តុលាការសាលាដំបូងខេត្តកំពង់ស្ពឺ កោះហៅមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ចំនួន២រូបឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅក្នុងខែកុម្ភៈខាងមុខ ពាក់ព័ន្ធនឹងបណ្តឹងរបស់ស្ត្រីម្នាក់ដែលប្តឹងចោទយោធាទាំង២រូបនោះ ថាបានប្រើប្រាស់អំពើហិង្សានិងបង្ខាំងមនុស្សដោយខុសច្បាប់។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤២ឆ្នាំ រស់នៅសង្កាត់បឹងកេង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្តឹងឈ្មោះ សូយ ចាន់សឿន ជាមន្ត្រីយោធាឋានៈឧត្តមសេនីយ៍ទោ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ និងបង្ខាំងមនុស្សដោយខុសច្បាប់»។
ក្នុងបណ្តឹងបានរៀបរាប់ថា មន្ត្រីយោធាឈ្មោះ សូយ ចាន់សឿន បានប្រើអំពើហិង្សាលើស្ត្រីរងគ្រោះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខណៈដែលស្ត្រីរូបនោះកំពុងជិះរថយន្តតាមផ្លូវជាមួយឈ្មោះ សូយ ចាន់សឿន ទៅលេងផ្ទះមិត្តភក្តិរបស់គាត់នៅខេត្តកំពង់ស្ពឺ ដែលជាមន្ត្រីយោធាដែរមានឈ្មោះ ស្រី សម្បត្តិ ហើយបានបង្ខាំងស្ត្រីរងគ្រោះនៅក្នុងផ្ទះមិត្តភក្តិនោះជាច្រើនម៉ោងទៀតផង។
ក្នុងដីកាកោះមួយចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ខៃ សម្ភស្ស បានចេញដីកាកោះហៅលោក សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រស់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឱ្យចូលទៅបំភ្លឺនៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមបណ្តឹងរបស់អ្នកស្រី ឌួង ហេម៉ាលីស។
ក្នុងដីកាកោះមួយទៀតចុះថ្ងៃខែដូចគ្នា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ខៃ សម្ភស្ស ក៏បានកោះហៅលោក ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងដូចគ្នានេះដែរ។
នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ លោក សូយ ចាន់សឿន ដែលរងបណ្តឹង ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនទាន់ទទួលបានដីកាកោះនោះនៅឡើយទេរហូតមកដល់ព្រឹកថ្ងៃនេះ ប៉ុន្តែពេលទទួលបានដីកានោះ លោកនឹងពិភាក្សាជាមួយមេធាវីបន្តទៀត។
បើតាមលោក សូយ ចាន់សឿន រូបលោកនិងលោក ស្រី សម្បត្តិ ក៏កំពុងពិភាក្សាជាមួយមេធាវី ដើម្បីប្តឹងបកទៅលើអ្នកស្រី ឌួង ហេម៉ាលីស វិញដែរ ដោយលោកថា ស្ត្រីរូបនោះកំពុងបង្កើតរឿងធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយសនិងអង្គភាពរបស់លោកយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោកបានច្រានចោលការចោទប្រកាន់ដែលថា លោកបានប្រើហិង្សានិងបង្ខាំងមនុស្សខុសច្បាប់នោះ។
លោកបន្ថែមថា៖ «ខ្ញុំនិងលោក សម្បត្តិ ហ្នឹង មានគម្រោងប្តឹងបកវិញដែរ ដែលស្ត្រីម្នាក់ហ្នឹងបានទៅធ្វើការផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំធ្ងន់ធ្ងរដែរ ទាំងដែលខ្ញុំមិនបានធ្វើដូចការចោទប្រកាន់ផង។ រឿងដែលស្រីហ្នឹងប្តឹង ការកោះហៅ វាជាសិទ្ធិរបស់គេ មិនអីទេ។ ចាំខ្ញុំឡើងទៅឆ្លើយបំភ្លឺការពិតពាក់ព័ន្ធរឿងនេះ មិនអីទេ»។
វីអូឌី មិនអាចរកការឆ្លើយបំភ្លឺពីនាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ លោក ស្រី សម្បត្តិ បានទេ ពាក់ព័ន្ធករណីនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា ករណីនេះជារឿងបុគ្គលមិនជាប់ពាក់ព័ន្ធជាមួយក្រសួងនោះទេ។ លោកថា បើបុគ្គលណាធ្វើខុស ត្រូវអនុវត្តទៅតាមផ្លូវច្បាប់។
លោកបន្ថែមថា៖ «រឿងហ្នឹងជារឿងរបស់ឯកជនទេ ខ្ញុំអត់មានអីឆ្លើយរឿងឯកជនរបស់គេទេ អ៊ីចឹងឱ្យគេដោះស្រាយទៅតាមផ្លូវច្បាប់ទៅ។ អត់មានអីទាក់ទងជាមួយអង្គភាព ជាមួយក្រសួងការពារជាតិទេ នោះជារឿងឯកជនរបស់គេ អ៊ីចឹងអនុវត្តទៅតាមច្បាប់ទៅ»។
ពាក់ព័ន្ធករណីនេះ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានស្នើឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងត្រូវចាប់ជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីលុបបំបាត់អំពើនិទណ្ឌភាពដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ។
លោក អំ សំអាត បន្តថា បើទោះបីជារឿងនេះជារឿងបុគ្គល ប៉ុន្តែរដ្ឋាភិបាលត្រូវតែចាត់វិធានការទៅលើបុគ្គលដែលធ្វើខុសទាំងនោះ ដើម្បីកុំឱ្យប៉ះពាល់ដល់កងកម្លាំងប្រដាប់អាវុធផ្សេងទៀត ដែលពួកគេបានធ្វើរឿងល្អៗនៅក្នុងសង្គម។
លោកបន្ថែមថា៖ «អ៊ីចឹងបើបុគ្គលណាប្រព្រឹត្តខុស មិនត្រូវអនុគ្រោះឬយោគយល់ទេ យើងត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ គឺត្រូវចាប់បញ្ជូនទៅតុលាការ ដើម្បីធ្វើការអនុវត្តតាមផ្លូវច្បាប់ឱ្យខានតែបាន»។
បើយោងតាមបណ្តឹងដាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ គឺជនរងគ្រោះបានទាមទារឱ្យមានការចាប់ខ្លួននិងឃុំខ្លួនមន្ត្រីយោធាឈ្មោះ សូយ ចាន់សឿន ទៅតាមផ្លូវច្បាប់ ហើយទាមទារសំណងថ្លៃព្យាបាលចំនួន១លានដុល្លារ និងប្រាក់សំណងជំងឺចិត្ត១លានដុល្លារផងដែរ៕