បណ្តាញសហគមន៍ព្រៃឡង់ និងជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ស្នើទៅតុលាការខេត្តនេះឱ្យទម្លាក់ចោលបទចោទ «ញុះញង់» ប្រឆាំងទៅលើពួកគេ នៅក្នុងវិវាទដីធ្លីកាលពី៥ឆ្នាំមុន រវាងអ្នកភូមិនិងក្រុមហ៊ុនឯកជនមួយដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តនេះ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ លោក ខេម សុឃី និងលោក សូរ ថាល់ និងសមាជិកសហគមន៍ជនជាតិដើមភាគតិចកួយនៅស្រុករវៀង លោក សាន រ៉េត និងលោក វង្ស សុខខេងលី ត្រូវបានសាលាដំបូងកោះហៅឱ្យចូលសវនាការជំនុំជម្រះនៅថ្ងៃម្សិលមិញនេះ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ទៅតាមបណ្ដឹងរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច TNT។
លោក ខេម សុឃី ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា រូបលោកនិងអ្នកភូមិ៣រូបទៀតបានចូលរួមក្នុងសវនាការកាលពីថ្ងៃម្សិលមិញនេះ ប៉ុន្តែលោកថា មិនមានវត្តមានដើមចោទឬមេធាវីតំណាងដើមបណ្ដឹងនោះឡើយនៅក្នុងសវនាការនោះ។
អ្នកភូមិរូបនេះប្រាប់បន្តថា តុលាការបានចោទសួរលោកជាច្រើនពាក់ព័ន្ធនឹងការចោទថា លោកបានញុះញង់ឱ្យប្រជាពលរដ្ឋតវ៉ាប្រឆាំងជាមួយក្រុមហ៊ុន និងរៀបចំគម្រោងដុតរោងចក្ររបស់ក្រុមហ៊ុន ប៉ុន្តែលោកបដិសេធចំពោះការចោទប្រកាន់នេះ ហើយស្នើទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់មកពួកគាត់ទាំង៤នាក់។
លោក ខេម សុឃី ប្រាប់ថា៖ «ពីព្រោះពួកខ្ញុំទាំង៤នាក់មិនបានកេណ្ឌកម្លាំង ឬក៏ញុះញង់ប្រជាពលរដ្ឋឱ្យតវ៉ាប្រឆាំងក្រុមហ៊ុនទេ។ ពលរដ្ឋតវ៉ាហ្នឹង ដោយសារតែក្រុមហ៊ុនបានឈូសឆាយប៉ះពាល់លើដីស្រែដីចម្ការរបស់ពួកគាត់ បានគាត់នាំគ្នាងើបតវ៉ា»។
ជាជនជាតិដើមភាគតិចកួយ វ័យ៦៧ឆ្នាំ លោក សាន រ៉េត និយាយថា ក្រោយទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ ក្រុមហ៊ុន TNT បានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋចំនួន៣ឃុំក្នុងស្រុករវៀង និងបានឈូសឆាយបំផ្លិចបំផ្លាញព្រៃឈើរាប់រយហិកតាក្នុងតំបន់នោះទៀតផងដែរ។
ជនជាតិដើមភាគតិចកួយរូបនេះ ឱ្យដឹងថា ក្រោយឈូសឆាយព្រៃអស់ ក្រុមហ៊ុនមិនបានអភិវឌ្ឍអ្វីនោះឡើយ ដោយទុកដីទំនេរចោល ហើយបច្ចុប្បន្នកំពុងកាប់ឈើលក់។
លោកបន្ថែមថា៖ «វាឈូសឆាយដីព្រៃចោលរហូតដល់រាប់គីឡូដី។ តាំងពីពេលនោះមកដល់ឥលូវ វាឈូសព្រៃចោល អត់មានធ្វើអ្វីផងហ្នឹង។ ឥលូវ ឈើព្រៃដុះឡើងវិញហើយ។ បន្តទៀតមកដល់ឥលូវនេះ វាចាប់ផ្តើមកាប់ឈើម្តង។ ឈើចាប់ពីមុខ៣តឹកឡើង វាកាត់យកទាំងអស់ ហើយឈើនៅតាមស្រែតាមចម្ការរបស់ប្រជាពលរដ្ឋ បើម្ចាស់នៅ វាអត់ហ៊ានកាប់ទេ ដល់ម្ចាស់ដើរចេញ វាកាប់ដឹកៗតែម្តង»។
វីអូឌី មិនអាចស្វែងរកលេខទំនាក់ទំនងដើម្បីស្នើសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច TNT បានទេ ពាក់ព័ន្ធករណីនេះ។
អ្នកស្រី សាន សុគន្ធា មេធាវីការពារក្តីឱ្យអ្នកទាំង៤នាក់នោះ ប្រាប់ថា ការសួរដេញដោលនៅក្នុងសវនាការ និងស្រាវជ្រាវនៅក្នុងសំណុំរឿងនេះ គឺពុំមានភស្តុតាងណាដាក់បន្ទុកទៅលើកូនក្តីរបស់អ្នកស្រីឡើយ។
អ្នកស្រី សុគន្ធា ប្រាប់ថា៖ «តាមរយៈការសួរដេញដោលនៅក្នុងសវនាការ ក៏ដូចជាការសិក្សានៅក្នុងសំណុំរឿងហ្នឹង គឺមិនមានភស្តុតាងឬក៏សាក្សីដាក់បន្ទុកណាដែលបញ្ជាក់អំពីថា កូនក្តីខ្ញុំធ្វើអំពើល្មើសដូចការចោទប្រកាន់ ដូចដែលតំណាងអយ្យការចោទប្រកាន់ថាពួកគាត់បានញុះញង់ឱ្យអ្នកផ្សេងប្រព្រឹត្តបទឧក្រិដ្ឋនោះទេ។ បើតាមភស្តុតាងនិងសាក្សីដែលដេញដោលសាកសួរនៅក្នុងអង្គសវនាការទាំងមូល ខ្ញុំជឿជាក់ថា តុលាការនឹងសម្រេចឱ្យពួកគាត់ទាំង៤នាក់រួចផុតពីបទចោទប្រកាន់នេះ»។
អ្នកស្រីមេធាវី សាន សុគន្ធា បានឱ្យដឹងទៀតថា តុលាការបានកំណត់ពេលប្រកាសសេចក្ដីសម្រេចរបស់ខ្លួនជុំវិញសំណុំរឿងមួយនេះនៅថ្ងៃទី៥ ខែមករាឆ្នាំក្រោយ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ អ្នកស្រី ភី ស៊ីថង បានចុចផ្ដាច់ខ្សែទូរសព្ទនៅពេលវីអូឌីបានស្នើសុំការបកស្រាយពីគាត់នៅថ្ងៃនេះ។ ចំណែកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះវិហារ អ្នកស្រី ជុំ កន្និយ៉ា មិនអាចឆ្លើយបាន ដោយប្រាប់ឱ្យរង់ចាំសាកសួរទៅចៅក្រមសិន។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ្ឌ មានប្រសាសន៍ថា ការប្តឹងនិងការចោទប្រកាន់ទៅលើពលរដ្ឋ៤នាក់នោះ ជារឿងអយុត្តិធម៌មួយសម្រាប់ពួកគេ និងគំរាមកំហែងកុំឱ្យពលរដ្ឋតវ៉ាតែប៉ុណ្ណោះ។ លោកស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើពលរដ្ឋទាំង៤នាក់នោះ។
លោក ប៉ិក សោភ័ណ្ឌ ប្រាប់ថា៖ «តុលាការចោទពីបទធ្វើឱ្យញុះញង់បង្កបទឧក្រិដ្ឋជាអាទិ៍ជាដើម ប៉ុន្តែធាតុពិត មិនមានករណីបែបហ្នឹងទេ។ អ៊ីចឹង តុលាការគួរតែយោគយល់និងទម្លាក់ចោលការចោទប្រកាន់លើពួកគាត់»៕