នាយក​​រដ្ឋ​មន្ត្រី​​បំភ្លឺ​​ថា​ ការ​​បញ្ចេញ​​អត្ត​សញ្ញាណ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ គឺ​​ដើម្បី​​ការពារ​​អាយុ​ជីវិត​​របស់​​ពលរដ្ឋ​​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ទាក់ទិនទៅនឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ និង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​គេហដ្ឋាន​លោក​ផ្ទាល់​ក្នុង​ក្រុង​តាខ្មៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន បាន​បំភ្លឺ​ថា មូលហេតុ​ដែល​កម្ពុជា​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិការ​ណ៍សហគមន៍២៨វិច្ឆិកា ដើម្បី​ការពារ​អាយុជីវិត​របស់​ពលរដ្ឋនិង​បញ្ចៀស​ស្ថានភាព​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ ហើយ​ថា បញ្ហា​នេះ​មិន​ត្រូវ​បន្ទោស​អ្នកណា​ទេ គឺ​ត្រូវ​បន្ទោស​រូបលោក។

ក្រសួងសុខាភិបាល​កម្ពុជា ចាប់ពី​ថ្ងៃទី៤ ខែធ្នូ បាន​បង្ហាញ​រូបថតនិង​ឈ្មោះ​អ្នកជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់ ក្រោយពី​កម្ពុជាមាន​ករណី​ឆ្លង​ជំងឺ​នេះ​ចូលក្នុង​សហគមន៍ ដែល​រដ្ឋាភិបាល​ហៅថា ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា។

ប៉ុន្តែក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ពីទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នា​ថ្ងៃទី១១ ខែធ្នូ សប្តាហ៍​មុន​នេះ ​ថាខ្លួន​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការសម្រេច​របស់​កម្ពុជាដែល​បាន​ផ្សព្វផ្សាយ​បែបនេះ និង​ចាត់ទុកថា ជា​ការបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជននិង​ជំរុញ​ឱ្យ​មានការ​រើសអើង​អ្នកជំងឺ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃអង្គារ​នេះ​ថា ពេលខ្លះ រដ្ឋាភិបាល​សុខចិត្ត​ទទួ​លយក​ការរិះគន់​ចំពោះ​ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វីដ១៩ ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋនិង​បញ្ចៀស​ស្ថានភាព​គ្រោះថ្នាក់​ដល់​ប្រទេសជាតិពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ។

លោក​ថា៖ «រឿង​នេះ​មិន​ចាំបាច់​បន្ទោស​អ្នកណា​ទេ គឺ​បន្ទោស​ខ្ញុំ ទាក់ទិន​នឹង​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​មនុស្ស​ទាំង​ឈ្មោះ​ទាំង​រូបថត ពេលនោះ​ងងឹត​ខ្លាំង​ណាស់ ដើម្បី​ឱ្យ​ដឹង​ថា ​តើ​មនុស្ស​ដែល​ខ្លួន​ពាក់ព័ន្ធ​ហ្នឹង​ជា​នរណា ដើម្បី​ឱ្យ​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​រត់​ទៅ​រក​គ្រូពេទ្យ​ដើម្បី​យក​សំណាក»។ 

ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ហើយ ទើប​លោក​​សម្រេច​ឱ្យ​ផ្សព្វផ្សាយ​ក្នុងរយៈពេល​ខ្លី ទាំង​រូបថត ទាំង​ឈ្មោះ។ 

តែ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ឥលូវនេះ រដ្ឋាភិបាល​សម្រេច​ឱ្យ​ដកចេញ​វិញ​ហើយ ដក​ទាំង​រូបថត ដក​ទាំង​ឈ្មោះ ដើម្បី​បញ្ចៀស​នូវ​ការរើសអើងនិង​សិទ្ធិ​បុគ្គល ស្រប​ពេល​ដែល​លោក​ប្រកាស​ថា កម្ពុជា​អាច​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ «២៨វិច្ឆិកា» បាន​ហើយ ប៉ុន្តែ​មិនទាន់​អាច​បិទ​បញ្ចប់​នូវ​ព្រឹត្តិ​ការណ៍​នេះ​ទេ ដោយ​តម្រូវ​ឱ្យ​បន្ត​ការ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត។ 

ស្ត្រី​ម្នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ក្រោយពី​គាត់​បាន​ឆ្លង​ជំងឺ​នេះ ឪពុក​ម្តាយ​និង​បងប្អូន​របស់​គាត់បាន​រង​នូវ​ការរើសអើង​ពី​អ្នក​រស់នៅ​ក្នុង​ភូមិ​ជាមួយគ្នា ហើយ​សូម្បីតែ​ម្តាយមីង​របស់​គាត់​ដែល​លក់ដូរ​ទំនិញ​នៅក្នុង​ភូមិ ក៏​លែង​មាន​អ្នក​ចូល​ទិញ​ដែរ។ 

តែ​យ៉ាងណា ស្ត្រី​រូប​នេះបាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាលដែល​សម្រេច​ឈប់​ឱ្យ​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ១៩ ដើម្បី​ការពារ​សិទ្ធិ​ឯកជន​របស់​អ្នក​ជំ​ងឺ​ផ្សេង​ៗទៀត បើ​ទោះជា​គ្រួសារ​របស់​គាត់​បាន​រង​នូវ​ការរើសអើង​រួច​ទៅ​ហើយក៏​ដោយ។ 

ស្ត្រីជា​អ្នកជំងឺ​កូ​វីដ១៩ បាន​និយាយ​ថា៖ «អ៊ីចឹង​បាន​ថា សង្គម​ហ្វេសប៊ុក​លឿន​ណាស់ បង្ហោះ​តៗ​គ្នា តែ​បាន​សម្តេច ​[ហ៊ុន សែន​] គាត់​ដក​អ៊ីចឹង​ ក៏​ល្អ​ដែរ ព្រោះ​អ្នក​ក្រោយ​ហ្នឹង គ្នា​មិនសូវ​បាក់មុខ​ខ្លាំង​ដែរ រឿង​ហ្នឹង​បាក់មុខ ​ត្រឹម​ពួក​ខ្ញុំ​ចុះ»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត សាទរ​ចំពោះ​ការប្រកាស​របស់​រដ្ឋាភិបាលដែល​ឈប់​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ១៩។ ប៉ុន្តែលោក​ស្នើ​ដល់​រដ្ឋាភិបាល គួរតែ​ថ្លឹងថ្លែងរវាង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះនិង​បញ្ហា​សិទ្ធិមនុស្ស ដើម្បី​កុំឱ្យ​មានការ​រើសអើង​ទៅលើ​អ្នកជំងឺ​កូ​វីដ១៩ ខណៈ​ដែល​ពួក​គេ​រងគ្រោះ​ដោយសារ​ការ​ឆ្លង​ជំងឺ​នេះ​ហើយ ហើយ​បែរជា​ត្រូវ​រង​ផល​ប៉ះពាល់​​ដោយសារ​កា​របង្ហាះ​អត្តសញ្ញាណ​ពួក​គាត់​ថែមទៀត។

លោក​ថា៖ «ទោះ​ដកចេញ​ហើយក៏​ដោយ ប៉ុន្តែ​រូបភាព​វា​បាន​ប៉ះពាល់​រួច​ទៅ​ហើយ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​លើកក្រោយ គួរតែ​មាន​យន្តការ​ឬមធ្យោបាយ​ណា​ផ្សេង ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល អ្នក​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា គិត​ចាប់ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មាន​ចំនួន៤១នាក់ ក្នុង​នោះ មាន​អ្នកជំងឺ៣នាក់បាន​ជាសះស្បើយ។

អ្នកជា​សះស្បើយ​នោះ ត្រូវ​បាន​ក្រសួង​បញ្ជាក់​អត្តសញ្ញាណ​ថា ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ [លោក​ ឆែម សា​វុធ​] មន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​ប៉ះពាល់​អគ្គនាយក​ពន្ធនាគារ និង​ស្ត្រី​ម្នាក់ទៀត​ជាស​មា​ជិ​កគ្រួសារ​អ្នកបើកបរ​ឱ្យ​អគ្គនាយក​ពន្ធនាគារ​រូប​នោះ។

ពាក់ព័ន្ធ​នឹង​ការទិញ​វ៉ាក់សាំង​កូ​វីដ១៩វិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃនេះ​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលបាន​ទទួល​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន ចំនួន ៣៨ ៤១១នាក់ ស្មើនឹង​ទឹកប្រាក់​ជាង ៤៨លាន​ដុល្លារ និង ៣ ៩០០លាន​រៀល។

លោក​បន្ថែម​ថា រដ្ឋាភិបាលក៏បាន​ត្រៀម​ថវិកា​ប្រមាណ ១០០ទៅ២០០លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ផង​ដែរ ខណៈ​រដ្ឋាភិបាលក៏​មាន​ថវិកា​ក្នុង​ដៃ​ប្រមាណ ៥៣៨លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ដែរ​ថា កម្ពុជានឹង​ទទួល​ទិញ​វ៉ាក់សាំង​របស់​ប្រទេស​ណា ដែល​ទទួលស្គាល់​ដោយ​អង្គការសុខភាព​ពិភពលោក​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​យក​ប្រជាពលរដ្ឋ​ខ្មែរទៅ​ធ្វើតេស្ត​វ៉ាក់សាំង​របស់​ប្រទេស​ណាមួយ​នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ