សមត្ថ​កិច្ច​​បន្ត​​សាក​សួរ​​មនុស្ស​៨​នាក់​និង​​ស្វែង​រក​​ជន​​បង្ក​ប​ន្ថែម​ ក្រោយ​​ប៉ះ​ទង្គិច​​គ្នា​​ក្នុង​​ជម្លោះ​ដី​ធ្លី​​នៅ​​ស្រុក​​ព្រៃនប់​​

ពលរដ្ឋ​ឃុំ​អូរឧកញ៉ាហេង និង​កូនចៅ​លោក ភឺន ផល្លា ប្រទូសរ៉ាយ​គ្នា​បង្ក​ជា​ហិង្សា​ក្នុង​ជម្លោះដីធ្លី​មួយ​កន្លែងនៅ​ឃុំ​អូរឧកញ៉ាហេង ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​)

មេន​គរ​បាល​ខេត្ត​ព្រះសីហនុ បានឱ្យ​ដឹង​ថា មនុស្ស៨នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​ជម្លោះដីធ្លី​មួយ​កន្លែងនៅ​ឃុំ​អូរ​ឧកញ៉ាហេង ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ កំពុង​ស្ថិត​ក្រោម​ការសាកសួរ​បន្ត​ពីសំណាក់​សមត្ថកិច្ច​នៅឡើយ​រហូតមកដល់​ថ្ងៃនេះ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃអង្គារ​នេះ​ថា មនុស្ស៨​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ជម្លោះដីធ្លី​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដោះលែង​នោះ​ឡើយ ដោយ​បន្ត​ស្ថិត​ក្រោម​ការសាកសួរ​ពីសំណាក់​សមត្ថកិច្ច​នៅ​ឯអធិការដ្ឋាន​ស្រុក​ព្រៃនប់​នៅ​ថ្ងៃនេះ​ទៀត ហើយ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់​ជន​បង្ក​ប​ន្ថែ​មទៀ​ត។

មេន​គរ​បាល​ខេត្ត​ព្រះសីហនុ​រូប​នេះ អះអាង​ថា មនុស្ស៨នាក់​ដែល​ឃាត់ខ្លួនមាន​ទាំងពីរ​ភាគី​ជម្លោះ ប៉ុន្តែលោក​បញ្ជាក់​ថា អ្នក​ដែល​ឃាត់ខ្លួន​មក​សាកសួរ​នោះ មិនមែន​សុទ្ធតែ​ជា​ជនសង្ស័យ​នោះ​ទេ។ លោក​បន្ថែម​ថា ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នោះ​បាន​បណ្តាល​ឱ្យ​រង​របួស​ទាំង​សងខាង និង​ខូចខាត​​រថយន្ត​មួយ​គ្រឿង។

លោក ជួន ណា​រិន ប្រាប់​ថា៖ «អ៊ីចឹង​ទេ ក្នុងនាម​យើង​ជា​សមត្ថកិច្ច យើង​ឈរ​ជា​អាជ្ញា​កណ្តាល ដើម្បី​ថ្លឹងថ្លែង​រក​ភាព​យុត្តិធម៌​ជូនចំពោះ​ជនរងគ្រោះ។ អ៊ីចឹងយើង​នឹង​ពង្រីក​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ជន​ដៃដល់ និង​ជន​អ្ន​កបង្ក​ និង​អ្នក​ញុះញង់​ទាំងសងខាង។ អ្នកណា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ហ្នឹង យើង​នឹង​អនុវត្ត​តាមច្បាប់»។

អធិការ​នគរបាល​ស្រុក​ព្រៃនប់ លោក ហួ យ៉ៃ សុំ​មិន​ធ្វើ​អធិប្បាយ​លើ​រឿង​នេះ​ទេ ដោយ​ប្រាប់​ថា កំពុង​ជាប់រវល់​ប្រជុំ​ដោះស្រាយ​ករណីនេះ។

អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កាលពី​ថ្ងៃម្សិលមិញ មាន​ករណី​ហិង្សា​ដោយចេតនារវាង​កូនចៅ​ឧកញ៉ា ភឺន ផល្លា និង​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​របួស​ទាំង​សងខាងនិង​ខូចខាត​ឡាន​មួយ​គ្រឿង ដែល​ហេតុការណ៍​នោះកើតឡើង​នៅ​ភូមិ​អូរឧកញ៉ាហេង។

អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បញ្ជាក់​ថា ភាគី​ឧកញ៉ា ភឺន ផល្លា រង​របួសស្រាល​ចំនួន២នាក់ និង​ភាគី​ខាង​ប្រជាពលរដ្ឋ​រង​របួស​មធ្យម​ចំនួន៣នាក់ ​ក្នុង​នោះ​ស្ត្រី​ម្នាក់​បាន​រង​របួស​ក្រោម​ភ្នែក​ខាងស្តាំ។

អធិការដ្ឋាន​នគរបាល​ស្រុក​ឱ្យ​ដឹង​ថា ដើមចម​ដែល​បណ្តាល​ឱ្យ​អំពើ​ហិង្សា​នេះ​កើត​ឡើងដោយសារ​កូនចៅ​របស់​លោក​ឧកញ៉ា ភឺន ផល្លា ​ចុះ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​សាងសង់​ផ្ទះ​លើ​ដី​កំពុង​មាន​ជម្លោះ។

ពលរដ្ឋ​រស់នៅ​ភូមិ​អូរឧកញ៉ាហេង លោក រឹម សា​ឡែន ដែល​ឃើញ​ហេតុការណ៍​នេះ ប្រាប់​វី​អូ​ឌី​ថា កូនចៅ​ប្រហែល២០នាក់​របស់​លោក​ឧកញ៉ា ភឺន ផល្លា ប្រដាប់ដោយ​កាំភ្លើង ចម្ពាមកៅស៊ូ ដែក​ទីប និង​កាំបិត បាន​ជិះឡាន​ទៅ​វាយ​លើ​ប្រជាពលរដ្ឋ​មុន ដែល​បណ្តាល​ឱ្យ​អ្នកភូមិ​ឃើញ​ហេតុការណ៍​នេះ ខឹងសម្បា ហើយ​បាន​ឃាត់​រថយន្តនិងគប់​ដុំ​ថ្ម​តបត​វិញ។

លោក រឹម សា​ឡែន អះអាង​ថា អ្នកភូមិ​រាប់​រយ​គ្រួសារ​​បាន​ទិញ​ដី​បន្ត​ពី​ពលរដ្ឋ​ផ្សេងទៀត​ ដើម្បី​សង់​លំនៅឋាននិង​បង្ក​បង្កើន​ផលនៅ​តំបន់​ព្រៃ​ស្មាច់ ស្ថិត​ក្នុង​ឃុំ​អូរឧកញ៉ាហេង តាំងពី​ឆ្នាំ​១៩៩៣ រហូតមកដល់​បច្ចុប្បន្ន ដោយមាន​ការ​ទទួលស្គាល់​ការរស់នៅ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថែមទៀត។

លោក​បន្ត​ថា ទើបតែ​នៅ​ឆ្នាំ២០២០នេះ លោក​ឧកញ៉ា ភឺន ផល្លា និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​ «ង៧០» មក​អះអាង​ថា ដី​តំបន់​នោះ​ជា​របស់​ខ្លួន និង​បាន​ប្រើ​កូនចៅ​ឱ្យមក​ដេញ​ពលរដ្ឋ​ចេញនិង​មិន​សាងសង់​លំនៅឋាន​ទៅវិញ។

លោក រឹម សា​ឡែន និយាយ​ថា៖ «ប្រជាជន​គាត់​រស់នៅ​រាប់​ឆ្នាំ​ហើយ ហើយ​ក្រុម​ឧកញ៉ា ភឺន ផល្លា ចុះ​មក​ហាមឃាត់​ប្រជាជន​មិន​ឱ្យធ្វើ​ផ្ទះ ហើយ​ប្រកែក​ចុះ​ប្រកែក​ឡើង បាន​បាញ់ ហើយ​តេ​ហៅ​គ្នា​មក​សុទ្ធ​តែ​ម៉ូតូ សុទ្ធតែ​ឡាន មាន​គ្នា២០នាក់​ជាង មក​បាញ់​ប្រជាជន​ពេញ​ណា​ពេញ​ណី»។

ពាក់ព័ន្ធ​ករណីនេះ វី​អូ​ឌី​ មិនទាន់​អាច​រក​ការ​ទំនាក់ទំនង​ពី​លោក ភឺន ផល្លា ដើម្បី​សុំ​ការ​បញ្ជាក់​នៅឡើយ​ទេ​នៅ​ថ្ងៃអង្គារ​នេះ។

វី​អូ​ឌី​ ក៏បាន​ព្យាយាម​ស្វែងរក​ការ​បញ្ជាក់​ពី​មេបញ្ជាការ​កងពលតូច​លេខ៧០ លោក ម៉ៅ សុ​ផាន់ ផង​ដែរ ប៉ុន្តែទូរសព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នោះ​ឡើយ។

អ្នកនាំពាក្យ​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក លោក ម៉ៅ ផល្លា បាន​ប្រាប់​ថា លោក​មិនបាន​ដឹងពី​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះដីធ្លី​នៅ​ស្រុក​ព្រៃនប់​នោះ​ឡើយ ហើយ​លោក​ប្រាប់​ថា លោក ភឺន ផល្លា មិនមែន​ជា​មេបញ្ជាការ​រង​កងពលតូច​លេខ ៧០ ឬ «ង៧០» នោះ​ឡើយ។

លោក ម៉ៅ ផល្លា ប្រាប់​ថា៖ «អូ​! ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​ផង​បង សុំទោស​ណា​! ដូចជា​មិន​មាន​ទេ​! ឈ្មោះ​ហ្នឹង​អត់មាន​ទេ​!»

នៅពេល​សាកសួរ​ថា តើ​លោក ភឺន ផល្លា ជាម​ន្ត្រី​យោធា​បម្រើការ​នៅ​អង្គភាព​ណា​នោះ អ្នកនាំពាក្យ​អគ្គបញ្ជាការ​ដ្ឋាន​កងយោធពល​ខេមរភូមិន្ទ លោក ថោង សូលី​ម៉ូ សុំ​មិន​បកស្រាយ​ទេ ហើយ​បង្វែរ​ឱ្យ​សួរ​ទៅ​អ្នកនាំពាក្យ​កងទ័ពជើងគោក​វិញ។

អ្នកនាំពាក្យ​រង​នៃ​ក្រសួងការពារជាតិ លោក អ៊ុន សុវណ្ណ ប្រាប់​ថា លោក​មិនទាន់​អាច​បញ្ជាក់​បានទេ​អំពី​ឈ្មោះ​មន្ត្រី​យោធា​រូប​នេះ ប៉ុន្តែលោក​ប្រាប់​ថា លោក​នឹង​ឆែកមើល​ឈ្មោះ​មន្ត្រី​យោធា​រូប​នេះ​នៅ​ថ្ងៃស្អែក​នេះ។

នៅពេល​សាកសួរ​ថា តើ​ក្រសួង​ការពារ​នឹង​មាន​វិធានការ​យ៉ាងណា​ទៅលើ​មន្ត្រី​យោធា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នោះ អ្នកនាំពាក្យ​រូប​នេះ​ប្រាប់​ថា មន្ត្រី​យោធា​ទាំងអស់ ត្រូវតែ​គោរព​តាម​លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ ប៉ុន្តែលោក​មិន​បញ្ជាក់​លម្អិត​នោះ​ឡើយ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម​កាលពី​ម្សិលមិញ​ថា លោក ភឺន ផល្លា មាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ ស្ថិត​ក្នុង​ឃុំ​ឧកញ៉ា​ហេង មាន​ភូមិ​អូរ​តា​សេក និង​ភូមិ​អូរឧកញ៉ាហេង។ 

អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា ពាក់ព័ន្ធ​ជម្លោះដីធ្លី​នេះ គឺ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចាត់​ក្រុមការងារ​ចម្រុះ​ចុះ​អង្កេត​ស្រាវជ្រាវ​ដោយ​យកចិត្ត​ទុកដាក់​ តាំងពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បី​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យនិង​សម្រេច។ លោក​ថា លទ្ធផល​អង្កេត​ស្រាវជ្រាវ​របស់​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត នឹង​ត្រូវ​ធ្វើការ​បូកសរុប​បញ្ចប់​នា​ពេល​ខាងមុខនេះ​ដែរ។

លោក ឃាង ភា​រម្យ ប្រាប់​ថា៖ «ដើម្បី​ចៀសវាង​នូវ​បា​តុ​ភាព​ផ្សេង​ៗដែល​អាច​កើតឡើង​ក្នុង​សំណុំរឿង​វិវាទ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធនិង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​ស្ថានភាព​ដើម​លើ​ទីតាំង​ដី​វិវាទ​ជា​បណ្តោះអាសន្ន ហើយ​ចៀសវាង​រាល់​ការ​ធ្វើស​កម្ម​ភាព​ផ្សេង​ៗដែល​បង្ក​កា​ររាំងស្ទះ ធ្វើ​ឱ្យ​យឺតយូរ​ដល់​ដំណើរការ​អង្កេត​ស្រាវជ្រាវ»។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត បានឱ្យ​ដឹង​ថា បញ្ហា​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ គឺជា​ក្តី​បារម្ភ​មួយ ដោយសារ​កន្លងមក បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ខេត្ត​នេះបាន​កើតមាន​អំពើ​ហិង្សា​ជាបន្តបន្ទាប់ និង​ឈាន​ដល់​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​មនុស្ស​រង​របួសនិង​ពិការ​រហូតមកដល់​សព្វថ្ងៃ​ផង​ដែរ។

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវនិង​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ករណី​ហិង្សា​នេះ ដោយ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់និង​អ្នក​នៅ​ពីក្រោយ​យក​ទៅ​ដាក់ទោស​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ។

លោក អំ សំអាត មានប្រសាសន៍​ថា៖ «សមត្ថកិច្ច​ត្រូវតែ​ចាត់វិធានការ​ផ្លូវច្បាប់ ​ជាពិសេស​ទៅលើ​ជន​ដែ​លប​ង្ក​អំពើ​ហិង្សានិង​បង្ក​ឱ្យ​មនុស្ស​រង​របួស​ហ្នឹង ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ហ្នឹង​បន្ត​ទៅទៀត។ ហើយ​មួយទៀត បញ្ហា​ដីធ្លី​ហ្នឹង ត្រូវតែ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវនិង​ដោះស្រាយ​ឱ្យ​បាន​ឆាប់ កុំ​អូស​ពេល​បន្លាយ​យូរ​ដែ​លប​ង្កឱ្យ​បញ្ហា​ហ្នឹង​កើតមាន​កាន់តែ​ធ្ងន់ធ្ងរ​បន្ត​ទៅទៀត»។

មន្រ្តី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធា​រី មានប្រសាសន៍​ថា មួយ​រយៈ​ចុងក្រោយ​នេះ ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទុះឡើង​ខ្លាំង ​ជាពិសេស​នៅ​ឃុំ​បិតត្រាំង ឃុំ​រាម និង​នៅ​សង្កាត់​លេខ១។ លោកស្រី​បន្ត​ថា ក្នុង​ឆ្នាំ២០២០នេះ អាជ្ញាធរ​ខេត្ត​នៅ​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ