មេបក្សប្រឆាំងបួងសួងឱ្យមានឯកភាពជាតិ និងគោរពឆន្ទៈរាស្ត្រ ខណៈមេបក្សកាន់អំណាចបញ្ជាឱ្យគ្រប់គ្រងពលករខ្មែរ

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

ខណៈ​ដែល​លោក កឹម សុខា បួង​សួង​ឱ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​នោះ មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស បាន​ផ្ញើ​សារ​ជូនពរ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​គោរព​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន វិញ​ បាន​ផ្ញើ​សារ​ពិសេស​ឆ្លើយ​តប​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនៅ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០២០ លោក កឹម សុខា មេដឹកនាំ​គណបក្ស​​ប្រឆាំង​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»នោះ​ រំពឹង​ថា ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវការ​បង្រួប​ង្រួម​ជាតិ និង​ឯកភាព​ជាតិ ជំនួស​ឆ្នាំ​ចាស់​ដែល​ញាំញី​ទៅ​ដោយ​វិបត្តិ​បណ្ដាល​មក​ពី​ជំងឺ​រាត​ត្បាត និង​បញ្ហា​អយុត្តិធម៌​នានា។

លោក កឹម សុខា សរសេរ​ថា​៖ «សូម​ឱ្យ​ឆ្នាំ​ថ្មី​២០២១​នេះ នាំ​មក​នូវ​ការ​បង្រួប​បង្រួម​ជាតិ ឯកភាព​ជាតិ សាមគ្គី​ជាតិ ដែល​នឹង​ផ្ដល់​នូវ​សន្តិភាព ស្ថិរភាព​រឹង​មាំ ភាព​សុខដុម​រមនា ភាព​កក់​ក្ដៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដើម្បី​កសាង​វាសនា​អនាគត​ថ្លៃ​ថ្នូរ សម្បូរ​រុង​រឿង»

ក្នុង​សារ​ដដែល​នោះ លោក កឹម សុខា ក៏​បាន​បួង​សួង​ឱ្យ​​ជំងឺ​រាត​ត្បាត និង​បញ្ហា​នានា​ដែល​បង្ក​ឱ្យ​មនុស្ស​ឈឺ​ចាប់ និង​រង​គ្រោះ​ដោយ​អយុត្តិធម៌​នោះ រលត់​រលាយ​ទៅ​តាម​ឆ្នាំ​ចាស់​ដែល​កន្លង​ផុត​ទៅ​នេះ។

លោក កឹម សុខា បាន​រៀប​រាប់​បន្ត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «សូម​កុំ​ធ្វើ​ឱ្យ​​អ្នក​ដទៃ​ឈឺ​ចាប់​ដោយសារ​មហិច្ឆិតា​របស់​ខ្លួន និង​សូម​ចែក​រំលែក​សេចក្ដី​ស្រឡាញ់​រាប់​អាន​ដើម្បី​សេចក្ដី​សុខ​ទាំង​អស់​គ្នា សេចក្ដី​សុខរបស់​អ្នក គ្រួសារ​អ្នក ប្រទេស​ជាតិ​អ្នក និង​ពិភព​លោក»

ពេញ​មួយ​​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ពិភព​លោក​ទាំង​មូល​រួម​ទាំង​កម្ពុជា​ផង​ដែរ បាន​ប្រឈម​មុខ​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដែល​ជំរុញ​ឱ្យ​បញ្ហានានា​កើត​ឡើង​ជា​បន្ត​បន្ទាប់។ របាយការណ៍​របស់​អង្គការ​សុខភាព​នៅ​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​កន្លង​មក​នេះ បង្ហាញ​ថា មនុស្ស​ដល់​ទៅ ៧៩.២​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក បាន​ឆ្លង​វីរុស​កូរ៉ូណា ក្នុង​នោះ​មនុស្ស​ជាង ១.៧​លាន​នាក់​ហើយ បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​រាត​ត្បាត​នេះ គិត​ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង។

សម្រាប់​កម្ពុជា​វិញ មនុស្ស​ដល់​ទៅ ៣៧៨​នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ​ចាប់​តាំង​ពី​វា​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​កម្ពុជា​កាល​ពី​ខែ​មករា​ឆ្នាំ​មុន​មក ប៉ុន្តែ អ្នក​ជំងឺ ៣៦២​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។

ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​ផ្លូវ​ដង្ហើម​នេះ ក៏​បង្ខំ​ឱ្យ​ដំណើរការ​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​«ក្បត់​ជាតិ»​ដែល​ចោទ​ទៅ​លោក កឹម សុខា នោះ ត្រូវ​បាន​ពន្យារ​ពេល​ផង​ដែរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​ឆ្នាំ​មុន បន្ទាប់​ពី​បើក​សវនាការ​ជំនុំ​ជម្រះ​ជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មករា។ កាល​បរិច្ឆេទ​នៃ​ការ​បើក​ដំណើរការ​សវនាការ​សំណុំ​រឿង​នេះ​ឡើង​វិញ​ មិន​ទាន់​ត្រូវ​បាន​តុលាការ​កំណត់​នៅ​ឡើយ​ទេ។

លោក កឹម សុខា អាយុ ៦៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​ ហើយ​ចោទ​ប្រកាន់​ថា បាន​ឃុប​ឃិត​ជាមួយ​រដ្ឋ​បរទេស​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក កឹម សុខា បដិសេធ​ចោល។

ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដណ្ដើម​បាន​សំឡេង​គាំ​ទ្រ​ស្ទើ​ពាក់​កណ្ដាល​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល ហើយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រហូត​ដល់ ១១៨​រូប រួម​ទាំង​ លោក សម រង្ស៊ី ផង​ដែរ​ ដែលជា​ដៃ​គូ​របស់ដឹកនាំ​បក្ស​ជាមួយ​លោក កឹម សុខា នោះ ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​ដល់​ទៅ ៥​ឆ្នាំ។

លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ចំណាត់ការ​របស់​តុលាការ​កម្ពុជា​នោះ ក៏​បាន​ផ្ញើ​សារ​ជូនពរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​​ផង​ដែរ។

លោក សម រង្ស៊ី ផ្ញើ​សារ​ជូនពរ​ថា​៖ «ជា​ពិសេស ខ្ញុំ​សូម​ប្រសិទ្ធពរ​ជូន​ប្រទេស​កម្ពុជា សូម​ឱ្យ​មាតុភូមិ​ជា​ទីស្នេហា​របស់​យើង​ទាំង​អស់​គ្នា ទទួល​បាន​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន ដូច​អ្វី​ដែល​ប្រជា​រាស្ត្រ​ខ្មែរ​ប្រាថ្នា​ចង់​បាន គឺ​ការ​គោរព​ឆន្ទៈ​របស់​ប្រជា​រាស្ត្រ ដែល​ស្រឡាញ​សេរីភាព និង​យុត្តិធម៌ ហើយ​ចង់​រស់​នៅ​ក្រោម​របប​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ បន្ទាប់​ពី​កម្ចាត់​របប​ផ្ដាច់ការ​ឱ្យ​បាន​ជា​ស្ថាពរ»

សម្រាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន វិញ លោក​មិន​បាន​ផ្ញើ​សារ​ជូនពរ​អ្វី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ទេ ប៉ុន្តែ ល្ងាច​ម្សិល​មិញ​នេះ លោក​បាន​ចេញ​បញ្ជា​ឱ្យ​គ្រប់​គ្រង​ឱ្យ​​ហ្មត់​ចត់​នូវ​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ។

មេ​ដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​បញ្ជា​បែប​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​រក​ឃើញ​ពលករ​ខ្មែរ ២​នាក់​ឆ្លង​ជំងឺ​កូវីដ​១៩ ក្រោយ​ពី​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ។

លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ទៅ​កាន់​ខេត្ត​នានា​ ប៉ុន្តែ ប្រាប់​ឱ្យ​ដាក់​ពលករ​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​នោះនៅ​ដាច់​ដោយ​ឡែក​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក​នានា​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ។ លោក​នាយករដ្ឋ​មន្ត្រី​បញ្ជាក់​ថា ការ​ធ្វើ​របៀប​នេះ គឺ​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ណា​មួយ​ចូល​ទៅ​ក្នុង​សហគមន៍​ជា​ថ្មី។

ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ពលការិនី​ខ្មែរ​ដល់​ទៅ ១២​នាក់​បន្ថែម​ទៀត ឆ្លង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​ពួកគេ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជាវិញ​នៅ​ចន្លោះ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​កន្លង​មក​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូវីដ​១៩ កើន​ឡើង​ដល់​ ១៤​នាក់​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ