១​ឆ្នាំ​ក្រោយ​​បាក់​​អគារ​​នៅ​​កែប​ អ្នក​​រស់​រាន​​មាន​ជីវិត​​ម្នាក់​​វិល​​ទៅ​​ធ្វើ​ការងារ​​សំណង់​​វិញ​​ទាំង​​រាង​កាយ​​មិន​​មាំ​មួន​

ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រង​គ្រោះ​ដែល​កប់​ជាប់​នៅ​ក្រោម​គំនរ​សំណង់​អគារ​បាក់​បែក​ក្រោយ​ដួល​រលំ​នៅ​ឯ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០។ (ជន ចាន់រ៉ែន)

​នៅ​ឯភូមិ​ឈើទាល ស្ថិតនៅ​ចម្ងាយ​ប្រហែល២គីឡូម៉ែត្រ​ចុះទៅ​ភាគ​ខាងត្បូង​នៃ​ផ្លូវជាតិ​លេខ៤១ នៅចន្លោះ​គីឡូម៉ែត្រ​លេខ៧៤និង​លេខ៧៥ ក្នុង​ឃុំ​ជំពូវ័ន្ត ស្រុក​ជុំ​គិរី ខេត្តកំពត គ្រួសារ​មួយ​ទើបតែ​រៀបចំ​ទុកដាក់​កៅអីនិង​តុ​មូល​ៗបញ្ឈរ​នៅ​ក្រោម​ដំបូល​រោង​មួយ ក្រោយពី​បញ្ចប់​កម្មវិធី​បុណ្យខួប១ឆ្នាំ ​រំឭក​សាច់ញាតិ២រូប​របស់​ពួក​គេដែល​បាន​ស្លាប់​បាត់បង់ជីវិត​នៅក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​សំណង់​អគារ​កម្ពស់៧ជាន់​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំមុន។

សមាជិក​នៃ​ក្រុម​គ្រួសារ​មួយ​នេះដែល​នៅ​រស់រាន​មានជីវិត​ពី​ហេតុការណ៍​បាក់​រលំ​អគារ​ដ៏​តក់ស្លុត​នោះ កំពុង​ប្រឈមមុខនឹង​បញ្ហា​សុខភាព​រាងកាយ​មិន​រឹងមាំ​ដូចដើម ប៉ុន្តែវិលត្រឡប់​ទៅ​ធ្វើការងារ​នៅ​តាម​ការដ្ឋាន​សំណង់​ឡើងវិញ បើ​ទោះបីជា​មានការ​ជំទាស់​ពី​សមាជិក​ដទៃទៀត​នៃ​ក្រុម​គ្រួសារ​ក៏ដោយ។

នៅ​ក្រោម​រោងបុណ្យ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅក្នុង​ដីស្រែ​មួយ​ប្លង់​ស្ថិត​នៅផ្នែក​ខាងជើង​ផ្ទះ​របស់​គាត់ អ្នកនាង ឡែ ស៊ីនួន អាយុ២៨ឆ្នាំ បានឱ្យ​ដឹងថា រូប​គាត់​គឺជា​ជនរងគ្រោះ​ម្នាក់​នៃ​ឧបទ្ទវហេតុ​បាក់​រលំ​សំណង់​អគារ​កម្ពស់៧ជាន់​នៅ​ខេត្ត​កែប​កាលពី​មួយឆ្នាំ​មុន ដែល​សម្លាប់​មនុស្ស៣៦នាក់ ក្នុង​នោះ​កុមារ៦នាក់​ផង​ដែរ ហើយក៏​បណ្ដាល​ឱ្យ​មនុស្ស២៣នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ផង​ដែរ។

រោងបុណ្យ​សព​គម្រប់​ខួប១ឆ្នាំ​នៃ​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​កាលពី​ឆ្នាំ២០២០ របស់​ក្រុម​គ្រួសារ​អ្នកនាង ឡែ ស៊ីនួន។ (ហេង វិចិត្រ​)

អ្នកនាង ស៊ីនួន បាន​រំឭក​ឡើងវិញ​ថា រូប​គាត់​បាន​ទៅ​ធ្វើការ​ជា​អ្នក​ជញ្ជូន​កំបោរ​ស៊ី​ម៉ង់​ត៍ និង​បោសសម្អាត​នៅក្នុង​ការដ្ឋាន​នៃ​សំណង់​អគារ​នោះ​ទើបតែ​បាន៦ថ្ងៃ​ប៉ុណ្ណោះ មុននឹង​អគារ​នោះ​បាន​ដួល​រាប​ដល់​ដី។

អ្នកនាង ស៊ីនួន រៀបរាប់​បន្ត​ថា មុន​កើតហេតុ​ការណ៍ គាត់​កំពុង​ស្ថិតនៅ​ជាន់ទី៣នៃ​សំណង់​អគារ​នោះ​ជាមួយ​ស្ត្រី​ម្នាក់​ជា​មិត្ត​រួមការ​ងារ ដែល​ក្រោយមក​គាត់​បានដឹង​ថា មិត្ត​រួមការ​ងារ​រូប​នោះ​បាន​ស្លាប់​បាត់បង់ជីវិត​នៅក្នុង​ហេតុការណ៍​នោះ​ដែរ។

អ្នកនាង ឡែ ស៊ីនួន រៀបរាប់​ថា៖ «ខ្ញុំ​សន្លប់។ ពេល​ងើបពីសន្លប់​មក ដឹង​ថា​ជាប់​នៅក្នុង​ហ្នឹង​តែម្ដង។ ពេល​ដឹងខ្លួន​មក ជាប់​ [ក្នុង​គំនរ​អគារ​] ហើយ។ អត់មាន​អី​សង្កត់ពីលើ​ទេ ប៉ុន្តែពេល​មកដល់​ពេទ្យ​ មានស្នាម​ មានរបួស»។

បើ​តាម​កំណត់ត្រា​របស់​មន្ទីរពេទ្យ​ខេត្ត​កែប ស្ត្រី​ម្នាក់​ឈ្មោះ ឡាយ ស៊ីនួន ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​ឈើទាល បាន​រង​របួស​បាក់ដៃ​ទាំងសងខាង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះនិង​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​បង្អែក​ខេត្តកំពត បន្ទាប់ពី​ត្រូវ​បាន​ក្រុមសង្គ្រោះ​ទាញ​យកចេញ​ពី​គំនរ​សំណង់​បាក់បែក​នៅ​វេលា​ម៉ោង​ជិត៧យប់​ ថ្ងៃទី៥ ខែមករា ២ថ្ងៃក្រោយ​ឧបទ្ទវហេតុ​បាន​កើតឡើង។

អ្នកនាង ស៊ីនួន បាន​ប្រាប់​ថា ស្ត្រី​រូប​នោះគឺជារូប​គាត់ ប៉ុន្តែប្រាប់​ថា គាត់​បាន​រង​របួស​ក្បាល​បែក​ហូរឈាម៣កន្លែង ដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​របួស​ទំហំ​ប៉ុន​ម្រាមដៃ​នៅ​លើ​ក្បាល​របស់​នាង​រហូតដល់​សព្វថ្ងៃ​នេះ ក្រោយពី​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ។ ស៊ីនួន​ ក៏​រង​របួស​នៅត្រង់​ចង្កេះ និង​ត្រ​កៀក​ផង​ដែរ។

ស្ត្រី​រូប​នេះប្រាប់​ឱ្យ​ដឹង​ទៀត​ថា របួស​នៅ​លើ​ក្បាល​របស់​គាត់តែងតែ​ធ្វើ​ឱ្យ​នាង​ឈឺក្បាល ហើយ​របួស​ត្រង់​ចង្កេះនិង​ត្រ​កៀកបានធ្វើឱ្យ​គាត់​ឈឺចាប់​នៅពេល​ចាប់កាន់​បន្ទុកឬធ្វើការងារ​ណា​ធ្ងន់​ៗ។

ទោះបីជា​ប្រឈមមុខនឹង​អាការ​បែបនេះ​ក្ដី ក៏​ស្ត្រី​រូប​នេះ​មិនបាន​ទៅ​ពិនិត្យ​សុខភាពនិង​ស្វែងរក​ការ​ព្យាបាល​តាម​លក្ខណៈ​វេជ្ជសាស្ត្រ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក្រៅពី​ទទួលទាន​ឱសថ​បំបាត់​ការឈឺចាប់​មួយចំនួន​ដែល​គាត់​អាច​រក​ទិញ​បាន​នៅ​ទីកន្លែង​លក់​ឱសថ​នៅ​ក្បែរ​ៗផ្ទះ​របស់​គាត់។

អ្នក​នាង ឡែ ស៊ីនួន (អាវ​លឿង​) ដែល​​ជា​អ្នក​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​សំណង់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​កែប​កាល​ពី​១​ឆ្នាំ​មុន រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​ស្រុក​កំណើត​របស់​គាត់​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១។ (ហេង វិចិត្រ​)

អ្នកនាង ស៊ីនួន និយាយ​ថា៖ «ប៉ុន្តែ១ឆ្នាំនេះ មិនដែល​ទៅ​ [ជួប​ពេទ្យ​] ផង។ ក្បាល​ជួន​អី​ទៅ​នៅ​ស្ពឹក​ៗ។ ពេល​ហូប​អី​ទៅ នៅ​ស្ពឹក​ៗ ដូចជា​ហូប​សាច់គោ​សាច់​អី នៅ​ស្ពឹក»។

ខណៈ​ដែល ស៊ីនួន មានភ័ព្វ​សំណាង​បាន​រស់រាន​មានជីវិត​ពី​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ បងស្រី​បង្កើត​ម្នាក់និង​ក្មួយស្រី​ម្នាក់​របស់​គាត់​ មិន​មានសំណាង​បែបនេះ​ទេ។ ស្ត្រី​រូប​នេះប្រាប់​ថា បងស្រី​របស់​គាត់​ឈ្មោះ ឡែ ណា និង​ក្មួយស្រី​ឈ្មោះ មីន វណ្ណៈ បាន​ស្លាប់​ភ្លាម​ៗនៅក្នុង​គំនរ​បាក់បែក​នៃ​សំណង់​អគារ​នោះ។

ចេតិយតម្កល់អដ្ឋធាតុនៃសពសាច់ញាតិអ្នកនាង ស៊ីនួន ដែលរងគ្រោះដោយសារតែការបាក់រលំអគារនៅខេត្តកែបកាលពីដើមឆ្នាំ២០២០។ (ហេង វិចិត្រ)

បើ​តាម​បញ្ជី​ឈ្មោះ​ជនរងគ្រោះ​នៃ​ហេតុការណ៍​បាក់​រលំ​អគារ​ដែល​កត់ត្រា​ដោយ​មន្ទីរពេទ្យ​ខេត្ត​កែប អ្នកស្រី ឡែ ណា អាយុ៤០ឆ្នាំ និង​កូនស្រីរបស់​គាត់​ឈ្មោះ មីន វណ្ណៈ ដែល​ទើបតែ​មាន​អាយុ១៦ឆ្នាំ​នៅឡើយ ​នា​ពេលនោះគឺ​ស្ថិត​ក្នុងចំណោម​កម្មករ​សំណង់៣៤នាក់​ផ្សេងទៀត​ដែល​បាន​ស្លាប់​បាត់បង់ជីវិត​នៅក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​នៅ​ខេត្ត​កែប​កាលពី១ឆ្នាំមុន។

បើ​តាម​បញ្ជី​ដដែល​នេះ ក្រៅពី​អ្នកនាង ស៊ីនួន បងស្រី និង​ក្មួយស្រី​របស់​នាង អ្នកភូមិ​ឈើទាល​២នាក់​ផ្សេងទៀត បាន​ស្លាប់ ហើយ​អ្នកភូមិ​ឈើទាល ២នាក់​ទៀតក៏បាន​រង​របួស​នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នោះ​ផង​ដែរ។

អធិការរង​នគរបាល​ស្រុក​ជុំ​គិរី លោក ត្រួយ ណាគ្រី បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នកភូមិ​ចំនួន៤នាក់​បាន​ស្លាប់ ហើយ៥នាក់​ផ្សេងទៀត​នៅក្នុង​ស្រុក​ជុំ​គិរី​នេះ បាន​រង​របួស​នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ដែល​បាន​កើតឡើង​កាលពី១ឆ្នាំមុន។

អ្នកនាង មីន សុខ​នី អាយុ២០ឆ្នាំ គឺជា​កូនស្រី​ច្បង​របស់​អ្នកស្រី ឡែ ណា និង​ជា​បងស្រី​របស់​យុវតី មីន វណ្ណៈ ដែល​បាន​ស្លាប់​ភ្លាម​ៗនៅក្នុង​គំនរ​បាក់បែក​នៃ​សំណង់​អគារ​នេះ ហើយក៏ត្រូវជា​ក្មួយស្រី​របស់​អ្នកនាង ស៊ីនួន ផង​ដែរ។

នៅពេល​រំឭក​ដល់​ហេតុការណ៍​ដ៏​សោកសៅ​នេះ អ្នកនាង សុខ​នី បាន​ឈ្ងោកមុខ​ចុះក្រោម ហើយ​យកដៃ​ខ្ទប់មុខ​សម្រក់​ទឹកភ្នែក។ ស្ត្រី​រូប​នេះនិយាយ​ថា រូប​គាត់និង​សាច់ញាតិ​ដទៃទៀត​នៃ​ក្រុម​គ្រួសារ​នាង បាន​ធ្វើដំណើរ​តាម​ម៉ូតូ​លើ​ផ្លូវ​ចម្ងាយ​ប្រហែល៥០គីឡូម៉ែត្រ​ទៅកាន់​ទីក្រុង​កែប ដើម្បី​ស្វែងរក​ដំណឹង​ម្ដាយ ប្អូនស្រី និង​មីង​ម្នាក់។

អ្នកនាង មីន សុខ​នី និយាយ​ថា៖ «ខ្ញុំ​[គិត​]ថា មិនមែន​ជា​អគារ​កន្លែង​គាត់​ធ្វើ​ទេ តែ​ក្នុងចិត្ត​ខ្ញុំ​ចង់ទៅ​មើល។ ខ្ញុំ​បួងសួង​តាមផ្លូវ​រហូត ​កុំឱ្យ​ម៉ែ​ខ្ញុំ និង​ប្អូន​ខ្ញុំ​កើត​អី»។

នៅ​ថ្ងៃ​គម្រប់​ខួប១ឆ្នាំ​ នៅ​ចំ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​នេះ អ្នកនាង សុខ​នី និង​សាច់ញាតិ​របស់​នាង បាន​រៀបចំ​ពិធីបុណ្យ​តាម​គន្លង​ពុទ្ធសាសនា​នៅ​គេហដ្ឋាន​របស់​នាង ដោយ​បាន​និមន្ត​ព្រះសង្ឃ​សូត្រធម៌ និង​រៀបចំ​ម្ហូបអាហារ​សម្រាប់​ឧទ្ទិស​កុសលផល​បុណ្យ​ទៅដល់​វិញ្ញាណក្ខន្ធ​ម្ដាយនិង​ប្អូនស្រី​របស់​នាង។

អ្នកស្រី សន សារ៉ែន អាយុ៣៥ឆ្នាំ ដែល​ជា​ម្ដាយមីង​របស់​អ្នកនាង សុខ​នី និង​ជា​បងស្រី​របស់​អ្នកនាង ស៊ីនួន បាន​រៀបរាប់​ថា ក្រុម​គ្រួសារ​បាន​រៀបចំ​បុណ្យ​តាម​បែប​ពុទ្ធសាសនា​ជាបន្តបន្ទាប់​នៅក្នុង​រយៈពេល១ឆ្នាំ​កន្លងមក​នេះ ដូចជា បុណ្យ​គម្រប់​ខួប៧ថ្ងៃ បុណ្យ​គម្រប់​ខួប១០០ថ្ងៃ និង​បុណ្យ​គម្រប់​ខួប១ឆ្នាំ។

អ្នកស្រី សន សារ៉ែន ប្រាប់​ថា៖ «ធ្វើបុណ្យ​រហូត ​កាល​គ្រប់៧ថ្ងៃ ១០០ថ្ងៃ។ ឥលូវគម្រប់១ខួប ធ្វើ​ឱ្យ​គាត់​ទៀត។ និយាយរួម​ទៅ រំឭក​ខួប​ថ្ងៃ​គាត់​ស្លាប់ ធ្វើ​ឱ្យ​ក្នុងចិត្ត​យើង​ម្នា​ក់ៗ​បំភ្លេច​មិនបាន ក៏​រំឭក​ឱ្យ​គាត់។ នឹកឃើញ​ថ្ងៃ​គាត់​ស្លាប់​ហ្នឹង ម្នា​ក់ៗ​ទទួលយក​មិនបានទេ។ គម្រប់​ខួប១ឆ្នាំ ចេះតែ​ធ្វើ​ឱ្យ​គាត់​ទៅ ឱ្យ​ដឹង​ថា លុយកាក់​ផ្ទះល្វែង​អីហ្នឹង​បាន​មក​ដោយសារ​គុណ​គាត់​ស្លាប់»។

នៅពេល​រំឭក​ដល់​ហេតុការណ៍​បាត់បង់​បងស្រីនិង​ក្មួយស្រី​របស់​គាត់ អ្នកស្រី សារ៉ែន បាន​យកដៃ​ជូត​ទឹកភ្នែក​ដែល​បាន​ស្រក់​ចុះ​ភ្លាម​ៗ ហើយ​និយាយ​បន្ត​ថា៖ «នៅ​នឹកឃើញ​ដូច​ទើប​កើតឡើង​អ៊ីចឹង។ បើ​គេ​អត់​សួរ​ អត់​និយាយ​អី អត់​សូវ​នឹកឃើញ​ទេ។ នឹកឃើញ​ឡើង​អួលតែ​ម្ដង។ ស្ដាយ​បង ​ស្ដាយ​ក្មួយ»។

ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​មានរបួស​អ៊ីចឹង គេដាក់​ឱ្យ​តិច​ៗ ធ្វើការ​ណា​ស្រាល​ៗ

ឧបទ្ទវហេតុ​ដ៏​តក់ស្លុត​កាលពី១ឆ្នាំមុន ​ដែល​បង្ក​ឱ្យ​សមាជិក​ក្រុម​គ្រួសារ២នាក់​បាត់បង់ជីវិត​នេះ បាន​ជំរុញ​ឱ្យ​គ្រួសារ​មួយ​នេះសម្រេច​រារាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​មិន​ឱ្យ​វិលត្រឡប់​ទៅ​ធ្វើការងារ​សំណង់​វិញ​នោះ​ឡើយ។

អ្នកនាង សុខ​នី ដែល​បាត់បង់​ម្ដាយនិង​ប្អូនស្រី​នោះ ប្រាប់​ថា គាត់​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​នៅក្នុង​គ្រួសារ​គាត់​ទៅ​ធ្វើការងារ​សំណង់​ទៀត​នោះ​ទេ ដោយ​ថា គាត់​នៅតែ​ភ័យខ្លាចនិង​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ដូចដែល​បាន​កើតឡើង​នៅ​ខេត្ត​កែប​កាលពី១ឆ្នាំមុន។

អ្នកនាង សុខ​នី ប្រាប់​ថា៖ «ខ្ញុំ​អត់ឱ្យ​ទៅ​ទេ ព្រោះ​ពេល​ខ្ញុំ​ឃើញ​ម៉ែ​ស្លាប់​ពេល​ធ្វើ​សំណង់​ហ្នឹង ខ្ញុំ​អត់​ចង់ឱ្យ​គ្រួសារ​ខ្ញុំ​ទៅ​ធ្វើ​ទេ ព្រោះ​ខ្ញុំ​ខ្លាច»។

ប៉ុន្តែម្ដាយមីង​របស់ សុខ​នី គឺ​អ្នកនាង ស៊ីនួន ដែល​បាន​រង​របួស​នៅក្នុង​ហេតុការណ៍​បាក់​អគារ​នោះ ប្រាប់​ថា គាត់​បាន​វិលត្រឡប់​ទៅ​ធ្វើការ​ជា​អ្នក​ជញ្ជូន​កំបោរ​លាយ​នៅ​ការដ្ឋាន​សំណង់​មួយ​ឯខេត្ត​ព្រះសីហនុ​ កាលពី​ខែតុលា​កន្លងមក​នេះ ដោយ​ប្រាប់​ថា ព្រោះតែ​គាត់​មិន​មានចំណេះ​ដឹងនិង​ជំនាញ​អ្វី​នោះ​ឡើយ ក្រោយពី​ការងារ​ស្រែចម្ការ​នៅ​រដូវវស្សា​បាន​បញ្ចប់​ទៅ។

អ្នកនាង ស៊ីនួន ប្រាប់​ទៀត​ថា សម្រាប់​ការងារ​សំណង់​លើក​នេះ គាត់​លែង​ហ៊ាន​ឡើង​ទៅ​ជាន់​ខ្ពស់​ៗនៃ​អគារ​ហើយ ហើយក៏​លែង​ហ៊ាន​ស្នាក់នៅ​ក្រោម​ការដ្ឋាន​សំណង់​ផង​ដែរ។ គាត់​បាន​ប្រាប់​បន្ត​ថា គាត់​អាច​ជញ្ជូន​កំបោរ​ស៊ី​ម៉ង់​ត៍​បាន​តិច​ៗប៉ុណ្ណោះ ព្រោះតែ​សុខភាព​​មិន​រឹងមាំ​ដូចមុន​ជួប​គ្រោះថ្នាក់​នោះ​ឡើយ។

អ្នកនាង ស៊ីនួន និយាយ​ថា៖ «កំបោរ​យួរ​តិច​ៗហ្នឹង​! ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​មានរបួស​អ៊ីចឹង គេដាក់​ឱ្យ​តិច​ៗ។ [ខ្ញុំ​] ធ្វើការ​ណា​ស្រាល​ៗ»។

អ្នកស្រី សារ៉ែន ដែល​ជា​បងថ្លៃ​របស់​អ្នកនាង ស៊ីនួន ក៏​ជំទាស់​នឹង​បងស្រី​របស់​គាត់​ដែល​បាន​វិលត្រឡប់​ទៅ​ធ្វើការងារ​សំណង់​វិញ​ដែរ ដោយ​គាត់​ថា មិន​ចង់​ឃើញ​សមាជិក​ណា​ម្នាក់ទៀត​បាត់បង់ជីវិត​នៅក្នុង​ការងារ​មួយ​នេះ​ទៀត​ទេ។

ប៉ុន្តែស្ត្រី​រូប​នេះ​ប្រាប់​ថា ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​នៅ​ស្រុកកំណើត ប្អូនស្រី​គាត់​ក៏ដូចជា​អ្នកភូមិ​ជាច្រើន​នាក់​ទៀត គ្មាន​មុខរបរ​អ្វី​នោះ​ឡើយ ហើយក៏​សម្រេចចិត្ត​ជ្រើសរើស​យក​ការងារ​នៅក្នុង​ការដ្ឋាន​សំណង់​ឡើងវិញ។

អ្នកស្រី សារ៉ែន និយាយ​ថា៖ «មិន​ចង់ឱ្យ​វា​ទៅ​ធ្វើការ​ទេ ខ្លាច​មានរឿង​អ៊ីចឹង​កើតឡើង​ទៀត ក៏ប៉ុន្តែវា​មិនដឹង​មានអី​រកស៊ី មានតែ​មុខរបរ​ហ្នឹង ចេះតែ​នាំគ្នា​ទៅ។ បើ​ចិត្ត​ខ្ញុំ​តែម្ដង ខ្ញុំ​មិន​ចង់ឱ្យ​ទៅ​ទេ តែ​វា​កុន​ វា​ទាល់ ចេះតែ​រក​អ៊ីចឹង​ទៅ។ បើ​ចិត្ត​ខ្ញុំ​តែម្ដង ខ្ញុំ​អត់​ចង់ឱ្យ​ចេញទៅ​តែម្ដង ខ្ញុំ​ខ្លាច​តែ​មានរឿង​អ៊ីចឹង​កើតឡើង​ទៀត។ បងប្អូន​ក៏​តិច បើសិនជា​ទៅ មានរឿង​អ៊ីចឹង​កើតឡើង មាន​គ្រោះថ្នាក់​ទៀត អស់​តែម្ដង បងប្អូន​ខ្ញុំ​អស់​តែម្ដង»។

គិត​ត្រឹម​ថ្ងៃបុណ្យ​ខួប១ឆ្នាំ​កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ ស៊ីនួន បានសម្រេច​ចិត្ត​វិលត្រឡប់​មក​ផ្ទះ​វិញ​អស់​រយៈពេល​ជាង​កន្លះ​ខែ​ហើយ ក្រោយពី​បាន​ធ្វើការ​សំណង់​អស់​រយៈពេល​ជាង​១ខែ​នៅ​ឯខេត្ត​ព្រះសីហនុ ដោយ​ថា នាង​មិន​ទទួល​បាន​ប្រាក់ឈ្នួល​គ្រប់គ្រាន់​​ពី​ថៅកែ​សំណង់នោះ​ឡើយ។

អ្នកនាង ស៊ីនួន និយាយ​ថា៖ «គាត់​ថា ចាំ​ផ្ញើ​តាម​វីង​មក​ឱ្យ តែ​អត់​ឃើញ​ទេ។ តេ ​[ទូរសព្ទ​] ទៅ ​ក៏​អត់​លើក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ