ល្បុក្កតោ​​រីក​​ដុះ​ដាល​​ឡើង​វិញ​​ដោយ​​ប្រែ​ប្រួល​​ទៅ​តាម​​ពេល​វេលា​​និង​​បរិបទ​​សង្គម​​

កូនសិស្ស​ក្នុង​សំណាក់​លោកគ្រូ អ៊ំ យ៉ុម កំពុងតែ​ហ្វឹកហាត់​ស្នៀតគុន​ល្បុក្កតោ នៅ​សាលា​ហ្វឹកហាត់​របស់​លោកគ្រូ​ផ្ទាល់។ (ហ៊ី ឆាយ​)

ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​៖ បន្ទាប់ពី​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​ និង​បាន​លាក់​ទុក​ឧបករណ៍​ភ្លេងបុរាណ​ដែល​បន្សល់ទុក​ពី​ឪពុក​របស់​លោក​នៅក្នុង​ដី លោកគ្រូ អ៊ំ យ៉ុម ជា​គ្រូ​ក្បាច់គុន​ម្នាក់​ក្នុងចំណោម​គ្រូ​ក្បាច់គុន​ល្បុក្កតោ​មួយចំនួន​តូច​ដែល​នៅ​រស់រាន​មានជីវិត​ បាន​ចំណាយពេល​បង្ហាត់​ជំនាញ​ដែល​លោក​ចេះចាំ​ដល់​ក្មេង​ៗជំនាន់​ក្រោយ ដោយ​លោក​ស្រ​មៃ​ចង់​ឃើញ​ក្បាច់គុន​មួយ​នេះ​មានការ​អភិវឌ្ឍ​ដូច​ក្បាច់គុន​នៅ​បណ្តា​ប្រទេស​ដទៃទៀត​ដែរ។

«ល្បុក្កតោ» ដែលគេ​និយម​សរសេរ​ថា «បុ​ក្ក​តោ» ដែរ​នោះ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​ដែល​នៅ​មានការ​ហ្វឹកហាត់​នៅឡើយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្បាច់គុន​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រវត្តិ​អតីតកាល​ ក៏ដូចជា​សម័យ​បច្ចុប្បន្ន​របស់​ខេត្ត​កំពង់ឆ្នាំង ដែល​មិន​ត្រឹមតែ​ល្បីល្បាញ​តាមរយៈ​សិល្បៈ​ស្មូន​កុលាលភាជន៍​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ធ្លាប់​ជា​បន្ទាយ​យោធា​ដ៏​រឹងមាំ​ពី​សម័យ​ដើម​ផង​ដែរ។

ក្បាច់គុន​បុរាណ​នេះ​រួមបញ្ចូល​នូវ​ស្នៀត​ប្រយុទ្ធ​ច្រើន​ ដូចជា​ការប្រើ​កែងដៃ ជង្គង់​ និង​ដាល់ ​រួម​ទាំង​ការប្រើ​អាវុធ​ផង​ដែរ។ ក្បាច់គុន​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ប្រយុទ្ធ​នៅក្នុង​សង្គ្រាម​ពី​សម័យ​បុរាណ​ផង​ដែរ ក្រៅពី​ជា​ប្រភព​នៃ​ការកម្សាន្ត​និង​ការប្រតិបត្តិ​តាម​បែប​សាសនា​នោះ។

បើ​ទោះបីជា​ក្បាច់គុន​នេះ​ធ្លាប់​ចាក់ឫស​គល់​នៅក្នុង​ជួរ​កងទ័ព​ក៏ដោយ ក៏​វត្តមាន​របស់​ក្បាច់គុន​ល្បុក្កតោ​ក្នុង​ប្រទេស​កម្ពុជា​បាន​បាត់បង់​បន្តិច​ម្តង​ៗ ដោយសារ​ប្រទេស​នេះ​ឆ្លងកាត់​សង្គ្រាម​និង​ចលាចល​សង្គម​ជាបន្តបន្ទាប់។ ក្នុង​របប​ខ្មែរក្រហម​ ជាស​ម័យ​កាលដែល​សិល្បករ​និង​អត្តពលិក​ក្លាយជា​គោលដៅ​នៃ​ការ​សម្លាប់​ ដោយសារតែ​ពួក​គេ​ត្រូវ​បាន​ចាត់ទុកជា​ផ្នែក​នៃ​ក្រុម​អភិជន​នោះ ក្បាច់គុន​ល្បុក្កតោ​ស្ទើរតែ​បាត់បង់​ទាំងស្រុង​ទៅ​ហើយ។

ក្រោម​ការណែនាំ​របស់​លោកគ្រូ អ៊ំ យ៉ុម សិស្ស​គុន​បាន​បង្ហាញ​ស្នៀត​ប្រយុទ្ធ​ដែល​បាន​ហ្វឹកហាត់​នៅ​ក្លឹប​ល្បុក្កតោ​មួយ​នៅក្នុង​ក្រុង​កំពង់​ឆ្នាំ​ង ដោយ​ពួក​គេ​បាន​ស្រែក​បន្ទរ​និង​ឈប់​បង្អង់ ដើម្បីធ្វើ​ចលនា​ទៅតាម​ការ​បញ្ជា​របស់​សិស្សច្បង។ 

អំឡុង​ពេល​ហាត់​សម​មួយ ក្មេងស្រី​ជំទង់​ម្នាក់​បាន​ប្រយុទ្ធ​ជាមួយនឹង​សិស្ស​ប្រុស​ពីរ​នាក់​ផ្សេងទៀត ដោយ​បង្ហាញ​ស្នៀតគុន​ដែល​លោកគ្រូ​ធ្លាប់​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​ពីអ​តី​តកាល។ ដោយ​ចាប់ផ្តើម​ការ​ប្រយុទ្ធ​ដោយ​ប្រើ​កាំបិតផ្គាក់ យុវតី​រូប​នេះ​បាន​វាយ​ទម្លាក់អាវុធ​ដៃគូ​របស់​នាង​ទាំងពីរ​ដោយ​គ្រវី​អាវុធ​របស់​នាង​ចុះឡើង ហក់​ជាន់​និង​កាច់​ក្លេ ហើយ​នៅពេល​ក្មេងប្រុស​ទាំងពីរ​វាយ​ទម្លាក់អាវុធ​ពី​ដៃ​របស់​នាង ពួក​គេ​បន្ត​វាយ​ប្តូរ​កណ្តាប់​ដៃ​គ្នា​និង​ការ​ទាត់​គ្នា​ទៅវិញទៅមក​ផង​ដែរ។

សិស្ស​ស្រី​ម្នាក់​របស់​លោកគ្រូ អ៊ំ យ៉ុម សាកល្បង​ស្នៀតគុន​ល្បុក្កតោ​ជាមួយ​សិស្ស​ប្រុស​រួម​ជំនាន់​ពីរ​នាក់​ផ្សេងទៀត នៅ​សាលា​ហ្វឹកហាត់​របស់​លោកគ្រូ​ផ្ទាល់។ (ហ៊ី ឆាយ​)

លោកគ្រូ អ៊ំ យ៉ុម គឺជា​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​មួយចំនួន​តូច​ដែល​ខិតខំ​ដើម្បី​ថែរក្សា​ប្រពៃណី​នៃ​ក្បាច់គុន​ល្បុក្កតោ បន្ទាប់ពី​រស់រាន​មានជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍។ តាមរយៈ​មហិច្ឆតា​របស់​លោក​និង​គ្រូ​ចាស់​ៗផ្សេងទៀត ក្បាច់គុន​ល្បុក្កតោ​ចាប់ផ្តើម​ទទួល​បាន​ប្រជាប្រិយ​ភាព​ឡើងវិញ​បន្តិច​ម្តង​ៗ ដោយ​ការប្រតិបត្តិ​ពិធី​សាសនា​និង​ការ​ហ្វឹកហាត់​ដ៏​គ្រោះថ្នាក់​មួយចំនួន​ត្រូវ​បាន​កែប្រែ ខណៈ​លោក​គ្រូ​ចាស់​ៗផ្ទេរ​ក្បាច់គុន​នេះ​ទៅ​ក្មេង​ៗជំ​នាន់​ក្រោយ។

មាន​ដើមកំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង លោកគ្រូ អ៊ំ យ៉ុម អាយុ៦៧ឆ្នាំ ​បាន​ចំណាយពេល១០ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ចែករំលែក​ក្បាច់គុន​ល្បុក្កតោ​ដល់​សិស្ស​គុន​ជំនាន់​ក្រោយ ដោយ​លោក​សង្ឃឹមថា ក្បាច់គុន​នេះ​នឹង​ត្រូវ​បាន​ទទួលស្គាល់​និង​ចុះបញ្ជី​ជា​បេ​តិក​ភណ្ឌ​អរូបី​ដោយ​អង្គការ​យូ​ណេស្កូ។

លោកគ្រូ អ៊ំ យ៉ុម មានប្រសាសន៍​ថា៖ «គោលដៅ​ដើម្បី​ឱ្យ​គេ​ស្គាល់​ក្បាច់គុន​ មិនថាខ្មែរ​ឬបរទេស»។

លោក​មានប្រសាសន៍​ថា លោក​បាន​បង្ហាត់​សិស្ស​ដោយ​ឥតគិតថ្លៃ​ចាប់តាំងពី​ឆ្នាំ១៩៩៣មក ដោយ​ចាប់ផ្តើម​ពី​ការ​បង្ហាត់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​របស់​លោក​ មុន​ពេល​លោក​បោះបង់ចោល​ការងារ​ស្មូន ហើយ​ងាក​មក​បើក​ក្លឹប​ល្បុក្កតោ​នៅ​ក្រុង​កំពង់ឆ្នាំង ​កាលពី​ឆ្នាំ២០០៤។ ក្លឹប​នេះ​ត្រូវ​បាន​ទទួលស្គាល់​ផ្លូវការ​នៅក្នុង​ឆ្នាំ២០១១។

លោកគ្រូ អ៊ំ យ៉ុម កំពុងបង្ហាត់ស្នៀតខ្លះៗនៃល្បុក្កតោដល់កូនសិស្សលោកគ្រូ។ (ហ៊ី ឆាយ)

ក្រៅពី​ការងារ​បង្ហាត់​សិស្ស​គុន លោកគ្រូ អ៊ំ យ៉ុម មានប្រសាសន៍​ថា លោក​ធ្វើការងារ​ជាមួយ​អ្នកគាំទ្រ​ក្បាច់គុន​ល្បុក្កតោ​ផ្សេងទៀត ដោយ​ប្រមូល​ព័ត៌មាន​ពី​គ្រូ​ចាស់​ៗជាង​រូបលោក ​និង​ចែករំលែក​អ្វី​ដែល​លោក​អាច​រកបាន​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​នៅ​ភ្នំពេញ​និង​បរទេស​ដែល​ចាប់អារម្មណ៍​ចង់​ថែរក្សា​សិល្បៈ​ក្បាច់គុន​នេះ។

លោកគ្រូ អ៊ំ យ៉ុម បាន​មានប្រសាសន៍​ថា៖ «ខ្ញុំ​បាន​តស៊ូ​ជម្នះ១០ឆ្នាំនេះ ដើម្បី​ប្រាប់​អានេះ​ថាជា​របស់​យើង យើង​ត្រូវ​សរសេរ យើង​ត្រូវ​ជួបជុំគ្នា។ មិនមែន​យក​តែ​របស់ខ្ញុំ​ទេ ព្រោះ​យើង​មាន​សម្បូរ​បែប»។

ទំនាក់ទំនង​និង​ប្រវត្តិ​របស់​ក្បាច់គុន​ល្បុក្កតោ​

លង្វែក ជា​ក្រុង​បុរាណ​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​អ្នកប្រាជ្ញ អ្នក​ក្បាច់គុន ​និង​អ្នកចេះ​ដឹង​ផ្សេង​ៗទៀត ហើយ​ធ្លាប់​ជាទី​តាំង​កងទ័ព​ដ៏​រឹងមាំ​របស់​ប្រទេស​កម្ពុជា​ក្រោយ​សម័យ​អង្គរ​រហូតមកដល់​សម័យ​បច្ចុប្បន្ន។

លោកគ្រូ អ៊ំ យ៉ុម មានប្រសាសន៍​ថា ឃុំ​ក្រាំងលាវ ឃុំ​ពង្រ ​និង​ឃុំ​ស្វាយជ្រុំ​ ក្នុង​ស្រុក​រលាប្អៀរ ​ក្នុង​ខេត្ត​នេះ គឺជា​តំបន់​ដែលគេ​ស្គាល់​ថា មាន​អ្នក​ហាត់​ក្បាច់គុន​ច្រើន ហើយ​បច្ចុប្បន្ន​ក៏​មាន​បន្ទាយ​កងទ័ព​នៅ​ទីនោះ​ផង​ដែរ។

លោកគ្រូ អ៊ំ យ៉ុម ដែល​មាន​ដើមកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ​និយាយ​ថា ជីតា​របស់​លោក​បាន​ផ្ទេរ​ក្បាច់គុន​ល្បុក្កតោ​ទៅ​ឱ្យ​ឪពុក​របស់​លោក ​ដោយ​ប្រគល់​ខ្សែ​ដែល​មាន​ភ្ជាប់​ដោយ​គាថា​មាស ​ជា​និមិត្តរូប​បង្ហាញ​ពី​កម្រិត​ក្បាច់គុន​របស់​គាត់។ ដោយសារតែ​ក្បាច់គុន​ល្បុក្កតោ​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ដូនតា​របស់​លោក លោកគ្រូ អ៊ំ យ៉ុម មានប្រសាសន៍​ថា លោក​មាន​អារម្មណ៍​ថា ត្រូវ​បាន​ប្រាប់​ឱ្យ​ស្តារ​និង​ថែរក្សា​សិល្បៈ​គុន​បុរាណ​មួយ​នេះ។

លោកគ្រូ អ៊ំ យ៉ុម មានប្រសាសន៍​ថា៖ «ខ្ញុំ​មាន​ខ្សែលោហិត​ជា​អ្នក​ហាត់គុន។ ឪពុក​ខ្ញុំ ជីតា​ខ្ញុំ ជា​អ្នក​ហាត់គុន។ បន្ទាប់មក​ទៀត ខ្ញុំ​គិតថា អ្វី​ៗយើង​អាច​ធ្វើ​បាន [ដើម្បី​អភិរក្ស​និង​អភិវឌ្ឍ​ន៍ក្បាច់គុន​នេះ​]»។

លោក​បាន​ចាប់ផ្តើម​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​ពី​ឪពុក​របស់​លោក​តាំងពី​អាយុ៧ឬ៨ឆ្នាំ​ម្ល៉េះ។ កាល​នៅ​វ័យ​កុមារ ​ក្នុង​របប លន់ នល់ ក្បាច់គុន​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ហ្វឹកហាត់​ដោយសេរី​នោះ​ទេ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​កម្លាំង​ប្រឆាំង ដូច្នេះ​លោក​បាន​ហាត់រៀន​ដោយ​លួចលាក់។

លោក អ៊ំ យ៉ុម បាន​ពន្យល់​ថា៖ «សម័យ​ហ្នុង គេ​បែងចែក​ជា​ពីរ​ ហើយ​មាន​តំបន់​ លន់ នល់ និង​តំបន់រំដោះ​ខ្មែរក្រហម។ ប្រសិនបើ​យើង​ហាត់ ខាងនេះ​ថា យើង​បង្ក​ចលនា​ ហាត់​សមដើម្បី​ផ្តួល​ខាងនេះ ខាងនេះ​ឃើញ ​គេ​ថា យើង​ហាត់​ហ្នុង​បម្រើ​ឱ្យ​ខាងនេះ»។

ជំនឿន​យោ​បាយអ​តី​តកាល​អំពី​ក្បាច់គុន​ល្បុក្កតោ បូករួម​ការ​កាប់សម្លាប់​គ្រូ​ក្បាច់គុន​នៅ​សម័យ​ខ្មែរក្រហម​ បាន​ធ្វើ​ឱ្យ​លោកគ្រូ អ៊ំ យ៉ុម មានការ​លំបាក​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​អ្នកចេះ​ក្បាច់គុន​ដែល​មាន​វ័យ​ពី៧០ឆ្នាំ​ឬចាស់​ជាង​លោក ដោយសារតែ​ពេលខ្លះ ​ពួក​គាត់​នៅ​មាន​អារម្មណ៍​ភ័យខ្លាច​មិន​ហ៊ាន​បង្ហាញ​អ្វី​ដែល​ខ្លួន​ចេះចាំ។

លោក អ៊ំ យ៉ុម បាន​មានប្រសាសន៍​ថា៖ «ពួក​គាត់​ទទួល​ឥទ្ធិពល​ពី​សម័យ​ហ្នុង​មក។ គាត់​នៅតែ​មានការ​គិត​[ពី]សម័យ​គេ​វាយចោល​[ឃើញ]នឹង​ភ្នែក​ៗ»។

ពីរបី​គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​កំពង់ឆ្នាំង ព្រឹទ្ធា​ចារ្យ​ម្នាក់ទៀត​ឈ្មោះ កែ សំ​អុន អាយុ៨០ឆ្នាំ ​រស់នៅ​ឃុំ​ស្វាយជ្រុំ​ បាន​និយាយ​ថា លោក​បាន​ចូល​និវត្ត​ន៍ពី​ការ​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​នៅ​ឆ្នាំនេះ ដោយសារ​លោក​មាន​បញ្ហា​សួត ហើយ​គ្រួសារ​របស់​គាត់​បាន​ទទូច​ឱ្យ​លោកតា​ឈប់​តែម្តង។លោក​ទើបនឹង​ចាប់ផ្តើម​វិលត្រឡប់​កាលពី៥ឆ្នាំមុន​ មក​ចូលរួម​នឹង​ក្បាច់គុន​ដែល​ធ្លាប់​ដក់​ក្នុងចិត្ត​របស់​គាត់​តាំងពី​មាន​វ័យ៨ឆ្នាំ។

ដូចជា​មិត្តភក្តិ​កាល​វ័យ​កុមារ​របស់​លោក​ដែរ ក្រុម​គ្រួសារ​របស់​លោក សំ​អុន បាន​បន្ត​ក្បាច់គុន​នេះ​ពី​សាច់ញាតិ​របស់​លោក។ លោក​បាន​ហាត់រៀន​ក្បាច់គុន​ល្បុក្កតោ​ពី​ឪពុកធំ ដែល​ជាស​មា​ជិ​ករបស់​ចលនា​ខ្មែរឥស្សរៈ​ដែល​តស៊ូ​ដណ្តើម​ឯករាជ្យ​ពី​អាណានិគម​បារាំង។

នៅពេល​នោះ ទាហាន​រដ្ឋាភិបាល​បាន​ស្វែងរក​ចាប់ខ្លួន​សមាជិក​ខ្មែរឥស្សរៈ ដូច្នេះ​ លោក សំ​អុន និង​អ្នក​ហាត់​ក្បាច់គុន​ផ្សេងទៀត​ក្នុង​ខេត្ត​នេះ ​ត្រូវ​ហ្វឹកហាត់​លួចលាក់​ខាងក្រោយ​ផ្ទះនៅ​ពេល​ព្រលប់ ដោយ​ចៀសវាង​ការសង្ស័យ។

ដោយ​សំដៅ​ដល់​សម័យ​ទំនើប ​ដែល​អ្នក​ហាត់​ក្បាច់គុន​ល្បុក្កតោ​អាច​ហ្វឹកហាត់​ជា​ចំហ​នោះ លោក កែ សំ​អុន បាន​និយាយ​ថា៖ «[ហាត់​] លួចលាក់។ មិនមែន​ចេះតែ​ហាត់​ដូច​ឥលូវ​ទេ។ សម័យ​ហ្នឹង​គេ​ប្រើ​ទាំង​ក្បាច់គុន​ផង ទាំង​អាវុធ​ផង»។

លោក សំ​អុន បាន​និយាយ​ថា គាត់​បាន​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​និង​ចំបាប់​ពេញលេញ​ពេល​គាត់​មាន​វ័យ២០ឆ្នាំ ប៉ុន្តែ​ក្រោយមក​ នៅពេល​ខ្មែរក្រហម​ចូលកាន់​កាប់​ប្រទេស លោក​បាន​លាក់បាំង​ប្រវត្តិ​ទាក់ទិន​នឹង​ក្បាច់គុន​ល្បុក្កតោ។

អំឡុង​របប​ខ្មែរក្រហម សមាជិក​កម្មាភិបាល​បានដឹង​តាមរយៈ​សាច់ញាតិ​របស់​លោក​ថា គាត់​ចេះ​ក្បាច់គុន​ល្បុក្កតោ​ និង​បាន​ចាប់ផ្តើម​សួរនាំ​អំពី​សមត្ថភាព​របស់​គាត់។ លោក​បាន​បដិសេធ​ ដោយ​ថា​មិន​ចេះ​ក្បាច់គុន​នេះ​ទេ ព្រោះ​បារម្ភ​ថា កម្មាភិបាល​ខ្មែរក្រហម​នឹង​យក​គាត់​ទៅ​សម្លាប់ ប៉ុន្តែ​ទីបំផុត​លោក​បាន​ចាប់ផ្តើម​បង្ហាញ​ស្នៀតគុន​ដល់​ទាហាន​ខ្មែរក្រហម​ដែល​ចង់​ដឹង។

លោកគ្រូ សំ​អុន បាន​និយាយ​ថា៖ «ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​អត់​ចេះ​អីទាំងអស់ សូម្បី​សរសេរ​អក្សរ ព្រោះ​ខ្មែរក្រហម​កាលណា​ចេះដឹង អញ្ចឹង​អត់​បានទេ»។

លោក សំ​អុន និយាយ​ថា លោក​មិនបាន​បន្ត​ការហាត់​ក្បាច់គុន​ល្បុក្កតោ​ទេ សូម្បីតែ​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរក្រហម​ក៏ដោយ ប៉ុន្តែ​លោក​បាន​ចូលរួម​ការប្រកួត​ចំបាប់​ធម្មតាអំឡុង​ថ្ងៃឈប់​សម្រាក​ឬកម្ម​វិធី​បុ​ណ្យ​ផ្សេង​ៗ។

លោក សំ​អុន មិន​ចង់​បង្ហាត់​ក្បាច់គុន​នេះ​ដល់​កូនចៅ​ឬសិស្ស​ផ្សេងទៀត​នោះ​ទេ។ ប៉ុន្តែ​ទើបតែ​ប្រាំ​ឆ្នាំមុន​ ដែល​លោក​បាន​ចូលរួម​ក្នុង​ការ​ងា​របង្ហាត់​ក្បាច់គុន​ល្បុក្កតោ បន្ទាប់ពី​លោកគ្រូ អ៊ំ យ៉ុម ដែល​ជា​អ្នកជិតខាង​ បាន​អង្វរ​លោក​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ចែករំលែក​ជំនាញ​របស់​គាត់។

បើ​ទោះបីជា​ដំបូង​ឡើយ​លោក​បារម្ភ​មិន​ហ៊ាន​បង្ហាញ​សមត្ថភាព​ក៏ដោយ ក៏​លោក កែ សំ​អុន និយាយ​ថា លោក​សប្បាយចិត្ត​ដែល​ឃើញ​មនុស្ស​កាន់តែ​ច្រើន​ចាប់អារម្មណ៍​នឹង​ក្បាច់គុន​ល្បុក្កតោ​ឡើងវិញ។ ខណៈ​ពេល​អ្នកសារព័ត៌មាន​ហៀបនឹង​ចាកចេញ​ពី​ផ្ទះ​របស់​លោក ព្រឹទ្ធា​ចារ្យ​រូប​នេះ​បាន​ចាប់ដៃ​អ្នកកាសែត​ហើយ​ខ្ទាស់​ជាប់​ ដែល​បង្ហាញ​ឱ្យ​ឃើញពីភាព​ស្ទាត់ជំនាញ​របស់​លោក​មិន​ចុះ​ខ្សោយ​ទៅតាម​វ័យ​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ «ពីមុន​បារម្ភ! ពេល​មក​ពី​អា​ពតមក មិនដែល​ឮថាក្បាច់គុន​ល្បុក្កតោ​ទេ»។

ធ្វើ​ទំនើបកម្ម «រតនសម្បត្តិ»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ អះអាង​ថា ស្ថាប័ន​កីឡាករ​របស់​ជាតិ​មួយ​នេះ ​បាន​ធ្វើការងារ​ជាមួយ​ព្រឹទ្ធា​ចារ្យ​ចាស់​ៗច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ស្វែងរក​គ្រូ​ក្បាច់គុន​នៅ​សេសសល់ ​និង​ចងក្រង​ចំណេះដឹង​របស់​ពួក​គេ​ជា​សៀវភៅ​ក្បាច់គុន។

លោក វ៉ាត់ ចំរើន មានប្រសាសន៍​ថា៖ «ជា​ធម្មតា អ្វី​ដែល​យើង​ជីកកកាយ​ឡើងវិញ វា​ត្រូវការ​ធនធាន ត្រូវការ​ឆន្ទៈ ត្រូវការ​ការ​រួបរួម​គ្នា»។

តាមរយៈ​ការពិភាក្សា​គ្នា​ជាមួយ​ព្រឹទ្ធា​ចារ្យ​ចាស់​ៗនិង​ការ​ជួប​ប្រជុំ​នៅ​ក្រុងភ្នំពេញ កម្ពុជា​បាន​រក​ឃើញ​អ្នកចេះ​ក្បាច់គុន​ល្បុក្កតោ​មួយចំនួន ដែល​ប្រហែលជា​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការចែក​រំលែក​ជំនាញ​របស់​ខ្លួន។

នៅពេល​លោក សំ​អុន ចាប់ផ្តើម​ហ្វឹកហាត់​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​នោះ ក៏​មាន​ក្មេងស្រី​ម្នាក់​ដែល​ជា​ចៅស្រី​របស់​គ្រូ​ល្បុក្កតោ​ម្នាក់​ចូលចិត្ត​តាមមើល​ការហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ដែរ ហើយ​ពេលខ្លះ​ក៏បាន​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ទៀតផង។

ដោយ​នៅពេល​នេះ មាន​វ័យ៨០ឆ្នាំ ដែល​កាលនោះ​នៅជា​ក្មេងស្រី​នៅឡើយ អ្នកស្រី សៅ វ៉ុន បាន​និយាយ​ថា អ្នកស្រី​នៅ​ចងចាំ​ថា ពេលនោះ​ អ្នកស្រី​បាន​លួចមើល​ជីតា​របស់​គាត់​បង្ហាត់​ល្បុក្កតោ​ និង​បាន​ព្យាយាម​ធ្វើត្រាប់​តាម​នៅ​ក្រោយផ្ទះ​របស់​អ្នកស្រី។ នៅពេល​អ្នកស្រី​មាន​វ័យ១៥ឆ្នាំ ជីតា​របស់​អ្នកស្រី​បាន​អនុញ្ញាត​ឱ្យ​អ្នកស្រី​ចូលរួម​ហ្វឹកហាត់​ជាមួយ​បុ​រសៗ​ដែរ បើ​ទោះបីជា​មនុស្សជា​ច្រើន​ក្នុង​ភូមិ​រិះគន់​​ក៏ដោយ។

អ្នកស្រី សៅ វ៉ុន និយាយ​ថា គាត់​មិន​អាច​ឈរ​គ្រវីដំបង​ឬបង្ហាញ​ស្នៀតគុន​ដូចមុន​ទៀត​ទេ។ អ្នកស្រី​និយាយ​ថា​មានការ​ភ្លេចភ្លាំង​ច្រើន ហើយ​អំឡុង​ពេល​ផ្តល់​បទ​សម្ភាស គាត់​ក៏​មានការ​ភាន់ច្រឡំ​ខ្លះ​ដែរ។

អ្នកស្រី ខាត់ សុនី អាយុ៥២ឆ្នាំ​ ជា​កូនស្រី​របស់​អ្នកស្រី សៅ វ៉ុន បាន​និយាយ​ថា អ្នកស្រី​មិនបាន​ដឹង​ថា ម្តាយ​របស់​អ្នកស្រី​ចេះ​ក្បាច់គុន​ល្បុក្កតោ​នោះ​ទេ ទើបតែ​មាន​អ្នកគាំទ្រ​ក្បាច់គុន​ល្បុក្កតោ​មកលេង​ផ្ទះ​របស់​អ្នកស្រី​ និង​បាន​សុំ​ឱ្យ​លោកយាយ សៅ វ៉ុន ចូលរួម​កម្មវិធី​ជួបជុំ​ព្រឹទ្ធា​ចារ្យ​ចាស់​ៗនៅ​ទីក្រុង​ភ្នំពេញ។

អ្នកស្រី​បាន​និយាយ​ថា៖ «ម្តាយ​របស់ខ្ញុំ​ចង់​ផ្ទេរ​ដែរ តែ​វា​ស្មុគស្មាញ»។

លោក វ៉ាត់ ចំរើន មានប្រសាសន៍​ថា ខណៈ​ក្រុមការងារ​ប្រមូល​ចំណេះដឹង​ពី​ក្បាច់គុន​ដ៏​ចំណាស់​នេះ គណៈកម្មាធិការ​ក៏​កំពុង​ធ្វើ​ឱ្យ​ក្បាច់គុន​បុរាណ​មួយ​នេះ​ទៅជា​លក្ខណៈ​កីឡា​ទំនើប​ផង​ដែរ ដោយ​បង្កើត​រចនាសម្ព័ន្ធ​គ្រប់គ្រង រៀបចំ​ការប្រកួត​ប្រចាំឆ្នាំ និង​រៀបចំ​កម្មវិធី​ហ្វឹកហាត់​សមស្រប ដែល​គោរព​តាមច្បាប់​ទម្លាប់​ផ្លូវការ។ ហើយ​ចាប់តាំងពី​ឆ្នាំ២០១៥ ស្នៀតគុន​ពិ​សេស​ៗ រួម​ទាំង​ការប្រើ​អាវុធ​ផង​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ហ្វឹកហាត់​របស់​កងទ័ព។

លោក វ៉ាត់ ចំរើន អះអាង​ថា ការ​អភិរក្ស​ក្បាច់គុន​បុរាណ​នេះ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​អភិវឌ្ឍ​បានទេ ហើយ​វា​សំខាន់ណាស់​ក្នុង​ការ​បង្ហាញ​អន្តរជាតិ​ពីសា​រៈសំ​ខាន់​ក្បាច់គុន​មួយ​នេះ។ នៅពេល​នេះ ក្បាច់គុន​ល្បុក្កតោ​បាន​ចូល​ជាស​មា​ជិ​កសហព័ន្ធ​កីឡា​យុទ្ធ​គុន​ពិភពលោក ហើយនឹង​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម ​ឆ្នាំ២០២៣ផង​ដែរ ប៉ុន្តែ​ក្បាច់គុន​បុរាណ​នេះ​នៅ​មិនទាន់​ទទួល​បាន​ឋានៈ​ជា​បេតិកភណ្ឌ​អរូបី​ពី​អង្គការ​យូ​ណេស្កូ​នៅឡើយ។

លោក​មានប្រសាសន៍​ថា៖ «នេះ​គឺជា​រតន​សម្បត្តិ​មួយ​របស់​ខ្មែរ របស់​បុព្វបុរស​យើង។ យើង​ត្រូវតែ​ធ្វើ។ អញ្ចឹ​ងយើង​ធ្វើ​ដោយ​ឆន្ទៈ»។

លោក វ៉ាត់ ចំរើន មានប្រសាសន៍​ថា ផ្នែក​ខ្លះ​នៃ​ការ​អភិវឌ្ឍ ​រួមមាន​ការកាត់បន្ថយ​ភាព​ហិង្សា​និង​គ្រោះថ្នាក់ ដែល​ធ្លាប់​ប្រើប្រាស់​ដោយ​កងទ័ព​ក្នុង​សង្គ្រាម​សម័យ​ដើម​និង​អ្នកប្រយុទ្ធ​នៅក្នុង​ការប្រកួត​ដ៏​គ្រោះថ្នាក់។

ជា​ប្រពៃណី ការ​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​ តម្រូវ​ឱ្យ​មានការ​ហ្វឹកហាត់​ទាំង​យុទ្ធ​គុន យុទ្ធ​សិល្ប​និង​យុទ្ធសាស្ត្រ ប៉ុន្តែ​គណៈកម្មាធិការ​អូឡាំពិក​ បាន​ហាមឃាត់​ស្នៀត​ខ្លះ​នៅក្នុង​ការប្រកួត ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​ចំពោះ​អ្នកចូលរួម​ប្រកួត​ផងនិងច្រៀ​សវាង​ហិង្សា​ខ្លាំង​ហួសហេតុ​ផង​។

ទោះបីជា​គ្រូបង្ហាត់​និង​អ្នក​ហាត់​ក្បាច់គុន​អាច​ជ្រើសរើស​យក​ការប្រតិបត្តិ​ជំនឿ​និង​ការគោរព​បែប​ដូនតា​ដែល​ជាផ្នែក​នៃ​ក្បាច់គុន​ល្បុក្កតោ​ដូចដែល​គេ​ធ្លាប់ធ្វើ​ពី​សម័យមុន​ក៏ដោយ ក៏​លោក វ៉ាត់ ចំរើន បាន​មានប្រសាសន៍​ថា ពិធី​បែបនេះ​មិន​តម្រូវ​ឱ្យធ្វើ​ទេ អំឡុង​ការប្រកួត​ក្នុង​សង្វៀន​សម័យ​ទំនើប​នេះ​ទេ។

ទាក់ទិន​នឹង​ជំនឿ​ផ្សេង​ៗ លោក វ៉ាត់ ចំរើន មានប្រសាសន៍​ថា៖ «ក្បាច់គុន​សម័យ​ទំនើប​ គេ​លែង​គិត​ចំណុច​នេះ​ហើយ។ គេ​គិត​ពី​ថា ហាត់ ការ​ហ្វឹកហាត់​ឱ្យ​មាន​កម្លាំងកាយ​ល្អ ឱ្យ​មាន​បញ្ញា​វាងវៃ ហើយ​ហ្វឹកហាត់​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត»។

អ្នកស្នង​ក្បាច់គុន​ជំនាន់​ថ្មី​

ខណៈ​ពេល​សិស្ស​គុន​របស់​លោក​ចាប់ផ្តើម​សម្តែង​ក្បាច់គុន លោកគ្រូ អ៊ំ យ៉ុម បាន​និយាយ​ថា លោក​ចង់​បង្កើន​សមត្ថភាព​របស់​ពួក​គេ ដោយ​នាំ​ពួក​គេ​ទៅ​ចូលរួម​កម្មវិធី​ប្រកួត​និង​សម្តែង​ក្នុង​ពិធី​បុ​ណ្យ​ផ្សេង​ៗ។ លោក​មានប្រសាសន៍​ថា លោក​បាន​លះបង់​ពេលវេលា​និង​កម្លាំងកាយ​ច្រើន ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ទូទៅ​លើ​កីឡា​និង​ការ​និយម​ក្បាច់គុន​ល្បុក្កតោ​របស់​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង។

លោកគ្រូ អ៊ំ យ៉ុម មានប្រសាសន៍​ថា កីឡាករ​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ល្បីល្បាញ​តាមរយៈ​ស្នៀត​កាច់​ក្លេ​និង​បោក​ផ្តួល ប៉ុន្តែ​កីឡាករ​នៅ​ខេត្ត​នេះ​នៅ​ឈរ​លេខរៀង​បន្ទាប់ពី​ខេត្តសៀមរាប ទី​ដែល​មាន​កីឡាករ​ល្អ​ច្រើន​ហ្វឹកហាត់​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ។

លោកគ្រូ​មានប្រសាសន៍​ថា៖ «យើង​ចង់​ស្តារ​មកវិញ ព្រោះ​កំពង់ឆ្នាំង វា​មាន​វិសាលភាព​ទៅ​ដោយ​អ្នក​ហាត់​ក្បាច់គុន។ ហេតុអ្វីបានជា​សម័យនេះ​អត់ចឹង​? ឥលូវនេះ ខ្ញុំ​បន្ត​ទៅ​ឱ្យ​ក្មេង​ៗ ព្រោះ​ខ្ញុំ​ចង់បាន​ឱ្យ​វា​មានត​ទៅទៀត»។

ថូ ស្រី​និច អាយុ១៧ឆ្នាំ ជា​សិស្ស​នៅ​ក្លឹប​របស់​លោកគ្រូ អ៊ំ យ៉ុម បាន​និយាយ​ថា នាង​បាន​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​អស់​រយៈពេល៤ឆ្នាំ​មក​ហើយ ប៉ុន្តែ​ថា ដំបូង​ឡើយ ​ឪពុក​ម្តាយ​របស់​នាង​ស្ទាក់ស្ទើរ​មិន​ចង់ឱ្យ​នាង​ហ្វឹកហាត់​នោះ​ទេ។ 

ស្រី​និច បាន​និយាយ​ថា៖ «ខ្ញុំ​ឃើញ​សម្លៀកបំពាក់​របស់​ល្បុក្កតោ ខ្ញុំ​ស្រឡាញ់ ព្រោះអី​ខ្មែរ​ជំនាន់​មុន គាត់​អស្ចារ្យ»។

នៅពេល​នាង​ចាប់ផ្តើម​ហាត់​ក្បាច់គុន​ល្បុក្កតោ ក្រុម​គ្រួសារ មិត្តភក្តិ​ និង​អ្នកជិតខាង​របស់​នាង​ចាត់ទុកថា ក្បាច់គុន​នេះគឺ​សម្រាប់​បុ​រសៗ​ និង​រារាំង​មិន​ឱ្យ​នាង​ហ្វឹកហាត់​ទេ។

ស្រី​និច បាន​និយាយ​ថា៖ «ពេល​គេ​និយាយ ខ្ញុំ​អត់​ដែល​ខ្វល់។ សំខាន់ ហាត់​! ខ្ញុំ​ស្រឡាញ់​របស់​ដូនតាដែល​បាន​បន្សល់ទុក​ឱ្យ»។

ស្រី​និច បាន​និយាយ​ថា ការ​ហ្វឹកហាត់​ពិតជា​មានការ​លំបាក ប៉ុន្តែ​ក្បាច់គុន​ល្បុក្កតោ​បាន​បង្រៀន​នាង​មាន​ភាព​អត់ធ្មត់​ និង​ចេះ​គិតមុននឹង​ធ្វើអ្វី​មួយ។ នាង​និយាយ​ថា នាង​បាន​ជម្រុះ​ចោល​នូវភាព​រឹងរូស​ខ្លះ ប៉ុន្តែ​ថា នាង​នៅតែ​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់។

ស្រី​និច បាន​និយាយ​ថា៖ «យើង​ជា​អ្នក​បន្តវេន​របស់​ដូនតា អញ្ចឹ​ងយើង​អត់​ត្រូវ​ទន់ខ្សោយ​ទេ។ យើង​ត្រូវតែ​ខំប្រឹង​អស់ពី​សមត្ថភាព​ដែល​យើង​មាន»។

យ៉ុង តាក់ អាយុ២១ឆ្នាំ​ បាន​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​អស់​រយៈពេល១០ឆ្នាំ​ និង​បាន​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡា​ករ​ឆ្នើម​ៗប្រចាំ​ក្លឹប​នៅ​ខេត្ត​កំពង់ឆ្នាំង។ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​លោក​ក៏​មិន​ចង់ឱ្យ​លោក​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​ដែរ​ពី​ដំបូង បើ​ទោះបីជា​ម្តាយ​ឪពុក​របស់​លោក​ធ្លាប់​បាន​ហ្វឹកហាត់​ក្បាច់គុន​នេះ​កាលពី​ពួក​គាត់​នៅក្មេង​ក៏ដោយ។

យ៉ុង តាក់ បាន​និយាយ​ថា៖ «[ខ្ញុំ​] ឮចាស់​បុរាណ​និយាយ​ថា ល្បុក្កតោ​ខ្លាំង​ តែខ្ញុំ​អត់​ដែល​បាន​ស្គាល់។ ខ្ញុំ​ក៏​ពុះពារ​មក​ ហើយ​ហាត់​មកដល់ពេលនេះ​»។

យ៉ុង តាក់ និយាយ​ថា ខ្លួន​ស្រឡាញ់​ក្បាច់គុន​ល្បុក្កតោ​ខ្លាំង ​ហើយ​ហ្វឹកហាត់​ពេញ​ម៉ោង។

ឆ្លងកាត់​ការ​ហ្វឹកហាត់​ច្រើន​ឆ្នាំ​មកនេះ អ្នកប្រយុទ្ធ​វ័យក្មេង​រូប​នេះ​និយាយ​ថា ខ្លួន​ចាប់ផ្តើម​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ហើយ​ថែមទាំង​ចាប់ផ្តើម​គោរព​បួងសួង​ដល់​ដូនតា​សុំ​ផ្តល់​កម្លាំងថាមពល​មុន​ពេល​ហ្វឹកហាត់ ដូចដែល​អ្នក​ហាត់​ក្បាច់គុន​ល្បុក្កតោ​ធ្លាប់ធ្វើ​ពីអ​តី​តកាល​ដែរ។

យ៉ុង តាក់ និយាយ​ថា លោក​នៅ​មាន​គូប្រកួត​ម្នាក់​នៅក្នុង​ខេត្តសៀមរាប ដែល​លោក​នៅ​មិនទាន់​អាចយ​កឈ្នះ​បាន ប៉ុន្តែ​បាន​សិក្សា​ពី​ក្បាច់​របស់​គូប្រកួត​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បីនឹង​ប្រកួត​ជាមួយគ្នា​ម្តង​ទៀត​បើ​មានឱកាស។

យ៉ុង តាក់ បាន​និយាយ​ថា​៖ «ខ្ញុំ​ត្រៀម​អស់ហើយ។ ខ្ញុំ​មើល​ចំណុចខ្សោយ​និង​ការ​ហ្វឹកហាត់​របស់​ដៃគូ​ខ្ញុំ។ បើ​មានឱកាស​ជួប ខ្ញុំ​នឹង​យកឈ្នះ​ដៃ​គូ​ខ្ញុំឱ្យ​បាន»។

អំឡុង​ពេល​សិស្ស​គុន​បង្ហាញ​ក្បាច់គុន​លើក​ចុងក្រោយ ខណៈ​ពេល​អ្នកសារព័ត៌មាន​ត្រៀម​ចាកចេញ លោកគ្រូ អ៊ំ យ៉ុម បាន​ឈរ​ទស្សនាការ​សម្តែង​ក្បាច់គុន​របស់ យ៉ុង តាក់ ដោយ​ការ​លោត​ត្រឡប់​ខ្លួន ខណៈ​ដៃ​ទាំងពីរ​កាន់​កាំបិត​ផង។ វា​ជា​ក្បាច់​មួយ​ដែល​លោកគ្រូ​មិនធ្លាប់​បាន​បង្ហាត់​កូនសិស្ស​រូប​នេះ​ពីមុន។

ដោយ​ពេញចិត្ត​នឹង​គំនិត​ច្នៃប្រឌិត​របស់​សិស្ស​គុន​ម្នាក់​នេះ លោកគ្រូ អ៊ំ យ៉ុម បាន​មានប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​លោត​ត្រឡប់​ខ្លួន​ដូច​គាត់​ទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ