ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងរងបណ្តឹងនៅតុលាការ បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធឱ្យចេញបណ្ណកម្មសិទ្ធិដល់ពួកគាត់ ក្រោយតុលាការចេញដីការក្សាការពារវិវាទដីធ្លីរបស់ពួកគេ។
កាលពីម្សិលមិញនេះ ពលរដ្ឋប្រហែល១០០នាក់ រស់នៅត្រង់ចំណុចសំបុកចាប ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ បានប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្តប៉ៃលិន ដើម្បីគាំទ្រពលរដ្ឋ៣នាក់ ដែលចូលបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងជម្លោះដីធ្លី។
ពលរដ្ឋអាយុ៥១ឆ្នាំ អ្នកស្រី យន្ត ផល្លា ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា ពលរដ្ឋ៤៤នាក់ត្រូវតុលាការចេញដីការក្សាការពារដីធ្លី ហើយពលរដ្ឋ៣នាក់ទៀតត្រូវបានតុលាការចោទប្រកាន់ថា ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
អ្នកភូមិរូបនេះអះអាងថា គ្រួសារអ្នកស្រីនិងពលរដ្ឋជាង១០០គ្រួសារទៀត បានរស់នៅនិងលក់ដូរលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន តាមរយៈការដោះដូររបស់អាជ្ញាធរកាលជំនាន់នោះ។ អ្នកស្រីថា ទើបតែនៅឆ្នាំ២០១០ ពួកគាត់រងបណ្ដឹងទៅតុលាការ ដោយចោទថា ពលរដ្ឋរស់នៅលើដីរបស់ខ្លួន ហើយនៅឆ្នាំ២០២០នេះ មានការកោះហៅពលរដ្ឋទៅសួរនាំនៅតុលាការ។
អ្នកស្រី យន្ត ផល្លា ប្រាប់ថា៖ «ដោះដូរ ក៏ខ្ញុំមិនដូរដែរ។ ខ្ញុំសុំសិទ្ធិរស់នៅលក់ដូរនៅទីនេះ។ រដ្ឋាភិបាលថា បើពលរដ្ឋណារស់នៅបាន៥ឆ្នាំហើយ គឺសិទ្ធិប្រជាពលរដ្ឋហើយ។ ចុះនេះពួកយើងមករស់នៅ២២ឆ្នាំហើយហ្នឹង? បើចង់ដោះដូរ ត្រឹម១ឆ្នាំទៅ២ឆ្នាំ អ្នកម្ចាស់ដីហ្នឹង ត្រូវមកតវ៉ាជាមួយប្រជាពលរដ្ឋថា ដីនេះជារបស់គាត់ មិនឱ្យបងប្អូនណាមករស់នៅលើដីរបស់គាត់ទេ។ ចុះនេះ២២ឆ្នាំហើយទើបមកសើរើ ពួកខ្ញុំមិនព្រមទេ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហម ស្រីនាង អាយុ៥៣ឆ្នាំ និយាយថា បច្ចុប្បន្ន មានពលរដ្ឋ១០៥គ្រួសារកំពុងរស់នៅលើដីកំពុងមានជម្លោះនោះ។ អ្នកស្រីថា រយៈពេលជាង២០ឆ្នាំដែលពួកគាត់មករស់នៅលើដីនេះ គឺអាជ្ញាធរពាក់ព័ន្ធមិនបានចេញបណ្ណកម្មសិទ្ធិឱ្យពួកគាត់ឡើយ ប៉ុន្តែមានការដឹងឮនិងទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។
ពលរដ្ឋរូបនេះឱ្យដឹងថា ពួកគាត់ទាំង១០៥គ្រួសារនោះ មានដីក្នុង១គ្រួសារចន្លោះពី២ម៉ែត្រទៅ១០ម៉ែត្រ សម្រាប់ពលរដ្ឋសង់ផ្ទះនិងធ្វើតូបសម្រាប់បើករបររកស៊ី។
អ្នកស្រី ហម ស្រីនាង និយាយថា៖ «អំពាវនាវសុំឱ្យអាជ្ញាធរពាក់ព័ន្ធហ្នឹងជួយចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យប្រជាពលរដ្ឋរស់នៅកន្លែងហ្នឹង ព្រោះរស់នៅអាស្រ័យផលចិញ្ចឹមជីវិតនៅកន្លែងហ្នឹង២២ឆ្នាំហើយ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិនបានទេពាក់ព័ន្ធករណីនេះ។
អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន លោក ធូ ភា មានប្រសាសន៍ថា វិវាទដីធ្លីមួយនេះមានពាក់ព័ន្ធ៣ភាគី គឺមានភាគីពលរដ្ឋដែលកំពុងរស់នៅបច្ចុប្បន្ន អ្នកស្រី វិន ផេង ដែលប្តឹងសុំរក្សាការពារ និងភាគីម្នាក់ទៀតដែលលោកសុំមិនបញ្ចេញឈ្មោះ។
អ្នកនាំពាក្យរូបនេះ អះអាងថា ករណីតុលាការចេញដីកាសម្រេចរក្សាការពារដីកំពុងមានជម្លោះនោះ គឺធ្វើឡើងទៅតាមបណ្តឹងរបស់អ្នកស្រី វិន ផេង ដែលជាភាគីមួយក្នុងចំណោមភាគីទំនាស់ទាំងនោះ។
លោក ធូ ភា បន្តថា ករណីពលរដ្ឋទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនោះ គឺពិបាកក្នុងការដោះស្រាយណាស់ ដោយលោកថា ដីជម្លោះនោះជាដីកម្មសិទ្ធិឯកជន មិនមែនជាដីរបស់រដ្ឋ និងមួយទៀតនោះដោយសារពលរដ្ឋរស់នៅមិនទាន់មានរចនាសម្ព័ន្ធត្រឹមត្រូវ ប៉ុន្តែយ៉ាងណា លោកបានលើកទឹកចិត្តឱ្យពលរដ្ឋដាក់ពាក្យប្ដឹងជំទាស់នឹងការសម្រេចរបស់តុលាការនេះ។
លោក ធូ ភា ប្រាប់ថា៖ «យើងមិនអាចសម្រេចទៅតាមសំណូមពររបស់គាត់បាន។ ទី១ បញ្ហាហ្នឹងជាដីកម្មសិទ្ធិឯកជន មិនមែនជាដីរដ្ឋទេ ដែលគាត់វិវាទជាមួយ។ បញ្ហាទី២ ការកាន់កាប់របស់គាត់ហ្នឹង វាកញ្ឆេតកញ្ឆត។ បងប្អូនខ្លះ គាត់កាន់កាប់ត្រឹមតែ ៣ម៉ែត្រ៤ជ្រុង ២កន្លះគុណនឹង៤ម៉ែត្រ។ អ៊ីចឹង យើងអនុញ្ញាតឱ្យគាត់របៀបម៉េច។ វាខុសពីនគរូបនីយកម្មដែលយើងមិនអាចប្រគល់ជូនគាត់បានទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកស្រី វិន ផេង បានទេ ពាក់ព័ន្ធករណីនេះ។
ពាក់ព័ន្ធករណីនេះ នាយករងអង្គការលីការដូ លោក អំ សំអាត បានស្នើឱ្យអាជ្ញាធរស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងដោះស្រាយឱ្យមានតម្លាភាពនិងយុត្តិធម៌ជូនភាគីពាក់ព័ន្ធ ដើម្បីចៀសវាងការកើតមានបាតុភាពតវ៉ាផ្សេងៗ។
លោក អំ សំអាត បន្ថែមថា៖ «អ៊ីចឹង ត្រូវធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថា តើដីហ្នឹងជារបស់អ្នកណាឱ្យពិតប្រាកដ ហើយអ្នកណាជាអ្នកប្រើប្រាស់និងកាន់កាប់។ អាហ្នឹង គឺជាការស្វែងរកការពិត ទើបអាចស្វែងរកដំណោះស្រាយបាន។ កន្លងមក យើងឃើញថា បញ្ហាដែលយកការអនុវត្តទៅតាមផ្លូវតុលាការ យើងឃើញថា វាមានការអូសបន្លាយរ៉ាំរ៉ៃ ហើយវាមានសន្ទុះនៃការតវ៉ាហ្នឹងក៏ធ្ងន់ធ្ងរដែរ»៕