ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរចំនួន២នាក់ទៀតដែលទើបត្រឡប់មកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយទេ កាលពីថ្ងៃម្សិលមិញ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះថា ក្នុងចំណោមបុរសជាពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ទាំងពីរនាក់នោះ មានម្នាក់អាយុ២៦ឆ្នាំ រស់នៅខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ និងម្នាក់ទៀត អាយុ២៥ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ មកដល់កម្ពុជា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ក្រសួងបន្តថា មិនមានករណីជាសះស្បើយទេនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
គិតមកដល់ថ្ងៃម្សិលមិញ មានពលករខ្មែរចំនួន២០នាក់ហើយដែលមកពីប្រទេសថៃ និងត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ ក្រោយប្រទេសថៃមានការរីករាលដាលកាន់តែច្រើននៃការឆ្លងជំងឺនេះចាប់តាំងពីជិត៣សប្តាហ៍មុនមក។
បើតាមក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញសរុបនៅកម្ពុជា មានចំនួន៣៨៥នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា ចំនួន២៣នាក់៕