មួយឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារមានជំងឺធ្ងន់ធ្ងរជាង១៣ម៉ឺននាក់

មន្ទីរពេទ្យគន្ធបុប្ផា ក្រុងភ្នំពេញ។ (រូបថត៖ ជន ចាន់រ៉ែន)

មូលនិធិ​គន្ធបុប្ផា បាន​ឱ្យ​ដឹង​ថា កុមារ​ដល់​ទៅ​ជាង ១៣​ម៉ឺន​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នានា​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ ក្នុង​នោះ​កុមា​ជាង ៤​ពាន់​នាក់ មាន​ជំងឺ​គ្រុន​ឈាម។

ក្នុង​របាយការណ៍​សង្ខេប​របស់​ខ្លួន​ មូលនិធិ​គន្ធបុប្ផា បាន​និយាយ​ថា កុមារ​កម្ពុជា​ដល់​ទៅ​ជិត ៦៤​ម៉ឺន​នាក់ ត្រូវ​បាន​យក​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​យោបល់​ជំងឺ​ក្រៅ​នៅ​ឆ្នាំ​២០២០​កន្លង​មក​នេះ ខណៈ​កុមារ ១៣ ០២៦​នាក់​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់​ធ្ងរ​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

ក្នុង​ចំណោម​កុមារ​មាន​ជំងឺ​ធ្ងន់​ធ្ងរ កុមារ​កម្ពុជា ៤ ៤៨៨​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​គ្រុន​ឈាម ហើយ​ទារក​ទើប​កើត ១៤ ១១២​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​សង្គ្រោះ​បន្ទាន់ ដោយសារ​តែ​ពួកគេ​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ។

បើ​តាម​មូលនិធិ​គន្ធ​បុប្ផា មន្ទីរ​ពេទ្យ​សប្បុរស​ធម៌​មួយ​នេះ បាន​វះកាត់​កុមារដល់ទៅ ២៤,៨២២​នាក់ ក្នុង​នោះ​កុមារ​កម្ពុជា ១ ០៤៦​នាក់ ត្រូវ​បាន​វះ​កាត់​ជំងឺ​ពាក់​ព័ន្ធ​នឹង​បេះដូង ហើយ​កុមារ​កម្ពុជា ៧៧៧​នាក់​ទៀត ត្រូវ​បាន​វះកាត់​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល។

មូលនិធិ​គន្ធបុប្ផា​ក៏​បាន​និយាយ​ផង​ដែរ​ថា មន្ទីរ​ពេទ្យ​​របស់​ខ្លួន​ទាំង​អស់​ដែល​ផ្ដល់​សេវា​សុខាភិបាល​ដោយ​ឥត​គិត​កម្រៃ​នោះ បាន​ពិនិត្យ និង​ព្យាបាល​ស្ត្រី​មាន​ផ្ទៃ​ពោះ ១៣២ ៤៤៣​ករណី ហើយ​បាន​ផ្ដល់​សេវា​សម្រាល​កូន​ដល់​ស្ត្រី ២៥ ៧៧១​នាក់​ក្នុង​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​នេះ។

ទោះជាយ៉ាងណា មូលនិធិ​មួយ​នេះ​បញ្ជាក់​ថា អត្រា​មរណភាព​កុមារ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​សប្បុរស​របស់​ខ្លួន មាន​កម្រិត​ត្រឹម​តែ ០.២៥​ភាគរយ​ប៉ុណ្ណោះ ពោល​គឺ​ទាប​ជាង​កម្រិត ០.២៨​ភាគរយ​កាល​ពី​ឆ្នាំ​២០១៩​ទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ