អាជ្ញាធរអប្សារាអះអាងថា គ្មានស្វាមួយក្បាលណាស្លាប់ទេ ក្រោយផ្ទុះការរិះគន់ចំពោះចំណាត់ការលើស្វានៅតំបន់អង្គរ

សត្វស្វានៅខេត្តសៀបរាប តំបន់អង្គរថតនៅថ្ងៃ១២ ខែវិច្ជិកា ឆ្នាំ២០១៨

អាជ្ញាធរ​ជាតិ​អប្សរា អះ​អាង​ថា គ្មាន​ស្វា​មួយ​ក្បាល​ណា​ស្លាប់​នោះ​ឡើយ​នៅ​ក្នុង​ប្រតិបត្តិការ​មួយ ដែល​ស្ថាប័ន​មួយ​នេះ​បញ្ជាក់​ថា ដើម្បី​ប្រមូល​ស្វា​កាច​ៗ​មួយ​ចំនួន​យក​ទៅ​ព្រលែង​នៅ​ក្នុង​មណ្ឌល​ថែរក្សា​សត្វ​ព្រៃ។

ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ចុះ​ចាប់​ស្វា​ជាច្រើន​ក្បាល​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​កាល​ពីថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​ជំរុញ​ឱ្យ​ផ្ទុះ​ការ​រិះគន់​ចំពោះ​ចំណាត់ការ​បែប​នេះ​របស់​ពួកគេ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បក​ស្រាយ​ថា ក្រុម​ការងារ​បាន​ប្រើ​កាំភ្លើង​បាញ់​ដាក់ថ្នាំ​សណ្ដំ ដើម្បី​ចាប់​ស្វា​កាច​ទាំង​នោះ ហើយ​ថា បច្ចេកទេស​នេះ​មិន​បណ្ដាល​ឱ្យ​ស្វា​ស្លាប់​នោះ​ឡើយ។

អាជ្ញាធរ​ជាតិ​អប្សរា​និយាយ​ថា​៖ «ក្នុង​ពេល​បច្ចុប្បន្ន​នេះ សត្វ​ស្វា​ទាំង​នោះ​កំពុង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ឧទ្យាន​សួន​សត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ មុន​យក​ទៅ​ព្រលែង​ក្នុង​ព្រៃ​ធម្មជាតិ»

អាជ្ញាធរ​មួយ​នេះ អះ​អាង​ថា មាន​តែ​ស្វា ១៦​ក្បាល​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​យក​ពី​តំបន់​ប្រាសាទ​បាយ័ន ហើយ​ថា ស្វា​ដស្លូតវិញ មិន​ត្រូវ​បាន​ចាប់​យក​ចេញ​ពី​តំបន់​អង្គរ​នោះ​ឡើយ។

ប្រភពដដែល បញ្ជាក់​ថា ក្រុម​មន្ត្រី​របស់​ខ្លួន​បាន​សម្រេច​ចាប់​ស្វា​កាចៗ​ទាំង​នោះ បន្ទាប់​ពី​ស្វា​ទាំង​នោះ​បាន​ផ្លាស់ប្ដូរលក្ខណៈពីធម្មជាតិរបស់ខ្លួនក្លាយទៅជាសត្វកាច ចេះដណ្ដើមចំណី និងបានបង្ករបួសស្នាមដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបានធ្វើឱ្យជ្រុះថ្មប្រាសាទជាយថាហេតុផងដែរ។

លោក ថោ​ ម៉ៅ អាយុ៤១ឆ្នាំ ដែល​ប្រាប់​ថា​ជាម​គ្គុ​ទេស​ក៍​ទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ បានឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​អាជ្ញាធរ​បាន​​ចាប់​ទាំង​ស្វា​ស្លូត ស្វា​ចាស់ៗ និង​កូន​ស្វា​តូចៗ​ផង​ដែរ ហើយ​លោក​ថា ការ​អនុវត្ត​នេះ​ខុស​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ ដែល​​និយាយថា ចាប់​តែ​ស្វា​កាចៗ​ប៉ុណ្ណោះ។

បុរស​រូប​និយាយទៀតថា លោក​បាន​យល់​ព្រម​ចង្អុល​បង្ហាញ​ទៅ​ក្រុម​មន្ត្រី​​នូវ​ស្វា​កាចៗ ប៉ុន្តែ លោក​ថា អាជ្ញាធរ​បែរ​ជា​មិន​សួរ​នាំ​រូប​លោក​នោះ​ឡើយ នៅ​ពេល​ចុះ​ទៅ​អនុវត្ត​នោះ ហើយទាំងមិនអនុញ្ញាតិឱ្យលោក​ចូលក្បែរទីតាំងចាប់ទៀតផង។

បុរស​រូប​នេះ​អះ​អាង​ថា លោក​ឃើញសត្វស្វាមួយក្បាលធ្លាក់​ពី​លើ​ដើម​ឈើ​កម្ពស់​ប្រហែល ២០​ម៉ែត្រ​មក​លើ​ថ្ម ក្រោយ​ពី​ត្រូវ​បាន​បាញ់​ឱ្យ​សន្លប់ ហើយ​លោកហៅ​​ទង្វើ​អាជ្ញាធរ​ថា​ គ្មានការទទួលខុសត្រូវចំពោះរឿងនេះនោះទេ។

បុរស​រូប​នេះ អះ​អាង​ទៀត​ថា លោក​បាន​ឃើញ​ស្វា​ ២ក្បាល​ក្នុង​ចំណោម ១៦​ក្បាល ត្រូវបានបាញ់​ឱ្យ​សន្លប់ ហើយ​ធ្លាក់ពីលើដើមឈើ​ប៉ះមកនឹងថ្ម។​ លោកបន្ថែមទៀតថា តាំងពីមានការតវ៉ាមក​មក​ថ្ងៃ​ម្សិល​មិញ​នេះ ពុំទាន់ឃើញមានអាជ្ញាធរចុះចាប់ទៀតនោះទេ។

លោក ថោ ម៉ៅ និយាយថា៖«ក្រោយពេលត្រូវថ្នាំហើយក៏សន្លប់ ធ្លាក់ពីលើដើមឈើមក ដល់ពេលគាត់អត់បានយកអីត្រងទេ គាត់បាញ់ហើយទុកចោលដល់ទៅ​អ៊ីចឹងហើយ វាធ្លាក់មកវាត្រូវដុំថ្ម វាត្រូវថ្មអីក្រោមឮក្ដូង»

ដោយ​គ្រាន់​តែ​ប្រាប់​ថា​ជាអ្នកនាំភ្ញៀវដូចគ្នា ប៉ុន្តែ​មិន​​ឈ្មោះ​ដោយសារ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាពនោះ បុរសម្នាក់[U1] វ័យ៦០ឆ្នាំ​ អះ​អាង​ថា ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា​មិនស្គាល់ទេថា ស្វាមួយណាជាកូនមួយណាជាមេ មួយណាស្លូតឬកាចនោះ​ទេ ហើយចេះតែចាប់តែផ្ដេសតែផ្ដាស។

លោកបន្តថា លោកក៏បានស្ទុះទៅមើល នៅពេលដែលលោកបានឃើញសត្វស្វាមួយក្បាលធ្លាក់ចុះពីដើមឈើ បន្ទាប់ពីត្រូវបានគេបាញ់ថ្នាំសន្លប់រួច។ នៅពេលទៅដល់ សត្វស្វានោះប្រហែលស្លាប់បាត់ហើយ ព្រោះក្បាលបោកទៅនឹងថ្ម និងចេញឈាម។

បុរស​រូប​នេះ​និយាយថា៖​ «វាស្លាប់បាត់ហើយ បើលើកមកទន់ក្បាលហើយហ្នឹង ខ្ញុំគិតថាមិនត្រូវថ្នាំទេព្រោះវាឡើងបែកក្បាលហូរឈាមហើយហ្នឹង»

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា លោក ឡុង កុសល អះ​អាង​ថា មកដល់ពេលនេះ ពុំមានសត្វស្វាណាមួយស្លាប់ ឬរងរបួសឡើយ។ លោក កុសល ប្រាប់ថា ក្រុម​មន្ត្រី​បាន​ដាក់​អន្ទាក់ និង​បាញ់​ថ្នាំ​សណ្ដំ ដើម្បី​ចាប់​ស្វា​ទាំង​នោះ។

នៅ​ពេលត្រូវ​បាន​សាក​សួរ​អំពី​គ្រោះ​ថ្នាក់​ទៅ​លើ​ស្វា​ក្រោយ​ពេល​ត្រូវ​ថ្នាំ​សណ្ដំ ហើយ​ធ្លាក់​ពី​លើ​ដើម​ឈើ​នោះ អ្នកនាំពាក្យ​រូប​នេះ ប្រាប់​ថា ទោះបីធ្លាក់ពីលើដើមឈើ ក៏វាមិនមានគ្រោះថ្នាក់អ្វីដែរ ព្រោះខាងមន្ត្រីជំនាញបានសិក្សារួចរាល់ហើយ។

លោក ឡុង កុសល និយាយថា៖«បងប្អូនយើងគាត់ចេះផុសទៅថាស្វាស្លាប់ ស្វាអត់ស្លាប់ទេ គឺដោយសារតែវាត្រូវថ្នាំនឹងវាសន្លប់»

អនុប្រធានសមាគមមគ្គុទេសក៍​ទេសចរណ៍អង្គរ លោក លាក់ សុកុន បាន​ឱ្យ​ដឹង​ថា វត្តមាន​របស់​សត្វ​ស្វា​នៅ​តំបន់​អង្គរ ក៏​បង្កើត​ជា​ការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ បន្ថែម​ទៅ​លើ​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ។

លោក សុកុន បន្តទៀតថា អាជ្ញាធរមិនគួរយកស្វាទាំងនោះចេញពីតំបន់អង្គរឡើយ តែគួរជំនួសមកវិញនូវតំបន់អភិរក្សសត្វ​ស្វា​នៅក្បែតំបន់ប្រាសាទដើម្បី​ថែ​រក្សា​ស្វាស្លូត​ទាំង​នោះ ឱ្យរស់នៅតាមបែបធម្មជាតិ។

លោក លាក់ សុកុន និយាយថា៖ «ខ្ញុំថា យើងមានតំបន់មួយ​សម្រាប់អភិរក្សសត្វ ដែលកាចនៅក្បែរៗហ្នឹងទៅ ហើយសត្វដែលស្លូតឱ្យរស់នៅតាមធម្មជាតិហ្នឹងទៅ ខ្ញុំគិតថាអាចទាក់ទាញ ព្រោះគិតថា ជាប្រជាពលរដ្ឋ​ខ្មែរយើង ហើយហ្នឹងភ្ញៀវអន្តរជាតិក៏គាត់ចូលចិត្តអ៊ីចឹងដែរ ចូលចិត្តទស្សនាសត្វហ្នឹងដែរ»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ