សម្ព័ន្ធសហគមន៍កសិករកម្ពុជា ឱ្យដឹងថា តំណាងសហគមន៍កសិករម្នាក់ ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី នៅខេត្តត្បូងឃ្មុំ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តនេះ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទ សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោកថេង សាវឿន មានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោក ផុន សុផល ជាតំណាងសហគមន៍កសិករនៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ និងបានបញ្ជូនខ្លួនគាត់ទៅតុលាការ នៅថ្ងៃដដែលនោះ។
លោកបន្តថា ក្រោយការសាកសួររួច ចៅក្រមស៊ើបសួរសាលាសដំបូងខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចចោទលោក ផុន សុផល ពីបទ «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» និងតម្រូវឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។
លោកថេង សាវឿន បន្តទៀតថា លោក សុផល ជាតំណាងកសិករមួយរូប ដែលមានភាពសកម្មក្នុងជួយរកដំណោះស្រាយជូនប្រជាកសិករ នៅពេលដែលពុំមានការអើពើពីសំណាក់អាជ្ញាធរ។
លោកបានចាត់ទុកការចាប់ខ្លួន លោក សុផល ថាជាការបំបាក់ស្មារតីទៅលើអ្នកដែលឈឺឆ្អាលបញ្ហាសង្គម និងហ៊ានរិះគន់ទៅលើភាពអសកម្មរបស់អាជ្ញាធរ។
លោកនិយាយថា៖ «នេះគ្រាន់តែជាការបំភ័យ និងបន្លាចទៅលើសកម្មជនសហគមន៍ដែលលេចធ្លោ ដែលគាត់ហ៊ាន តែងតែឈឺឆ្អាល និងមានភាពសកម្មទៅលើការងាររបស់សហគមន៍របស់ពួកគាត់»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង បានទេ ដោយលោកប្រាប់ថា មិនទាន់បានដឹងលើសំណុំរឿងនេះ។
យោងទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ លោក នូ ច័ន្ទសុគន្ធា បានសម្រេចបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច ចាប់ខ្លួន លោក ផុន សុផល ពីបទ «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តទៅនៅតាមបណ្ដាញសង្គម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី២២ តុលា ឆ្នាំ២០២០៕









