ស្ត្រីខ្មែរឥស្លាមម្នាក់បានស្វែងរកអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឱ្យបានវិលត្រឡប់មកប្រទេសកំណើតវិញ ដោយអះអាងថា បានចាញ់បោកមេខ្យល់ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរងការធ្វើបាបពីសំណាក់ថៅកែ។
ស្ត្រីខ្មែរឥស្លាម អ្នកស្រី លី ហិលម៉ាស់ អាយុ២៦ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ក្នុងវីដេអូប្រហែល៤នាទីលើហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា អ្នកស្រីត្រូវបានមេខ្យល់បោកយកទៅលក់ឱ្យបម្រើការងារតាមផ្ទះនៅ អារ៉ាប៊ីសាអ៊ូឌីត តាំងពីឆ្នាំ២០១៧រហូតដល់ពេលនេះ។
ស្ត្រីខ្មែរឥស្លាមរូបនេះ អះអាងទៀតថា រយៈពេល៣ឆ្នាំមកនេះ អ្នកស្រីមិនទទួលបានប្រាក់ឈ្នួលឡើយ ហើយត្រូវបានម្ចាស់ផ្ទះធ្វើបាប ដូចជា ការប្រើហិង្សា បង្អត់អាហារ បង្ខំឱ្យធ្វើការងារទាំងឈឺទាំងយប់ទាំងថ្ងៃ និងបានដកហូតឯកសារពាក់ព័ន្ធផ្សេងៗពីអ្នកស្រីថែមទៀត។
អ្នកស្រី លី ហិលម៉ាស់ និយាយថា៖ «លោកអ៊ុំ ហ៊ុន សែន លោកអ៊ុំជំទាវ ជួយនាងខ្ញុំផង។ នាងខ្ញុំជាកូនកំព្រានៅជាមួយយាយតាំងពីតូច ហើយខ្ញុំបានចាកចេញពីផ្ទះទៅរកការងារធ្វើ ដោយសារជីវភាពខ្វះខាត។ មកដល់ហ្នឹង ខ្ញុំមិននឹកស្មានថា គេយកខ្ញុំមកលក់ គេធ្វើបាបខ្ញុំ។ ខ្ញុំនឹកកូន នឹកយាយ។ ខ្ញុំចង់ទៅផ្ទះ ចង់ទៅកម្ពុជាវិញ ប៉ុន្តែខ្ញុំមិនដឹងទៅតាមណា»។
អ្នកស្រី ហិលម៉ាស់ ប្រាប់វីអូឌីបន្ថែមថា អ្នកស្រីត្រូវបានបោកប្រាស់ពីសំណាក់មេខ្យល់ជាជនជាតិវៀតណាមឥស្លាមដែលមានប្ដីឈ្មោះ ហ្គោសាលី និងប្រពន្ធឈ្មោះ ម៉ៃទួន ហើយអ្នកស្រីមិនអាចទាក់ទងប្ដីប្រពន្ធមួយគូនេះបានទៀតទេ ក្រោយពីអ្នកស្រីទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់ថា លោកមិនទាន់អាចឆ្លើយយ៉ាងណានៅឡើយទេ ដោយរង់ចាំលោកពិនិត្យមើលករណីនេះសិន។
ស្ថានទូតកម្ពុជាប្រចាំអារ៉ាប៊ីសាអ៊ូឌីត ដែលមាននិវេសដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានឱ្យដឹងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ស្ថានទូតកម្ពុជា បានជួយអន្តរាគមន៍ម្តងមកហើយកាលពីថ្ងៃទី២៥ ខែសីហាកន្លងមកនេះ ដោយបានចេញលិខិតបើកផ្លូវបណ្តោះអាសន្ន ជំនួសឱ្យលិខិតឆ្លងដែនដែលបានបាត់ ទៅតាមការស្នើសុំរបស់គាត់ ហើយកាលណោះអ្នកស្រីបានប្រាប់ស្ថានទូតវិញថា ម្ចាស់ផ្ទះនឹងទិញសំបុត្រយន្តហោះជូនឱ្យតែមានលិខិតបើកផ្លូវ។
ស្ថានទូតបន្ថែមទៀតថា ចាប់តាំងពីស្ថានទូតបានផ្ញើលិខិតបើកផ្លូវតាមប្រៃសណីយ៍ដល់ដៃហើយ អ្នកស្រី លី ហិលម៉ាស់ មិនបានផ្តល់ព័ត៌មានទៅស្ថានទូតវិញឡើយរហូតកើតរឿងជាថ្មីនេះ ប៉ុន្តែស្ត្រីរូបនេះបានតបលើប្រអប់បញ្ចេញមតិថា មធ្យោបាយទំនាក់ទំនងត្រូវបានគេដកហូត។
ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប អះអាងថា ពេលនេះស្ថានទូតធ្វើការនិងអន្តរាគមន៍ករណីនេះជាថ្មីទៀត ដោយស្ថានទូតបញ្ជាក់ថា នឹងនាំស្ត្រីខ្មែរឥស្លាមរូបនោះមកដល់កម្ពុជាវិញឱ្យខានតែបាន។
ស្ថានទូតសរសេរថា៖ «ពីមុន យើងបានដោះស្រាយច្រើនករណីហើយ មិនដែលអ៊ីចឹងទេ ទើបតែប្អូនស្រីហ្នឹងទេដែលមិនព្រមទៅផ្ទះវិញ ក្រោយស្ថានទូតចេញលិខិតបើកផ្លូវឱ្យហើយ។ ស្ថានទូតបានចេញទាំងថវិកាបញ្ជូនលិខិតបើកផ្លូវតាមប្រៃសណីយ៍លឿនបំផុតទៅគាត់ក្នុងតម្លៃ១២០០ផោន ដើម្បីឱ្យគាត់ឆាប់បានទៅផ្ទះវិញ តែចុងក្រោយគាត់និយាយយ៉ាងស្រួលថា ម្ចាស់ផ្ទះអត់ឱ្យទៅ។ លើកនេះ ស្ថានទូតដោះស្រាយឱ្យគាត់ទៅផ្ទះវិញឱ្យខានតែបាន»។
របាយការណ៍ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២០នេះ ក្រសួងបានជួយសង្គ្រោះស្ត្រីខ្មែរដែលចាញ់បោកគេទៅរៀបការនៅក្នុងប្រទេសចិនចំនួន៧៥នាក់ហើយ។
ពាក់ព័ន្ធករណីស្ត្រីខ្មែរចាញ់បោកមេខ្យល់ទៅបម្រើការងារនៅក្រៅប្រទេសនេះ មន្ត្រីផ្នែកកម្មវិធីទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា យល់ថា ករណីនេះកើតឡើងដោយសារតែភាពកម្សោយរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការចាត់វិធានការផ្លូវច្បាប់ទៅលើមេខ្យល់ និងមានបញ្ហាអំពើពុករលួយ។ លោកថា ដើម្បីលុបបំបាត់បញ្ហានេះ អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់និងលុបបំបាត់អំពើពុករលួយ។
លោក ឌី ថេហូយ៉ា បន្ថែមថា៖ «ប្រសិនបើអំពើពុករលួយជាប្រព័ន្ធនេះ វានៅតែមាន អ៊ីចឹងដំណើរការនៃការជួញដូរមនុស្សហ្នឹង ក៏នៅតែមានដដែល។ ការអនុវត្តច្បាប់ វាធូររលុង ហើយអ្នកអនុវត្តន៍ច្បាប់ហ្នឹង វាពាក់ព័ន្ធនឹងការជួញដូរមនុស្សហ្នឹងទៀតផង អ៊ីចឹងវារឹតតែអត់មានប្រសិទ្ធភាពក្នុងការបំបាត់នូវអំពើជួញដូរមនុស្សហ្នឹងទេ»។
របាយការណ៍ស្ដីពីការជួញដូរមនុស្ស ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់កម្ពុជាទៅក្នុងប្រទេសមានកិច្ចប្រឹងប្រែងតិចតួចក្នុងការដោះស្រាយបញ្ហាជួញដូរមនុស្ស ដោយថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការដល់កម្រិតស្តង់ដារអប្បបរមាពេញលេញ ក្នុងការកម្ចាត់ការជួញដូរមនុស្សនៅឡើយទេ រួមទាំងគ្មានកិច្ចប្រឹងប្រែងក្នុងការប្រមូលទិន្នន័យ ឬចែករំលែកព័ត៌មានសំខាន់ៗអំពីបញ្ហាអំពើពុករលួយ ការមិនបង្កើតប្រព័ន្ធឃ្លាំមើលតុលាការដែលនាំឱ្យជនសង្ស័យរួចខ្លួន និងបញ្ហាផ្សេងៗទៀត៕