មន្ត្រីរដ្ឋាភិបាលនិងអ្នកសេដ្ឋកិច្ច យល់ឃើញថា ការទទួលបានជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ពីប្រទេសចិន នៅខែកុម្ភៈខាងមុខ នឹងមិនទាន់អាចធ្វើឱ្យវិស័យទេសចរណ៍និងវិស័យផ្សេងទៀតនៅកម្ពុជាងើបឡើងវិញបានភ្លាមៗទេ បើសិនប្រទេសក្នុងតំបន់និងពិភពលោកនៅមិនទាន់អាចទប់ស្កាត់ជំងឺនេះបាន។
របាយការណ៍វាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមដោយសារជំងឺកូវីដ១៩ របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចថមថយពី ៦,៥ភាគរយ ដែលបានព្យាករពីដំបូងសម្រាប់ឆ្នាំ២០២០ មកនៅ-៤,១ភាគរយ។
អគ្គនាយករង និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍នៅថ្ងៃទី២១ ខែមករានេះថា ជាសញ្ញាល្អដែលកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ នាពេលឆាប់ៗខាងមុខ។ ប៉ុន្តែចំពោះសន្ទុះនៃការធ្វើដំណើរតាមជើងហោះហើររបស់អ្នកដំណើរនិងអ្នកទេសចរជាតិ-អន្តរជាតិ លោកថា ហាក់នៅមិនទាន់មានពន្លឺថានឹងត្រឡប់មករកភាពប្រក្រតីវិញឆាប់ៗនៅឡើយ ដោយសារវ៉ាក់សាំងដែលកម្ពុជាទទួលបាននៅមានកម្រិតតិចតួច និងត្រូវរងចាំមើលនិន្នាការសកលនៃការឆ្លងរាលដាលនៃជំងឺនេះ។
លោកថា៖ «សញ្ញាល្អ វានឹងកកើតនៅចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២ ព្រោះយើងចាក់ហើយយើងមើលស្ថានភាពថា តើបញ្ហាជំងឺហ្នឹងរីករាលដាលទៀតអត់ ឬវាថយចុះអត់។ បើសិនថយចុះ ការហោះហើរចេះតែមានឡើង ដោយសារមនុស្សអត់បារម្ភ អ៊ីចឹងជំនួញចាប់កកើតឡើង ទេសចរណ៍ក៏កកើតឡើងវិញដែរ។ អ៊ីចឹងបើជំងឺហ្នឹងមិនថមថយ ការតភ្ជាប់ហ្នឹងក៏មិនទាន់បានទូលំទូលាយដែរ»។
លោកបន្ថែមថា៖ «បើការឆ្លងថយចុះ វិធានការយើងចាប់ផ្ដើមបើកឬបន្ធូរបន្ថយ ចាប់ផ្ដើមបើកទូលាយហើយ កាលណាបើកទូលាយ មានអ្នកធ្វើដំណើរបណ្ដើរៗដែរ។ ប៉ុន្តែឥលូវបញ្ហាប្រឈមមួយទៀត ថាតើអ្នកចាក់វ៉ាក់សាំងហើយ អាចធ្វើដំណើរបានអត់? ឥលូវយើងអត់ទាន់ដឹងទេ។ បើគាត់ចាក់ហើយ មកចាប់ទុក [ចត្តាឡីស័ក] គាត់២០ថ្ងៃ ឬ២៨ ឬ១៤ថ្ងៃទៀត ប្រហែលអត់មានអ្នកធ្វើដំណើរទេ»។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា វិស័យទេសចរណ៍កម្ពុជាបានធ្លាក់ចុះប្រមាណ៨០ភាគរយក្នុងឆ្នាំ២០២០ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩។ ប៉ុន្តែលោកបង្ហាញក្ដីសង្ឃឹមថា នៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅខែកុម្ភៈខាងមុខ វិស័យទេសចរណ៍អាចងើបឡើងបានខ្លះ។
លោកថា៖ «យើងត្រូវការពេលវេលា ពីព្រោះវ៉ាក់សាំងក៏មិនអាចចាក់បានគ្រប់គ្នា អ៊ីចឹងចលនាទេសចរណ៍ធ្វើដំណើរជាសកល ជាពិសេសទេសចរណ៍អន្តរជាតិ យើងជឿថា នឹងអាចជាបណ្ដើរនៅពេលដែលយើងមានវ៉ាក់សាំង ប៉ុន្តែវាមិនអាចត្រឡប់មកវិញភ្លាមៗ ឱ្យថាបន្ទាប់ពីមានវ៉ាក់សាំងទៅមកវិញភ្លាមៗបានទេ។ អ៊ីចឹងត្រូវការពេលវេលាបន្តទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ក៏អាហ្នឹងវាជាចំណែកមួយនៃការធ្វើឱ្យយើងមានក្ដីសង្ឃឹម ការបើកទេសចរណ៍ពីខាងក្រៅប្រទេសមកដែរ ព្រោះឥលូវយើងមិនទាន់បើកទេសចរណ៍ពីខាងក្រៅមកទេ» ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ថារដ្ឋាភិបាលចិននឹងបញ្ជូនវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ក្នុងដំណាក់កាលទី១ ចំនួន៣០ម៉ឺនដូស ដែលគ្រោងនឹងមកដល់កម្ពុជា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ការផ្ទុះឡើងនិងការរីករាលដាលនូវជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំង ក្នុងនោះ អាជីវកម្មជាង៣ ០០០ទីតាំង ត្រូវបានបិទទ្វារទាំងស្រុង បន្ទាប់ពីជើងហោះហើរជាច្រើននិងព្រឹត្តិការណ៍ធំៗសម្រាប់ទាក់ទាញទេសចរ ត្រូវបានបិទមិនឱ្យដំណើរការទាំងនៅកម្ពុជានិងក្នុងពិភពលោក។
លោកស្រីបង្ហាញក្ដីសង្ឃឹមថា នៅពេលកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩នៅខែកុម្ភៈខាងមុខ នឹងធ្វើឱ្យវិស័យទេសចរណ៍និងវិស័យមួយចំនួនទៀតអាចងើបឡើងវិញ។
លោកស្រីថា៖ «កន្លងមក យើងរំពឹងរឿងការហោះហើរហ្នឹង កាលណាឡើងវិញ ដរាបណាការដឹកជញ្ជូនដើរ ទើបអាចដឹកជញ្ជូនភ្ញៀវចេញ-ចូលបាន។ អ៊ីចឹងបើយើងមានវ៉ាក់សាំងហើយ គឺយើងអាចសំណូមពរទៅឱ្យខាងអាកាសចរណ៍ឬផ្លូវដឹកជញ្ជូនផ្សេងៗទៀត ឱ្យគាត់ធ្វើការបើកឡើងវិញ។ អ៊ីចឹងប្រទេសជិតខាង កាលណាឃើញកម្ពុជាមានវ៉ាក់សាំងអ៊ីចឹងហើយ គាត់មើលទៅតាមហ្នឹងដែរ គាត់អាចបើកព្រំដែនរបស់គាត់ឬបើកផ្លូវទំនាក់ទំនងឡើងវិញ»។
អ្នកវិភាគសេដ្ឋកិច្ច និងជាទីប្រឹក្សាក្រុមហ៊ុន EMC លោក ង៉ែត ជូ ក៏ចាត់ទុកការទទួលបានវ៉ាក់សាំងនៅខែកុម្ភៈខាងមុខ ថាជាសញ្ញាល្អមួយដែរ តែក៏មិនទាន់អាចជួយស្រោចស្រង់វិស័យផ្សេងៗដែលបានធ្លាក់ចុះកន្លងមកបានភ្លាមៗវិញនោះដែរ។
លោកថា៖ «យើងមានការពឹងផ្អែកខ្លាំងទៅលើសេដ្ឋកិច្ចសកល អ៊ីចឹងសកលលោកកំពុងមានសញ្ញាវិវត្តន៍វិជ្ជមានដែរ ប៉ុន្តែត្រូវឆ្លងកាត់ការចែកចាយការចាក់វ៉ាក់សាំងហ្នឹង តាមដានពីប្រសិទ្ធភាពរបស់វា ទើបសេដ្ឋកិច្ចពិភពលោកវាវិលមករកដើមវិញឬមានភាពរៀបរយល្អវិញ ទើបឈានដល់ការបញ្ជាទិញ តម្រូវការទំនិញនាំចេញពីស្រុកខ្មែរយើង អាចថា ការចាប់ផ្ដើមឡើងវិញនូវភ្ញៀវទេសចរអន្តរជាតិដែលគាត់មកធ្វើដំណើរមកទស្សនកិច្ចនៅស្រុកខ្មែរដែរ»។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលមួយនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វិបត្តិកូវីដ១៩ បានប៉ះពាល់ជាខ្លាំងដល់វិស័យទេសចរណ៍និងឧស្សាហកម្ម។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារកណ្ដាលកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ បានធ្លាក់ចុះច្រើនជាងការរំពឹងទុកទៅទៀត ក្នុងអំឡុងពេលដែលសកលលោក ក៏ដូចជាកម្ពុជា មានការឆ្លងរាលដាលនូវជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការធា្លក់ចុះនោះដោយសារតែកត្តាធំៗមួយចំនួន ដូចជា ការបាត់បង់យ៉ាងធំនៃចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា ការធ្លាក់ចុះនៃការនាំចេញផលិតផលកាត់ដេរ និងការថយចុះនៃវិស័យសំណង់និងអចលនទ្រព្យ ជាដើម៕