ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញអះអាងថា ពួកគេព្យាយាមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចក្នុងការខ្ចប់អាហារប្រចាំថ្ងៃ ដើម្បីសុខភាព និងកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន។
អ្នករស់នៅសង្កាត់ផ្សាដើមស្កូវ រាជធានីភ្នំពេញ អ្នកស្រី ធារី បានមានប្រសាសន៍ថាអោយតែពេលទិញទំនិញគេខ្ចប់ច្រកថង់ប្លាស្ទិចអោយគ្រប់ពេល ព្រោះពេលទៅទិញដើរដៃទទេ ចង់ទិញអ្វីគេតែងតែច្រកថង់អោយ។
អ្នកស្រី ធារី ៖«ធម្មតាយើងដើរដៃទទេ មិនអញ្ជឹង ដើរៗឧទាហរណ៍ ចង់ទិញ ឃើញគេលក់នំអីទិញទៅ គេច្រកថង់អោយហើយ [ ] អាហារក៏ខ្ចប់ ស្អីក៏ខ្ចប់អោយតែទិញ» ។
អ្នកស្រីបន្តថា អ្នកស្រីព្យាយាមកាត់បន្ថយដែរ ពេលខ្លះទៅហាងធំៗអ្នកស្រីយកថង់ទៅតាម ហើយព្យាយាមច្រកថង់តិចតួច ៤ទៅ៥ថង់ នៅពេលទៅផ្សារម្តងៗ។
អ្នកស្រី ធារី ៖«ទៅផ្សារគេអោយមក ទិញអីគេអោយមក ហើយអាខ្លះយើងទិញរាងតិចអញ្ជឹងទៅ បងចេះតែព្យាយាមកាត់បន្ថយដែរ អាណារាងតិចបងប្រាប់គេថា មិនបាច់ដាក់ថង់ទេដាក់ជាមួយអានេះ មក កាត់បន្ថយៗ »។
អ្នកស្រីបន្ថែមថា ប្លាស្ទិចមិនងាយរលាយហើយក៏មិនចង់ប្រើប្រាស់ច្រើនដែរ បើថង់ណាប្រលាក់ឬកក្រិច អ្នកស្រីបោះចោលក្នុងធុងសំរាមរួមជាមួយសំរាមដទៃទៀត ចំពោះថង់ដែលប្រើហើយធំៗនៅល្អ អ្នកស្រីយកទុក សំរាប់ដាក់សំរាម ។

លោក ពន្លឺ ជានិសិត្សផ្នែកសង្គមវិទ្យាឆ្នាំទី៤លោក ពន្លឺ រស់នៅសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ បានមាននិយាយថា ជាទូទៅថង់ដែលប្រើប្រាស់រួចលោកបោះចោលក្នុងធុងសំរាមរួម លោកទុកតែថង់ណាដែលធំ សំរាប់ទុកច្រកដាក់សំរាមវិញប៉ុណ្ណោះ។ក្នុងមួយថ្ងៃលោកប្រើប្រាស់អស់ថង់ប្លាស្ទិចប្រហែល ៥ទៅ៦ថង់សំរាប់ច្រកចំណីអាហារផ្សេងៗ ដូចជា ខ្ចប់លើសាច់ជ្រូក បន្លែ ផ្លែឈើ ភេសជ្ជៈជាដើម ដែលទទួលបានពីអ្នកលក់។
លោក ពន្លឺ៖«និយាយទៅពេលណាដែលយើងអត់បានយកកែវទៅគឺយើងត្រូវប្រើថង់គេ [ ] ចំពោះការប្រើថង់យើងគឺប្រើសឹងរាល់ថ្ងៃដោយសារយើងត្រូវការទិញម្ហូប ទិញបន្លែទិញអី ព្រោះថាវាអត់មានស្លឹកឈូក ស្លឹកចេក ស្លឹកអីខ្ចប់បន្លែហ្នឹងមកវិញទេ។[ ]តាមពិតយើងគួរប្រើស្លឹកឈូកសំរាប់ខ្ចប់ បើយើងយកល្អ តែដោយសានៅតាមតូបនីមួយៗវាអត់មានស្លឹកឈូកហ្នឹងទេ ហើយគេក៏អត់មានពេលខ្ចប់អោយយើងដែរ គឺមានតែប្រើប្លាស្ទិចហ្នឹងដដែលហ្នឹង»។
លោកថាយូរៗម្តងលោកយកកំប៉ុងដបពីផ្ទះដើម្បីច្រកភេសជ្ជៈដែលលោកចង់ទិញ តែបើលោកមិនបានយកទៅតាមទេ គេច្រកប្លាស្ទិចអោយ ។
លោក ពន្លឺ៖«ការប្រើ[ប្លាស្ទិច]ក៏វាអត់ល្អដែរ ព្រោះធំក្លិន ទុកយូរធំក្លិន យកល្អយើងគួរតែទិញភេសជ្ជៈទិញអី យើងគួរណាតែមានកែវដែក ដើម្បីអោយគេច្រកមកដាក់កែវយើងមក ហ្នឹងល្អ អាហ្នឹងកាត់បន្ថយថង់បានខ្លះ»។
អ្នកលក់នៅហាងកាហ្វេមួយ នៅម្តុំផ្សារស្ទឹងមានជ័យលោក អារុណ បានមានប្រសាសន៍ថា ការប្រើប្រាស់ប្លាស្ទិចច្រកភេស្ជជពេលគេខ្ចប់ជាទូទៅ លោកច្រកកែវជ័រនិងច្រកថង់ពីក្រៅអោយអតិថិជនសំរាប់យួរទៅ ដោយសារតំរូវការនៅពេលបច្ចុប្បន្ន ។
លោក អារុណ ៖«មកពីតំរូវការសង្គមប្រែប្រួលទៅតាមហ្នឹង វាមិនមែនមានតែយើងទេ ដែលយើងសំរេចចិត្ត បើសិនយើងអត់ធ្វើអញ្ជឹងយើងមិនអាចដើរទាន់គេ ព្រោះគេគេធ្វើអញ្ជឹងដែរ មនុស្សអីឡូវមិនមែនមានពេលណាមកហូបនៅកន្លែងទាំងអស់ទេ ។ហើយនិងការងាយស្រួលការលាងកែវខាតពេលវេលាអញ្ជឹង អាហ្នឹងការគិតរបស់បងទេ»។
លោកបន្ថែមថាអតិជន អាចមានជម្រើសកាន់កែវពីផ្ទះមក ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ស្ទិច ឬក៏អាចមានការប្រើរបស់ជំនួសដូចជាក្រដាសក្នុងការច្រក តម្លៃអាចនិងបូកបន្ថែមបន្តិច
ទៀតលើនេះ។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាសំរាមដែលបង្កើតឡើងក្នុង១ឆ្នាំជិន៤លានតោន ១ថ្ងៃប្រមាណជាង១ម៉ឺនតោន ក្នុងនោះគឺ៦៥ទៅ៧០ភាគរយជាសំណល់សរីរាង្គ ផ្លាស្ទិចជិត២០ភាគរយនៃសំណល់រួមទាំងអស់ ក្រៅពីនោះគឺសំណល់រឹង។
លោកអំពាវនាវអោយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម បុគ្គលិក សហគ្រាសតូចធំ ចូលរួមចាប់ផ្តើមញែកសំរាម។លោកថា សំរាមញែកជាបីប្រភេទគឺសំរាមសរីរាង្គ សំណល់ផ្លាស្ទិច និងសំណល់គ្រោះថ្នាក់ ដើម្បីកាត់បន្ថយសំរាមនៅទីលានចាក់សំរាម បើមិនធ្វើការញែកសំរាមអោយត្រឹមត្រូវ ទីលានចាក់សំរាមនិងត្រូវការទីតាំងកាន់តែច្រើន៕
អត្ថបទដោយ នង ម៉ៃចរីយា









