អាកាស​ធាតុ​​នឹង​​ចុះ​​ត្រជាក់​​ក្រោម​២០​អង្សា​រ​ចាប់​ពី​​ថ្ងៃ​ស្អែក​​ដល់​​ថ្ងៃ​១៧​មករា​​

នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នា​ពេលរសៀល មាន​ភ្លៀង​ធ្លាក់​កម្រិតមធ្យម​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។ (​ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម​/Ministry of Water Resources and Meteorology​)

ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ឱ្យ​ដឹង​ថា អាកាសធាតុ​នៅ​កម្ពុជានឹង​ចុះ​ត្រជាក់​ក្រោម២០​អង្សា​រ ចាប់ពី​ថ្ងៃស្អែក ដល់​ថ្ងៃទី១៧ ខែមករា ដោយ​ថា បណ្ដាលមកពី​ទ្រនុង​សម្ពាធ​នៅ​ភាគ​ខាងជើង​ធ្លាក់ចុះ ដែល​នាំមក​នូវ​ធាតុ​ត្រជាក់​ពី​តំបន់​ស៊ី​ប៊ី​រី ប្រទស​រុស្ស៊ី បូក​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ពី​ស្ថានភាព​អាកាសធាតុ ចុះ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យ​ដឹង​ថា តំបន់​វាលទំនាប រួមមាន ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ និង​ខេត្តតាកែវ សី​តុ​ណ្ហ​ភាព​នឹង​ចុះ​ត្រជាក់​នៅ​រង្វង់ ១៣ ដល់ ១៥ អង្សា​រសេ។ មានតែ​រាជធានី​ភ្នំពេញ​មួយ​ប៉ុណ្ណោះ​ ដែល​ក្រសួង​បញ្ជាក់​ថាមាន​សីតុ​ណ្ហ​ភាព១៦អង្សា​រ។ 

សម្រាប់​តំបន់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​ ដែល​រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្តពោធិ៍សាត់ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ចន្លោះ​ពី ១១ ទៅ ១៣ អង្សា​រសេ លាយឡំ​ជាមួយ​ខ្យល់ខ្លាំង ខណៈ​តំបន់​សមុទ្រ ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​កោះកុង អាកាសធាតុ​នឹង​ចុះ​នៅក្នុង​រង្វង់ ១៧ ដល់ ១៩ អង្សា​រសេ ជាពិសេស​នៅ​ថ្ងៃទី១២ ផ្ទៃសមុទ្រ​នឹង​មាន​ខ្យល់បក់​ខ្លាំង រួម​ជាមួយ​រល​កខ្ពស់​ៗ។ 

ជាមួយគ្នា​នេះ​ដែរ ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​កងទ័ពនិង​ពលរដ្ឋ​ដែល​រស់នៅនិង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំដងរែក ខ្ពង់រាប​ភា​គឦសាន្ត និង​តាម​សមុទ្រ ឱ្យ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាសធាតុ​ចុះ​ត្រជាក់និង​ខ្យល់ខ្លាំង​នេះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ