សមត្ថ​កិច្ច​​បង្ក្រាប​​គ្រឿង​ញៀន​​បាន​​ជាង​៣​ពាន់​​គីឡូ​ក្រាម​ក្នុង​​ឆ្នាំ​២០២០​ កើន​​ជាង​​ឆ្នាំ​​ចាស់​៤​ដង​

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​សមត្ថកិច្ច​ជំនាញ ក្នុងរយៈពេល​ពេញ​មួយឆ្នាំ២០២០ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​១ម៉ឺន​ករណី ក្នុង​នោះបាន​ចាប់ខ្លួន​មនុស្ស​ជាង២ម៉ឺន​នាក់ និង​គ្រឿងញៀន​ជាង៣ពាន់​គីឡូក្រាម ដែល​ចំនួន​បទល្មើស​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុន។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ដែល​វី​អូ​ឌី​ទទួល​បាន​កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឱ្យដឹង​ថា ក្នុង​ឆ្នាំ២០២០នេះ សមត្ថកិច្ច​ជំនាញ បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប ១០ ៤៦១ ករណី និង​រឹបអូស​បាន​វត្ថុ​តាង​គ្រឿងញៀន​ចំនួន ៣ ១៨៩ គីឡូក្រាម និង​សារធាតុគីមី​ផ្សំ​ចំនួន ៥ ០២៥ គីឡូក្រាម។

របាយការណ៍​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន ២១ ៥៦៦ នាក់ (ជនបរទេស ៣៨៩ នាក់​) ក្នុង​នោះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ កែច្នៃ រក្សាទុក និង​ដាំដុះ​ចំនួន ១២ ៧៣៩ នាក់ និង​អ្នកប្រើ​ប្រាស់​ចំនួន ៨ ៨២៧ នាក់។

ក្រៅពីនោះ របាយការណ៍​ថា សមត្ថកិច្ច​ជំនាញ​ក៏បាន​រឹបអូស​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មួយចំនួន​ដែរ រួមមាន រថយន្ត​ចំនួន ១៦០ គ្រឿង​, ម៉ូតូ ២ ៨៣១ គ្រឿង​, ទូរសព្ទ ៨ ៦១២ គ្រឿង​, ជញ្ជីង ៥៧៩ គ្រឿង​, អាវុធ​ខ្លី ៣២ ដើម​, អាវុធ​វែង ២៦ ដើម រួម​នឹង​វត្ថុ​តាង​មួយចំនួន​ទៀត។

តួលេខ​ប្រចាំឆ្នាំ២០២០ ដែល​ផ្តល់​ដោយ​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នេះ បាន​បង្ហាញ​ពី​ការ​កើនឡើង​ប្រមាណ៤ដង​នៃ​គ្រឿងញៀន​ដែល​រឹបអូស​បាន និង​កើនឡើង​ប្រមាណ៥ភាគរយ​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន បើ​ធៀប​នឹង​ឆ្នាំ២០១៩។

កាលពី​ឆ្នាំ២០១៩ សមត្ថកិច្ច​ជំនាញ​បង្ក្រាប​គ្រឿងញៀន បាន​ចំនួន ៩ ៨០៦ ករណី ឃាត់ខ្លួន​មនុស្ស ២០ ៤៩០ នាក់ (ជនបរទេស ៤៤៧ នាក់​) និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ៧៥០ គីឡូក្រាម ដែល​ចំនួន​នេះ​កើនឡើង​ជិត ៣០​% ទៅ​ហើយ​បើ​ធៀប​នឹង​ឆ្នាំ២០១៨ នេះ​បើ​យោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ២០១៩

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​ មាស វី​រិទ្ធិ មានប្រសាសន៍​ថា ក្នុង​ឆ្នាំនេះ​ដែរ សមត្ថកិច្ច​ក៏បាន​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ចំនួន៥កន្លែង និង​ឃ្លាំង​មួយ​កន្លែងក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​រឹបអូស ខណៈ​ដែល​ឈ្មួញ​បាន​យក​ទីតាំង​ទាំងនោះ​ដើម្បី​ផលិត​គ្រឿងញៀន។

លោក​បន្ត​ថា៖ «មាន​មេ​ខ្លោង ​[ជួញដូរ​គ្រឿងញៀន​] នៅក្នុង​ប្រទេស ប៉ុន្តែ​ចំពោះ​មេ​ខ្លោង​អន្តរជាតិ ទាល់តែ​មាន​ចំណាត់ការ​ជាមួយ​ប្រទេស​ដែល​មានការ​ពាក់ព័ន្ធ»។

នាយក​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន លោក វ៉េ​ត វាល់​ដា បាន​ថ្លែង​ថា ការ​កើនឡើង​នៃ​ករណី​គ្រឿងញៀន ក៏បាន​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​នេះ​កើនឡើង​នូវ​ចំនួន​អ្នក​មក​បន្សាប​គ្រឿងញៀន​ដែរ ជាពិសេសនៅ​ត្រីមាស​ទី២ និង​ទី៣ នៃ​ឆ្នាំ២០២០។

លោក​បន្ត​ថា មជ្ឈមណ្ឌល​បច្ចុប្បន្នមាន​អ្នកជំងឺ​ជាង២០០នាក់ ខណៈ​ដែល​មជ្ឈមណ្ឌល​នេះ​ផ្ទុក​អ្នកជំងឺ​បាន​ត្រឹមតែ២៥០ទៅ៣០០នាក់​ប៉ុណ្ណោះ។

នាយក​មជ្ឈមណ្ឌល​រូប​នេះបន្ថែម​ថា នៅពេល​ដែល​យុវជន​សេព​គ្រឿងញៀន ចាប់ផ្ដើម​ចូល​ទៅ​បន្សាប​គ្រឿងញៀន​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ដំបូង ពួក​គេ​មាន​អាកា​របែកពពុះមាត់ មិន​ងងុយគេង និង​តែង​រករឿង​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដែល​ទាំងនេះ​ជា​បញ្ហា​ប្រឈម​មួយ​របស់​ក្រុមការងារ​របស់​លោក​ផង​ដែរ។

លោក អ៊ិ​នសី​ក ស៊ី​ម (Inshik Sim​) មន្ត្រី​វិភាគ​គ្រឿងញៀន​ខុសច្បាប់​នៃ​អង្គការសហប្រជាជាតិ បាន​លើកឡើង​នៅក្នុង​សារ​អេឡិចត្រូនិច ​(អ៊ីម៉ែ​ល) ប្រាប់​វី​អូ​ឌី​ថា ការ​កើនឡើង​នូវ​បទល្មើស​គ្រឿង​ញៀនេះ អាច​ជា​ភស្តុតាង​បាន​ចង្អុលបង្ហាញ​ថា និន្នាការ​ឆ្ពោះទៅ​រក​ការប្រើ​ប្រាស់​ថ្នាំញៀន​ដែល​មានតម្លៃ​ថោកនិង​សម្បូរ​បែប បាន​រីក​រាលដាល​នៅ​ពាសពេញ​ប្រទេស​កម្ពុជា។

លោក​ថា៖ «ការ​កើនឡើង​នៃ​ការ​រឹបអូសនិង​ការ​ចាប់ខ្លួន ត្រូវ​បាន​គេ​សង្កេតឃើញ​នៅ​ទូទាំង​ប្រទេសក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មានន័យថា តំបន់​នេះមិន​អាច​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ការផលិត​គ្រឿងញៀន​ខុសច្បាប់និង​គម្រោង​របស់​ឧក្រិដ្ឋជន​នោះ​ទេ»។

អ្នកវិភាគ​រូប​នេះបាន​បន្ត​ទៀត​ថា ក្រុម​ឧក្រិដ្ឋជនកំពុងតែ​ជំរុញ​ឱ្យ​ថ្នាំ​មានតម្លៃ​ថោកដើម្បី​ចូល​ទៅ​ក្នុង​ទីផ្សារ ស្រប​ពេល​ដែល​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ទុកជាមុន ហាក់​មិនទាន់​បាន​ឆ្លើយតប​គ្រប់គ្រាន់​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ