បងស្រី​​របស់​​សកម្ម​ជន​​នយោ​បាយ​​ថៃ​​ដាក់​​ភស្តុ​តាង​​ពី​​ការ​​បាត់​ខ្លួន​​ប្អូន​ ជូន​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ ​

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ អ្នកនាង Sitanan Satsaksit ដែល​ជា​បងស្រី​របស់​លោក វ៉ាន់ ឆា​ឡឺម មក​ដាក់​ភស្តុតាង​បន្ថែម និង​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​បន្ត​ករណី​ប្អូនប្រុស​អ្នកនាង​បាត់ខ្លួន​នៅ​កម្ពុជា កាលពី​ថ្ងៃទី០៤ ខែមិថុនា។ (ជន ចាន់​រ៉ែ​ន)

បងស្រី​របស់​សកម្មជន​នយោបាយ​ថៃ​ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) បាន​ដាក់​ភស្តុតាង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ឱ្យ​មានការ​ស៊ើបអង្កេត​បន្ត​ទៀត​លើ​ករណី​បាត់ខ្លួន​ប្អូនប្រុស​របស់​គាត់។

ហេតុការណ៍​ចាប់​ពង្រាត់​សកម្មជន​បក្ស​ប្រឆាំង លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹងពី​សំណាក់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) កាលពី​ថ្ងៃទី០៥ ខែមិថុនា។

អង្គការ​នេះ​រាយការណ៍​ថា ជនប្រដាប់អាវុធ​មួយ​ក្រុម​ជិះរថយន្ត​ពណ៌ខ្មៅ​មួយ​គ្រឿង បាន​ចាប់ខ្លួនលោក វ៉ាន់​ឆា​ឡឺម នៅពេល​ដែល​គាត់​ដើរតាម​ផ្លូវ​ទិញ​អាហារ​មុខ​អគារ​ស្នាក់នៅ នា​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ជិត៦ល្ងាច ថ្ងៃទី៤ ខែមិថុនា។

អ្នកនាង Sitanan Satsaksit ដែល​ជា​បងស្រី​របស់​លោក វ៉ាន់ ឆា​ឡឺម បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាមរយៈ​អ្នកបកប្រែ នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃអង្គារ​ម្សិលមិញ​ថា គាត់​បាន​ដាក់​ភស្តុតាង​ជូន​តុលាការ​កម្ពុជា ដែល​បញ្ជាក់​ថា ប្អូនប្រុស​របស់​គាត់ពិតជា​បាន​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ មុន​ពេល​មានការ​អះអាង​ថា ប្អូនប្រុស​របស់​គាត់​ត្រូវ​បាន​គេ​ចាប់ពង្រាត់។ទោះ​យ៉ាងណា អ្នកនាង​មិនបាន​ពន្យល់​លម្អិត​ពី​ភស្តុតាង​ដែល​បាន​ដាក់​នោះ​ទេ។

តែបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​មេធាវី​របស់​អ្នកនាង គឺ​លោកស្រី Pornpen Khongkachonkiet ដែល​បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃអង្គារ​ម្សិលមិញ​ ឱ្យ​ដឹង​ថា ពួក​គាត់​បាន​ដាក់​ឯកសារ​ចំនួន១៧៧ទំព័រ ទាំង​ជា​ភាសា​ថៃនិង​ភាសាខ្មែរ ជូន​ចៅក្រម​ស៊ើបសួរ ក្នុង​នោះ​ក៏​មាន​ភ្ជាប់​ជាមួយ​រូបថត វីដេអូ​ឃ្លី​ប ភស្តុតាង​ក្នុង​ទូរសព្ទ ព័ត៌មាន​អំពី​គណនី​ធនាគារ និង​ព័ត៌មាន​លិខិតឆ្លងដែន​ផង​ដែរ។

អ្នកនាង Sitanan Satsaksit បន្ត​ថា បើ​តាម​ការពិនិត្យ​ទៅលើ​សំណួរ​ដែល​ចៅក្រម​បាន​សួរ ហាក់ដូចជាចៅក្រមមាន​សេចក្តី​លម្អិត​ខ្លួះ​រួច​ទៅ​ហើយ ដែល​បញ្ជាក់​ថា លោ​ក វ៉ាន់​ឆា​ឡឺម មាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​មានការ​ចាប់ពង្រាត់​នោះ។

អ្នកនាងនិយាយ​ថា៖ «ហើយ​ការចាប់ពង្រាត់​ពិតជា​បាន​កើតឡើង ប៉ុន្តែ​គាត់​ [ចៅក្រម​] បាន​ស្នើសុំ​ព័ត៌មាន​លម្អិត​បន្ថែម​នៃ​ចំណុច​សំខាន់​ទាំងពីរ ដូច្នេះ [អ្នកនាង Sitanan​] ពិតជា​រីករាយ​ដែល​ចៅក្រមបាន​ផ្តល់​ទឡ្ហីករណ៍​ខ្លះទៅ​តាមអ្វី​ដែល​អ្នកនាង​ជឿជាក់» ។

អ្នកនាង Sitanan បន្ថែម​ថា៖ «យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ហើយ​បញ្ជូន​អ្វី​ដែល​យើង​មាន​ទៅ​ចៅក្រម ដូច្នេះ​វា​អាស្រ័យ​លើ​ការសម្រេច​ចិត្ត​របស់​គាត់​ក្នុង​ការសម្រេច​ថា ​តើ​ការស៊ើបអង្កេត​នឹង​ត្រូវ​បន្ត​ឬអត់»។

លោក​ សំ ចំរើន ជា​មេធាវី​កម្ពុជារបស់​ឱ្យ​អ្នកនាង Sitanan មានប្រសាសន៍​ថា ក្រុមការងារ​នឹង​ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ចំពោះរឿងនេះ ទោះបីជា​លោក​មិនទាន់​ប្រាកដ​ថា តុលាការ​នឹង​កោះ​អ្នកនាង Sitanan ម្ដងទៀត​នៅពេល​ណាក៏ដោយ។

លោក​បាន​និយាយ​ថា៖ «គាត់ ​[ចៅក្រម​] គ្រាន់តែ​ប្រាប់​ថា កិច្ចការ​នេះ​លឿន​ឬឆាប់​អាស្រ័យ​លើ​យើង​ជាដើម​បណ្ដឹង​ជួយ​បំពេញបន្ថែម​ទៅលើ​ភស្តុតាង​ដែល​យើង​នឹង​ដាក់​ជូន ទាក់ទង​នឹង​ការ​ដាក់បន្ទុក»។

លោក ​អ៊ី រិន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ចៅក្រម​ស៊ើបសួរ​កំពុងតែ​ដំណើរការ​នីតិ​វិធីការ​ងារ​នៅក្នុង​សំណុំរឿង​នេះ​ហើយ។ 

លោក​និយាយ​ថា៖ «នៅ​ដំណាក់កាល​នេះ ជា​ដំណាក់កាល​ដែលគេ​សាកសួរ របស់​ចៅក្រម​ស៊ើប​សួរ​ អ៊ីចឹងក្នុង​នីតិ​វិធី​ទាំងអស់​គឺ​ស្ថិតនៅ​ក្នុង​នីតិ​វិធី​រក្សា​ការសម្ងាត់»។

លោក វ៉ាន់​ឆា​ឡឺម គឺជា​សកម្មជន​ប្រជាធិបតេយ្យ​ល្បីឈ្មោះ​ម្នាក់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ ដែល​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​របស់​ថៃ។ លោក​បាន​ភៀសខ្លួន​មក​រស់នៅ​កម្ពុជា ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤ រួច​បន្តសកម្មភាព​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ​ថ្មី​តាម​បណ្តាញ​សង្គម។

កាសែត Bangkok Post រាយការណ៍​កាលពី​ថ្ងៃទី០៨ ខែមិថុនា ថា ចាប់ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤មក យ៉ាង​យោ​ចណាស់ សកម្មជន​ថៃ៨នាក់បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ។

ប្រភព​ដដែល​បន្ថែម​ថា លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ គឺ​ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​និរទេស​ខ្លួន២៩នាក់ ដែល​រង​បទ​ចោទ«​ប្រមាថ​ព្រះមហាក្សត្រ​ថៃ»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ