តុលាការខេត្តកំពត បានសម្រេចនៅព្រឹកថ្ងៃនេះ ឱ្យស៊ើបអង្កេតឡើងវិញលើសំណុំរឿងបាក់រលំសំណង់អគារកម្ពស់៧ជាន់នៅខេត្តកែប កាលពីជាង១ឆ្នាំមុន ប៉ុន្តែជនរងគ្រោះបានស្នើតុលាការខេត្តនេះបញ្ចប់ដំណើរការក្ដីសំណុំរឿងមួយនេះឱ្យបានឆាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកគេនិងទទួលបានសំណងបន្ថែមសម្រាប់ព្យាបាលរបួសលើរាងកាយ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារមួយកន្លែង ស្ថិតនៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប បណ្តាលឱ្យមនុស្ស៣៦នាក់ស្លាប់ ក្នុងនោះមានកុមារ៦នាក់ និងបណ្តាលឱ្យមនុស្ស២៣នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។
នៅព្រឹកនេះ សាលាដំបូងខេត្តកំពត បានប្រកាសសេចក្តីសម្រេចនៅចំពោះមុខមេធាវីតំណាងជនរងគ្រោះចំនួន៤រូប និងជនរងគ្រោះ៥រូប ប៉ុន្តែអវត្តមានភាគីម្ចាស់សំណង់អគារ។
នៅចំពោះមុខអ្នកចូលរួម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពត លោក ម៉ែន វណ្ណៈ បានអានសេចក្ដីសម្រេចដែលបញ្ជាឱ្យមានការស៊ើបអង្កេតឡើងវិញលើសំណុំរឿងនេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរេត ប្រាប់ថា លោកមិនទាន់ទទួលបានសេចក្ដីសម្រេចរបស់ចៅក្រមនៅឡើយទេនៅព្រឹកថ្ងៃនេះ ហើយលោកមិនបានឆ្លើយតបនោះឡើយរហូតដល់រសៀលថ្ងៃពុធនេះ។
អនុប្រធានសាលាដំបូងខេត្តកំពត និងជាប្រធានចៅក្រមជំនុំជម្រះ លោក ម៉ែន វណ្ណៈ ប្រាប់ថា លោកជាប់រវល់ជំនុំជម្រះក្ដីមួយផ្សេងទៀត ហើយប្រាប់ឱ្យទាក់ទងទៅម្ដងទៀត ប៉ុន្តែលោកមិនបានឆ្លើយតបនោះឡើយរហូតមកដល់ល្ងាចថ្ងៃដដែលនេះ។
ក្រុមមេធាវី៤រូបមកពីក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធផ្ដល់សម្ភាសដល់អ្នកសារព័ត៌មាន ហើយបានប្រាប់ឱ្យសាកសួរទៅលោកមេធាវី គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តមួយនេះ។ លោក គី តិច មិនបានឆ្លើយតបនោះឡើយរហូតមកដល់ល្ងាចថ្ងៃពុធនេះ។
នៅក្រៅបរិវេណរបងសាលាដំបូងខេត្តកំពត ក្រោយការប្រកាសសេចក្ដីសម្រេចហើយ លោក សំ គឹមអាង អាយុ៥៦ឆ្នាំ ដែលជាជនរងគ្រោះមួយរូបបានបង្ហាញវត្តមាននៅតុលាការព្រឹកថ្ងៃនេះ បានប្រាប់វីអូឌីថា លោកចង់ឱ្យតុលាការខេត្តកំពតពន្លឿនដំណើរការកាត់សេចក្ដីនៃសំណុំរឿងមួយនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់រូបលោកនិងជនរងគ្រោះដទៃទៀត និងទទួលបានសំណងបន្ថែមសម្រាប់យកទៅព្យាបាលរបួសលើរាងកាយរបស់លោក។
លោក សំ គឹមអាង ប្រាប់ថា៖ «ចង់ឱ្យចៅក្រម [ដែលបញ្ជាឱ្យ] ស៊ើបអង្កេតឡើងវិញហ្នឹង ឆាប់កាត់ក្ដីទៅឱ្យជនរងគ្រោះឆាប់រហ័ស។ យើងពិបាកធ្វើដំណើរឆ្លងកាត់មក អត់បានរកស៊ីអីទេ ហើយការស៊ើបសួរហ្នឹងជាងមួយឆ្នាំហើយ។ ជនរងគ្រោះនៅទន្ទឹងរង់ចាំ មិនដឹងខែណាឆ្នាំណា»។
លោក គឹមអាង ដែលមានលំនៅឋានឯភូមិត្នោត ក្នុងស្រុកបន្ទាយមាស បានទៅធ្វើការងារជាជាងភ្លើងនៅជាន់ទី៥ នៃអគារកម្ពស់៧ជាន់ មុននឹងសំណង់អគារនោះបានបាក់រលំកាលពីរសៀលថ្ងៃទី៣ ខែមករា កាលពីឆ្នាំមុន។ បុរសរូបនេះបានលូនចេញពីគំនរបាក់បែកនៃសំណង់អគារប្រហែល៣០នាទីក្រោយពីសំណង់អគារបានបាក់រលំ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្តកែប។
លោក គឹមអាង ប្រាប់ថា គាត់បានរងរបួសបែកក្បាល៣កន្លែង រងរបួសត្រង់ស្មាឆ្វេង និងរបួសជើងផងដែរ។ បុរសរូបនេះប្រាប់បន្ថែមថា ក្បាលរបស់គាត់ប្រឈមមុខនឹងអាការស្ពឹកៗ ហើយភ្នែកទាំងគូរបស់គាត់បានធ្លាក់ចុះខ្សោយមើលមិនសូវឃើញច្បាស់នោះឡើយដោយសារការរងរបួសក្បាល ខណៈស្មានិងដៃខាងឆ្វេងរបស់លោកនៅតែឈឺចាប់និងមិនអាចកាន់អ្វីធ្ងន់បាននោះឡើយ។
លោក គឹមអាង និយាយបន្តថា៖ «[ខ្ញុំ] ចង់បានសំណងបន្ថែមពីម្ចាស់អគារ ដោយសារត្រូវការថវិកាយកទៅព្យាបាល យកទៅមើលជំងឺគ្រោះថ្នាក់ហ្នឹង»។
លោក អេ កុសល អាយុ៣៣ឆ្នាំ ជាអ្នករស់រានមានជីវិតម្នាក់ទៀតនៅក្នុងចំណោមអ្នករស់រានមានជីវិតសរុប២៣នាក់ នៅក្នុងហេតុការណ៍បាក់រលំអគារដ៏រន្ធត់នោះ។ បុរសរូបនេះបានប្រាប់ថា លោកបានចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការជាច្រើនលើកមកហើយចាប់តាំងពីឆ្នាំមុនមក ហើយជនរងគ្រោះជាច្រើនបានចូលរួមនៅក្នុងដំណាក់កាលដំបូងៗនៃនីតិវិធីរបស់តុលាការ ប៉ុន្តែលោកបានមើលឃើញចំនួនអ្នកចូលរួមកាន់តែតិចៗទៅ នៅពេលដំណើរការនីតិវិធីរបស់តុលាការកាន់តែអូសបន្លាយយូរទៅៗនោះ។
លោក អេ កុសល ប្រាប់ថា៖ «ខ្ញុំគ្រាន់តែសំណូមពរតែមួយសារទៀតឱ្យវាចប់ ដើម្បីកុំឱ្យលំបាកធ្វើដំណើរទៅមកៗ ព្រោះឆ្ងាយមិនងាយទៅមកៗ ព្រោះឈឺចង្កេះទៀតផង ចង់ឱ្យមួយសារទៀតឱ្យចប់។ ខ្ញុំស្មានថាចប់សារហ្នឹងហើយ តែសារហ្នឹងអត់ចប់ដដែល»។
បុរសរូបនេះបានធ្វើជាកម្មកររៀបការ៉ូនៅក្នុងសំណង់អគារកម្ពស់៧ជាន់នោះ ហើយលោកកំពុងសម្រាកពីការងារនៅជាន់ផ្ទាល់ដីនៃសំណង់អគារ មុននឹងអគារបាក់រលំកាលពីជាង១ឆ្នាំមុន។ លោក កុសល ត្រូវបានក្រុមជួយសង្គ្រោះរកឃើញនិងទាញចេញពីគំនរសំណង់បាក់បែកនៅម៉ោងជាង៤ព្រឹក ថ្ងៃទី៤ ខែមករា។ បុរសជាអ្នកភូមិមកពីស្រុកបន្ទាយមាសរូបនេះ បានរងរបួសត្រង់ចង្កេះ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកែប។
លោក កុសល ប្រាប់ថា លោកមិនអាចវិលត្រឡប់ទៅធ្វើការងារសំណង់វិញបាននោះឡើយ ដោយសាររបួសត្រង់ចង្កេះនៅតែបង្កការឈឺចាប់ដល់រូបលោកដដែល នៅពេលចាប់លើកបន្ទុកធ្ងន់ឬធ្វើដំណើរផ្លូវឆ្ងាយ។
លោក អេ កុសល និយាយថា៖ «វាជា [សះស្បើយហើយ] ប៉ុន្តែយើងធ្វើសំណង់ ធ្វើការងារអីធ្ងន់ៗអត់កើត។ ឥលូវនៅឈឺ។ ពេលអង្គុយបើកម៉ូតូមក នៅស្ពឹកចង្កេះ»។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងថា សំណុំរឿងមួយនេះមិនគួរត្រូវបានអូសបន្លាយយូរនោះឡើយ ដោយលោកថា ការសម្រេចបែបនេះនឹងធ្វើឱ្យអ្នករស់រានមានជីវិតនិងសាច់ញាតិជនរងគ្រោះ ធុញទ្រាន់និងបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធតុលាការ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «អ៊ីចឹង ម្នាក់ៗគាត់ទន្ទឹងរង់ចាំយុត្តិធម៌និងសំណងខ្លះសម្រាប់ពួកគាត់ហ្នឹង។ អ៊ីចឹង បើមានការអូសបន្លាយបន្ថែមទៀត វាធ្វើឱ្យពួកគាត់កាន់តែមានភាពអស់សង្ឃឹម ហើយឈានទៅបាត់បង់ជំនឿថា ពួកគាត់នឹងទទួលបានយុត្តិធម៌»។
នៅឯភូមិឈើទាល ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត អ្នកនាង ឡែ ស៊ីនួន អាយុ២៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតម្នាក់ទៀតនៅក្នុងហេតុការណ៍បាក់រលំអគារនោះ ប៉ុន្តែគាត់បាត់បង់បងស្រីបង្កើតម្នាក់អាយុ៤០ឆ្នាំ និងក្មួយស្រីម្នាក់ដែលទើបតែមានអាយុ១៦ឆ្នាំនៅឡើយនាពេលនោះ។ នៅចំថ្ងៃគម្រប់១ឆ្នាំនៃការបាក់រលំអគារនោះ អ្នកនាង ស៊ីនួន និងសាច់ញាតិបានរៀបចំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសទៅដល់បងស្រីនិងក្មួយស្រី។
ស៊ីនួន ដែលរងរបួសបែកក្បាល៣កន្លែង ចង្កេះនិងត្រកៀកនៅក្នុងឧបទ្ទវហេតុដ៏រន្ធត់នោះ ប្រាប់ថា ដំបូងៗ នាងបានចូលរួមតាមការកោះហៅរបស់តុលាការខេត្តកំពត ប៉ុន្តែនាងមិនបានទៅចូលរួមក្នុងដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ទៀតឡើយ ក្រោយពីនាងត្រូវបានកោះអញ្ចើញ៣លើកចុងក្រោយកាលពីឆ្នាំមុននោះ។
អ្នកនាង ឡែ ស៊ីនួន ប្រាប់ថា៖ «ខ្ញុំមិនដឹងដែរ គ្រាន់តែខាងភូមិឃុំមកប្រាប់អ៊ីចឹងថា ថ្ងៃនេះ ថ្ងៃនេះឱ្យឡើងទៅអ៊ីចឹង។ គេអត់មាននិយាយអីផង។ អត់មានគ្នាទៅ។ អ្នករងគ្រោះដទៃទៀតអត់ទេ [ធ្វើម៉េចបានប្អូនដឹងថា ជនរងគ្រោះដទៃទៀតអត់ទៅ] ព្រោះអីជួបគ្នាអ៊ីចឹង សួរទៅ គេថា អត់ទៅផង»៕