ស្ត្រី​​ម្នាក់​​ប្តឹង​​មន្ត្រី​​យោធា​​មួយ​​រូប​​ទៅ​​តុលាការ​​ដោយ​​ចោទ​​ពី​​បទ​​ប្រើ​​ហិង្សា​​និង​​គំរាម​​សម្លាប់

លោក​ឧត្តមសេនីយ៍​ទោ សូយ ចាន់​សឿន នាយករង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ​ដ្ឋាន​នៃ​ក្រសួងការពារជាតិ ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​មន្ត្រី​រួមការ​ងារ​ម្នាក់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។ (​ហ្វេសប៊ុក៖ អភិវឌ្ឍន៍ អគ្គបញ្ជាការ​ដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ​)

​ស្ត្រី​ម្នាក់បាន​ប្តឹង​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍​មួយ​រូបទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដោយ​ចោទ​មន្ត្រី​យោធា​រូប​នោះ​ថា ​បាន​ប្រើ​ហិង្សានិង​គំរាម​សម្លាប់​ទៅលើ​រូប​គាត់។

ក្នុង​បណ្តឹង​ដែល​ដាក់​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អ្នកស្រី ឌួង ហេ​ម៉ា​លីស ដែល​អះអាង​ថា​ជា​ភាគី​ជនរងគ្រោះ បាន​ប្តឹង​មន្ត្រី​យោធា​ឋានៈ​ជា​ឧត្តមសេនីយ៍​ទោ​[ផ្កាយ​ពីរ​] និង​មាន​តួនាទី​ជា​នាយរង​ទីចាត់ការ​អភិវឌ្ឍន៍អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ លោក សូយ ចាន់​សឿន ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដោយ​ចោទប្រកាន់ពី​បទ «ប្រើ​អំពើ​ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់ និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់»

បណ្តឹង​ដដែលបានឱ្យ​ដឹង​ទៀត​ថា មន្ត្រី​យោធា​ឈ្មោះ សូយ ចាន់​សឿន បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​រងគ្រោះ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខណៈ​ដែល​ស្ត្រី​រូប​នោះកំពុង​ជិះរថយន្ត​តាមផ្លូវ​ជាមួយ​មន្ត្រី​យោធា​រូប​នោះ ទៅលេង​ផ្ទះ​មិត្ត​ភក្តិរបស់​គាត់នៅ​ខេត្ត​កំពង់ស្ពឺ។

អ្នកស្រី ឌួង ហេ​ម៉ា​លីស អាយុ៤១ឆ្នាំ និង​មានមុខ​រប​រជា​ពាណិជ្ជករ បាន​រៀបរាប់​ក្នុង​បណ្តឹង​ទៀត​ថា មន្ត្រី​យោធា​រូប​នោះបាន​វាយ​ទៅលើ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់​បំបាក់​ជើងនិង​បាញ់សម្លាប់ នៅ​តាមផ្លូវ​តាំងពី​នៅ​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្តកណ្តាល រហូតដល់​ខេត្ត​កំពង់ស្ពឺ។

ស្ត្រី​រូប​នេះបន្ត​ថា ពេល​ទៅដល់​ខេត្ត​កំពង់ស្ពឺ លោក សូយ ចាន់​សឿន បាន​បង្ខាំង​អ្នកស្រី​ក្នុង​ផ្ទះ​កូនចៅ​របស់​ខ្លួន​ជាច្រើន​ម៉ោង មុន​ពេល​មានការ​អន្តរាគមន៍​ពីសំណាក់​អាជ្ញាធរ​ខេត្ត ដើម្បី​រំដោះ​អ្នកស្រី​ចេញពីផ្ទះ​នោះយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

បើ​យោង​តាម​បណ្តឹង​ដដែល​នេះ គឺ​ជនរងគ្រោះ​បាន​ទាមទារ​ឱ្យ​មានការ​ចាប់ខ្លួននិង​ឃុំខ្លួន​មន្ត្រី​យោធា​រូប​នោះ​ទៅតាម​ផ្លូវច្បាប់ ហើយ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​ចំនួន១លាន​ដុល្លារ និង​ប្រាក់សំណង​ជំងឺចិត្ត១លាន​ដុល្លារ​ផង​ដែរ។

អ្នកស្រី ឌួង ហេ​ម៉ា​លីស មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ពុធ​នេះ​ថា អ្នកស្រី​បាន​ស្គាល់និង​រាប់អាន​គ្នា​ជាមួយ​លោក សូយ ចាន់​សឿន ជាច្រើន​ឆ្នាំ​ហើយ តាមរយៈ​ការ​រកស៊ី​ជាមួយគ្នា ដោយ​អ្នកស្រី​ជា​អ្នក​ផ្តត់​ផ្គង់សម្ភារសំ​ណង់​ផ្សេង​ៗទៅ​ឱ្យ​មន្ត្រី​យោធា​រូប​នោះ។

ស្ត្រី​រងគ្រោះបន្ត​ថា ដើមចម​ដែល​បណ្តាល​ឱ្យ​កើត​អំពើ​ហិង្សា​នោះ ដោយសារ​អ្នក​ទាំងពីរ​និយាយទាស់​ពាក្យ​សម្តី​បន្តិចបន្តួច ពាក់ព័ន្ធ​ការ​ផ្ដល់​យោបល់​ផ្លូវច្បាប់​ជុំវិញ​ករណី​ប្ដឹងផ្ដល់​គ្នា​លើ​រឿង​ដីធ្លី​មួយ​កន្លែង។

អ្នកស្រី​អះអាង​ថា លោក សូយ ចាន់​សឿន បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នកស្រី​ចំនួន៣ដង ខណៈ​អ្នកស្រី​កំពុង​ជិះឡាន​ជាមួយគ្នា​ទៅ​ខេត្ត​កំពង់ស្ពឺ បណ្តាល​ឱ្យ​អ្នកស្រី​រង​របួសធ្ងន់​ត្រង់​ភ្នែក​ទាំងសងខាង ដើមទ្រូង កញ្ចឹងក និង​ក្រោម​ចង្កា​ ជាដើម។

អ្នកស្រី​បន្ថែ​មថា៖ «គាត់ ​[លោ​ក សូយ ចាន់​សឿន​] វាយ​ភ្នែក​ខ្ញុំ​ទាំងសងខាង គាត់​វាយ​យកៗ​តែម្តង។ ឥលូវ​ភ្នែក​ខ្ញុំ​ចាប់​ដើម​ស្រវាំង​ហើយ ពេទ្យ​ថាបើ​ខ្ញុំ​ទំនេរ ​ឱ្យ​ខ្ញុំ​ទៅ​ពិនិត្យ ប៉ុន្តែ​ខ្ញុំ​អត់​ហ៊ាន​ទៅ​ទេ ពីព្រោះ​ឥលូវ​ខ្ញុំ​មិនដឹង​ថា​គាត់​នៅ​ឯណា​ទេ​ឥលូវ​នេះ។ ខ្ញុំ​បារម្ភ​មែនទែន ព្រោះ​គាត់​មាន​អាវុធ ខ្លាច​គា​ត់មោ​បាំង​ទៅ គាត់​មក​ធ្វើបាប​យើង»។

មន្ត្រី​យោធា​ដែល​រង​ការចោទប្រកាន់ លោក សូយ ចាន់​សឿន មានប្រសាសន៍​ថា លោក​ពិតជា​បាន​ធ្វើដំណើរ​ទៅលេង​ផ្ទះ​មិត្ត​ភក្តិ និង​ឆ្លៀតពេល​មើល​ដីធ្លី​នៅ​កំពង់ស្ពឺ ជាមួយអ្នកស្រី ឌួង ហេ​ម៉ា​លីស ពិតមែន ប៉ុន្តលោក​បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់ដែល​ថា លោក​ប្រើ​ហិង្សា​និង​បង្ខាំង​មនុស្ស​ខុសច្បាប់។

លោក​អះអាង​ថា អ្នកស្រី ឌួង ហេ​ម៉ា​លីស រង​របួសដោយសារ​អ្នកស្រី​យក​ក្បាល​ទៅ​បោក​នឹង​ជញ្ជាំង​ឡាន ហើយ​ព្យាយាម​ហក់​ចេញពី​ក្នុង​ឡានទាំង​កំពុង​បើក​លឿន ខណៈ​លោក​ព្យាយាម​ឃាត់​មិន​ឱ្យ​ហក់​ចេញ។

លោក សូយ ចាន់​សឿន បាន​ចោទ​វិញ​ថា ករណី​អ្នកស្រី ឌួង ហេ​ម៉ា​លីស ប្តឹង​ទៅ​តុលាការ​នេះ គឺ​មាន​ចេតនា​ចង់បាន​លុយ​របស់​លោក និង​ចង់​បំផ្លាញ​កិត្តិយស​របស់​លោក​តែប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «ករណី​នាង​ប្តឹង ខ្ញុំ​មិន​ខ្លាច […] ខ្ញុំ​មាន​ជម្លោះ​ជាមួយ​នាង ដោយសារ​នាង​បោក​ឡាន​ឪពុកធម៌​របស់ខ្ញុំ ខ្ញុំ​បាន​សួរនាំ​នាង​ថា ថ្ងៃណា​មាន​លុយ​សង​ឪពុកធម៌​ខ្ញុំ។ ដល់​វា​បែកការ​ដោយសារ​ខ្ញុំ​សួរនាំ​រឿង​ហ្នឹង វា​ខឹងច្រឡោត​តោតតូង។ តើ​ខ្ញុំ​យក​នាង​ហ្នឹង​ទៅ​ធ្វើទារុណកម្ម​ដើម្បី​អី ខ្ញុំ១០០គីឡូ បើ​ខ្ញុំ​វាយ​នាង​មែន​ ប្រហែល​បាក់ឆ្អឹង បែក​មុខ​ខ្ទេច​ខ្ទី​អស់ហើយ។ ការពិត​វាយ​កក្បាល​ទៅ​បោក​នឹង​កញ្ចក់ឡាន ហើយ​វារ​កលោត​ពីលើ​ឡាន ហើយ​ប្រតាយ​ប្រ​តប់​ចាប់​នាង​ឱ្យ​អង្គុយ​ស្ងៀម​ទេ។ ខ្ញុំ​មិនបាន​វាយ​នាង​ទេ»។

អធិការរង​ស្រុក​ភ្នំស្រួច លោក ម៉ែ​ន សុ​ខេន មានប្រសាសន៍​ថា កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ស្ត្រីជន​រងគ្រោះ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​ទៅ​លោក ដោយ​ប្រាប់​ថា មាន​ករណី​បង្ខាំងនិង​ធ្វើទារុណកម្ម​មនុស្ស​នៅផ្ទះ​ពលរដ្ឋ​ម្នាក់ នៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ 

លោក​បន្ត​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភា្លម លោក​បាន​បញ្ជា​កម្លាំង​ចុះទៅ​ដល់កន្លែង​កើតហេតុ និង​បាន​សួរនាំ​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​បាន​រៀបរាប់​ថា នាង​ត្រូវ​បានលោក សូយ ចាន់​សឿន ប្រើ​ហិង្សា​តាំងពី​ក្រុង​តាខ្មៅ​រហូតដល់​កំពង់ស្ពឺ។ លោក​បន្ថែម​ថា បើ​តាម​ការសាកសួរ និង​ពិនិត្យ​ទៅលើ​ស្នាមរបួស គឺស្ត្រី​រងគ្រោះ​ពិតជា​រង​អំពើ​ហិង្សា​ពិតមែន ប៉ុន្តែ​ពុំ​មានការ​បង្ខាំង​នោះ​ទេ។

លោក​ថា៖ «តាម​ការសាកសួរ​ គាត់​ប្រាប់​ថា គាត់​ត្រូវ​បាន​ជនសង្ស័យ​វាយ​តាំងពី​ខេត្តកណ្តាល រហូតមកដល់​ផ្ទះ​ពួក​ម៉ាក​គាត់​នៅ​កំពង់ស្ពឺ ដែល​គាត់​និង​ជនសង្ស័យ​ធ្លាប់​មកលេង​ជាមួយគ្នា​ពេល​កន្លងមក។ ហើយ​ពេល​មកដល់​ គាត់​បាន​សុំ​បន្ទប់​ម្ចាស់ផ្ទះ​ដើម្បី​សម្រាក ដើម្បី​គេច​ផុត​ពី​ជនសង្ស័យ ហើយ​ពេល​កម្លាំង​ទៅដល់​ បាន​ហៅ​គាត់​ឱ្យ​ចេញ​មក។ ប៉ុន្តែ​គាត់​មិនព្រម​ចេញពី​បន្ទប់​ទេ ដោយ​ខ្លាច​ដៃ​គូគាត់​ដែល​មាន​កាំភ្លើង ខ្លាច​គេ​គំរាម​លើ​គាត់​ទៀត ក៏​គាត់​មិន​ហ៊ាន​ចេញពី​ក្នុង​បន្ទប់​រហូត​អ៊ីចឹង​ទៅ។ ហើយ​គាត់​បាន​ឆាត​ទៅតាម​តេឡេក្រាម​ទៅ​បងប្អូន​គាត់​ថា មាន​ករណី​បង្ខាំង ប៉ុន្តែ​ករណី​បង្ខាំងដូចជា​មិន​ត្រូវ​ទេ ប៉ុន្តែ​ករណី​ហិង្សា​បាន​កើតឡើង​ពិតប្រាកដ​មែន»។

វី​អូ​ឌី មិន​អាចទាក់ទងសុំការ​ឆ្លើយតប​ពី​ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក ស៊ន វីរៈ និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុ​ជាតិ និង​លោក អ៊ុន សុវណ្ណ បានទេ ដោយ​ទូរសព្ទ​ចូល​ច្រើនដង ​គ្មាន​អ្នកទទួល។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​ថា មួយ​រយៈ​ចុងក្រោយ​នេះ លោក​សង្កេតឃើញ​មានអំពើ​ហិង្សា​ដែល​បង្ក​ដោយ​បុគ្គល​ជា​កម្លាំងប្រដាប់អាវុធ​នោះ បាន​កើតឡើង​ជាច្រើន​ករណី ហើយ​ជន​បង្ក​តែងតែ​ឆ្លើយ​យករួចខ្លួនដើម្បី​គេច​ពី​ការទទួលខុសត្រូវ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ចាប់​ជន​បង្ក​យក​ទៅ​ផ្តន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់ ដើម្បី​កុំ​ប៉ះពាល់​ដល់​កងកម្លាំង​ដែ​លល្អៗ​ផ្សេងទៀត។

លោក​បន្ថែម​ថា៖ «ការប្រព្រឹត្ត​នេះ​ជា​ការទទួលខុសត្រូវ​របស់​បុគ្គល​មែន ប៉ុន្តែ​វា​ជះ​ឥទ្ធ​ិពល​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​កងកម្លាំង។ អ៊ីចឹង​ទី១ ត្រូវ​អប់រំ ផ្សព្វផ្សាយ​បន្ថែម ទី២ រឹ​តបន្ដឹង​ការប្រើ​ប្រាស់​អាវុធ​ ទោះបីជា​មាន​សិទ្ធិ​កាន់កាប់​ក៏ដោយ ក៏​មិន​ត្រូវ​យក​អាវុធ​ហ្នឹង​ទៅ​ប្រើប្រាស់​ខុសច្បាប់​ដែរ។ មួយទៀត​ បើ​បុគ្គល​ណា​ប្រព្រឹត្ត​ខុស មិន​ត្រូវ​អនុគ្រោះ​ឬយោគ​យល់​ទេ ត្រូវតែ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ គឺ​ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការដើម្បី​ធ្វើការ​អនុវត្ត​តាមផ្លូវ​ច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ