ធនាគារកណ្ដាលថា កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្រោយវិស័យសំខាន់ៗបីថមថយដោយសារកូវីដ១៩

កុមារ២នាក់ដើរនៅតាមមាត់ទន្លេនាខណ្ឌជ្រោយចង្វារ ទល់មុខតំបន់អភិវឌ្ឃន៍កោះពេជ្រ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ការ​បាត់​បង់​​យ៉ាង​ធំ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​ និង​ការ​ថម​ចុះ​​នៃ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ ត្រូវ​បាន​ចាត់​ទុក​ជា​កត្តា​ធំ​បំផុត​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ ដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​វិបត្តិ​បណ្ដាលមក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

កត្តា​ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ដាំ​ក្បាល​ចុះ​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​របស់​​​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បង្ហាញថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។

កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ប៉ាន់​ស្មាន​កាល​ពី​ដើម​ឆ្នាំ​ថា នឹង​ធ្លាក់​ចុះ​​ដក​១.៩​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​​ប្រហាក់​ប្រហែល​គ្នា​នឹង​របាយការណ៍​ធនាគារ​ពិភព​លោក បាន​​​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​នេះ នឹង​ធ្លាក់​ចុះ​ដល់​ដក២​ភាគរយ មុន​នឹង​វិល​ត្រឡប់​ទៅ​រក​កំណើន​៤ភាគរយ​វិញ​នៅ​ឆ្នាំ​ខាង​មុខ។

ធនាគារ​កណ្ដាល​កម្ពុជា អះ​អាង​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​ការ​ដាំ​ក្បាល​ចុះ​នៃ​វិស័យ​ទាំងបី​សំខាន់ មាន​វិស័យ​ទេសចរណ៍ ការនាំ​ចេញ​ផលិត​កាត់ដេរ​ និង​វិស័យ​សំណង់ ដែល​រងគ្រោះ​ដោយសារ​តែ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ឆ្នាំ​នេះ។

បើ​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា វិស័យ​ទាំង​បី​​នេះ បាន​ចូលរួម​ចំណែក​ធំ​បំផុត​ដល់​ទៅ ២ភាគ​៣​នៃ​កំណើន​រីក​លូត​លាស់​នៃ​សេដ្ឋកិច្ច​កម្ពុជានៅ​ក្នុង​រយៈ​ពេល ២​ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ ក្នុង​នោះ​ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ មាន​ចំណែក​ដល់ ៧០​ភាគរយ​នៃ​ទំហំ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ខណៈ​ដែល​វិស័យ​ទាំង​បី​រង​គ្រោះ ធនាគារ​កណ្ដាល​អះ​អាង​ថា វិស័យ​កសិកម្ម និង​ហិរញ្ញវត្ថុ បែរ​ជា​អាច​រក្សា​បាន​កំណើន​ជា​វិជ្ជមាន​របស់​ខ្លួន ហើយ​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

បើ​តាម​ហ្វេសប៊ុក​​​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន កាល​ពី​សប្ដាហ៍​មុន ការ​នាំ​ចេញ​ផលិត​ផល​កសិ-ឧស្សាហកម្ម ៦​មុខ​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ សុទ្ធតែ​កើន​ឡើយ។ កសិ​ផល​ទាំង​៦​មុខ​នោះ មាន​ដំឡូង​មី ស្វាយ​ចន្ទី ស្វាយ ចេក​អំបូងលឿង ម្រេច និង​មៀន​ប៉ៃលិន ដែល​ការ​នាំ​ចេញ​កសិផល​ទាំង​៦​មុខ​នេះ មាន​តម្លៃ​សរុប​ដល់​ទៅ​ជាង ២,៣២១​លាន​ដុល្លារ។

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​អង្ករ​ដល់​ទៅ​ជាង ៦០​ម៉ឺន​តោ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​រយៈ​ពេល ១១​ខែ​កន្លង​មក​នេះ​ ដោយ​កើន​ឡើងខ្ទង់ ១៧​ភាគរយ បើធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ