កសិករ​​មួយ​ចំនួន​​នៅ​​កំពង់ធំ​​ថា​​ទិន្នផល​​ស្រូវ​​ធ្លាក់​ចុះ​​ព្រោះ​​គ្រោះ​​រាំង​ស្ងួត​​អូស​​បន្លាយ​​យូរ​

លោក កែម នឿន កំពុងតែកាប់ដីដាំដំបូងបន្ទាប់ពីការប្រមូលផលស្រូវរួចរាល់។ (សៀន សុខនី)

ប្រជាកសិករ​មួយចំនួនរស់នៅ​ស្រុក​តាំងគោក ខេត្តកំពង់ធំ ត្អូញត្អែរ​ពី​ទិន្នផល​ស្រូវធ្ងន់​ឬស្រូវវស្សា ធ្លាក់ចុះ​ជាង​ឆ្នាំមុន ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ឆ្នាំនេះ​បាន​អូស​បន្លាយ​រយៈពេល​យូរ។

កំពុង​ឱន​ច្រូតស្រូវ​យ៉ាង​ញាប់ដៃញាប់ជើង ដើម្បី​ប្រមូល​ផល​ស្រូវសម្រាប់​បម្រុងទុក​ជា​ស្បៀងនិង​សម្រាប់​លក់ អ្នកស្រី ចិន ផល្លី អាយុ៥៣ឆ្នាំ ជា​កសិករ​នៅ​ភូមិ​ទួល​ពភ្លា ឃុំ​ស្រឡៅ ស្រុក​តាំងគោក ឱ្យ​ដឹង​ថា ឆ្នាំនេះ គាត់​បាន​ដាំដុះ​ស្រូវវស្សា លើ​ផ្ទៃដី​ចំនួន៤ហិ​កតា ដោយ​ទទួល​បាន​ទិន្នផល​ស្រូវ​ចំនួន២តោន​កន្លះ​ក្នុង​មួយ​ហិ​កតា។

អ្នកស្រី​បន្ត​ថា ទិន្នផល​ស្រូវ​ឆ្នាំនេះមានការ​ធ្លាក់ចុះ​កន្លះ​តោនក្នុង​ដី​មួយ​ហិ​កតា បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនដែល​អ្នកស្រី​ធ្វើ​បាន​ទិន្នផល៣តោន​ក្នុង​មួយ​ហិ​កតា។

អ្នកស្រី ចិន ផល្លី ជា​កសិករ​នៅ​ភូមិ​ទួល​ពភ្លា ឃុំ​ស្រឡៅ ស្រុក​តាំងគោក កំពុងតែច្រូតស្រូវ។ (សេន តុលា)

អ្នកស្រី​ថា៖ «និយាយ​ឱ្យ​មែន​ទៅ ស្រូវ​ឆ្នាំនេះ វា​ថយ​ផល​តែ​ស្រូវធ្ងន់ ​[ស្រូវវស្សា​]ទេ ដោយសារ​ភាពរាំងស្ងួត​វា​មាន​រយៈពេល​យូរ​ខែ​ពេក ប៉ុន្តែ​សម្រាប់​ស្រូវស្រាល​[ស្រូវ៣ខែ​] វាទ​ទួល​បានផល​ច្រើន»។

អ្នកស្រី​បន្ត​ថា៖ «វា​មាន​ឧបសគ្គ​បន្តិច​មែន តែ​អារម្មណ៍​នៅ​ចង់​ធ្វើ​ដដែល ដោយសារ​យើង​ជា​អ្នកស្រែ ធ្វើ​បាន​ទៅ មាន​លុយ​កាន់​ពេញ​ៗដៃ ចង់​ធ្វើ​ដែរ​ហ្នឹង ដោយសារ​សម័យ​ឥលូវ វា​ស្រួល ចំណាយ​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​កម្លាំង​យើង​វា​ស្រួល ហើយ​មិនជា​ខ្ជិល​ប៉ុន្មាន​នោះ​ទេ»។

ទោះ​យ៉ាងណា អ្នកស្រី ចិន ផល្លី បាន​ផ្អាក​ធ្វើ​ស្រូវស្រាល​នៅ​ឆ្នាំនេះ​មួយឆ្នាំ ដោយសារតែ​មិន​ចំណេញ ហើយ​ត្រូវ​ចំណាយ​កម្លាំងនិង​ពេលវេលា​ច្រើន ព្រោះ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ។ 

កសិករ​មួយ​រូប​ទៀត លោក កែម នឿន អាយុ៤០ឆ្នាំ ក៏បាន​ត្អូញត្អែរ​ដែរ​ថា ទិន្នផល​ស្រូវធ្ងន់​របស់​លោកនៅ​ឆ្នាំនេះបាន​ធ្លាក់ចុះ​ច្រើន ដោយសារតែ​កត្តា​គ្រោះ​ធម្មជាតិ​រាំងស្ងួត​យូរ​ពេក កត្តា​សត្វ​កណ្តុរ សត្វល្អិត និង​វាលស្រែ​មាន​ស្មៅ​ដុះ​ច្រើន។

លោក​ថា៖ «កត្តា​ទាំងអស់​នេះ​ហើយ ដែល​វា​បាន​ធ្វើ​ឱ្យ​ស្រូវ​របស់ខ្ញុំ​ក្នុង​ឆ្នាំនេះ ពុំសូវ​ជា​បានផល​ដូច​ឆ្នាំ​រាល់ដង»។

បែនស្រូវ​បណ្ដើរ និយាយ​បណ្ដើរ លោក កែម នឿន បង្ហាញ​ការ​មិន​សប្បាយចិត្ត ដោយសារតែ​ការ​ប្រមូល​ផល​ស្រូវវស្សា​របស់​លោក ទទួល​បាន​ទិន្នផល​តែ២តោន​កន្លះ​ប៉ុណ្ណោះលើ​ផ្ទៃដី​ស្រែ​ទំហំ២ហិក​តា ខណៈ​ឆ្នាំមុន លោក​ធ្វើ​បាន​ចន្លោះ​ពី២តោនទៅ២តោន​កន្លះ​ក្នុង​មួយ​ហិ​កតា។

លោក​ថា៖ «រាល់​ឆ្នាំ​ជួប​​ផល​ប៉ះពាល់​ដែរ តែ​វា​មិន​ដូច​ឆ្នាំនេះ​ពេក ធ្វើស្រែ​រំពឹង​មេឃ ជួន​បាន​ជួន​អត់​តែ​ប៉ុណ្ណឹង»។

អ្នកភូមិ​ដែល​រស់នៅ​ក្នុង​ឃុំ​ស្រឡៅ​ភាគច្រើន ប្រកបរបរ​ធ្វើស្រែ​ចម្ការ និង​និយម​ធ្វើ​ស្រូវស្រាល ដោយសារតែ​ស្រូវ​ប្រភេទ​នេះ​មាន​រយ:ពេល​ខ្លីនិង​ឆាប់​បាន​ប្រមូល​ផល ហើយ​លក់​ក្នុង​មួយ​គីឡូ ទទួល​បាន​ប្រាក់​ចន្លោះ​ពី១២០០រៀល ដល់១៥០០រៀល។

កសិករ​ទាំងនោះបាន​បញ្ជាក់​ថា ពួក​គាត់​ធ្វើ​ស្រូវស្រាល​សម្រាប់​លក់ និង​ស្រូវវស្សា​សម្រាប់​ទុក​ទទួលទាន​ក្នុង​គ្រួសារ។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយពី​ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ លោក ប៉ែន វណ្ណ​រិទ្ធ ជុំវិញ​បញ្ហា​នេះ​បានទេ។ 

ចំណែករដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន បាន​ថ្លែងប្រាប់​វី​អូ​ឌី កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា សម្រាប់​ការ​ប្រមូល​ទិន្នផល​ស្រូវ​ទូទាំង​ប្រទេសក្នុង​ឆ្នាំនេះ មានការ​កើនឡើង​ច្រើន ប៉ុន្តែ​ក៏​មាន​ប្រជាកសិករ​ខ្លះទទួល​បាន​ទិន្នផល​ស្រូវ​ថយ​ចុះ​ផង​ដែរ ដោយសារតែ​ពួក​គាត់​ធ្វើស្រែ​ពឹងផ្អែក​តែ​លើទឹក​ភ្លៀង។ 

លោក​មានប្រសាសន៍​ថា៖ «បើ​ចង់​មាន​ដំណោះស្រាយ​ទៅលើ​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ទៅលើ​ការ​ផ្គត់ផ្គង់​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​នោះ លុះត្រា​ណាមាន​ថវិកា​គ្រប់គ្រាន់។ បើ​យើង​មាន​ប្រព័ន្ធ​ស្រោចស្រព ​អាច​ទទួល​បាន​រហូតដល់៣ទៅ៤តោន​ ក៏មានដែរ»។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម គិត​ចាប់ពី​ដើមឆ្នាំ​ដល់​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការ​ប្រមូល​ផល​ស្រូវវស្សា សម្រេច​បាន​ចំនួន ២ ៧៩០ ៨២៩ហិកតា ស្មើ​នឹង ១០៧,៨៣​% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០ ហិ​កតា ច្រើនជាង​ឆ្នាំមុន ៥៩ ៥១៤ ហិ​កតា។

របាយការណ៍​ដដែល​បន្ត​ថា ទន្ទឹម​នឹង​លទ្ធផល​សម្រេច​បាន​នេះ ដំណាំស្រូវ​នៅ​តាម​បណ្តា​រាជធានី​-ខេត្ត​មួយចំនួន បាន​ទទួលរង​គ្រោះ​ដោយ​គ្រោះ​រាំងស្ងួតនិង​គ្រោះ​ទឹកជំនន់​ជាបន្តបន្ទាប់ ដែល​បាន​បង្ក​ឱ្យ​ប៉ះពាល់​លើ​ផ្ទៃដី​ផលិតកម្ម​ស្រូវ​ចំនួន ៣១០ ៥១៤ ហិ​កតា ក្នុង​នោះបណ្តាល​ឱ្យ​ខូចខាត ១២៧ ១២១ ហិ​កតា​៕

​អត្ថបទ​ដោយ៖ សេន តុលា​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ