សមត្ថកិច្ចខេត្តព្រះសីហនុ សម្រេចបញ្ជូនខ្លួនមនុស្ស៨នាក់ដែលបានឃាត់ខ្លួន ក្រោយការប៉ះទង្គិចគ្នាដោយហិង្សាក្នុងជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា មនុស្ស៨នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២១ ខែធ្នូ ពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះ ត្រូវបានបញ្ជូនខ្លួននិងសំណុំរឿងទៅតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុហើយ ដើម្បីមានចំណាត់ការបន្ត។
លោកបន្តថា៖ «យើងបានបញ្ជូនពួកគាត់ទាំង៨នាក់ហ្នឹង រួមទាំងសំណុំរឿងផង ទៅស្ថាប័នព្រះរាជអាជ្ញា ដើម្បីឱ្យលោកធ្វើការពិនិត្យមើលនិងសម្រេច យើងបញ្ជូនទៅថ្ងៃមិញនេះ»។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង សុំមិនទាន់អត្ថាធិប្បាយបញ្ជាក់ ដោយលោកថា រង់ចាំសាកសួរទៅព្រះរាជអាជ្ញាសិន។
អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កាលពីថ្ងៃទី២០ ខែធ្នូនេះ មានករណីហិង្សាដោយចេតនា និងធ្វើខូចខាតមួយ នៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រវាងកូនចៅឧកញ៉ា ភឺន ផល្លា និងក្រុមប្រជាពលរដ្ឋ។
លោកបន្តថា ហេតុការណ៍នេះបានបណ្តាលឱ្យមានអ្នករងរបួសទាំងសងខាងនិងខូចខាតឡានមួយគ្រឿង ក្នុងនោះ ភាគីខាងឧកញ៉ា ភឺន ផល្លា រងរបួសស្រាលចំនួន២នាក់ និងភាគីខាងប្រជាពលរដ្ឋរងរបួសមធ្យមចំនួន៣នាក់។
អធិការដ្ឋាននគរបាលស្រុករូបនេះ ឱ្យដឹងទៀតថា ដើមចមដែលបណ្តាលឱ្យអំពើហិង្សានេះកើតឡើង ដោយសារកូនចៅរបស់ឧកញ៉ា ភឺន ផល្លា ចុះហាមឃាត់ប្រជាពលរដ្ឋមិនឱ្យសាងសង់ផ្ទះលើដីកំពុងមានជម្លោះ។
ពលរដ្ឋម្នាក់រស់នៅភូមិអូរឧកញ៉ាហេង លោក កុយ ចាន់ អាយុ២៧ឆ្នាំ អះអាងថា ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ បានធ្វើឱ្យរូបលោករងរបួសបែកក្បាលធ្ងន់និងរងរបួសឆ្អឹងខ្នង។ ចំណែកប្អូនរបស់លោក ឈ្មោះ កុយ ចត្រា អាយុ២៥ឆ្នាំ រងរបួសបាក់កដៃខាងឆ្វេង។
បើតាមលោក កុយ ចាន់ គ្រួសារគាត់បានចូលទៅរស់នៅនិងអាស្រ័យផលនៅតំបន់មានជម្លោះនោះតាំងពីឆ្នាំ១៩៩៣ ដោយសង់ផ្ទះនិងដាំដំណាំហូបផ្លែផ្សេងៗផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្ត ជួយសម្រួលដោះស្រាយយ៉ាងណាផ្តល់បណ្ណកម្មសិទ្ធិដល់ពួកខ្ញុំ និងសុំឱ្យតុលាការផ្តល់យុត្តិធម៌ដល់ខ្ញុំនិងប្អូនដែលរងរបួសនេះផង»។
លោក រឹម សាឡែន ពលរដ្ឋម្នាក់ទៀត រស់នៅភូមិអូរឧកញ៉ាហេង ដែលឃើញហេតុការណ៍នេះ ប្រាប់វីអូឌីកាលពីម្សិលមិញថា កូនចៅរបស់លោកឧកញ៉ា ភឺន ផល្លា ប្រហែល២០នាក់ ប្រដាប់ដោយកាំភ្លើង ចម្ពាមកៅស៊ូ ដែកទីប និងកាំបិត បានជិះឡានទៅវាយលើប្រជាពលរដ្ឋមុន និងផ្ទុះអាវុធ ដែលបណ្តាលឱ្យអ្នកភូមិឃើញហេតុការណ៍នេះខឹងសម្បា ហើយបានឃាត់រថយន្តនិងគប់ដុំថ្មតបតវិញ។
ពាក់ព័ន្ធករណីនេះ វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីលោក ភឺន ផល្លា បាននៅឡើយទេ នៅថ្ងៃពុធនេះ។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី មានប្រសាសន៍ថា ករណីលោក ភឺន ផល្លា ប្រើប្រាស់កម្លាំងឯកជនមកបណ្តេញនិងវាយលើប្រជាពលរដ្ឋឱ្យចេញពីដីកំពុងមានជម្លោះនោះ ជាទង្វើខុសច្បាប់។
មន្ត្រីសិទ្ធិមនុស្ស ស្នើអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវរកអ្នកនៅពីក្រោយនិងចាត់វិធានការច្បាប់ចំពោះជនបង្ក ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
អ្នកស្រីបន្ថែមថា៖ «ការបង្កឱ្យមានការផ្ទុះអាវុធ ហើយបង្កឱ្យប្រជាពលរដ្ឋរងរបួសអញ្ចឹង វាខុសច្បាប់ហើយ ហើយដើម្បីទាមទារដីរបស់ខ្លួនមកវិញ យើងប្រើកម្លាំងឯកជនអញ្ចឹង វាខុសហើយ។ ច្បាប់មាន បើយើងចង់បានដីយើងមកវិញ យើងអាចប្តឹងតាមផ្លូវតុលាការបាន មិនមែនប្រើអាវុធនិងប្រើហិង្សាលើពលរដ្ឋអញ្ចឹងទេ»។
បើតាមលោកស្រី ជៀប សុធារី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះនៅខេត្តព្រះសីហនុ បានផ្ទុះឡើងខ្លាំង ជាពិសេសនៅឃុំបិតត្រាំង ឃុំរាម និងនៅសង្កាត់លេខ១ ខណៈក្នុងឆ្នាំ២០២០នេះ អាជ្ញាធរខេត្តនៅពុំទាន់ដោះស្រាយបញ្ហាដីធ្លីនេះបានល្អប្រសើរនៅឡើយទេ៕