រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅអំឡុងឆ្នាំ ២០២០ កើតមានជាង ៣០០០លើក តែអត្រាគ្រោះថ្នាក់នេះមានការថយចុះជាង ២០ភាគរយ បើធៀបនឹងឆ្នាំចាស់ ក្នុងនោះចំនួនអ្នកស្លាប់ និងអ្នករងរបួស ក៏មានការថយចុះដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងពីរបាយការណ៍គ្រោះថ្នាក់ថ្នាក់ចរាចរណ៍នៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញថា រយៈពេលពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៣ ១៧៩លើក ប៉ុន្តែចំនួននេះមានការថយចុះ ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៤ ១២១លើក។
ការថយចុះជាង ២០ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០នេះ លោកថា បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ ៣៣៥នាក់ ស្មើ១៧ភាគរយ ពោលគឺនៅឆ្នាំ២០២០នេះ អ្នកស្លាប់មានចំនួន ១ ៦៤៦នាក់ ខណៈនៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់យកអាយុជីវិតអ្នកដំណើររហូតដល់ ១៩៨១នាក់។
ចំណែក អត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ លោក ស ខេង បញ្ជាក់ថា នៅឆ្នាំ២០២០ មានចំនួន ៤៦៨៦នាក់ មានការថយចុះ ២៤ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានដល់ទៅ ៦ ១៤១នាក់។
លោកស ខេង គូសបញ្ជាក់ថា៖ «ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក»។
លោកក៏បានអំពាវនាវដល់នគរបាលចរាចរណ៍ទូទាំងប្រទេស បន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងស្នើដល់ប្រជាពលរដ្ឋ បន្តចូលរួមគោរពច្បាប់ និងបើកបរដោយស្មារតីប្រុងប្រយ័ត្ន ដើម្បីឱ្យកម្ពុជា អាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ៕
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍នៅថ្ងៃសុក្រនេះថា កត្តាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព និងបត់ ឬវ៉ាជែងដោយគ្មានការប្រុងប្រយ័ត្នជាដើម។
លោកស្រីបន្តថា នៅឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិ នឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងពង្រឹងសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវបន្ថែមទៀត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យអត្រាគ្រោះថ្នាក់កាន់តែថយចុះ។
លោកស្រី មឹន មាណវី បញ្ជាក់ទៀតថា៖ «គឺ[យើង]បន្តរឹតបន្តឹងទៀត ទោះបីប្រជាពលរដ្ឋខឹងយ៉ាងម៉េច ក៏ត្រូវរឹតបន្តឹងដែរ ព្រោះការរឹតបន្តឹងហ្នឹងឱ្យគាត់ ដូចជា ពាក់មួកសុវត្ថិភាព កុំឱ្យគាត់បើកលឿន ឱ្យគាត់ក៏គោរពសិទ្ធិអទិភាពអីហ្នឹងទៅ យើងហ្នឹងអាចជួយគាត់ឱ្យរួចផុតពីគ្រោះថ្នាក់ហើយ»។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយ គីមខឿន មានប្រសាសន៍ថា ការធ្លាក់ចុះនៃអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ កម្លាំងសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជាពិសេសមានការចូលរួមអនុវត្តច្បាប់ពីសំណាក់ប្រជាពលរដ្ឋ។
លោកថា៖ «នេះជាចំណុចគោល ហើយមានចំណុចជាច្រើនទៀតដែលពាក់ព័ន្ធនឹងការថយចុះ[គ្រោះថ្នាក់ចរាចរណ៍]»។
អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនា បានសាទរចំពោះលទ្ធផលនៃការធ្លាក់ចុះអត្រាគ្រោះថ្នាក់នេះ ដោយលោកថា នេះជាសញ្ញាវិជ្ជមានមួយ ដែលសបញ្ជាក់ពីការខិតខំរបស់អាជ្ញាធរក្នុងការរឹតបន្តឹងច្បាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ មានការកើនឡើង។
តែយ៉ាងណា លោកថា បើទោះបីជាតួរលេខបង្ហាញការធ្លាក់ចុះ ប៉ុន្តែចំនួនមនុស្សដែលស្លាប់ និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះនៅតែកើតមាន។
ករណីនេះ លោកបានជំរុញដល់អាជ្ញាធរ បន្តអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ និងការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត ព្រមទាំងត្រូវរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគូសគំនូសចរាចរណ៍ឱ្យបានច្បាស់លាស់បន្ថែមទៀតផងដែរ។
លោកនិយាយថា៖ «យើងសូមឱ្យមានចំណាត់ការបន្តទៀត ទោះបីជាមានការថយចុះគិតជាភាគរយ ក៏ប៉ុន្តែចំនួនមនុស្សស្លាប់ ចេះតែមាន ហើយយើងអត់ ចង់ឱ្យអ្នកណាម្នាក់របួសស្លាប់ដោយសារគ្រោះថ្នាកចរាចរណ៍ហ្នឹងទេ អានេះគឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត»៕