តម្លៃ​​នាំ​ចេញ​​ផលិត​ផល​​កសិ​កម្ម​​និង​​ព្រៃឈើ​​ក្នុង​​ឆ្នាំ​២០២០​ កើន​​ជាង​៥០០​លាន​​ដុល្លារ​​ធៀប​​នឹង​​ឆ្នាំ​​ចាស់​

កសិករពីរនាក់ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​តម្លៃ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម រួមមាន ស្រូវ​អង្ករ ផលិតកម្ម​សត្វ និង​ព្រៃឈើ​ក្នុង​ឆ្នាំ២០២០ មានតម្លៃ​ប្រមាណ៤ពាន់៣៧លាន​ដុល្លារ កើន​ជាង៥រយ​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ២០១៩។ 

យោង​តាម​របាយការណ៍​បូកសរុប​តម្លៃ​កសិកម្ម និង​ការនាំចេញ​ក្នុង​ឆ្នាំ២០២០ ក្រសួង​កសិកម្ម បាន​បង្ហាញ​ពី​កំណើន​នៃ​ការនាំចេញ​ជាបន្តបន្ទាប់​លើស​ឆ្នាំ​មុន​ៗ បើ​ទោះបី​សកលលោក​ប្រឈម​នឹង​វិបត្តិ​សកល​កូ​វីដ១៩យ៉ាងណា​ក្ដី។

ការនាំចេញ​ក្នុង​ឆ្នាំ២០២០កន្លងទៅ ក្រសួង​ថា ផលិតផល​អង្ករ​មានតម្លៃ​ប្រមាណ៥៣៨លាន​ដុល្លារ ស្រូវ​មានតម្លៃ៧២៣លាន​ដុល្លារ ដែល​មាន​កំណើន​ប្រមាណ១១,៤០ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន។

ចំណែកតម្លៃ​ផលិតផល​កសិកម្ម​មិនមែន​ស្រូវ​អង្ករ រួមមាន ដំឡូងមី ស្វាយចន្ទី ស្វាយ ចេកអំបូង​លឿង តាង៉ែន ម្រេច និង​ដំណាំរួមផ្សំ​ផ្សេងទៀត​វិញ ក្រសួង​ថា មានតម្លៃ​ប្រមាណ២ពាន់​១៧០​លាន​​ដុល្លារ ខណៈ​តម្លៃ​នាំចេញ​ផលិតផល​សាច់សត្វ ជលផល ព្រៃឈើ និង​ផលិតផល​កៅស៊ូ​សម្រាប់​ឆ្នាំ២០២០ មានតម្លៃ​ប្រមាណ៦០៥លាន​ដុល្លា​រអាមេរិក។ 

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោ​ក វេង សា​ខុន មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃអង្គារ​នេះ​ថា តម្លៃ​សរុប​នៃ​ការនាំចេញ​ឆ្នាំនេះ មានតម្លៃ​ប្រមាណ៤ពាន់៣៧លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំមុន​ប្រមាណ៥រយ​លាន​ដុល្លារ។ លោក​បន្ថែម​ថា តម្លៃ​នៃ​ការនាំចេញ​នេះ បាន​កើនឡើង​ជាបន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ២០១៨មក។ 

លោក​បាន​ថ្លែង​ថា៖ «ប្រាកដ​ណាស់ ឱ្យ​តែ​យើង​បាន​នាំចេញ ប្រាក់ចំណូល​គឺ​បាន​ធ្លាក់​មកដល់​ដៃ​ប្រជាជន​របស់​យើង ទាំង​កសិករ ទាំង​អ្នកធ្វើ​ជំនួញ ហើយនិង​របរ​ពាក់ព័ន្ធ​នឹង​ជំនួញ​នៃ​ការនាំចេញ​ហ្នឹង និង​ការកែច្នៃ។ នេះ​ជា​អ្វី​ដែល​មោទកភាព​ដែល​យើង​ទទួល​បាន​ប្រាក់ចំណូល»។

លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបី​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ជំងឺ​កូ​វីដ១៩ក្ដី ក៏​វា​ពុំ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​កសិកម្ម​របស់​កម្ពុជា​នោះ​ទេ។ 

លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ទន្ទឹម​នឹង​ប្រទេស​គេ​លែង​ធ្វើ​អី​កើត ​កំពុងតែ​ចាប់​មនុស្ស​ធ្វើ​ចត្តាឡីស័​ក កម្ពុជាមានលទ្ធភាព​ធ្វើ ដោយសារតែ​នៅ​ជនបទ​ ការរស់នៅ​របស់​យើង គម្លាត​សង្គម​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ ពី​ចម្ការ​ផ្សេង​ៗគ្នា គាត់​នៅ​ធ្វើ​បំពេញភារកិច្ច​បាន។ រី​ឯដំណើរការ​នៃ​ការនាំចេញ​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​ តាមរយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​កាន់តែ​ល្អ ទន្ទឹម​នឹង​យើង​កំពុង​ស្វះស្វែង​រក​ទីផ្សារ មាន​ចេក ស្វាយ អី​ជាដើម កាន់តែ​ពង្រីក​ទីផ្សារ រួម​ទាំង​ស្រូវ​អង្ករ​ផង​ដែរ»។ 

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ម្រេច ឧកញ៉ា សុង សា​រ៉ន មានប្រសាសន៍​ថា ការនាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា នៅ​ឆ្នាំ២០២០កន្លងទៅ ប្រព្រឹត្តបាន​ល្អ​ប្រសើរ ដោយសារ​តម្រូវការ​ពិភពលោក​កើនឡើង ក្នុង​ពេល​ដែល​ប្រឈម​នឹង​បញ្ហា​កូ​វីដ១៩ ខណៈ​មនុស្ស​លែង​ចេញពីផ្ទះ ត្រូវការ​ទិញ​ស្បៀង​បម្រុងទុក ស្រប​ពេល​ដែល​កម្ពុជា​រកបាន​ទីផ្សារ​អន្តរជាតិ​បាន​ជាបន្តបន្ទាប់។

លោក​បន្ថែម​ថា៖ «ប្រសិនបើ​កម្ពុជា​យើង​ក្ដោប​នូវ​យុទ្ធសាស្ត្រ​ការ​ដាំដុះ​នូវ​ចីរភាពនិង​សុវត្ថិភាព ខ្ញុំ​ជឿ​ថា វិស័យ​កសិកម្ម​យើងនឹងអាច​រីកចម្រើន​បន្ត​ទៀត ជាពិសេស​ទាក់ទង​នឹង​ការនាំចេញ»។

ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​កសិកម្ម លោក សម វិទូ មានប្រសាសន៍​ថា វិបត្តិ​ពិភពលោក​ឆ្នាំ២០២០ ជា​ការ​បង្ហាញថា ​វិស័យ​កសិកម្មគឺជា​វិស័យ​ដែល​រដ្ឋាភិបាលត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំង​បន្ថែម​ទៀត ស្រប​ពេល​ដែល​វិស័យ​ផ្សេងទៀតកំពុង​ប្រឈម​នឹង​វិបត្តិ។ លោក​បន្ត​ថា វិស័យ​កសិកម្មកំពុង​រក្សា​កំណើន​បាន​យ៉ាង​ល្អ។

លោក​ថា៖ «ឆ្នាំ២០២០ ជា​ឆ្នាំ​ដែល​ល្អ​សម្រាប់​វិស័យ​កសិកម្ម ព្រោះ​យើង​ឃើញថា នៅ​វិ​ស័យ​ផ្សេង​ៗត្បិត​តែ​មាន​ថយ​ចុះ តែ​សម្រាប់​កសិកម្ម​គឺ​មិន​មានការ​ធ្លាក់ចុះ​ទេ ដែល​ធ្វើ​ឱ្យ​កម្ពុជា​យើង​មាន​កម្លាំង​ក្នុង​ការប្រកួត​ប្រជែង ជាពិសេស​សម្រាប់​ផលិតផល​កសិកម្ម​សម្រាប់​ការ​ហូបចុកនិង​ការ​ស្ដុក​ទុក​សម្រាប់​វិស័យ​ផ្សេង​ដែល​ត្រូវការ។ អ៊ីចឹង​វា​ជា​ចំណុច​ដែល​ល្អ​មួយ​ដើម្បី​ឱ្យ​កសិករ​យើង​ទុកចិត្ត​បន្ថែម​ក្នុង​ការផលិត»។

ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​កាន់តែ​រីក​ចម្រើន​ថែមទៀត លោក​ឱ្យ​ជា​យោបល់​ថា រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ឱ្យ​មាន​សិប្បកម្មនិង​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​ឱ្យ​បាន​ច្រើន បង្កើន​បច្ចេកវិទ្យា​កសិកម្ម​ឱ្យ​ខ្លាំងក្លា ថ្លៃ​ទឹក​ភ្លើង​ចុះថោក ជាពិសេស​គឺ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដែល​មានការ​ប្រាក់​ទាប​ដល់​ពលរដ្ឋ។ 

លោក​បន្ថែម​ថា៖ «ធ្វើ​យ៉ាងណា​ឱ្យ​ថ្លៃដើម​នៃ​ការផលិត​ហ្នឹង​វា​ទាប អ៊ីចឹង​កសិករ​គាត់​អាច​មានការ​ប្រកួតប្រជែង​ខ្ពស់ ហើយ​បច្ចេកវិទ្យា​ហ្នឹងក៏​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ដែរ។ យើង​គួរ​រៀនសូត្រ​ពី​ប្រទេសជិតខាង​យើង​ផង​ដែរ ដើម្បី​ឱ្យ​បច្ចេកវិទ្យា​យើង​ហ្នឹង​អាច​ដើរ​ទាន់សម័យ​កាល»។ 

កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុង​ពិធី​សំណេះសំណាល​មួយ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម ក្នុង​ស្រុក​ពាមរក៍ ខេត្តព្រៃវែង លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា វិបត្តិ​កូ​វីដ១៩ បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍និង​ឧស្សាហកម្ម។ តែ​សម្រាប់​វិស័យ​កសិកម្ម​វិញ លោក​ថា មិន​ត្រឹមតែ​មិន​ប៉ះពាល់​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​ឱ្យ​នូវភាព​ខ្លាំងក្លា​ដល់​វិស័យ​នេះ​កាន់តែ​ខ្លាំង។

លោក​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ​នោះ​ថា រដ្ឋាភិបាល​បាន​ផ្លាស់​ប្ដូរ​ទិសដៅ​មកកាន់​វិស័យ​កសិកម្ម​ក្នុង​ពេល​មាន​វិបត្តិ​កូ​វី១៩ ដើម្បី​ឱ្យ​វិស័យ​នេះ​កាន់តែ​រីក​លូតលាស់​ខ្លាំង​ឡើង​ថែមទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ