អាជ្ញាធរ​​ខេត្ត​មណ្ឌល​គិរី​ ព្រមាន​​វិធាន​ការ​​ផ្លូវ​ច្បាប់​​ចំពោះ​​អ្នក​​រំលោភ​​យក​​ដី​​ភ្នំ​​ដោះ​ក្រមុំ​​

ដីតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី អំឡុងឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​រំលោភ​យក​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​នៅ​ភ្នំ​ដោះក្រមុំ ខណៈ​អាជ្ញាធរ​រក​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​នោះ។

រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយកាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ដោយ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ បោះបង្គោល ធ្វើ​របង និង​សាង​សង់​ផ្សេង​ៗ រំលោភ​យក​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​នៅ​ភ្នំ​ដោះក្រមុំ ស្ថិត​ក្នុង​ភូមិ​ដោះក្រមុំ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ។

រដ្ឋបាល​ខេត្ត​នេះ ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​លំនៅឋាន​រំលោភ​ចូល​ដី​មជ្ឈមណ្ឌល​វប្បធម៌​មួយ​នេះ ត្រូវ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ​ជាបន្ទាន់​ឱ្យ​បាន​មុន​ថ្ងៃទី១៣ ខែធ្នូ​នេះ ជាកំហិត​ទៀតផង។ 

លិខិត​ជូនដំណឹង​ដដែល បញ្ជាក់​ថា ប្រសិនបើ​ពលរដ្ឋ​ណា​មិន​អនុវត្ត​តាម​ទេ អាជ្ញាធរ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​ចុះ​រើនិង​រឹបអូស​យក​សម្ភារ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផង​ដែរ។

នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី លោក ហៀក សុ​ផាន ប្រាប់​វី​អូ​ឌី​បន្ថែម​លើ​លិខិត​នៅ​ថ្ងៃពុធ​នេះ​ថា ក្រោយ​អាជ្ញាធរ​ជូនដំណឹង មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រុះរើ​ចេញ​ជា​បណ្តើរៗ​ហើយ។

លោក​បន្ត​ថា កាលដើមឡើយ ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​នៅ​ភ្នំ​ដោះក្រមុំ មាន ទំហំ១០២ហិ​កតា ប៉ុន្តែ​ដោយសារ​មានការ​រំលោភ​យក​ពី​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ទំហំដី​បច្ចុប្បន្ន​នៅសល់៨៥,៥៦ហិ​កតា​ប៉ុណ្ណោះ។ លោក​ថា មាន​ពលរដ្ឋ​ប្រហែល៨០គ្រួសារ ដែល​បាន​ចូល​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​នោះ។

លោក​បន្ថែម​ថា៖ «បើ​ពួក​គាត់​អត់​អនុវត្ត​តាម យើង​នឹង​ចាត់វិធានការ​ដូច​លិខិត​ជូន​ដំ​ណឹង​យើង​ចឹង ​[អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​វិធានការ​ច្បាប់] ចុះ​រុះរើនិង​រឹបអូស​សម្ភារទាំងនោះ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ»។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ប៉ែន ប៊ុ​ណ្ណា​រ៍ បាន​សាទរ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ប៉ុន្តែ​លោក​ថា វិធានការ​នេះ គួរតែ​អនុវត្ត​ជាយូរមកហើយ​ ខណៈ​ដែល​លោក​សង្កេតឃើញ​ថា នៅ​ខេត្ត​នេះមាន​ករណី​រំលោភ​ដី​របស់​រដ្ឋពីសំណាក់​អ្នកមាន​លុយនិង​អំណាចយក​ធ្វើ​កម្មសិទ្ធិ​ បាន​កើតឡើង​ជាច្រើន​ករណី ហើយក៏​មានការ​ចុះហត្ថលេខា​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ។

លោក​ថា៖ «អញ្ចឹង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ត្រូវតែ​ជម្រុះ​ឱ្យ​អស់។ នៅ​ខេត្តមណ្ឌលគិរី មិនមែន​មានតែ​មួយ​កន្លែង​ហ្នឹង​ទេ យើង​ឃើញ​លិខិត​ទិញ​លក់​ដី​ព្រៃ​របស់​រដ្ឋ ដែល​ចុះហត្ថលេខា​ពី​អាជ្ញាធរ​ភូមិ​-ឃុំ​-ស្រុក និង​ខេត្ត​ផង សឹង​ទូទាំង​ខេត្ត អ៊ីចឹង​វា​ជា​រឿង​ខុសច្បាប់​ខ្លាំង​ណាស់ និង​ខុស​បទបញ្ជា​ថ្នាក់ដឹកនាំ​រដ្ឋ អ៊ីចឹង​គួរតែ​ដល់ពេលហើយ។ ហើយ​យើង​ស្នើ​ឱ្យ​មានការ​ចាត់វិ​ធាន​ការ​ចំពោះ​អ្នក​ដែល​ចូល​ទៅកាន់​កាប់ដី​រដ្ឋ​ហ្នឹងឱ្យ​បាន​គ្រប់កន្លែង​ក្នុង​ខេត្ត មិនមែន​នៅ​ភ្នំ​ដោះក្រមុំ​ហ្នឹង​មួយ​ទេ»។

កាលពី​ឆ្នាំ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី ឱ្យ​ដកហូត​យក​ភ្នំ​ដោះក្រមុំ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ដោយ​លោក​ថា មិន​ត្រូវ​ឱ្យ​នរណា​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​នោះ​ឡើយ។

ភ្នំ​ដោះក្រមុំ ដែល​គ្របដណ្ដប់​លើ​ដី​ទំហំ១០២ហិ​កតា ស្ថិតនៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​កាត់​ទុកជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​កាលពី​ឆ្នាំ២០០៤​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ