អាមេរិក​​ដាក់​​ទណ្ឌ​កម្ម​​លើ​​អតីត​​បង​​ធំ​​ក្រុម​​​សង្គម​​ងងឹត​​ចិន​​ម៉ាកាវ​​ដែល​​បង្កើត​​បណ្ដាញ​​មាន​​មូល​ដ្ឋាន​​នៅ​​កម្ពុជា​

អតីត​បង​ធំ​សង្គម​ងងឹត​ចិន​ម៉ាកាវ វ៉ាន់ គួកខយ រហស្សនាម «ធ្មេញ​បាក់» (កណ្ដាល) ស្ថិត​ក្នុង​ពិធី​មួយ​​នៅ​ទីក្រុង​គួឡាឡាំពួរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ បង្ហាញ​ពី​ការ​បង្កើត​ទីស្នាក់ការ​សមាគម​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ហុងមិន​ពិភព​លោក។ រូបភាព​ថត​ចេញ​ពី​វីដេអូ​ផ្សព្វផ្សាយ​មួយ

រដ្ឋាភិបាល​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​ទៅលើ​អតីត​បងធំ​បណ្ដាញ​សង្គម​ងងឹត​ចិន​ម៉ាកាវ​ម្នាក់ ដែល​កាលពី២ឆ្នាំមុន​បាន​បង្កើត​មូលដ្ឋាន​បណ្ដាញ​របស់​ខ្លួន​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​រូបិយ​បណ្ណ​តាម​បណ្ដាញ​អ៊ីនធឺណិត និង​ជំនួញ​ផ្នែក​សេវា​សន្តិសុខ​ពាក់ព័ន្ធ​គំនិត​ផ្តួច​ផ្ដើម​ផ្លូវ​សូត្រ ដែល​ពិធី​បើក​ដំណើរការ​ក្រុមហ៊ុន​មានការ​ចូលរួម​ពីសំណាក់​ឧបនាយក​រដ្ឋមន្ត្រី អ្នកស្រី ម៉ែ​ន សំ​អន និង​មេបញ្ជាការ​កងរាជអាវុធហត្ថ លោក សៅ សុខា។

វ៉ាន់ គួ​កខយ (Wan Kuok Koi​) ដែល​ត្រូវ​គេ​ហៅថា «លោក​បង​គ្រហុប» បាន​ជាប់គុក​អស់​រយៈពេល​ជិត១៤ឆ្នាំ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម ការ​ចងការប្រាក់ និង​បនល្បែង​ស៊ីសង​ខុសច្បាប់ មុននឹង​រូបគេ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ឆ្នាំ២០១២។

បុរស​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ដឹងផង​ដែរ​ថា ជា​បងធំ​នៃ​ក្រុម​ឧក្រិដ្ឋជន 14K នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន ដែល​ជា​បណ្ដាញ​ឧក្រិដ្ឋ​កម្ម​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​និង​អំពើ​ហិង្សា​ជាច្រើន។

នៅ​ឆ្នាំ២០១៨ កន្លងមក​នេះ បុរស​ម្នាក់​នេះ​បាន​បើក​សមាគម​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​«ហុង​មិន»ពិភពលោក​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​នៅពេល​នោះ​ថា វ៉ាន់ គួ​កខយ នឹង​បោះផ្សាយ​រូបិយ​បណ្ណ​ឌីជីថល មានតម្លៃ១ពាន់​លាន​ដុល្លារ ហើយ​បង្កើត​ក្រុមហ៊ុន​សន្តិសុខ​មួយ​សម្រាប់​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​ផែនការ​«ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ»នៅក្នុង​កម្ពុជា។

រូបថត​នៃ​ពិធី​សម្ពោធ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី ម៉ែន សំអន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ បង្ហាញ​​រូប​អ្នកស្រី​ឧបនាយក​រដ្ឋ​មន្ត្រី​រូប​នេះ និង​ឧត្ដមសេនីយ៍ សៅ សុខា មាន​វត្តមាន​នា​ពេល​នោះ។

អត្ថបទ​ដាច់ដោយឡែក​មួយទៀត​របស់​ទស្សនាវដ្ដី East Week ដែល​ចេញផ្សាយ​កាលពី​ឆ្នាំមុន បង្ហាញថា វ៉ាន់ គួ​កខួយ អង្គុយ​នៅនឹង​តុ​មួយ​មាន​នាម​បណ្ណ​លោក ហ៊ីង ប៊ុ​នហៀង មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ប៊ុ​នហៀង ត្រូវ​បាន​អាមេរិក​ដាក់ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់ Global Magnitsky ផង​ដែរ ដោយ​ក្រសួង​រតនាគារ​អាមេរិក​កត់សម្គាល់​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស ជាប់ពាក់ព័ន្ធ​នឹង «ការវាយប្រហារ​ជាច្រើនលើក​ទៅលើ​ពលរដ្ឋ​កម្ពុជា​គ្មាន​អាវុធ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ»

នៅក្នុង​ទណ្ឌកម្ម​ថ្មីនេះ ក្រសួង​រតនាគារ​អាមេរិក បាន​ហៅ វ៉ាន់ គួយ​ខយ ថាជាជន​ដៃដល់​នៃ​«អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ» ដោយ​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​គេ​នៅ​អាមេរិក និង​ហាមឃាត់​ចរន្ត​ទ្រព្យសម្បត្តិ​ជាមួយ​បុគ្គល​រូប​នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ បាន​ដាក់បញ្ចូល​ការិយាល័យ​សមាគម​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​«ហុង​មិន​ពិភពលោក» ​នៅក្នុង​ប្រទេស​កម្ពុជា ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ដ៏​វែង ដោយ​អះអាង​ថា សមាគម​មួយ​នេះ​«គ្រប់គ្រង​លើ​ការ​ជ្រើសរើស​បុគ្គលិ​កជាន់ខ្ពស់​នៅ​ម៉ាឡេស៊ី និង​កម្ពុជា»

ក្រសួង​រតនាគារ​អាមេរិក ​និយាយ​ថា៖ «សមាគម​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ហុង​មិន កំពុង​ពង្រីក​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​បង្កើត​បណ្ដាញ​រកស៊ី​ដ៏​មានអំណាច​ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍនិង​ការបង្កើត​រូបិយបណ្ណ​ឌីជីថល អចលនទ្រព្យ និង​ថ្មី​ៗនេះបាន​បង្កើត​ក្រុមហ៊ុន​សេវា​សន្តិសុខ ដែល​ផ្ដោត​លើ​ផ្នែក​ផ្ដល់​កិច្ចការពារ​ដល់​ការ​វិនិយោគ”​ផ្លូវ​មួយខ្សែ​ក្រ​វ៉ាត់​មួយ”»

ដោយឡែក សហភាព​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ ក៏បាន​អនុម័ត​ច្បាប់​មួយ​ប្រហាក់​ប្រហែលគ្នា​នឹង​ច្បាប់ Magnitsky ដែរ ដែល​នឹង​អនុញ្ញាត​ឱ្យ​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល​និង​ក្រុមហ៊ុន​នានា ដែល​ប្លុក​មួយ​នេះ​ជឿជាក់​ថា ជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

សហភាព​អឺរ៉ុប​បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា សេចក្ដីសម្រេច​នេះ​ «ផ្ដោត​ថា ការ​លើកស្ទួយនិង​ការ​ការពារ​សិទ្ធិមនុស្ស នៅតែ​ជា​មូលដ្ឋាននិង​អាទិភាព​នៃ​សកម្មភាព​របស់​សហភាព​អឺរ៉ុប​នៅ​ខាងក្រៅ និង​ឆ្លុះបញ្ចាំង​ពី​ការ​តាំងចិត្ត​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ដោះស្រាយ​ការរំលោភនិង​ការ​បំពារបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ»

គណបក្ស​សង្គ្រោះ​ជាតិ (CNRP​) បក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ចុងឆ្នាំ២០១៧ បាន​បញ្ចុះបញ្ចូល​ប្រទេស​កាន់តែ​ច្រើន​ឱ្យ​បង្កើត​ច្បាប់ Magnitsky ដើម្បី​សំដៅ​មករ​កមេដឹកនាំ​កម្ពុជា។

ក្រៅពី វ៉ាន់ គួយ​ខយ និង​លោក ហ៊ីង ប៊ុ​នហៀង ឧកញ៉ា ទ្រី ភាព ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ និង​ឧត្ដមសេនីយ៍ គន់ គីម ក៏​ត្រូវ​បាន​អាមេរិក​ដាក់ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់ Global Magnitsky ផង​ដែរ​៕

ប្រែ​សម្រួល​ដោយ​លោក សូរ្យ ជ័យឧត្ដម
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ