ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីលើពលករខ្មែរម្នាក់ទៀត រស់នៅខេត្តប៉ៃលិនដែលទើបត្រឡប់មកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃចន្ទនេះថា ពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩នោះ អាយុ២១ឆ្នាំ រស់នៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន អ្នកជំងឺរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ក្រសួងបន្តថា មិនមានករណីជាសះស្បើយទេនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។
នេះជាពលករទី១៧ហើយដែលត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ ក្រោយពីប្រទេសថៃ ផ្ទុះឡើងនៃការឆ្លងជំងឺនេះទៅលើមនុស្សជាច្រើននៅខេត្តសាមុតសាខន កាលពីជាងពីរសប្តាហ៍មុន។
បើតាមក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញសរុបនៅកម្ពុជា មានចំនួន៣៨២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា ចំនួន២០នាក់៕