នាយក​​រដ្ឋ​មន្ត្រី​ ចាត់​ទុក​​ជ័យ​​ជម្នះ​៧​មករា​ជា​ដើម​​ចម​​នៃ​​ភាព​​រីក​ចម្រើន​​កម្ពុជា​​ដល់​​សព្វ​ថ្ងៃ​

លោក ហ៊ុន សែន នៅក្នុងទិដ្ឋភាពការប្រារព្ធខួប៧មករា ខួបលើកទី៤០ឆ្នាំ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ (រូបភាព៖ ជន ចាន់រ៉ែន)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ខួប៤២ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ «៧ មករា ឆ្នាំ១៩៧៩» ដោយ​ចាត់ទុកថា ជា​ថ្ងៃ​ដែល​នាំ​ឱ្យ​កម្ពុជា​មានការ​រីកចម្រើន មានមុខមាត់​ដល់​សព្វថ្ងៃ ខណៈ​អ្នក​តាមដាន​ស្រាវជ្រាវយល់ថា ថ្ងៃ៧មករា គ្រាន់តែ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ដោយ​ថា ​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​រីកចម្រើន​ដល់​សព្វថ្ងៃ​ គឺ​បាន​មក​ពី​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទីក្រុងប៉ារីស​ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ 

ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជានា​យក​រដ្ឋមន្ត្រី​ផង​នោះ លោក ​ហ៊ុន សែន បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​សប៊ុករបស់​លោក នា​ព្រឹក​ថ្ងៃទី៧ ខែមករា​នេះ ដោយ​បាន​រំឭក​ពី​ការ​លំបាក វិនាសកម្ម ការបាត់បង់​ជីវិត​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ក្នុង​របប​ខ្មែរក្រហម និង​ការ​តស៊ូ​រំដោះប្រទេស​ដោយ​បក្ស​ប្រជាជន​កម្ពុជា។ 

លោក​សរសេរ​ថា៖ «ក្រោយពី​ប្រទេសជាតិ ត្រូវ​បាន​រំដោះ​ចេញផុត​ពី​របប​ឃោរឃៅ​ព្រៃផ្សៃ​មួយ​នេះ នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេសជាតិ​ទាំងមូល​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ រីកចម្រើនគ្រប់​វិស័យ​មកទល់​សព្វថ្ងៃ »។

ហាក់​ប្លែក​ជាង​ឆ្នាំ​មុន​ៗ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​រំឭក​ពី​គុណសម្បត្តិ​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​វាយ​រំលំ​ខ្មែរក្រហម ប៉ុន្តែ​នា​ឆ្នាំនេះ លោក​ពុំ​បាន​មាន​សំណេរ​អ្វី​ដែល​រំឭកទាក់ទង​នឹង​វៀតណាម​នោះ​ទេ។ 

មុន​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ខួប​ថ្ងៃ៧មករា ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ៥ ខែមករា បាន​សរសេរ​សារ​ដ៏​វែង​មួយ​ពី​ទំនាក់ទំនងនិង​វឌ្ឍនភាព​រវាង​ប្រទេស​ទាំងពីរមកដល់​សព្វថ្ងៃ បន្ទាប់ពី​ការ​ដួល​រលំ​ទៅ​នូវ​របប​ខ្មែរក្រហម។ 

ស្ថានទូត​វៀតណាម ក៏បាន​រំឭក​ពី​គុណសម្បត្តិ​របស់​ប្រទេស​វៀតណាមចំពោះ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖ «ការ​ប្រយុទ្ធ​គ្នា​យ៉ាង​លំបាក និង​ដោយមាន​ការ​លះបង់​ខ្ពស់​របស់​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ជាច្រើន​កង និង​កម្លាំងប្រដាប់អាវុធ​បដិវត្ត​កម្ពុជា បាន​ជួយ​ឱ្យ​កម្លាំងប្រដាប់អាវុធ​កម្ពុជា​ខ្លួនឯង​កាន់តែ​ខ្លាំង​ឡើងនិង​អាច​ការពារប្រទេស​បាន។ ពី​ភាព​ជាក់ស្តែង​នេះ យោង​តាម​កិច្ច​ព្រមព្រៀង​រវាង​បក្សនិង​រដ្ឋ​នៃ​ប្រទេស​ទាំងពីរនា​ឆ្នាំ១៩៨៩ វៀតណាម​បានសម្រេច​ដក​កងទ័ព​ស្ម័គ្រចិត្ត​ទាំងអស់ដែល​បាន​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ដ៏​រុងរឿង​របស់​ខ្លួន​ពី​កម្ពុជា»។ 

បើ​ទោះបី​គណបក្សប្រជាជន​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ចាត់ទុក​ថ្ងៃ«៧មករា»​ជា​ថ្ងៃ​រំដោះ ដែល​នាំ​ឱ្យ​ប្រជាជន​កម្ពុជា​រួចពី​ការ​ស្លាប់ និង​នាំ​ឱ្យ​មាន​ភាព​រីកចម្រើន​ដល់​សព្វថ្ងៃ​នេះ​ក៏ដោយ តែ​សម្រាប់​ពលរដ្ឋខ្មែរ​មួយចំនួនបាន​ចាត់ទុក​ថ្ងៃនេះ​ជា​ថ្ងៃដែល​វៀតណាម​ឈ្លានពាននិង​រំលោភ​លើ​បូរណភាពទឹកដី​កម្ពុជា​ទៅវិញ។ 

ក្នុង​សេចក្តី​ថ្លែងការណ៍ ចុះ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ចាត់ទុកថា​ ថ្ងៃ៧មករា គឺជា​ថ្ងៃ​ដែល​លើ​កតម្កើ​ងន​យោ​បាយ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា ដោយ​ចាត់ទុកថា មានតែ​សន្ធិសញ្ញា​សន្តិភាពទីក្រុងប៉ារីស «២៣ តុលា ឆ្នាំ១៩៩១» ប៉ុណ្ណោះ ទើប​ជា​ឧបករណ៍​គតិយុត្តិ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​រួបរួម​គ្នា បញ្ឈប់​ការឈ្លានពាន បង្កើត​ឱ្យ​មានការ​រីកចម្រើន មាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្នុង​សេចក្ដីថ្លែង​ការណ៍នោះលើកឡើង​ថា៖ «យើងខ្ញុំ​ប្រកាន់​ជំហរ​ថា ថ្ងៃ៧មករា​នេះ ត្រូវ​លុបចេញ​ពី​ទិវា​បុណ្យជាតិ ហើយ​យក​ថ្ងៃទី២៣តុលា ជា​ទិវា​បុណ្យជាតិ​ជំនួស​វិញ»។ 

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍសង្គម និង​ជា​សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត សេង សារី យល់ថា រវាង​ «ថ្ងៃ៧មករា» និង «​ថ្ងៃ២៣តុលា» គឺជា​ថ្ងៃ​សំខាន់​នៃ​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ដូចគ្នា ដោយ​មួយ​ជា​ថ្ងៃ​ដែល​រំដោះ​ពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​មួយ​ជា​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​រួប​រួមគ្នា ឯកភាពជាតិទឹកដី។ 

ទោះជាយ៉ាងណា លោក​យល់ថា ការ​រីកចម្រើន​មកដល់​សព្វថ្ងៃ​នៃ​កម្ពុជា គឺ​បាន​មក​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្ងៃទី២៣ ខែតុលា ទៅវិញ​ទេ ដោយសារតែ​កិច្ច​ព្រមព្រៀង​នេះ​ហើយ ទើប​អន្តរជាតិ​ផ្ដល់​ជំនួយ​ជាច្រើន​ពាន់​លាន​ដុល្លារ​មក​កម្ពុជា ដើម្បី​ឱ្យ​ប្រទេស​នេះ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន។ 

លោក​មានប្រសាសន៍​ថា៖ «រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​សម័យ៧៩ ដែល​យើង​ហៅថា សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បូក​ជាមួយ​នឹង​រដ្ឋកម្ពុជា យើង​ឃើញថា កំណើន​សេដ្ឋកិច្ច​មិន​មាន​អ្វី​ប្រែប្រួល​ទេ យើង​មាន​ហូប​ល្មម​ មិន​ឆ្អែត​ពេក​ទេ។ ក៏ប៉ុន្ដែ​មកដល់​ឆ្នាំ១៩៩៣ ក្រោយ​ការចរចា​បោះ​ឆ្នោត​លើក​ទី១ រៀបចំ​ដោយ​អ៊ុន​តាក់​នេះ​ យើង​ឃើញថា ​កំណើន​សេដ្ឋកិច្ច​កើនឡើង​ដោយសារតែ​លំហូរ​នៃ​ជំនួយបរទេស​មក​កម្ពុជា​ដើម្បី​ស្ដារ​ឡើងវិញ»។ 

លោក​បាន​បន្ត​ទៀត​ថា៖ «ព្រោះ​នៅក្នុង​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស ក៏​មាន​ចំណុច​មួយ​ដែល​សរសេរ​តម្រូវ​ឱ្យ​ម្ចាស់​ហត្ថលេខី​ជួយ​ធ្វើ​ម៉េច​អភិវឌ្ឍ​កម្ពុជានិង​ស្ដា​រឡើង​វិញ​នូវ​សេដ្ឋកិច្ច​កម្ពុជា។ អ៊ីចឹង​បើ​យើង​មើល​ពីរ​មុំ​ហ្នឹង យើង​ឃើញថា លទ្ធផល​នៃ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច គឺ​វា​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ថ្ងៃ២៣តុលា បើ​គ្មាន​ថ្ងៃនេះ​ទេ សេដ្ឋកិច្ច​ទីផ្សារសេរី មិន​អាច​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ទេ»។ 

ក្រោយ​វាយ​ផ្ដួល​រំលំ​នៃ​របប​ខ្មែរក្រហម ​ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រទេស​កម្ពុជា​ត្រូវ​បែងចែក​ជា៤ភាគី ​ដែល​មាន​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​បាន​គាំទ្រ​ដោយ​វៀតណាម, ​សហភាពសូវៀត ត្រូវ​ប្រឈម​នឹង​ក្រុម​នយោបាយមក​ពី​គណ​បក្ស​ ហ៊្វុន​ស៊ិន​ប៉ិច​ របស់​សម្ដេច​សីហនុ, កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម និង​រណសិរ្សរំដោះជាតិ​ប្រជាជន​ខ្មែរ​របស់​លោ​ក សឺន សាន ដែល​មានការ​គាំទ្រ​ពី​ប្រទេស​ចិននិង​សហរដ្ឋអាមេរិក។

ពីឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៩០ ឆ្លងកាត់​ការរារាំង​សេដ្ឋកិច្ច និង​ជំនួយ​រាប់​ឆ្នាំ រួម​ទាំង​ការ​ធ្វើសង្គ្រាម​សម្លាប់​គ្នាឯង​មិន​ចេះ​ចប់​នោះ ភាគី​ទាំង៤ បានសម្រេច​ចូល​តុ​ចរ​ចា ​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ។ ការ​ចារ​ចា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​របស់​ខ្មែរ​នេះ មាន​ប្រទេស​ចំនួន១៨ ធ្វើជា​ហត្ថលេខី ក្នុង​នោះ​ក៏​មាន​មហា​អំ​ណាច​ធំៗ​ទាំង៥ផង​ដែរ ដែល​បានសម្រេច​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ច​ព្រមព្រៀង​នេះ​ហើយដែល​តម្រូវ​ឱ្យ​ប្រទេស​ហត្ថលេខី​ទាំងនោះមាន​ភារកិច្ច​ជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ។ ទោះជាយ៉ាងណា ថ្ងៃ​រំឭក​ពី​កិច្ច​ព្រមព្រៀង២៣តុលានេះ លែង​មាន​ទៀតហើយ​ចាប់តាំងពី​ឆ្នាំ២០១៩មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ