មេគយកម្ពុជាអះអាងថា រដ្ឋាភិបាលបានសម្រេចចិត្តទម្លាក់អត្រាពន្ធគយលើមុខទំនិញនាំចូលរាប់រយមុខ ដើម្បីជំរុញផលិតកម្មក្នុងស្រុកនៃឧស្សាហកម្មខ្នាតតូច និងមធ្យមរបស់កម្ពុជា បន្ទាប់ពីចំណូលពន្ធគយនៅឆ្នាំនេះ បានធ្លាក់ចុះយ៉ាងច្រើន។
ក្នុងអនុកឹត្យចេញថ្ងៃម្សិលមិញនេះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលអត្រាពន្ធគយលើការនាំចូលទំនិញ ៦៩ប្រភេទ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតកម្មចំណីអាហារ និងភេសជ្ជៈ ប្រព័ន្ធសូឡា ឬប្រព័ន្ធពន្លឺព្រះអាទិត្យ ឧបករណ៍ និងគ្រឿងម៉ាស៊ីនកែច្នៃសំខាន់ៗសម្រាប់សង្វាក់ផលិតកម្ម។
រដ្ឋាភិបាលកម្ពុជាក៏បានទម្លាក់អត្រាពន្ធគយពី ៣៥ភាគរយមកនៅត្រឹម ៧ភាគរយសម្រាប់ការនាំចូលទំនិញ ៦មុខទៀត ស្ថិតក្នុងប្រភេទទឹកអាល់កុលសម្លាប់មេរោគ និងមុខទំនិញគាំទ្រដល់វិស័យឧស្សាហកម្ម ខណៈដែលអត្រាពន្ធគយសម្រាប់ទំនិញជាវត្ថុធាតុដើម និងធាតុចូលផលិតកម្ម ៤មុខទៀត ត្រូវបានទម្លាក់ពី ៣៥ភាគរយ មកនៅត្រឹម ១៥ភាគរយប៉ុណ្ណោះ។
ជាងនេះទៅទៀត អត្រាអាករពិសេសសម្រាប់ការនាំចូលទំនិញ ២៧មុខផ្សេងទៀតដែលស្ថិតក្នុងប្រភេទទំនិញជាប្រេងរំអិលសម្រាប់ប្រើប្រាស់ក្នុងវិស័យវាយនភ័ណ្ឌ ប្រេងរំអិលជាធាតុចូលសម្រាប់សង្វាក់ផលិតកម្ម ម៉ាស៊ីនលាងចាន ទោចក្រយាន និងទឹកអាល់កុលសម្លាប់មេរោគសម្រាប់តម្រូវការក្នុងវិស័យសុខាភិបាល ត្រូវបានរដ្ឋាភិបាលសម្រេចលុបចោលហើយ។
រីឯអត្រាអាករពិសេសសម្រាប់ការនាំចូលទំនិញ ៥មុខស្ថិតក្នុងប្រភេទទំនិញសម្ភារៈអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ត្រូវបានរដ្ឋាភិបាលទម្លាក់ពី ១០ភាគរយ មកនៅសល់ត្រឹមអត្រា ៥ភាគរយប៉ុណ្ណោះ ខណៈដែលអត្រាអាករពិសេសសម្រាប់ការនាំចូលទំនិញ ១ប្រភេទជាមេស្រាដែលមានជាតិអាល់កុលខ្ពស់លើសពី ៨៩ដឺក្រេ ត្រូវបានបន្ថយមកនៅត្រឹម ១៥ភាគរយវិញ។
អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រាប់វីអូឌីនៅថ្ងៃនេះថា រដ្ឋាភិបាលសម្រេចបែបនេះ ដើម្បីជំរុញសហគ្រាសខ្នាតតូច និងមធ្យម ឬ វីស័យ SME នៅក្នុងស្រុក ឱ្យបង្កើនផលិតកម្មរបស់ពួកគេ។
លោក គុណ ញឹម មានប្រសាសន៍ថា៖ «គោលបំណងសំខាន់នៃការកាត់បន្ថយពន្ធគយ គឺដើម្បីលើកទឹកចិត្តដល់ផលិតកម្មក្នុងស្រុក ជាពិសេស SME តែម្ដង ព្រោះចង់ Boost [ជំរុញ] SME ឱ្យបានច្រើនតិច ដោយសារឧស្សាហកម្មខ្នាតមធ្យម និងតូចហ្នឹង វាអាចក្លាយជាស្ដារ និងជំរុញផលិតកម្មក្នុងស្រុកយើងបានច្រើន»។
នៅពេលត្រូវបានសួរថា ការសម្រេចបែបនេះ នឹងប៉ះពាល់ដល់ចំណូលពន្ធគយឬយ៉ាងណានោះ មេគយកម្ពុជារូបនេះ ទទួលស្គាល់ពីផលប៉ះពាល់នៃការបាត់បង់ចំណូលពន្ធគយនេះ ប៉ុន្តែ លោកបញ្ជាក់ថា រដ្ឋាភិបាលលះបង់ចំណូលមួយចំនួន ដើម្បីជំរុញដល់ផលិតកម្មក្នុងស្រុក ជំនួសការនាំចូល និងជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋផងដែរ។
លោក គុណ ញឹម មានប្រសាសន៍បន្តថា៖ «មានការបាត់បង់ខ្លះ ប៉ុន្តែ យើងសុខចិត្តលះបង់ចំណូលមួយចំនួន ជាថ្នូរនឹងការជំរុញ និងលើកទឹកចិត្តឱ្យមានការផលិតក្នុងស្រុកវិញ។ ការផលិតក្នុងស្រុក គឺយើងបានពលកម្មផង បានទំនិញមួយចំនួនដែលយើងអាចលក់ក្នុងទីផ្សារក្នុងស្រុក ដើម្បីជំនួសការនាំចូលផង»។
លោក គុណ ញឹម បានឱ្យដឹងទៀតថា អត្រាពន្ធគយ និងអាករថ្មីនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីដើមខែមករាឆ្នាំក្រោយនេះ បន្ទាប់ពីចំណូលគយកម្ពុជានៅឆ្នាំនេះ បានធ្លាក់ចុះទាបជាងឆ្នាំមុន និងនៅក្រោមផែនការដែលកំណត់ដោយរដ្ឋាភិបាល។
មេតាមមេគយរូបនេះ ចំណូលពន្ធគយកម្ពុជានៅឆ្នាំ២០២០នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងប្រមូលបានខ្ទង់ ២,៣៥០លានដុល្លារ ដែលស្មើនឹងត្រឹម ៨០ភាគរយ នៃគម្រោងប្រមូលចំណូលពន្ធគយឱ្យបាន ២,៩០០លានដុល្លារឆ្នាំនេះ ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនៅក្នុងច្បាប់ថវិកាជាតិ។
លោក គុណ ញឹម បានបន្ទោសថា ការធ្លាក់ចុះចំណូលពន្ធគយកម្ពុជានៅឆ្នាំនេះ គឺបណ្ដាលមកពីវិបត្តិជំងឺឆ្លងរាតត្បាតជាសកល ដែលវាយប្រហារទៅដល់លំហូរពាណិជ្ជកម្មអន្តរជាតិ។
លោក គុណ ញឹម មានប្រសាសន៍ថា៖ «ជាលើកទី១ហើយដែលយើងរកអត់បានគ្រប់ផែនការ។ ចំណូលដែលគយប្រមូលក្នុងឆ្នាំ២០២០នេះ បើប្រៀបធៀបជាមួយផែនការ គឺយើងអនុវត្តអត់បានគ្រប់ផែនការទេ ដូចដែលយើងដឹងហើយថា ដោយសារជំងឺកូវីដ១៩។ ដល់ពេលកូវីដមកទៅ វាធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិរង្គោះរង្គើទៅ ដែលការផ្គត់ផ្គង់លំហូរពាណិជ្ជកម្មបែបនេះ វាធ្វើឱ្យចំណូលរបស់យើងថមថយតាមហ្នឹងដែរ»។
នៅពេលត្រូវបានសួរថា តើការធ្លាក់ចុះចំណូលពន្ធគយនេះអាចនឹងប៉ះពាល់ដល់គម្រោងកញ្ចប់ថវិការដ្ឋាភិបាលនៅឆ្នាំថ្មីៗឬយ៉ាងណានោះ លោក គុណ ញឹម មានប្រសាសន៍ថា៖ «អ៊ីចឹងហើយបានជារដ្ឋាភិបាលធ្វើវិចារណកម្ម[ការពិចារណា]រឿងចំណាយហ្នឹងណា ដោយសារចំណូលអត់គ្រប់តាមផែនការហ្នឹងហើយ ទើបមានការកាត់បន្ថយចំណាយផ្សេងៗ ប៉ុន្តែ ចំណាយប្រាក់បៀរវត្សរ៍អត់មានកាត់បន្ថយអីទេសព្វថ្ងៃ»។
បើតាមតួលេខផ្ដល់ឱ្យដោយស្ថាប័នគយ កម្ពុជាប្រមូលចំណូលពន្ធគយបាន ១២ទ្រីលាន ៩៨០ប៊ីលានរៀល ឬស្មើនឹងខ្ទង់ ៣,២០៨លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៩កន្លងមក ដោយចំនួននេះលើសពីផែនការកំណត់ដោយរដ្ឋាភិបាលដ់ទៅ ៤៣ភាគរយឯណោះ៕