ក្រសួងសុខាភិបាលប្រកាសថា រកឃើញពលករខ្មែរចំនួន១នាក់មន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ដែលនាំឱ្យអ្នកឆ្លងជំងឺនេះកើនឡើងដល់៣៧៩នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីម្នាក់ទៀត គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១។
បច្ចុប្បន្ននេះ ស្ត្រីរូបនោះកំពុងដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន។
បន្ថែមពីនេះ អ្នកដំណើរតាមជើងហោះហើរខាងលើ សរុបមានចំនួន១០នាក់ ។ រីឯអ្នកដំណើរចំនួន០៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧៩នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៧នាក់៕