ក្រសួង​​បំភ្លឺ​​ថា​ អំឡុង​​កូ​វីដ​១៩​ រដ្ឋា​ភិបាល​​តាម​ដាន​​សុខភាព​​អ្នក​ជាប់​ឃុំ​​យ៉ាង​​យក​ចិត្ត​​ទុក​ដាក់​

មណ្ឌលអប់រំកែប្រែទី២ អប់រំណែនាំ ដល់ជនជាប់ឃុំ អំពីអនាម័យ ដើម្បីបង្កាទប់ស្កាត់ និងការពារពីជំងឺកូវីដ១៩ (COVID-19) កាលថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។ (អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

​ក្រសួងសុខាភិបាល អះអាង​ថា អគ្គនាយក​ដ្ឋាន​ពន្ធនាគារ និង​ក្រសួងសុខាភិបាល បាន​តាមដាននិង​ពិនិត្យ​សុខភាព​អ្នកជាប់ឃុំ​ឃាំង​យ៉ាង​យកចិត្ត​ទុកដាក់ អំឡុង​ពេល​ដែល​កម្ពុជាកំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

ការ​បំភ្លឺ​របស់ក្រ​សួង​សុខាភិបាល ធ្វើឡើង​បន្ទាប់ពី​អង្គការលើ​កលែងទោស​អន្តរជាតិ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ កាលពី​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ហានិភ័យនិង​ភាព​ប្រឈម​របស់​អ្នកជាប់ពន្ធ​នា​គារ ខណៈ​កម្ពុជា​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

ក្រៅពី​បង្ហាញ​ក្ដី​បារម្ភ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះបាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ មួយចំនួន ដើម្បី​ការពារ​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​របស់​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​ទាមទារ​ឱ្យ​មានការ​ដោះលែង​អ្នកទោស​មួយចំនួន​ផង​ដែរ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃនេះ ឱ្យ​ដឹង​ថា ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិ​ការណ៍ «សហគមន៍ ២៨ វិច្ឆិកា» មក អគ្គនាយក​ដ្ឋាន​ពន្ធនាគារ និង​ក្រសួង​ផ្ទាល់ បាន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​នេះនៅ​ពន្ធនា​គារ​ហើយ។

ក្រសួង​បន្ត​ថា បើ​ទោះបីជា​របាយការណ៍​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ បង្ហាញថា មិន​មាន​អ្នក​ប៉ះពាល់​នឹង ​«ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា» ណា​ម្នាក់ មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជាប់ឃុំ​ឃាំង​ក៏ដោយ ក៏​ក្រសួងនិង​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ បាន​យកចិត្ត​ទុកដាក់​តាមដាន​សុខភាព​អ្នកជាប់ឃុំ​ឃាំង​ជាប្រចាំ​យ៉ាង​ហ្មត់ចត់ ទាំង​ស្ថានភាព​ជំងឺ​ផ្តាសាយ​ធំ និង​ជំងឺ​កូ​វីដ១៩ ដោយ​មិន​រើសអើង​អ្នកជាប់ពន្ធ​នា​គារ​ឡើយ។

ក្រសួងសុខាភិបាល៖ «ការ​ផ្ទុះឡើង​ជំងឺ​ផ្តាសាយ​ធំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០មក ក្រសួងសុខាភិបាលបាន​ចាត់​មន្ត្រី​ក្រម ​ឆ្លើយតប​បន្ទាន់ ​ចុះ​ជាបន្ទាន់​ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី១ នៅ​យប់​ថ្ងៃទី០៩ និង​នៅ​ព្រឹក​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដើម្បី​ពិនិត្យមើល​ស្ថានភាព​សុខភាព​អ្នកជាប់ឃុំឃាំង​ដោយ​ផ្ទាល់ ហើយ​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ មណ្ឌល​អប់រំ​កែប្រែ​ទី១ ជា​ផ្លូវការ​បាន​បង្ហាញថា មិន​មាន​ករណី​ជំងឺ​ផ្តាសាយ​ធំ​ក្នុងចំណោម​អ្នកជាប់ឃុំ​ឃាំង​នៅ​ទីនោះ​ឡើយ»។

ក្រ​សុខាភិបាល បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌល​អប់រំ​កែប្រែ​ទី១ មិន​មាន​ករណី​ជំងឺ​ផ្តាសាយ​ធំ ដែល​មានការ​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ ទាំង​ក្នុងចំណោម​មន្ត្រី​ចំនួន៣៥៤នាក់ និង​អ្នកជាប់ឃុំ​ឃាំង៧ ៦០៨នាក់នោះ​ទេ។

គួរ​បញ្ជាក់​ថា កន្លងមក លោក ឆែម សា​វុធ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា គឺ​សប្តាហ៍​តែមួយ ក្រោយពេល​ដែល​លោក​បាន​ចុះទៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ។

ក្នុង​រូបថត​ដែល​បង្ហោះ​លើ​ទំព័រហ្វេសប៊ុកផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា គេ​បានឃើញ​រូបលោក​កំពុង​ឈរ​លើកដៃ​ក្បែរ​ជន​ជាប់ឃុំ​អង្គុយ​ជាជួរ ដោយ​ពុំ​មាន​ពាក់​ម៉ាស់​នោះ​ទេ។

បើ​តាម​ក្រសួងសុខាភិបាល ​ឱ្យ​ដឹង​ថា គិត​ចាប់តាំងពី​ថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍ «សហគមន៍ ២៨វិច្ឆិកា» ចំនួន៤០នាក់ ក្នុង​នោះ ស្រី១៩នាក់ និង​ប្រុស២១នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ