ក្រសួងសុខាភិបាលរកឃើញពលករខ្មែរចំនួន២នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យកម្ពុជារកឃើញអ្នកឆ្លងជំងឺនេះកើនដល់៤៥៨នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ឱ្យដឹងថា អ្នកឆ្លងកូវីដទាំង២នាក់នោះ រួមមាន បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិស្លែង ឃុំស្រណោល ស្រុកក្រឡាញ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
រីឯ ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចោមចៅទី៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ខណៈអ្នកធ្វើដំណើរជាមួយអ្នកជំងឺចំនួន ១៣៧នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅរាជធានីភ្នំពេញផងដែរ។
ក្រសួងបន្ថែមថា ចំពោះអ្នកជាសះស្បើយចំនួន២នាក់នោះ រួមមាន បុរសជនជាតិឥណ្ឌូណេស៊ី ធ្វើដំណើរមកពីប្រទេសសិង្ហបុរី និងបុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ធ្វើដំណើរមកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៥៨នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន៤០៥នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥៣នាក់៕