ចលនា​និស្សិត​បារម្ភ​ថា​ ខេត្ត​ភាគ​ឦសាន​នឹង​ជួប​ហានិ​ភ័យ​ព្រំដែន​និង​លំហូរ​វៀតណាម​ក្នុង​​គម្រោង​​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​

​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៉ក់​ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តរតនគិរី​-Provincial administration of Ratanakiri​)

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​និយាយ​ថា ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា នឹង​ប្រឈមមុខនឹង​អសន្តិសុខ​ព្រំដែន​និង​លំហូរ​ជនជាតិ​វៀតណាម មក​រស់នៅ​ស្របច្បាប់​បន្ថែម​ទៀត​នៅ​ទឹកដី​កម្ពុជា បើ​រដ្ឋាភិបាល​មិន​ដកខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ។

ចលនា​និស្សិត លើកឡើង​បែបនេះ ៥ថ្ងៃក្រោយ​ពី​មេដឹកនាំ​កម្ពុជា​បាន​អនុម័ត​លើ​ឯកសារ​មួយចំនួន​ស្តី​ពី​ការអនុវត្ត​ផែនការមេ ជំរុញ​ដល់​ការ​ពន្លឿន​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា ឡាវ វៀតណាម សម្រាប់​ឆ្នាំ២០២០​-២០៣០។

ចលនា​មួយ​នេះ និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃនេះ​ថា គម្រោង​អភិវឌ្ឍន៍​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង៣ ជា​គ្រោះអាសន្ន​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ប្រទេស​កម្ពុជា ដូចជា អសន្តិសុខ​ព្រំដែន លំហូរ​ជនជាតិ​វៀតណាម​ចូលកាន់​កាប់​ខេត្ត​ទាំងបួន​នៅ​ភាគ​ឦសាន និង​ការបាត់បង់​ធនធាន​ធម្មជាតិ​ដូចជា​ព្រៃឈើ រ៉ែ ជាដើម។

កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​តាំងពី​ឆ្នាំ១៩៩៩ សំដៅ​ដល់​ការ​អភិវឌ្ឍ​លើ១៣ខេត្ត ក្នុង​នោះ កម្ពុជា​បាន​ដាក់បញ្ចូល​ខេត្ត៤នៅ​ភាគ​ឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី មាន​ប្រជាជន​ប្រមាណ​ជា៥០ម៉ឺន​នាក់ ខណៈ​ប្រទេស​ឡាវ​វិញ បាន​ដាក់បញ្ចូល​ខេត្ត៤ រួមមាន ខេត្ត​អា​តា​ពើ ចំប៉ា​សាក់ សា​លា​វ៉ាន់ សេកុង មាន​ប្រជាជន​ប្រមាណ៧០ម៉ឺន​នាក់ ហើយ​វៀតណាម បាន​ដាក់បញ្ចូល​ខេត្ត​ចំនួន៥ គឺ​ខេត្ត​យ៉ា​ឡាយ កន​តុម ដា​ឡាត់ ដា​ណាង និង​ប៊ិញភឿ​ក មាន​ប្រជាជន៧លាន​នាក់។

ប្រធានប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល និយាយ​បន្ថែម​ថា ការ​អភិវឌ្ឍ​រួមគ្នា​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ស្របគ្នា​ទៅ​នឹង​ការគ្រប់គ្រង​រដ្ឋ​របស់​កម្ពុជា​បច្ចុប្បន្ន នៅ​មានកម្រិត​ទាប មានអំពើ​ពុករលួយ​ច្រើន រួម​ទាំង​ជម្លោះ​នយោបាយ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ផង​នោះ លោក​ថា កម្ពុជា​អាច​នឹង​ជាន់​ដាន​ចាស់​នៃ​ការបាត់បង់​ទឹកដី​ទៅ​ប្រទេសជិតខាង​មួយ​នេះ។

លោក ទូច វិបុល និយាយ​ថា៖ «យើង​ដឹង​ទាំងអស់គ្នា​ហើយ​ថា កម្ពុជា​តែងតែ​ធ្វើការ​អះអាង​នានា ប៉ុន្តែ​យើង​ឃើញ​លទ្ធផលជាក់​ស្តែង កម្ពុជា​តែងតែ​ទទួលរង​នូវ​ការបាត់បង់​ទឹកដី​របស់​ខ្លួន ដោយសារតែ​មហិច្ឆតា​របស់​យួន គឺ​ជាប់​មិន​ដាច់​ទេ​ក្នុង​ការ​លេប​ត្របាក់​ទឹកដី​ខ្មែរយើង»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ច្រានចោល​ការ​លើកឡើង​បែបនេះ ដោយ​ចាត់ទុកថា ជា​ការ​លើកឡើង​គួរ​ឱ្យ​ខ្មាសអៀន​មួយ ខ្វះ​ការសិក្សា​ស្រាវ​ជាវ​ក្នុងនាម​ជា​និស្សិត។

លោក​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​នៅ​តំបន់ត្រីកោណ គ្មាន​ហានិភ័យ​ដល់​ព្រំដែន​ទេ តែ​វា​បាន​ជំនួស​មកវិញ​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លាស់​ប្តូរ​ទំនិញ ព្រោះ​កម្ពុជា​បាន​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម​បាន​ជាង៨០ភាគរយ​ហើយ។

លោក ផៃ ស៊ី​ផាន ប្រាប់​ថា៖ «ឧទាហរណ៍​ជាក់ស្តែង យើង​បាន [បោះបង្គោល​បាន​] ៨៤ភាគរយ រួចស្រេច​ទៅ​ហើយ។ ជាមួយ​ឡាវ ក៏​យើង​មាន​ដែរ។ អាហ្នឹង យើង​រក្សា​ស្ថិរភាព​ហើយ និង​កិច្ច​សហប្រតិបត្តិ​ការបង្កើត​បាន​នូវ​ខ្សែ​ខណ្ឌសីមា​ដែល​ជា​ដែន​អធិបតេយ្យ​ភាព​របស់​យើង»។

កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​សភា​កម្ពុជា​អនុម័ត​យល់ព្រម​អំឡុង​ដើមឆ្នាំ២០១៨ ដែល​ពេលនោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ឡើង​ការពារ​ថា វា​ជា​ការ​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម សម្រួល​បម្លាស់ទី​ទំនិញ​នៃ​ប្រទេស​ទាំង​បី​ក្នុង​តំបន់ត្រីកោណ និង​បង្កើន​លក្ខខណ្ឌ​អនុគ្រោះ ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម​និង​វិនិយោគ។

អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត សេង សារី មានប្រសាសន៍​ថា បើ​គេ​មើល​ពី​មុំ​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​នេះ ជា​តំបន់​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំង៣ តែបើ​គេ​មើល​មុំ​នយោបាយ​វិញ បញ្ហា​វា​នឹង​លេចឡើង​នូវ​ក្ដី​បារម្ភ​ដូច​ក្រុម​លោក ទូច វិបុល ព្រោះ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​កន្លងទៅ ត្រូវ​បាន​ភាគី​ម្ខាង​មើលឃើញ​ថា គ្មាន​ប្រសិទ្ធភាព​និង​ពុករលួយ។

លោក សេង សារី ប្រាប់​ថា៖ «ជា​ដំណោះស្រាយ ខ្ញុំ​មើលឃើញ​ថា ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដែល​យើង​មានស្រាប់​ហ្នឹង​ឱ្យ​មានប្រសិទ្ធភាព ធ្វើ​ម៉េច​ធ្វើ​ឱ្យ​ប្រជាជន​និង​អ្នកនយោបាយ​ហ្នឹង​មាន​អារម្មណ៍​ស្ងប់ ទី១។ ទី២ អា​តម្លាភាព​នៃ​ការអនុវត្ត​ច្បាប់​ហ្នឹង ត្រូវ​កាត់បន្ថយ​អំពើពុករលួយ។ ជួនកាល​អន្តោប្រវេសន៍​មួយចំនួន គ្រាន់តែ​បង់លុយ​ឱ្យ​អាជ្ញាធរ​តាម​ព្រំដែន​ហ្នឹង ក៏​គាត់​អាច​ចូល​មក​បាន​ដែរ។ កត្តា​ទាំងអស់​នេះ វា​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​សម​ភាគី​ឡាវ​និង​វៀតណាម កាលពី​ថ្ងៃពុធ​សប្ដាហ៍​មុន​ថា កម្ពុជា​បាន​វិនិយោគ​នូវ​ទឹកប្រាក់​ដល់ទៅ ៣,១៤៦ពាន់​លាន​ដុល្លារ​រួចហើយ គិត​មកដល់​ត្រឹម​ខែតុលា​ឆ្នាំនេះ ដែល​ទឹកប្រាក់​នេះ​ត្រូវ​បាន​វិនិយោគ​ទៅលើ​គម្រោង ៨៦ នៅក្នុង​វិស័យ​កសិកម្ម និង​កសិ​-ឧស្សាហកម្ម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ