ស្នងការនគរបាលខេត្តព្រះសីហនុ អះអាងនៅថ្ងៃចន្ទនេះថា មនុស្សចំនួន៨នាក់ត្រូវបានឃាត់ខ្លួន ក្រោយផ្ទុះអាវុធនិងមានអំពើហិង្សាក្នុងជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់វីអូឌីថា កាលពីម្សិលមិញនេះ មានពលរដ្ឋពីរក្រុមបានប៉ះទង្គិចគ្នាក្នុងរឿងជម្លោះដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រហូតដល់ផ្ទុះអាវុធ និងរងរបួសទាំងសងខាង។
ស្នងការរូបនេះឱ្យដឹងថា ហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននូវមនុស្ស៨នាក់ យកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរនិងចាត់វិធានការច្បាប់ចំពោះជនដៃដល់។ តែយ៉ាងណា លោកពុំបានបញ្ជាក់ពីអត្តសញ្ញាណជនដែលបានចាប់ឃាត់ខ្លួននោះទេ ដោយគ្រាន់តែបញ្ជាក់ថា នៅថ្ងៃចន្ទនេះ សមត្ថកិច្ចកំពុងតែបន្តនីតិវិធីចុះស្រាវជ្រាវស្វែងរកការពិតបន្ថែមទៀត។
លោក ជួន ណារិន បានគូសបញ្ជាក់ថា៖ «យើងខ្ញុំចុះទៅនេះ មិនមែនអន្តរាគមន៍និងអនុវត្តតែរឿងជម្លោះដីធ្លីទេ គឺយើងអនុវត្តទៅលើការផ្ទុះអំពើហិង្សា ការប៉ះពាល់ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ អញ្ចឹងយើងត្រូវស្រាវជ្រាវ អ្នកណាជាអ្នកដៃដល់ គឺអនុវត្តទៅតាមផ្លូវច្បាប់ដោយអត់លើកលែង»។
ពលរដ្ឋរស់នៅភូមិអូរឧកញ៉ាហេង លោក រឹម សាឡែន អះអាងថា កាលពីម្សិលមិញ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប៉ះទង្គិចគ្នាជាមួយកូនចៅរបស់ឧកញ៉ាម្នាក់ ឈ្មោះ ភឺន ផល្លា និងជាមេបញ្ជាការរងនៃកងពលតូច “ង៧០” ពាក់ព័ន្ធជម្លោះដីធ្លី ប្រមាណ២០នាក់ ខណៈពួកគេបានចុះទៅហាមប្រជាពលរដ្ឋមិនឱ្យសាងសង់លំនៅឋានលើដីកំពុងមានជម្លោះ ដែលពួកគេអះអាងថា ដីនោះជាកម្មសិទ្ធិរបស់លោក ភឺន ផល្លា ។
លោកបន្តថា ក្នុងហេតុការណ៍នោះក៏មានការប៉ះពាក្យសម្តីគ្នា រហូតដល់ផ្ទុះអំពើហិង្សា និងផ្ទុះអាវុធចំនួន៤គ្រាប់។
លោកបន្ថែមថា៖ «កូនចៅគេ [លោក ភឿន ផល្លា] ហ្នឹង ឈ្លើយៗណាស់! មានសុទ្ធតែកាំភ្លើង ចម្ពាម ដែកទីប កាំបិត វាដើរកូរគេទាំងយប់ទាំងថ្ងៃ ជួនកាលទៅគំរាមគេ។ ខ្ញុំចង់បញ្ជាក់ថា មិនមែនប្រជាជនខូចទេ ប្រជាជនគាត់នៅតែផ្ទះទេ ដូចមើលឃើញជាក់ស្តែង ពួកគាត់មានកាំភ្លើងមកបាញ់បោះសេរីអញ្ចឹង គេមានខ្នងធំហើយបានជាគេហ៊ានធ្វើអញ្ចឹង»។
បើតាមលោក រឹម សាឡែន ហេតុការណ៍ប៉ះទង្គិចគ្នានេះបានបណ្តាលឱ្យពលរដ្ឋជាស្ត្រីម្នាក់រងរបួសធ្ងន់ត្រង់ភ្នែកខាងស្តាំ និងបុរសម្នាក់បែកក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពលរដ្ឋផ្សេងទៀតរងរបួសស្រាល។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីតាមបណ្តាញសង្គមតេឡេក្រាម (Telegram) ថា លោក ភឺន ផល្លា មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋចំនួនពីរភូមិ រួមមាន ភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ស្ថិតក្នុងឃុំឧកញ៉ាហេងនេះ។
លោកបន្តថា ពាក់ព័ន្ធជម្លោះដីធ្លីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ក្រុមការងារចម្រុះចុះអង្កេតស្រាវជ្រាវដោយយកចិត្តទុកដាក់ តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការបូកសរុបលទ្ធផលនៃការអង្កេតស្រាវជ្រាវជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។
លោក ឃាង ភារម្យ បន្តថា ដើម្បីចៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតឡើងក្នុងសំណុំរឿងវិវាទនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាស្ថានភាពដើមលើទីតាំងដីវិវាទជាបណ្តោះអាសន្ន ហើយចៀសវាងរាល់ការធ្វើសកម្មភាពផ្សេងៗ ដែលបង្កការរាំងស្ទះ ធ្វើឱ្យយឺតយូរដល់ដំណើរការអង្កេតនិងស្រាវជ្រាវនេះ។
លោកបន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុ ក៏ស្នើឱ្យភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋរង់ចាំលទ្ធផលអង្កេតស្រាវជ្រាវរបស់ក្រុមការងារចម្រុះ ដែលនឹងត្រូវធ្វើការបូកសរុបបញ្ចប់នាពេលខាងមុខនេះដែរ។
ចំពោះករណីបង្កហិង្សាកាលពីម្សិលមិញនេះ លោក ឃាង ភារម្យ ឱ្យដឹងថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនមនុស្សមួយចំនួនពិតមែន ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធី។
លោកបន្ថែមថា៖ «ពាក់ព័ន្ធរឿងកាលពីម្សិលមិញហ្នឹង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមួយចំនួនដែរ យកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ អញ្ចឹងរឿងនេះស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ច ខ្ញុំមិនអាចបកស្រាយច្រើនបានទេ»។
ពាក់ព័ន្ធករណីនេះ វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីលោក ភឺន ផល្លា បានទេនៅថ្ងៃចន្ទនេះ។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ជាក្តីបារម្ភមួយ ដោយសារកន្លងមក បញ្ហាជម្លោះដីធ្លីនៅក្នុងខេត្តនេះបានកើតមានអំពើហិង្សាជាបន្តបន្ទាប់ និងឈានដល់ផ្ទុះអាវុធបណ្តាលឱ្យមនុស្សរងរបួសនិងពិការអស់មួយជីវិតទៀតផង។
លោកបានស្នើអាជ្ញាធរធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះករណីហិង្សានេះ ដោយស្វែងរកជនដៃដល់និងអ្នកនៅពីក្រោយ ដើម្បីទៅយកដាក់ទោសតាមច្បាប់។
លោកបន្ថែមថា៖ «សមត្ថកិច្ចត្រូវតែចាត់វិធានការផ្លូវច្បាប់ ជាពិសេសទៅលើជនដែលបង្កអំពើហិង្សានិងបង្កឱ្យមនុស្សរងរបួសហ្នឹង ដើម្បីទប់ស្កាត់អំពើហិង្សាហ្នឹងបន្តទៅទៀត។ ហើយមួយទៀត បញ្ហាដីធ្លីហ្នឹងត្រូវតែមានការស៊ើបអង្កេតស្រាវជ្រាវនិងដោះស្រាយឱ្យបានឆាប់ កុំអូសពេលបន្លាយយូរ ដែលបង្កឱ្យបញ្ហាហ្នឹងកើតមានកាន់តែធ្ងន់ធ្ងរបន្តទៅទៀត»៕