សមត្ថកិច្ចខេត្តកំពង់ចាមឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់ដាក់ប្រាក់ចំនួន១៣នាក់ និងសម្ភារមួយចំនួនទៀត បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ក្នុងគេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅថ្ងៃនេះថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក សុធា ពិសិដ្ឋ បានសហការជាមួយ ស្នងការនគរបាលខេត្ត លោក ឯម កុសល និងអាជ្ញាធរមូលដ្ឋានស្រុកស្រីសន្ធរ ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចក្រោមដើមស្វាយ ស្ថិតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៣នាក់ និងសម្ភារមួយចំនួនទៀត។
សម្ភារដែលឃាត់បាននោះរួមមាន មាន់ងាប់ចំនួន០២, ជញ្ជីងថ្លឹងមាន់ជល់ចំនួន០១, ស្កុតរំជើងមាន់មួយចំនួន, កន្ត្រក់ដាក់មាន់ជល់ចំនួន០២, ស្បែកជើងផ្ទាត់ចំនួន០៥គូរ, ទូរស័ព្ទចំនួន១៥គ្រឿង, ប្រាក់រៀលចំនួន២ ៣០០ ០០០រៀល, ប្រាក់ដុល្លារចំនួន២១៥ដុល្លារ និងម៉ូតូចំនួន១៨គ្រឿងផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿង រួចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់.
ភ្លាមៗ វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពី ស្នងការនគរបាលខេត្ត លោក ឯម កុសល និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក សុធា ពិសិដ្ឋ បាននៅឡើយ៕