លួន និង​ម្នាក់​នៅ​មន្ទីរពេទ្យ»។

អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ថាពាក់ព័ន្ធ​មនុស្ស​ស្លាប់​និង​ឈឺ​ដោយ​សង្ស័យ​ពុល​ស្រា​នៅ​ខេត្ត​កំពង់ឆ្នាំង ស្ថាប័ន​នេះ​បាន​យក​សំណាក​ទៅ​ពិនិត្យ ក្នុង​នោះ សំណាក​មួយចំនួន​រក​ឃើញថា មាន​ផ្ទុក​សារធាតុ​មេតាណុល​ចន្លោះ​ពី ១០,៥ ទៅ ១៧,២៥ ភាគរយ ដែល​វា​លើស​ពី​កម្រិត​អនុញ្ញាត​ឱ្យ​ប្រើ​ដែល​មានត្រឹមតែ ០,១៥ ភាគរយ​ប៉ុណ្ណោះ។

អគ្គនាយក​ដ្ឋាន​នេះ អះអាង​ថា កាលណា​អ្នក​ផលិត ប្រើប្រាស់​ជាតិ​មេតាណុល​លើសកម្រិត​អនុញ្ញាត​នៅក្នុង​ស្រា នឹង​ធ្វើ​ឱ្យ​មនុស្ស​ដែល​ទទួលទាន​អាច​ស្លាប់​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ