មន្ត្រីជាន់ខ្ពស់ផ្នែកប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ថាអាជ្ញាធរវៀតណាមបានចាប់បញ្ជូនស្ត្រីខ្មែរដែលរងគ្រោះដោយសារការជួញដូរមនុស្សប្រមាណ២០នាក់មកកម្ពុជាវិញ អំឡុងពេលព្រំដែនបិទដោយសារជំងឺកូវីដ១៩ ខណៈឆ្នាំកន្លងទៅ មិនមានជនរងគ្រោះច្រើនបែបនេះទេ។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍នៅថ្ងៃទី៧ ខែធ្នូនេះថា អាជ្ញាធរពាក់ព័ន្ធបានព្យាយាមពន្យល់និងព្រមានស្រ្តីក្មេងៗកុំឱ្យប្រថុយធ្វើចំណាកស្រុកដោយខុសច្បាប់ ជាពិសេសអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ តាមមធ្យោបាយផ្សេងៗ ដូចជា ទូរទស្សន៍ បណ្តាញសង្គម និងការចុះអប់រំតាមមូលដ្ឋានដោយផ្ទាល់។
លោកស្រីបន្តថា៖ «វាគឺជារឿងគួរឱ្យភ្ញាក់ផ្អើល ហើយរឿងដែលសំខាន់ ស្រ្តីទាំងអស់ហ្នឹងគាត់តែងនិយាយថា ខ្លួនឯងចាញ់បោកគេ ប៉ុន្តែគាត់អត់ព្រមស្តាប់ការណែនាំ ការអំពាវនាវ ការអង្វរករ ការពន្យល់ដែលយើងបានធ្វើគ្រប់មធ្យោបាយ ដើម្បីឱ្យពួកគាត់ហ្នឹងបានសុខ»។
លោកស្រី ជូ ប៊ុនអេង បន្តថា អាជ្ញាធរវៀតណាមបានរកឃើញនិងបញ្ជូនស្រ្តីខ្មែរដែលរងគ្រោះដោយអំពើជួញដូរមនុស្សប្រមាណ២០នាក់ ចាប់តាំងពីកើតមានករណីផ្ទុះជំងឺកូវីដ១៩មក ក្នុងនោះស្រ្តីភាគច្រើនមានអាយុក្រោម១៨ឆ្នាំ ខណៈឆ្នាំកន្លងទៅ ពុំមានករណីបែបហ្នឹងច្រើននោះទេ។
លោកស្រីបន្ថែមថា៖ «ខ្ញុំគិតថា តើត្រូវផ្សាយយ៉ាងម៉េចទៀតឥលូវ ការដែលផ្សាយហ្នឹងគឺផ្សាយហើយ ប៉ុន្តែការយកចិត្តទុកដាក់ហ្នឹងគឺមានប៉ុណ្ណា ពីព្រោះពួកគាត់អាចស្តាប់មេខ្យល់ច្រើនជាងការអប់រំរបស់យើង»។
លោកស្រីបន្ថែមថា ក្រុមជួញដូរមនុស្សតែងបន្លំធ្វើជាអ្នកស្វែងរកមនុស្សធ្វើការ ដើម្បីបញ្ចុះបញ្ចូលស្ត្រីរងគ្រោះឱ្យចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយពួកគេមានបណ្តាញបញ្ជូនមនុស្សឆ្លងកាត់ព្រំដែន តាមច្រករបៀង កាត់ព្រៃ ឬតាមភូមិជាប់ព្រំដែន ដើម្បីគេចពីអាជ្ញាធរ។
លោកស្រីប្រាប់ទៀតថា ជនរងគ្រោះដែលត្រូវបានអាជ្ញាធរវៀតណាមបញ្ជូនមកវិញថ្មីៗ កំពុងត្រូវបានសាកសួរអំពីខ្សែបណ្តាញ និងរបៀបដែលមេខ្យល់ប្រើដើម្បីនាំពួកគេឆ្លងដែន។
លោកស្រីថ្លែងថា៖ «ខ្ញុំជឿថា ពួកគាត់មិនស្គាល់ផ្លូវ គាត់មិនស្គាល់អ្នកនៅខាងណោះ ឬមួយបងប្អូនញាតិមិត្តនិយាយភាសាអីបានទេ ប៉ុន្តែគឺវាមានបណ្តាញ អាហ្នឹងហើយបានគេហៅថា ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានការចាត់តាំង ឬមានប្រព័ន្ធ មានបណ្តាញ»។

កាលពីសប្តាហ៍មុន ម្តាយជនរងគ្រោះពីររូបបានប្រាប់ VOD ពីការជួញដូរផ្លូវភេទលើកូនស្រីរបស់គាត់ទៅកាន់ប្រទេសចិន។ ជនរងគ្រោះម្នាក់បានបម្រើការងារជាអ្នករត់តុក្នុងខេត្តរតនគីរី រហូតដល់ហាងដែលនាងធ្វើការបិទទ្វារ ដោយសារការធ្លាក់ចុះចំនួនភ្ញៀវទេសចរ។ ជនរងគ្រោះនោះ បានលួចឆ្លងដែនទៅប្រទេសវៀតណាម កាលពីខែកក្កដា ក្នុងវ័យ១៧ឆ្នាំ តាមការល្បួងរបស់មេខ្យល់ដែលសន្យាផ្តល់ការងារល្អមួយនៅប្រទេសចិន ហើយនាងត្រូវដើរជាច្រើនថ្ងៃរហូតដល់ប្រទេសចិន។
នាងប្រាប់ម្តាយតាមទូរសព្ទដែលនាងលួចពីបុរសជនជាតិចិនម្នាក់ថា ពេលទៅដល់ប្រទេសចិន នាងត្រូវបានលក់ជាបន្តបន្ទាប់ ឱ្យធ្វើជាប្រពន្ធរបស់បុរសជនជាតិចិនក្នុង៣គ្រួសារផ្សេងគ្នា ខណៈនាងនៅតែបន្តជាប់នៅទីនោះដោយមិនដឹងនៅទីណានៅឡើយ។
បើតាមមន្រ្តីដដែល ក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំប្រទេសចិន កំពុងស៊ើបអង្កេតនិងព្យាយាមសង្គ្រោះស្ត្រីខ្មែររងគ្រោះដែលនៅសល់ ប៉ុន្តែពួកគេចាំបាច់ត្រូវដឹងពីទីតាំងដែលពួកគេកំពុងឋិតនៅ ដោយយ៉ាងហោចណាស់ក៏ដឹងឈ្មោះខេត្តផងដែរ បើមិនដូច្នោះទេ លទ្ធភាពនៃការជួយសង្គ្រោះគឺមានតិចតួចបំផុត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង និយាយថា ក្រសួងការបរទេសកម្ពុជា កំពុងស៊ើបអង្កេតករណីជនរងគ្រោះចុងក្រោយ ហើយលោកថា លោកក៏មិនដឹងពីចំនួនជាក់លាក់នៃជនរងគ្រោះដែលកំពុងផុងខ្លួនក្នុងអំពើជួញដូរផ្លូវភេទក្នុងប្រទេសចិននោះទេ ដោយលោកថា ដោយសារពួកគេលួចឆ្លងដែនដោយមិនឱ្យអាជ្ញាធរដឹង។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស នៃអង្គការសង់ត្រាល់ លោក មឿន តុលា និយាយថា ស្រ្តីរងគ្រោះដោយអំពើជួញដូរផ្លូវភេទបានកើតមានឡើងជាយូរឆ្នាំមកហើយ ប៉ុន្តែក្រុមឈ្មួញតែងប្តូរវិធីសាស្រ្តរបស់ពួកគេ។ លោកបន្ថែមថា ក្រុមមេខ្យល់ទាំងនោះ ផ្តោតគោលដៅលើស្រ្តីវ័យក្មេងក្នុងគ្រួសារក្រីក្រ ពិសេសអ្នកដែលមានការអប់រំទាប និងត្រូវការលុយជាចាំបាច់។
លោកនិយាយថា៖ «ពេលទៅដល់ [ចិន] មេខ្យល់ដក Passport [លិខិតឆ្លងដែន] ទុក ហើយបង្ខំ [ជនរងគ្រោះ] ឱ្យយកប្តី យកអីអ៊ីចឹងទៅ ហើយបើគាត់មិនយកទេ មិនរៀបការទេ អាហ្នឹងគាត់អត់មានជម្រើសអីទេ ព្រោះការងារអត់មាន Passport គេដកទុក ហើយប្តីហ្នឹង អ្នកខ្លះ អ្នកណាសំណាងជួបបុរសតែមួយ ហើយនៅរហូតអ៊ីចឹងទៅ។ ក៏ប៉ុន្តែ បើសិនអ្នកណាមិនសូវជាសំណាងវិញ អស់ពីមួយមេខ្យល់ហ្នឹងយកទៅលក់ឱ្យមួយទៀត ២[ទៅ]៣ អ៊ីចឹងទៅ»។
លោកបន្ថែមថា៖ «ភាគច្រើនដែលយើងបានសម្ភាសជនរងគ្រោះហ្នឹង ស្តាប់ទៅ គឺស្ត្រីហ្នឹងទៅដូចជាទាសករមួយគ្រួសារហ្នឹង ទាសករផ្លូវភេទ បង្កើតកូនឱ្យគេហ្នឹងផង បង្កើតកូនមក អ្នកខ្លះគេមិនឱ្យប៉ះកូនខ្លួនឯងទេ ត្រង់ហ្នឹងហើយដែលយើងអំពាវនាវថា សូមឱ្យពលរដ្ឋយើងប្រយ័ត្នមែនទែន»។
សមាគមរោងចក្រកម្ពុជា លើកឡើងថ្មីៗនេះថា វិបត្តិសុខភាពសកលកើតចេញពីជំងឺកូវីដ១៩ បានប៉ះទង្គិចសេដ្ឋកិច្ចកម្ពុជាក្នុងវិស័យមួយចំនួន ក្នុងនោះ វិស័យទេសចរណ៍បាននិងកំពុងស្រុតចុះខ្លាំង ខណៈការងារ១៥០ពាន់កន្លែងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់បានបាត់បង់ឬត្រូវព្យួរ ទន្ទឹមនឹងការធ្លាក់ចុះការបញ្ជាទិញពីអន្តរជាតិ។
តាមប្រភពដដែល ពលករអន្តោប្រវេសន៍នៅថៃជាច្រើនដែលបានវិលមកប្រទេសកំណើត គឺមិនអាចឆ្លងដែនទៅធ្វើការវិញបាន និងកំពុងជួបបញ្ហាពិបាកស្វែងរកការងារធ្វើក្នុងស្រុក៕









