អតីត​​គ្រូពេទ្យ​​សម័យ​​ខ្មែរ​ក្រហម​​បាន​​បំពេញ​​កង្វះ​​ចន្លោះ​​សេវា​​សុខា​ភិបាល​​ក្នុង​​សហ​គមន៍​​នៅ​​ស្រុក​​ភ្នំស្រួច​​ជាង​២០​ឆ្នាំ​

អ្នកស្រី ឃិន ភាព និយាយ​មកកាន់​អ្នកសារព័ត៌មាន​នៅ​ឯលំនៅឋាន​របស់​គាត់ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ត្រាន់ តិច​សេង​)

ស្រុក​ភ្នំស្រួច​ កំពង់ស្ពឺ៖ ផ្ទាំង​ពណ៌លឿង​មួយ​ភ្ជាប់​មក​ជាមួយ​ស្លាក​សញ្ញា​ក្រសួងសុខាភិបាល និង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ដែល​សរសេរ​ថា ​«អ្នក​ស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់» និង​ឃ្លា​មួយទៀត​សរសេរ​ថា​ «មាន​ព្យាបាល​ជំងឺគ្រុនចាញ់​ស្រាល​ដោយ​មិន​គិតលុយ​នៅ​ទីនេះ​!» ត្រូវ​បាន​ដា​ក់ប​ញ្ឈរនឹង​បង្គោល​ដែក​ពីរ​ភ្ជាប់នឹង​របង​បង្គោលគ្រាក់ និង​សំណាញ់​លួស​នៅមុខ​លំនៅឋាន​មួយ​ ស្ថិត​ក្នុង​ឃុំ​ក្រាំងដីវ៉ាយ។ នោះ​គឺជា​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ដែល​អ្នកភូមិ​ហៅ​យ៉ាង​រត់មាត់​មក​ជាច្រើន​ឆ្នាំ​ហើយ​ថា «គ្រូពេទ្យ ភាព»

ផ្ទាំង​ពណ៌លឿង​ផ្ដល់​សេវា​ព្យាបាល​ជំងឺគ្រុនចាញ់ ត្រូវ​បាន​ដាក់​បញ្ឈរ​នៅមុខ​លំនៅឋាន​របស់​គ្រូពេទ្យ ភាព ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ឌិត សុខ​ធី​)

គ្រូពេទ្យ ភាព គឺ​អ្នកស្រី ឃិន ភាព អាយុ៦១ឆ្នាំ ដែល​សព្វថ្ងៃ​នេះ​គឺជា​អ្នក​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ ឬជា​ជន​បង្គោល​ប្រចាំ​ភូមិ​សម្រាប់​រាយការណ៍​ករណី​គ្រុនចាញ់ និង​ផ្ដល់​ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់​សម្រាប់​ប្រជាជន​នៅក្នុង​ភូមិ​របស់​គាត់និង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ក្បែរ​ៗនោះ។

គេង​នៅក្នុង​អង្រឹង​ចងនឹង​សសរនៅ​ក្រោមផ្ទះ​របស់​គាត់​ មុននឹង​ផ្លាស់ទៅ​អង្គុយ​លើ​គ្រែ អ្នកស្រី ឃិន ភាព បាន​ប្រាប់​ថា ចាប់តាំងពី​ឆ្នាំ២០១៧មក គាត់​បាន​ដកខ្លួន​ថយ​ជា​បណ្ដើរ​ៗពី​ការងារ​ព្យាបាល​ជំងឺ និង​ការ​លក់​ឱសថ​ទៅដល់​អ្នកភូមិ​នៅក្នុង​ឃុំ​ក្រាំងដីវ៉ាយ បន្ទាប់ពី​គាត់​បាន​តស៊ូ​នឹង​ជំងឺ​ទឹកនោមផ្អែម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​បណ្ដាល​ឱ្យ​ភ្នែក​ទាំងគូ​របស់​គាត់​ស្រវាំង​មើល​អ្វីមួយ​ឃើញ​មិនសូវ​ច្បាស់។

អ្នកស្រី ឃិន ភាព ត្រូវ​បាន​អ្នកភូមិ​ហៅ​រត់មាត់​ថា «គ្រូពេទ្យ ភាព» ដោយសារតែ​គាត់​បាន​ចូលរួម​ផ្ដល់​សេវា​សុខាភិបាល​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​គាត់និង​ភូមិ​ក្បែរ​ៗនោះ​អស់​រយៈពេល​ជាង២ទស​វត្សរ៍​មក​ហើយ ខណៈ​ដែល​តំបន់​ព្រៃភ្នំ​ដាច់ស្រយាល​មួយ​នេះប្រឈមមុខនឹង​កង្វះ​ប្រព័ន្ធ​សុខាភិបាល​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាលឬផ្ដល់​ដោយ​គ្រូពេទ្យ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ។

អ្នកស្រី ឃិន ភាព ប្រាប់​ថា៖ «ពេល​គេ​តាម​អ៊ីចឹង​ទៅ យើង​ដើរទៅ។ ជំនាន់​ហ្នឹង​អត់មាន​ផ្លូវ​ជិះកង់​ទេ ដើរកាត់​ក្នុង​ស្រែ​អ៊ីចឹង​ទៅ។ ទៅ​ឯភូមិ​ក្រាំង​គ ភូមិ​ព្រីង​អ៊ីចឹង​ទៅ ទៅ​ព្រែក​តា​ហៀច​អីហ្នឹង។ កាល​ហ្នឹង​វា​អត់មាន​ពេទ្យ។ មាន​បងថ្លៃ​ខ្ញុំ​មួយ​មក​ដែរ មក​ពី​ជំរំ​ដែរ តែ​គាត់​ខាង​ពេទ្យឆ្មប»។

គាត់​ប្រាប់​បន្ត​ថា៖ «គេ​តាម​អ៊ីចឹង​ទៅ ទៅ​ចាក់ថ្នាំ​ទៅ លាង​របួស​លាង​អី​ទៅ។ មួយ​ជំនាន់​ហ្នឹង ដូច​ថា គេ​កាប់​ឈើ​កាប់​អី ​មុត​ពូថៅ​មុត​អី​អ៊ីចឹង​ណា៎! យើង​ទៅ​លាង​របួស​លាង​អី​ទៅ តែ​អត់​ចេះ​ដេរ​ទេ។ របួស​មួយ​ជំនាន់​ហ្នឹង​អត់មាន​ដេរ​ទេ លាង​អ៊ីចឹង​ទៅ ចាក់ថ្នាំ​ចាក់​អី​ទៅ ដល់ហើយ​វា​ខ្ជឹប​មុខ អត់​ដេរ​ដូច​ឥលូវ​ទេ​មួយ​ជំនាន់​មុន ទើ​បក្រោយៗ​ទេ របួស​បន្តិច​ក៏​គេ​ដេរ​ដែរ»។

អ្នកស្រី ឃិន ភាព ស្ថិត​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ជាច្រើនដែល​បាន​វិលត្រឡប់​មក​ពី​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ថៃ ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ឆ្នាំ១៩៩៣ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​អន្តរកាល​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុន​តាក់ (UNTAC​)។

អតីតជន​ភៀសខ្លួន​កម្ពុជា​រូប​នេះបាន​ប្រកបរបរ​ជា​គ្រូពេទ្យ​ក្រៅ​ក្របខណ្ឌ​មួយ​រូប​ចាប់តាំងពី​ឆ្នាំ១៩៩៧មក ដោយ​បាន​ផ្ដល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​នានា​នៅក្នុង​ភូមិ​ដក់​ពរ និង​ភូមិ​ដទៃទៀត​នៅ​ក្បែរ​ៗនោះ​នៅក្នុង​ស្រុក​ភ្នំស្រួច ជា​តំបន់​ព្រៃភ្នំ​ដាច់ស្រយាល គ្មាន​គ្រូពេទ្យ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ផ្លូវការ ហើយ​ថែមទាំង​គ្មាន​មណ្ឌលសុខភាព​ទៀតផង។

អ្នកស្រី ឃិន ភាព ប្រាប់​ថា គាត់​បាន​ផ្ដល់​ការពិគ្រោះ​យោបល់ ចាក់ថ្នាំ ព្យួរសេរ៉ូម លាង​របួស និង​លក់​ឱសថ​ទៅដល់​ប្រជាជន​រាប់ពាន់​នាក់​នៅក្នុង​ភូមិ​គាត់​ផ្ទាល់ ភូមិ​នៅ​ក្បែរ​ៗនោះ និង​ប្រជាជន​ខ្លះទៀត​មក​ពី​ស្រុក​ឱរ៉ាល់ ដែល​ត្រូវ​ធ្វើដំណើរ​លើ​ផ្លូវលំ​ដ៏​លំបាក​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ។

ប៉ុន្តែគ្រូពេទ្យ​ក្រៅ​ក្របខណ្ឌ​រូប​នេះ ប្រាប់​ថា គាត់​ចេះ​ពី​របៀប​បច្ចេកទេស​វេជ្ជសាស្ត្រ​បែបនេះ​តាមរយៈ​ការអនុវត្ត​ជាក់ស្ដែង ដែល​គាត់​បាន​ប្រឡូកចាប់តាំងពី​ឆ្នាំ១៩៧៤ ពេល​គាត់​បាន​ចូលរួម​ក្នុង​ចលនាតស៊ូ​ខ្មែរក្រហម រហូតដល់​ដើម​ទសវត្សរ៍១៩៨០ ក្រោយពេល​របប​ខ្មែរក្រហម​បាន​ដួល​រលំ។

អ្នកស្រី ឃិន ភាព ប្រាប់​ថា៖ «អត់​ដែល​រៀន​ទេ ចូល​ជាក់ស្ដែង​តែម្ដង។ រៀន​ចាក់ថ្នាំ ចាក់​តែម្ដង។ និយាយរួម យើង​ចេះ​តាំងពី​នៅ​តាម​កង​នោះ។ នៅ​តាម​កង មុនដំបូង​អត់មាន​បណ្ដុះបណ្ដាល​ទេ យើង​ចូល​ដូច​ថាមាន​អ្នក​ឈឺ​ច្រើន​អ៊ីចឹង យើង​អាច​ជួយ​គេ ដូច​ថា មន្ទីរពេទ្យ​ស្រុក។ និយាយរួម ចេះ​តាំងពី​នៅ​ស្រុក​មុខកំពូល ​តាំងពី​ឆ្នាំ៧៤ឬ៧៥នោះ»។

នៅមុន​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​គ្រប់​ភាគី​ប្រដាប់​សន្យា​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​នៅ​ខែតុលា ​ឆ្នាំ១៩៩១នោះ អ្នកស្រី ឃិន ភាព បាន​ស្នាក់នៅ​ក្នុង​ជំរំជនភៀសខ្លួន​កម្ពុជា​ មាន​ទីតាំង​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ខេត្ត​ចន្ទ​បុរី​ របស់​ប្រទេស​ថៃ ជាទី​ដែល​អ្នកស្រី​ទទួល​បានការ​បណ្ដុះបណ្ដាល​កិច្ចការ​ស្ត្រី និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​ប៉ុណ្ណោះ ដែល​គ្មាន​ពាក់ព័ន្ធ​អ្វី​សោះ​ទៅ​នឹង​ជំនាញ​វេជ្ជសាស្ត្រ។

ទោះជាយ៉ាងណា ៤ឆ្នាំក្រោយ​ពី​វិលត្រឡប់​ពី​ជំរំភៀសខ្លួន​ចូល​មក​ប្រទេសកំណើត​វិញ អ្នកស្រី ភាព បាន​ផ្លាស់ទៅ​រស់នៅ​ឯស្រុកកំណើត​ខាងប្ដី​ ស្ថិតនៅ​ក្នុង​ឃុំ​ក្រាំងដី​វ៉ា​យ ជាទី​ដែល​គាត់​បាន​នាំ​យក​បទពិសោធន៍​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ដែល​គាត់​ទទួល​បាន​នៅក្នុង​សម័យ​ខ្មែរក្រហម យក​មក​ប្រើប្រាស់​ធ្វើជា​មុខរបរ ដោយ​ផ្ដល់​ការ​ព្យាបាល​ជំ​ងឺ​ផ្សេង​ៗដល់​អ្នកភូមិនិង​ប្រជាជន​ក្នុង​ភូមិ​ដទៃទៀត។

អ្នកស្រី ភាព បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៩ នៅដើម​ឆ្នាំ១៩៧០ ហើយ​បាន​ចាកចេញ​ពី​ស្រុកកំណើត​របស់​គាត់​នៅ​ឯស្រុក​កោះ​សូទិន ខេត្ត​កំពង់ចាម ដើម្បី​ចូលរួម​ក្នុង​ចលនាតស៊ូ​ខ្មែរក្រហម ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ព្រះ​ប្រមុខ​ សម្ដេចព្រះ នរោត្ដម សីហនុ។ ការអប់រំ​នានា​ដែល​អ្នកស្រី ភាព ទទួល​បាន​ពេលនោះ មានតម្លៃ​ស្មើនឹង​ថ្នាក់​ទី៤នៃ​ប្រព័ន្ធ​អប់រំ​នា​ពេល​បច្ចុប្បន្ន ដែល​ជួយ​ឱ្យ​គាត់​អាច​អាន​សេចក្ដីណែនាំ​ជា​ភាសា​បារាំង​នៅ​លើ​សំបក​ឱសថនិង​ផលិតផល​វេជ្ជសាស្ត្រ​ដទៃទៀត។

អ្នកស្រី ភាព ប្រាប់​ថា៖ «នៅ​តាម​កង ដូច​ថា​ចៃដន្យ​អ៊ីចឹង។ ដូច​ថាយើង​អាច​ធ្វើ​បាន យើង​ចូល​ធ្វើ​ទៅ គេ​រើស ​ដូច​ថាចេះ​ស្គាល់​ថ្នាំ​នេះ ស្គាល់​ថ្នាំ​នោះ​អ៊ីចឹង យើង​អាច​ឱ្យ​អ៊ីចឹង​បាន គេ​ឱ្យ​យើង​នេះ ​[ធ្វើជា​អ្នកព្យាបាល​] ទៅ។ គ្រាន់តែ​យើង​ដូច​ថាយើង​ស្គាល់​ថ្នាំពេទ្យ​អ៊ីចឹង​ទៅ ពេល​ឈឺ យើង​ទៅ ហើយ​ពេល​ដឹកជញ្ជូន ពេល​ត្រូវការ​អី យើង​មាន​បង់​មានអី​រុំ​របួស​អ៊ីចឹង​ទៅ​ណ៎ា»។

ថ្វីបើ​យ៉ាងនេះ​ក្ដី គ្រូពេទ្យ​ក្រៅ​ក្របខណ្ឌ​រូប​នេះ អះអាង​ថា គាត់​បដិសេធ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន ហើយ​បាន​ផ្ដល់​ការ​ព្យាបាល​ជំងឺ​មួយចំនួន​ប៉ុណ្ណោះ​ដែល​គាត់​បាន​ចេះដឹង​តាមរយៈ​ការអនុវត្ត​ជាក់ស្ដែង​តាំងពី​ជំនាន់​ខ្មែរក្រហម​នោះ ជាពិសេស​ជំងឺគ្រុនចាញ់ ដែល​ជួយ​ឱ្យ​ខ្លួន​គាត់​ផ្ទាល់​ត្រូវ​បាន​ជ្រើសរើស​ធ្វើជា​អ្នក​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ ឬជា​ជន​បង្គោល​ប្រចាំ​ភូមិ​សម្រាប់​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​ចាប់តាំងពី​ឆ្នាំ២០០២មក។

អ្នកស្រី ភាព ប្រាប់​ថា៖ «គ្រុនចាញ់ គ្រុនក្ដៅ​ធម្មតា តែ​មួយ​ជំនាន់​មុន ​អត់មាន​ក្រពះ​ពោះវៀន​ទេ​ណា មានតែ​គ្រុនចាញ់ ក្ដៅ​ធម្មតា​ប៉ុណ្ណឹង ហើយ​ចុកដៃ​ចុកជើង ឈឺក្បាល​អីហ្នឹង រោគ​ស្ត្រី​ធ្លាក់ស​ធ្លាក់​អី ចាក់ថ្នាំ​ពន្យារកំណើត​ ចាក់​អី។ ទើប​ខ្ញុំ​មក​ហ្នឹង បាន​មាន​អ្នក​ពន្យារកំណើត។ កាលមុន​ អត់​ដឹង​ទេ កូន​មួយ​ឆ្នាំ​មួយ​ៗ។ ដល់ពេល​ខ្ញុំ​នៅ​ជំរំធ្លាប់​ប្រើ​នោះ ដល់​មក​នៅ​ហ្នឹង​ទៅ ចេះតែ​ចាក់​ទៅ»។

មុន​ឈាន​មក​ប្រើ​សឺរ៉ាំងជ័រ​នៅដើម​ឆ្នាំ២០០០ អ្នកផ្ដល់​សេវា​សុខាភិបាល​មូលដ្ឋាន​រូប​នេះ បាន​ប្រើប្រាស់​សឺរ៉ាំង​កែវ ដែល​គាត់​អះអាង​ថា បាន​លាង​សម្អាត​ឧបករណ៍​នេះ​បាន​ត្រឹមត្រូវ​តាមរយៈ​ការ​ស្រុះ​ទឹក​ក្ដៅនិង​លាង​ជាមួយ​ទឹក​អាល់កុល ដើម្បី​បង្ការ​ការ​ចម្លង​មេរោគ​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ទៀត។

អ្នកស្រី ភាព អះអាង​ថា៖ «ម្ជុល​តែ​ចាក់​ហើយ មួយ​ជំនាន់​ហ្នឹង យើង​លាង​ឱ្យ​ហើយ​ហ្នឹង​ណា។ លាង​ហើយ​ទុក​ម្ដុំ​ទៅ បើ​យើង​អស់​ម្ជុល​ហ្នឹង ព្រលឹមឡើង​ដឹង​តែ​ស្ងោរ។ ទោះបីជា​យើង​អត់មាន​ប្រើ​អស់ ក៏​យើង​ត្រូវ​លាង​ស្ងោរ​អ៊ីចឹង ​ឱ្យ​ហើ​យស្រេចៗ​ដែរ ឱ្យ​វា​សម្លាប់​មេរោគ​អស់​ទៅ បាន​យើង​យក​មក​ប្រើ​ទៀត»។

អ្នកស្រី ភាព អះអាង​ថា គាត់​បាន​ផ្ដល់​ការ​ព្យាបាល​ជំងឺ​រាប់ពាន់​នាក់និង​មាន​គ្រប់​វ័យ ប៉ុន្តែសព្វថ្ងៃ​នេះ គាត់​ផ្ដល់​ការ​ព្យាបាល​ដល់​កុមារ​ភាគច្រើន។ គ្រូពេទ្យ​គ្មាន​ក្របខណ្ឌ​រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា គ្មាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​នោះ​ឡើយក្រោយពី​ទទួលការ​ព្យាបាល​របស់​គាត់ ហើយ​គាត់​អះអាង​ថា អ្នកភូមិ​បាន​កោតសរសើរ​សេវា​ព្យាបាល​របស់​គាត់​ទៅវិញ។

អ្នកស្រី ភាព ប្រាប់​ថា៖ «ហ្នឹង​គាត់​គ្រាន់តែ​ថា ហ៊ឺស! ​ប្រើ​ថ្នាំ​ផ្ទះ​ម៉ែ​កាវឿ​នច្រើន​ត្រូវ​អ៊ីចឹងហ្អា! គេ​ហៅ​ម៉ែ​កាវឿ​នៗ។ បើ​ថ្នាំ​ចាស់ ​ថ្លោះ​រោយ​ ឈឺ​សរ​សៃ ឈឺ​អីហ្នឹង អាហ្នឹង​ភាគច្រើន​គឺ​ត្រូវតែ​ម្ដង តាំងពី​ខាង​ស្រុក​ឱរ៉ាល់​អីណា​មក​ទិញ។ ដល់ពេល​គេ​ល្បី​អ៊ីចឹង​ទៅ ចេះតែ​មក ដើរ​អត់​រួច ជិះ​អី​អត់​កើត​អ៊ីចឹង គាត់​មក មក​អ៊ីចឹង​សួររក​ថា ផ្ទះ​មួយ​ណា​គេ​ថា​ពេទ្យ​ហ្នឹង​មក​ពី​ជំរំអ៊ីចឹង​ទៅ គេ​ប្រាប់​អ៊ីចឹង​ទៅណា។ អ៊ីចឹង​គាត់​មករ​កអ៊ីចឹង​ទៅ ទិញ​យក​ទៅ​ប្រើ​អ៊ីចឹង ​ត្រូវ»។

នៅ​ចម្ងាយ​ប្រហែល២០០ម៉ែត្រ​ពី​ផ្ទះ​របស់​អ្នកគ្រូ​ពេទ្យ​ ភាព អ្នកស្រី ឡាយ នីន អាយុ៥៨ឆ្នាំ ដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ​ជាមួយ​ចៅប្រុស​ម្នាក់​ផង​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់និង​សមាជិក​ក្រុម​គ្រួសារ​គាត់បាន​ទទួលការ​ព្យាបាល​ពី​អ្នកស្រី ឃិន ភាព អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ចាប់តាំងពី​គាត់​បាន​វិលត្រឡប់​ពី​ជំរំ។

ស្ត្រី​រូប​នេះប្រាប់​បន្ថែម​ថា រូប​គាត់​ផ្ទាល់​ធ្លាប់ទៅ​រក​អ្នកគ្រូ​ពេទ្យ​ ភាព ​ឱ្យ​លាង​របួស ដាក់​សេរ៉ូម ចាក់ថ្នាំ និង​ផ្សំថ្នាំ​លេប​សម្រាប់​បំបាត់​អាការ​វិលមុខនិង​លើសឈាម។

អ្នកស្រី ឡាយ នីន និយាយ​ថា៖ «ចាស៎! ពេល​វិលមុខ ​ខ្ញុំ​ទៅ​រក​គាត់ គាត់​ក៏​ឱ្យ​វាស់ឈាម​វាស់​អី​ទៅ ដឹង​ថា​លើសឈាម ទៅ​ទិញថ្នាំ​គាត់​លេប​ទៅ បើ​ថា​ទ្រង់​មិន​បាត់​ទេ ទៅទៀត។ ទៅ​រក​គាត់​រហូត​ហ្នឹង តាំងពី​គាត់​មក​ពី​ជំរំ។ ជំនាន់​ហ្នឹង​មានតែ​គាត់​ហ្នឹងហើយ ពេទ្យ​ ភាព ​ហ្នឹង»។

ខុសពី​ជាង២០ឆ្នាំមុន សព្វថ្ងៃ​នេះ ភូមិ​ដក់​ពរ​ ត្រូវ​បាន​តភ្ជាប់​ដោយ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ទីប្រជុំជន​សំ​ខាន់​ៗស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ដូចជា​ផ្សារ​ត្រពាំង​ក្រឡឹង និង​ផ្សារ​ត្រែងត្រយឹង។

ទោះជាយ៉ាងណា ឃុំ​ក្រាំងដីវ៉ាយ​ មិនទាន់​មាន​មណ្ឌលសុខភាព​ផ្ទាល់ខ្លួន​នៅឡើយ​ទេ ហើយ​ឃុំ​នេះ​ស្ថិតនៅ​ក្រោម​កម្រង​មណ្ឌលសុខភាព​ឃុំ​ចំបក់ ដែល​មាន​ចម្ងាយ​ប្រហែល២០គីឡូម៉ែត្រ​ពី​ភូមិ​ដក់​ពរ។

ប្រធាន​មណ្ឌលសុខភាព​ចំបក់ លោក សឿន សំបូរ បាន​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​គ្រូពេទ្យ​មក​ពី​ជំរំ​ដូច​អ្នកស្រី ឃិន ភាព នៅក្នុង​ការ​ផ្ដល់​ការ​ព្យាបាល​ទៅដល់​អ្នកភូមិ​រស់នៅ​តាម​សហ​គមន៍​ជនបទ មុននឹង​តំបន់ជនបទ​ដាច់ស្រយាល​នេះ ត្រូវ​បាន​តភ្ជាប់​ទៅ​សេវា​សុខាភិបាល​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល និង​សេវា​សុខាភិបាល​ដែល​ផ្ដល់​ដោយ​គ្រូពេទ្យ​មានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​អ្នកភូមិ។

លោក សឿន សំបូរ ប្រាប់​ថា៖ «មាន​គាត់​ប្រសើរ​ជាង​អត់» ដោយ​បន្ថែម​ថា គ្មាន​មណ្ឌលសុខភាព​នៅក្នុង​ឃុំ​ចំបក់​នោះ​ឡើយ​រហូតដល់​ឆ្នាំ២០១៥ គ្មាន​ផ្លូវ​ល្អ​តភ្ជាប់​ចូល​ទៅ​ក្នុង​ភូមិ​ឃុំ​របស់​អ្នកស្រុក ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាលនិង​កងទ័ព​ខ្មែរក្រហម​នៅ​សេសសល់​អំឡុង​ទសវត្សរ៍១៩៩០ និង​គ្រូពេទ្យ​ទទួល​បានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ឃុំ​ចំបក់ និង​ឃុំ​ក្រាំងដីវ៉ាយ។

បើ​តាម​លោក សំបូរ គ្រូពេទ្យ​ប្រហែល២០នាក់​ដែល​បើក​គ្លីនិក​ផ្ដល់​ការ​ព្យាបាល​តាម​ផ្ទះ​ដោយមាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ គ្មាន​បរិក្ខារ​វេជ្ជសាស្ត្រ​សមរម្យនិង​គ្មាន​អាជ្ញាបណ្ណ​នោះ ត្រូវ​បាន​ណែនាំ​ឱ្យ​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​ផ្ដល់​សេវា​សុខាភិបាល​ចាប់តាំងពី​ឆ្នាំ២០១៥មក។

កិច្ចសន្យា​ទាំងនេះ បាន​កើត១ឆ្នាំក្រោយ​ពី​មនុស្ស​ដល់ទៅ​ជិត៣០០នាក់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុសហ៊ីវ (HIV​) ក្នុង​ឃុំ​រកា​រ ស្ថិត​ក្នុងស្រុក​សង្កែ នៃ​ខេត្តបាត់ដំបង ភាគ​ពាយព្យ​ប្រទេស​កម្ពុជា ដោយសារតែ​គ្រូពេទ្យ​គ្មាន​ក្របខណ្ឌ​ម្នាក់បាន​ប្រើប្រាស់​សឺរ៉ាំង​ដោយ​គ្មាន​ការ​លាង​សម្អាត​ឱ្យ​បាន​ត្រឹមត្រូវ។ គ្រូពេទ្យ យ៉ែម ជ្រិន បច្ចុប្បន្ន​នេះ កំពុង​ជាប់ឃុំ​នៅ​ក្រោម​ការ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ ២០ឆ្នាំ។

កាលពីដើម​ខែមករា​នេះ គ្រូពេទ្យ​ក្លែងក្លាយ៣នាក់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ក៏​កំពុង​ប្រឈមមុខនឹង​វិធានការ​ផ្លូវច្បាប់​ផង​ដែរ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​ប្រើប្រាស់​សញ្ញាបត្រ​វេជ្ជសាស្ត្រ​ក្លែងក្លាយ។

ប្រធាន​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​ភ្នំស្រួច លោក ជា សុ​ខេង បាន​ប្រាប់​ថា ការបង្កើត​មណ្ឌលសុខភាព​នៅក្នុង​ឃុំ​មួយ ត្រូវ​ផ្អែក​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់​ថា ទាល់តែ​មាន​ប្រជាជន​យ៉ាងតិច៨ពាន់​នាក់ ហើយ​លោក​ថា រដ្ឋបាល​ឃុំ​ក្រាំងដីវ៉ាយ មិនទាន់​មាន​ប្រជាជន​ដល់​ចំនួន​ដែល​ស្រប​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​នោះ​ឡើយ។

ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​តភ្ជាប់​ផ្សារ​ត្រពាំង​ក្រឡឹង​ទៅ​ឃុំ​ក្រាំងដីវ៉ាយ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ឌិត សុខ​ធី​)

មន្ត្រី​សុខាភិបាល​មូលដ្ឋាន​រូប​នេះបានឱ្យ​ដឹង​ទៀត​ថា មណ្ឌលសុខភាព​មួយនឹង​ត្រូវ​បង្កើត​ឡើង​នៅក្នុង​ឃុំ​ក្រាំងដីវ៉ាយ​នេះ​នា​ពេល​អនាគត ប៉ុន្តែលោក​មិន​អាច​បញ្ជាក់​ថា នឹង​បង្កើត​ឡើង​នៅពេល​ណា​ជាក់លាក់​នោះ​ឡើយ។

លោក ជា សុ​ខេង មានប្រសាសន៍​ថា៖ «គោលការណ៍​នៃ​ការសាងសង់​មណ្ឌលសុខភាព ទាល់តែ​ចំនួន​ប្រជាជន​គ្រប់។ អាហ្នឹង​ទៅតាម​គោលការណ៍​របស់​រដ្ឋាភិបាល ដែល​ជា​ធម្មតា​ចាប់ពី៨ពាន់​នាក់​ឡើង»។

គ្លីនិក​តាម​ផ្ទះ​ចំនួន៣កន្លែង ត្រូវ​បាន​គេ​ឃើញ​កំពុង​បើក​ដំណើរការ​នៅក្នុង​ភូមិ​ដក់​ពរ។ គ្លី​និក​មួយ​កន្លែង​ស្ថិតនៅ​ក្បែរ​ផ្ទះ​របស់​អ្នកស្រី ឃិន ភាព ហើយ​គ្លីនិក​ចំនួន២ទៀត ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវលំ​មួយ​ដែល​តភ្ជាប់​ទៅ​កាន់​ស្រុក​ឱរ៉ាល់។ គ្លីនិក​ឯកជន​ទាំង៣កន្លែង​នោះ សុទ្ធតែ​ដាក់​បង្ហាញ​នូវ​សញ្ញា​ពេទ្យ ដែល​ខុសពី​គ្រូពេទ្យ ភាព ដែល​ដាក់​បង្ហាញ​ត្រឹម​ផ្ទាំង​បង្ហាញ​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺគ្រុនចាញ់។

បើ​ទោះបីជា​មាន​គ្លីនិក​តាម​ផ្ទះ​បើក​ដំណើរការ​ដោយ​គ្រូ​ពេទ្យ​ថ្មី​ៗក៏ដោយ ក៏​អ្នកភូមិ​ម្នាក់ទៀត អ្នកស្រី ឌី សា​មុត អាយុ៦៥ឆ្នាំ ដែល​ទើបតែ​រួចរាល់​ពី​ការ​ងូតទឹក​សម្អាតខ្លួន​នៅពេល​រសៀល​ហើយ​នោះ ប្រាប់​ថា គាត់​មានទំនុក​ចិត្ត​ទៅលើ​គ្រូពេទ្យ ភាព ដែល​ផ្ដល់​ការ​ព្យាបាល​ដល់​រូប​គាត់និង​សមាជិក​ក្រុម​គ្រួសារ​គាត់​អស់​រយៈពេល​ជាង២០ឆ្នាំ​មក​ហើយ​នោះ។

អ្នកស្រី ឌី សា​មុត និយាយ​ថា៖ «មើល​គាត់​តាំងពី​ម​កពី​ជំរំ ខ្ញុំ​រាក​អី​ តែ​ពីរ​លេប​បាត់​ហើយ ចុ​កពោះ​ចុក​អី រាក​អី​ហ្នឹង រ​កតែ​គាត់ លើសឈាម វាស់ឈាម​អីហ្នឹង»។

បើ​តាម​អ្នកស្រី ឡាយ នីន និង​អ្នកស្រី សា​មុត ប្រជាជន​ដទៃទៀត​នៅក្នុង​ភូមិ បាន​ស្វែងរក​សេវា​ព្យាបាល​ពី​អ្នកគ្រូ​ពេទ្យ​ ភាព ​តាំងពី​ឆ្នាំ១៩៩៧មក ដោយ​ថា អ្នកគ្រូ​ពេទ្យ​ ភាព ​លក់​ថ្នាំ​ធូរ​ថ្លៃ ហើយ​ទុកចិត្ត​ទៅលើ​គាត់​ជា​ពេទ្យ​មក​ពី​ជំរំ។

អ្នកស្រី ឌី សា​មុត និយាយ​បន្ត​ថា៖ «កូន​ខ្ញុំ​ក៏​ទៅ​គាត់ កូន​ខ្ញុំ​កាល​រាកអី តោះ​កូន​អើយ​អ៊ុំ​ ភាព​ តែ​ពីរ​លេប​អី​បាត់​ឈឹង។ អោយ​តែ​រាក ឈឺក្បាល ផ្ដាសាយ ហត់​ៗ អត់​ទៅ​រក​អ្នកណា​ទេ តែ​ពីរ​លេប​ហ្នឹង​គ្រាន់ហើយ ឯពេទ្យ​មក​ក្រោយ​ៗថ្លៃ​ពេក។ គាត់​ធូរ​ថ្លៃ ហើ​យក​ម្ម៉ង់​ត្រូវ តែ​ពីរ​មុខ​ហ្នឹង​ទេ រាក ចុក​ពោះ​ហ្នឹង តែ​ពីរ​លេប​បា​ត់ៗ​ហើយ»។

នៅពេល​ត្រូវ​បាន​សួរ​ថា កន្លងមក អ្នកគ្រូ​ពេទ្យ​ ភាព ​ព្យាបាល​អ្នក​ផ្សេង​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ​ឬយ៉ាងណា​នោះ អ្នកស្រី សា​មុត និយាយ​ថា៖ «អត់ទេ អត់​ដែរ​ឮ​ទេ អត់មាន​គ្រោះថ្នាក់​អ្នកណា​មួយ​ទេ។ គាត់​ព្យាបាល​តែ​អ្នក​ណា​ល្មម​ៗ បើ​ខ្លាំង ​គាត់​អត់​ហ៊ាន​ព្យាបាល​ដែរ​ហ្នឹង។ ឧទាហរណ៍​ថា អត់​ដឹងខ្លួន​អ៊ីចឹង​ណា យ៉ាប់​ខ្លាំង ​គាត់​អត់​មើល​ទេ។ បើ​ថា​យើង​គ្រុនក្ដៅ​អី គ្រុនផ្ដាសាយ​អី ត្រឹម​ដាក់​សេរ៉ូមមួយ​កំប្លោក​ពីរ​កំប្លោក គាត់​មើល។ បើ​របួស​អី​ល្មម​ៗ គាត់​ដេរ​គា​ត់​លាង​អ៊ីចឹង​ទៅ»។

អ្នកគ្រូ​ពេទ្យ ភាព បានឱ្យ​ដឹង​ថា គាត់​បាន​តស៊ូ​នឹង​ជំងឺ​ទឹកនោមផ្អែម​អស់​រយៈពេល១០ឆ្នាំ​មក​ហើយ ដែល​ជំងឺ​នេះ​បាន​ធ្វើ​ឱ្យដៃ​របស់​គាត់​ឡើង​ខ្ញង់​ចាប់កាន់​អ្វី​មិន​ជាប់ ហើយ​បង្ក​ឱ្យ​ភ្នែក​ទាំងគូ​របស់​គាត់​ស្រវាំង​មើល​អ្វី​មិនសូវ​ច្បាស់​នោះ​ឡើយ ដែល​ក៏​ជំរុញ​ឱ្យ​គាត់​បោះបង់​ជា​បណ្ដើរ​ៗនូវ​ការងារ​ផ្ដល់​សេវា​សុខាភិបាល​ទៅដល់​អ្នកភូមិ។

នៅ​ក្រោមផ្ទះ​អ្នកស្រី ឃិន ភាព ទូ​កញ្ចក់​មួយ​ផ្ទុក​ទៅ​ដោយ​ឱសថនិង​បរិ​ក្ខារ​ពេទ្យ​មួយចំនួនត្រូវ​បាន​រក្សាទុក​នៅក្នុង​នោះ ហើយ​សំណល់​សឺរ៉ាំងនិង​សំបក​កញ្ចប់​ថ្នាំ ត្រូវ​បាន​បោះចោល​នៅក្នុង​កន្ត្រក​សំរាម​មួយ​ស្ថិតនៅ​ចំហៀង​ផ្ទះ​ផ្នែក​ខាងជើង​របស់​គាត់។

អ្នកស្រី ឃិន ភាព ប្រាប់​ថា៖ «ឈប់​ហើយ ឱ្យ​កូន​ខ្ញុំ​អ្នក​ចាក់​ម្ដង ខ្ញុំ​អត់​ចាក់​ទេ មើល​សរ​សៃ​អត់​ឃើញ។ ពេល​គេ​មករ​កចាក់ ដាក់​សេរ៉ូម​ដាក់​អី​អ៊ីចឹង​ទៅ អា​កូន​ហ្នឹង​អ្នក​ចាក់។ ឈប់​ហ្នឹង​មិនមែន​ឈប់​ប៉ិត​ទេ។ ជួនកាល​កូន​អត់​នៅ គ្នា ​[អ្នកជំងឺ​] មក​ប្រញាប់​អ៊ីចឹង​ទៅ ក៏​ដាក់​សេរ៉ូម​ឱ្យទៅ​មួយ​ប្លោក​អី​អ៊ីចឹង។ ចាក់​ខ្លួនឯង​ទៅ លាត់​មើល​សរសៃ​គេ​សិន។ បើ​ថា​សរសៃ​គេ​អាច​មើលឃើញ បាន​លាយ​សេរ៉ូម។ បើ​ថា​សរសៃ​អត់​នេះ ឱ្យ​ចាំ​កូន​សិន ព្រោះ​ភ្នែក​យើង​ចាស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ