អាជ្ញាធរ​​រាជ​ធានី​​-​ខេត្ត​ បន្ត​​រក​​អ្នក​​ពាក់​ព័ន្ធ​​ព្រឹត្តិ​ការណ៍​២៨​វិច្ឆិកា​ និង​​បាញ់​ថ្នាំ​​សម្លាប់​​មេរោគ​​នៅ​​ទី​តាំង​​ពួក​​គេ​​ទៅ​

មន្ត្រី​សុខាភិបាល​និង​អ្នកជំនាញ ចុះ​ត្រួតពិនិត្យ​នៅ​ហាង Pedro ក្រោយ​មាន​បុគ្គលិក​បម្រើការ​ងារ​នៅ​ហាង​នេះ​ម្នាក់​មាន​ផ្ទុក​កូ​វីដ១៩ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​រាជធានី​-ខេត្ត​មួយចំនួន កំពុង​បន្ត​រក​អ្នក​ដែល​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​មួយចំនួន ដែល​អ្នកជំងឺនិង​អ្នក​ពាក់ព័ន្ធ​បាន​ទៅ ស្រប​ពេល​ក្រសួងសុខាភិបាល​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​បន្ថែម​ទៀត។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល លោក គាម ពិសិដ្ឋ មានប្រសាសន៍​នៅ​ថ្ងៃពុធ​នេះ​ថា នៅក្នុង​ខេត្ត​នេះមាន​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន៣នាក់ ដែល​ពួក​គាត់​ជា​បុគ្គលិក​ហាង Zando និង Pedro ខណៈ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ចំនួន៦៩នាក់ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅ​ធ្វើតេស្ត និង​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័​ក។ 

លោក​បន្ត​ថា បច្ចុប្បន្ន​ មន្ទីរ​សុខាភិបាល​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ប្រយោលបន្ត​ទៀត និង​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​ដែល​អ្នកជំងឺ​បាន​ទៅនិង​ស្នាក់នៅ​ផង​ដែរ។

លោក​ថា៖ «អ្នក​ប៉ះពាល់​ យើង​កំពុង​ស្វែងរក​ទៀត ដូច​ថា គាត់​ជា​អ្នក​មក​ផ្ទះ​មែន ប៉ុន្តែគ្រួសារ​គាត់​បាន​ប៉ះពាល់​គាត់​ហើយ គ្រួសារ​បាន​ចេញទៅ​ទិញ​អី​នៅ​ជិតខាង​អី​ទៀត យើង​កំពុង​ស្រាវជ្រាវ​បន្ត។ ទីតាំង ពេល​យើង​យក​គាត់​មក​ធ្វើ​ចត្តាឡីស័​កអ៊ីចឹង នៅ​ម្ដុំ​ភូមិនិង​ផ្ទះរបស់​គាត់​ យើង​បាញ់ថ្នាំ»។

នៅ​ខេត្តកណ្តាល​នេះ​ដែរ មេ​ប៉ុស្តិ៍​ឃុំ​បឹង​ខ្យា លោក ព្រីង រដ្ឋា បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បានសម្រេច​បិទ​«ផ្សារ​បឹង​ខ្យា»​ជា​បណ្ដោះអាសន្ន ដោយសារ​អ្នកជំងឺ​កូ​វីដ១៩ម្នាក់បាន​ទៅផ្ទះ​និង​ទៅ​ផ្សារ​នោះ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ 

ចំណែកមេ​ប៉ុស្តិ៍​ឃុំ​ព្រែកស្លែង ខេត្តកណ្តាល លោក នី ប៊ុ​នថន ឱ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ក៏បាន​បិទ​«វត្ត​វិហារ​ក្រាស់»​ជា​បណ្តោះអាសន្ន និង​តម្រូវ​ឱ្យ​ព្រះសង្ឃ​ចំនួន៦អង្គ និង​ពលរដ្ឋ១០នាក់​ទៀត ធ្វើ​ចត្តាឡីស័​ក ដោយសារ​ឪពុក​អ្នកជំងឺ​កូ​វីដ១៩ម្នាក់បាន​ទៅ​ទីនោះ។ 

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន មានប្រសាសន៍​ថា មន្ទីរ​និង​អាជ្ញាធរ​ខេត្ត បាន​បាញ់​អាល់កុល​សម្លាប់​មេរោគនៅ​បរិវេណ​ផ្សារក្រោម ក្រោយពី​មាន​អ្នកលក់​ដូរ​នៅក្នុង​ផ្សារ​នេះបាន​ជិះរថយន្ត​ឈ្នួលជាមួយ​លោកយាយនិង​ប្អូនស្រី​របស់​អ្នកជំងឺ​កូ​វីដ១៩ម្នាក់ ឈ្មោះ ស្រៀ​ន គឹ​មស្រុ​ន ដែល​ជា​អ្នក​ទៅ​ហាង Zando កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា។

លោក​ថា៖ «យើង​បាញ់ថ្នាំ​នៅ​ផ្សារ​ [ផ្សារក្រោម​] ជា​វិធានការ​ទប់ស្កាត់​ជាមុន​ទេ»។

លោក ប្រាក់ វ៉ុន បន្ត​ថា បច្ចុប្បន្ន​នេះ ប្អូនស្រីនិង​លោកយាយដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ១៩ ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​មន្ទីរ​បង្អែក​ខេត្ត ខណៈ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិ​ការណ៍​​សហគមន៍ ២៨វិច្ឆិកា ក្នុង​ខេត្ត​នេះ ​សរុប​មាន​ចំនួន៥៦នាក់។ ប៉ុន្តែ​លទ្ធផល​តេ​ស្ត​របស់​ពួក​គេ​យ៉ាងណា​នោះ លោក​នៅ​មិនទាន់​បាន​ទទួល​ព័ត៌មាន​នៅឡើយ។

អ្នកជំងឺ​កូ​វីដ១៩ម្នាក់ ឈ្មោះ អិត កុ​ម៉ាល់ ដែល​បាន​ចូល​ហាង Zando និង​ត្រូវ​បាន​ក្រសួង​ប្រកាស​ថា ​វិជ្ជមាន​មេរោគ​កូ​វីដ១៩ ក្នុងចំណោម​មនុស្ស៤នាក់ដែល​បាន​រក​ឃើញ​កាលពី​ថ្ងៃម្សិលមិញ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា លោក​ចាប់ផ្ដើម​ឈឺ​ផ្ដាសាយ​នៅ​ថ្ងៃទី១ ដល់​ថ្ងៃទី៤ ខែធ្នូ ហើយក៏​បាន​ជា​ទៅវិញ ហើយ​លោក​ក៏​មិនបាន​ចាប់អារម្មណ៍​ថា ខ្លួន​មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩នោះ​ទេ។ 

លោក​បន្ត​ថា៖ «កាំ​មេ​រ៉ា ​[ក្នុង​ហាង Zendo​] ចាប់​រូប​បង​ជាប់ បន្ទាប់ពី​ឃើញបង​ទៅ​ធ្វើតេស្ត​សំណាក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប៉ុន្តែ​គេ​មិន​ធ្វើ​ឱ្យ ដោយសារ​លទ្ធផល​ធ្វើតេស្ត​បុគ្គលិកនិង​អ្នក​ចូល​ហាង​នោះ​មិនទាន់​បង្ហាញថា មាន​កើត។ តែ​ល្ងាច​ថ្ងៃ​ដដែល លទ្ធផល​បង្ហាញថា មាន​អ្នក​កើត​កូ​វីដ១៩ ព្រឹក​ឡើង​ថ្ងៃ​ចន្ទ​ ខ្ញុំ​ទៅ​ធ្វើតេស្ត ហើយ​ចេញ​លទ្ធផល​មក​មាន​ឆ្លង​កូ​វីដ១៩»។

ពាក់ព័ន្ធ​នឹង​ករណីនេះ​ដែរ ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃម្សិលមិញ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋដែល​បាន​ទៅ​ទិញទំនិញ​នៅ​ហាង Zando ផ្លូវ​ត្រសក់ផ្អែម និង Pedro នៅ​ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ រួសរាន់​ទៅ​ធ្វើ​ចត្តាឡីស័​កនៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​ការ​ចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល។ 

ការ​ស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បាន​រក​ឃើញ​ក្នុង​ពេល​ថ្មី​ៗនេះ​ថា មាន​បុគ្គលិកនិង​អ្នក​ទៅ​ហាង​ទាំងពីរ​នេះបាន​ឆ្លង​ជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់ ដែល​គិត​មកដល់​ព្រឹក​ថ្ងៃពុធ​នេះ មាន​មនុស្ស​ចំនួន៣៨នាក់​ហើយត្រូវ​បាន​រក​ឃើញថា បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​២៨វិច្ឆិកា។ 

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​ថា គិត​មកដល់​ថ្ងៃនេះ អ្នក​ខ្វះ​លទ្ធភាព​ធ្វើ​ចត្តាឡីស័​កដោយខ្លួនឯង​ មាន​ចំនួន៥៨នាក់។ ចំណែក​អ្នក​ដែល​បាន​ទៅ​ហាង Zando និង Pedro បាន​ទៅ​ធ្វើ​ចត្តាឡីស័​កនៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ចំនួន៣៧នាក់ ហើយក៏​មាន​អ្នក​ផ្សេងទៀតកំពុង​ទាក់ទង​ទៅទៀត​ផង​ដែរ។

លោក​ថា៖ «សូម​បងប្អូន​ជឿជាក់​ថា នៅ​ទីតាំង ​[សណ្ឋាគារ​សុខា​ភ្នំពេញ​] នេះ ពិតជា​ល្អ​ប្រសើរ ទី១ វា​ធ្វើ​ឱ្យ​បងប្អូន បើសិនជា​មាន​ផ្ទុកមេរោគ បងប្អូន​មិន​ចម្លង​ទៅ​អ្នកដទៃ ទី២ បងប្អូន​មាន​ទីតាំង​មួយ​ដែល​ធ្វើ​ចត្តាឡីស័​កដោយមាន​ផាសុ​កភាពល្អ នេះ​ជា​ការ​គិ​គគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សូម​បងប្អូន​ចូលរួម»។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ព្រឹក​ថ្ងៃនេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​៣៥៥នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ ​ចំនួន៣០៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន៤៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ