យុវជនម្នាក់ឈ្មោះ គង់ រៃយ៉ា ស្នើអាជ្ញាធរនិងក្រសួងសុខាភិបាលប្តូរទីតាំងធ្វើចត្តាឡីស័កទៅមណ្ឌលផ្សេង ដោយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈកន្លែងដែលលោកនិងភរិយាធ្វើចត្តាឡីស័ក ជាអាគារតែមួយដែលអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល។
កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីសុខាភិបាល បានចុះទៅយកលោក គង់ រៃយ៉ា និងភរិយា ដែលស្នាក់នៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ក្រោមហេតុផលថា លោកទើបមកពីប្រទេសថៃ។
លោក គង់ រៃយ៉ា ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា រូបលោកមកពីប្រទេសថៃ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០មកម៉្លេះ ហើយបានធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួនឯងរួចហើយដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបែរជារាយការណ៍ទៅខាងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាលថា លោកទើបមកពីប្រទេសថៃ នៅថ្ងៃទី១៦ ខែធ្នូ ទៅវិញ។
ស្របពេលគ្នានេះដែរ លោក គង់ រៃយ៉ា ក៏បានបង្ហាញការខកចិត្តចំពោះនីតិវិធីរបស់អាជ្ញាធរនិងមន្ត្រីសុខាភិបាល ដែលយករូបលោកនិងភរិយាទៅធ្វើចត្តាឡីស័កនៅមណ្ឌលដែលមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល។
លោកថា៖ «ហេតុអីបានអាជ្ញាធរយកអ្នកសង្ស័យកូវីដ១៩ មកឃុំជាមួយអ្នកដែលវិជ្ជមានកូវីដ១៩»។
លោកបន្ថែមថា៖ «ខ្ញុំស្នើសុំទៅអាជ្ញាធរពីរចំណុច សូមឱ្យខ្ញុំទៅធ្វើចត្តាឡីស័កនៅផ្ទះវិញ ទី២ សូមប្ដូរទីតាំងការធ្វើចត្តាឡីស័ករបស់ខ្ញុំ ពីព្រោះខ្ញុំមិនចង់ធ្វើចត្តាឡីស័កនឹងអ្នកផ្ទុកកូវីដ១៩ទេ»។
លោក គង់ រៃយ៉ា ឱ្យដឹងដែរថា គ្រូពេទ្យបានយកសំណាករបស់លោកនិងភរិយាទៅពិនិត្យរួចហើយកាលពីថ្ងៃម្សិលមិញ ដោយលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩។ លោកចាត់ទុកការរាយការណ៍របស់អាជ្ញាធរដោយមិនបានសួរនាំព័ត៌មានពីរូបលោកនិងភរិយាថា ជារឿងនយោបាយ ច្រើនជាងបញ្ហាកូវីដ១៩។
លោកថា៖ «ប្រហែលជាអាជ្ញាធរគាត់នៅចោទប្រកាន់ខ្ញុំថា ធ្វើការឱ្យគណបក្សនយោបាយក៏មិនដឹង អាហ្នឹងខ្ញុំក៏ពិបាកនិយាយជាមួយអាជ្ញាធរណាស់ ព្រោះខ្ញុំបញ្ជាក់ច្រើនដង ខ្ញុំមិនពាក់ព័ន្ធនឹងគណបក្សនយោបាយទេ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា លោកស្រីនៅមិនទាន់បានទទួលព័ត៌មាននេះទេ។ ចំពោះការរើសទីតាំងដាក់អ្នកធ្វើចត្តាឡីស័កវិញ លោកស្រីសុំមិនធ្វើអត្ថាធិប្បាយ ដោយថា រឿងនេះស្ថិតក្រោមការចាត់ចែងរបស់អាជ្ញាធរ។
អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរយកលោក គង់ រ៉ៃយ៉ា និងភរិយា ទៅដាក់នៅមណ្ឌលចត្តាឡីស័កចាក់អង្រែលើនោះ ដោយសារ គ្មានកន្លែងផ្សេងត្រូវដាក់។ ប៉ុន្តែលោកថា បើលោក គង់ រ៉ៃយ៉ា ចង់ប្ដូរអាចជួលសណ្ឋាគារធ្វើចត្តាឡីស័កដោយខ្លួនឯងបាន តាមគោលការណ៍ក្រសួងសុខាភិបាល។
លោកថា៖ «អ្នកដែលមកពីបរទេស អនុវត្តគោលការណ៍បរទេសទាំងយន្តហោះអីហ្នឹង ហើយអ្នកអត់លទ្ធភាព គឺយើងរកកន្លែងដាក់នៅសាលារៀន ចាក់អង្រែលើ។ តាមពិតចាក់អង្រែលើ ខ្ញុំមានការយោគយល់ខ្ពស់ បានយកទៅចាក់អង្រែលើ»។
យុវជនរូបនេះក៏ទើបត្រូវជនមិនស្គាល់មុខលួចវាយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ដែរ។
យុវជន គង់ រៃយ៉ា បាននិយាយថា កន្លងមក គ្រួសារលោកមិនដែលមានជម្លោះជាមួយអ្នកណាទេ។ លោកបន្តថា ទោះបីលោកត្រូវជនមិនស្គាល់មុខវាយក៏ដោយ ក៏លោកមិនដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចដែរ ដោយសារ កន្លងមក អតីតសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ត្រូវជនមិនស្គាល់វាយ ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បានជនល្មើសនៅឡើយ។
អធិការខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី សុំមិនធ្វើអត្ថាធិប្បាយឡើយ។
យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវអាជ្ញាធរចាប់ខ្លួន និងត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ២ដងរួចមកហើយ កាលពីឆ្នាំ២០១៦ ពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់លោកប្រកាសឱ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គម និងនៅឆ្នាំ២០១៩ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» និងបទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» បន្ទាប់ពីលោកផ្សព្វផ្សាយលក់អាវដែលមានរូបលោកបណ្ឌិត កែម ឡី តាមបណ្តាញសង្គម៕









