បទ​​យក​ការណ៍​៖​ លោក​ រ៉ាត់​ រត្ន​មុ​នី​ ក្នុង​​ជីវិត​​មាន​​សេរី​ភាព​​តែ​​កណ្តោច​កណ្តែង ​

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក រ៉ាត់ រត្ន​មុនី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​អំពី​ស្ថានភាព​រស់នៅ​បច្ចប្បន្ន ក្រោយពី​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ទាក់ទង​នឹង​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​រើសអើង។ (ជន ចាន់​រ៉ែ​ន)

កំពុង​នៅផ្ទះ​តែម្នាក់ឯង លោក រ៉ាត់ រត្នមុនី បច្ចុប្បន្ន​នេះ ​ព្យាយាម​បន្លប់​ភាព​អផ្សុក​របស់​គាត់ ដោយតាម​ដាន​ព័ត៌មាន អាន​សៀវភៅ និង​រំឭកពី​ការប្រើ​ប្រាស់​កុំព្យូទ័រ។ មើលទៅ​គាត់​ហាក់ដូចជា​នឹក​វត្ថុ​ទាំងនេះ​ណាស់ ក្រោយពី​គាត់​ត្រូវ​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល២ឆ្នាំ ដោយ​គ្រាន់តែ​ការងារ​បកប្រែ​ឱ្យ​ទូរទស្សន៍​រុស្ស៊ី RT ក្នុង​ការផលិត​វី​ដេ​អូ​ឯកសារ​មួយ​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ 

លោក​ថា៖ «ឥលូវកំពុង​រៀន​ប្រើ​ឡើងវិញ។ បន្ទាប់​ចេញ​មក​ ចង់​ភ្លេច​អស់»។ 

លោក រ៉ាត់ រត្នមុនី អាយុ៤៩ឆ្នាំ ពេលនេះ​មាន​សេរីភាព​មែន ក្រោយពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ ប៉ុន្តែ​សុបិន​អាក្រក់​នៅតែ​តាម​ញាំញី​រូប​គាត់ ដោយមិនអស់ចិត្ត​ថា​ ហេតុអ្វីបានជា​គាត់​ត្រូវ​ជាប់គុក​ដោយ​គ្រាន់តែ​ធ្វើការ​បកប្រែ​ឱ្យ​អង្គភាព​សារព័ត៌មាន​បរទេស។ 

ទណ្ឌកម្ម​ទៅលើ​រូបលោក ក្រោម​បទ​ចោទ​របស់​តុលាការ​ថា ​គាត់​ញុះញង់​ឱ្យ​មានការ​រើសអើង ត្រូវ​បាន​រង​ការរិះគន់​ពីសំណាក់​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​និង​ក្រៅប្រទេស​ ថា​ជា​ការគាបសង្កត់​ទៅលើ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក រ៉ាត់ រត្ន​មុនី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​អំពី​ស្ថានភាព​រស់នៅ​បច្ចប្បន្ន ក្រោយពី​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ទាក់ទង​នឹង​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​រើសអើង។ (ជន ចាន់​រ៉ែ​ន)

លោក ​រត្នមុនី ក៏បាន​លើកឡើង​ផង​ដែរ​ថា៖ «ជា​រឿង​ដែល​អយុត្តិធម៌ ហើយ​ជា​រឿង​ដែល​យើង​ស្មាន​មិនដល់​ មិន​អាច​ទទួលយក​បាន​ដល់​អ៊ីចឹង​! ព្រោះ​ខ្ញុំ​ប្រាកដថា ​ធ្វើ​អី​តាមច្បាប់​តាម​ទម្លាប់​ទៅណា ខ្ញុំ​ព្យាយាម​ណាស់។ ដល់​អ៊ីចឹង!​ នៅពេល​ដែល​មានរឿង​ទៅដល់​ជា​ចាប់​ដាក់គុក យើង​ទទួលយក​មិនបាន ​វា​ពិបាក​ណាស់​!»

កាលពី​ខែតុលា ឆ្នាំ២០១៩ អង្គការលើ​កលែងទោស​អន្តរជាតិ Amnesty International បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​បាន​ចាត់ទុក​ការ​ការ​ចាប់ខ្លួននិង​ចោទប្រកាន់​លោក រត្ន​មុនី ជា​ការ​បំភិតបំភ័យ​របស់​រដ្ឋាភិបាល​ទៅលើ​អ្នក​ដែល​បើកក​កាយ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ 

Amnesty International លើកឡើង​ថា៖ «វា​ជាក់ស្ដែង​ណាស់​ដែល​ថា​ អាជ្ញាធរ​ចង់​យក​ករណី​លោក រត្នមុនី ធ្វើជា​ឧទាហរណ៍​សម្រាប់​បំភិតបំភ័យ​ទៅលើ​អ្នក​ផ្សេងទៀត​ដែល​បាន​បើក​បង្ហាញ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។ 

រឿង«​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ត្រូវ​បាន​ផលិត​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី Russia Today និង​បាន​ចេញផ្សាយ​នៅ​លើ​ទូរទស្សន៍ និង YouTube របស់ RT នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។ រឿង​នេះ​ជា​ភាពយន្តឯកសារ​មួយ​ដែល​និយាយ​ពីក្មេង​ស្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ម្ដាយ​របស់​ខ្លួន​លក់​ទៅ​ឱ្យ​ភ្ញៀវ​ដើម្បី​បម្រើ​ផ្លូវភេទ​ យក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព បច្ចុប្បន្ន ​វីដេអូ​នេះ​ទទួល​បានការ​ទស្សនា​ជិត២លាន​ដង​នៅ​លើ YouTube Channel របស់ RT។ 

មួយវិញទៀត ការ​ចាប់ខ្លួន​លោក រត្នមុនី ក៏បាន​បង្កើន​នូវ​ចំ​ហាយ​រងា​រភ័យខ្លាច​នៅក្នុងចំណោម​សហគមន៍​អ្នកសារព័ត៌មាន​កម្ពុជាផង​ដែរ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា Camboja លោក ណុប វី ចាត់​ទុក​ការចោទប្រកាន់និង​ផ្តន្ទា​ទោស​លើលោក ​រត្ន​មុនី ដោយ​តុលាការ​នេះ ​គឺជា​រឿង​អយុត្តិធម៌​មួយ។ លោក​បន្ថែម​ថា ​ករណីនេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកសារព័ត៌មាន​ផ្សេងទៀត​ក្នុង​ការអនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន។ 

លោក​ ណុប វី មានប្រសាសន៍​ថា៖ «ការ​កាត់ទោស​គាត់​ [លោក រ៉ាត់ ​រត្ន​មុនី​] វា​ធ្វើ​ឱ្យ​មាន​ភាព​ភ័យខ្លាច​សម្រាប់​អ្នក​ដែល​គាត់​ហ៊ាន​ធ្វើ​សេចក្តី​រាយការណ៍​រឿង​សង្គម​ផ្សេង​ៗហ្នឹង។ គឺ​គាត់​នឹង​មិន​ហ៊ាន​ធ្វើ​សេចក្តី​រាយការណ៍​រឿង​ទាំងអស់​ហ្នឹង​ទេ ព្រោះ​ដូច​ករណី​របស់​លោក​ រ៉ាត់ រត្ន​មុនី​ អ៊ីចឹង។​ យើង​ដឹង​ហើយ​ថា​ នៅពេល​ដែល​មានការ​ចោទប្រកាន់​ គាត់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​នៅ​ពន្ធនាគារ ហើយ​គាត់​ត្រូវ​បាន​គេស​ម្រេច​ឱ្យ​មានទោស​ដោយ​គាត់​គ្រាន់តែ​ជា Fixer [ជំនួយការ​] របស់​អ្នកកាសែត​បរទេស។ ទីពីរ ​គាត់​គ្រាន់តែ​ដើរតួ​នាទី​ក្នុង​ការ​រាយការណ៍​ពី​ព័ត៌មាន​ទាំងអស់​ហ្នឹង»។

សម្រាប់​លោក ណុប វី ការ​ចាប់​អ្នកកាសែត​ឃុំខ្លួននិង​ចោទប្រកាន់​តាមផ្លូវ​តុលាការ ​គឺ​មិនមែន​ជា​ជម្រើស​ល្អ​ទេ​ដល់​សេរីភាព​សារព័ត៌មាន។ 

លោក​បន្ថែម​ថា៖ «ជា​រួម ​យើង​ [រដ្ឋាភិបាល​] ពិនិត្យមើល​ព័ត៌មាន ពិនិត្យមើល​រឿង​ទាំងអស់​ហ្នឹង ​ចាត់​ឱ្យ​មានការ​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​ថែមទៀត​ មើល​ថា ​តើ​ករណី​នៃ​ការ​សរសេរ​ហ្នឹង​វា​ត្រឹមត្រូវ​ឬមិន​ត្រឹមត្រូវ​? ហើយ​បើ​ត្រឹមត្រូវ ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ហើយ។ ហើយ​បើ​ក្នុងករណី​អ្នកកាសែត​សរសេរ​មិន​ត្រឹមត្រូវ​នៅត្រង់​កម្រិត​ណា ​ឱ្យ​គ្នា​ធ្វើការ​កែតម្រូវ​ទៅ»។ 

បើ​ទោះបី​លោក ​រត្ន​មុនី មាន​សេរីភាព​វិញ​មែន តែ​គាត់​នៅតែ​មានឈ្មោះ​ប្រឡាក់​ថា ​ធ្លាប់​ជាប់ពន្ធ​នា​គារ។ បច្ចុប្បន្ន លោក​និង​មេធាវី​របស់​លោក​កំពុង​ព្យាយាម​សម្អាត​ឈ្មោះ​របស់​គាត់ តាមរយៈ​ការ​ដា​ក់​ពាក្យ​ប្ដឹងទាស់​ទៅ​នឹង​សេចក្តី​សម្រេចនិង​ការចោទប្រកាន់​របស់​តុលាការ​សាលាដំបូង។ បច្ចុប្បន្ន ពាក្យ​ប្តឹង​ទាស់​នេះ​កំពុង​ស្ថិតនៅ​ក្នុង​ដៃ​តុលា​ការ​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅឡើយ។ 

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ​រត្ន​មុ​នី គឺ​លោក​មេធាវី សំ ទិត្យ​សីហា មានប្រសាសន៍​ថា ​រហូតមកដល់​ពេលនេះ​គឺ​មាន​រយៈពេល​ប្រមាណ៤ខែ​ហើយដែល​តុលាការ​កំពូល​បញ្ជូន​សំណុំរឿង​ប្ដឹង​ទាស់​របស់​កូនក្ដី​លោក​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ដោះស្រាយ។ 

លោក​មានប្រសាសន៍​ថា៖ «បន្ត​ទៀត​គឺ​យើង​មានតែ​ដាក់ស្នើ​សុំ​ឱ្យ​សាលាឧទ្ធរណ៍​គាត់​ពន្លឿន​នីតិវិធី​ធ្វើការ​រឿង​ហ្នឹង។ យើង​អត់​អាច​ធ្វើ​អី​លើស​ពី​ហ្នឹង​ទេ​! ព្រោះ​ជា​ការ​បញ្ជូន​ពី​តុលាការ​កំពូល​មកវិញ។ ចំពោះ​ដាក់​ពេលណា​ ខ្ញុំ​អត់​ទាន់​ច្បាស់​ទេ ​ដោយសារតែ​លោក ​រត្ន​មុនី ពេល​គាត់​ចេញ ​គាត់​បាន​ទាក់ទង​តាម​ទូរសព្ទ​ជាមួយ​ខ្ញុំ​ ក៏ប៉ុន្ដែ​គាត់​ទាក់ទង​សុំ​អត្តសញ្ញាណ​បណ្ណ ហើយ​និង​ប៉ាស្ព័រ [លិខិតឆ្លងដែន] ​គាត់។ ​តែ​ត្រង់ថា​ គាត់​ចង់​ធ្វើ​អី​បន្ត​ទៀត​យើង​អត់​ទាន់បាន​ជួប​គាត់។ អ៊ីចឹង​យើង​ត្រូវតែ​គោរព​តាម​ការសម្រេច​ចិត្តទៅលើ​អ្វី​ដែល​គាត់​ចង់​ធ្វើ​ទៅទៀត​ឬអត់​ ព្រោះ​យើង​ត្រូវការ​ជជែក​ជាមួយ​គាត់​ដែរ​ ព្រោះ​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​គាត់​អ៊ីចឹង​ណា!»

VOD មិន​អាច​ទាក់ទង​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ។

លោក រត្ន​មុនី និយាយ​ថា ពេលនេះ​ជីវិត​របស់​លោក​ហាក់ដូចជា​ត្រូវ​ចាប់ផ្ដើម​សារជាថ្មីក្នុង​សភាព​កណ្តោចកណ្តែង​មួយ។ ការងារ​ក៏​គ្មាន ហើយ​ប្រពន្ធ​កូន​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ហើយ​លោក​មិនដឹង​ថា​ ពេលណា​ទើប​លោក​អាច​ជួបជុំ​គ្រួសារ​វិញ ក្នុង​សភាពការណ៍​ដែល​មានការ​រឹតត្បិត​ក្នុង​ការ​ធ្វើដំណើរ​ដោយសារតែ​បញ្ហា​កូ​វីដ១៩ផង។ 

ភរិយា​លោក រ៉ាត់ រត្ន​មុ​នី គឺ​អ្នកស្រី ឡុង គឹ​មហ៊ាង បានសម្រេច​ភៀសខ្លួន​ជាមួយ​កូនប្រុស​ទៅ​ប្រទេស​ថៃ​ កាលពី​ខែឧសភា ឆ្នាំ២០១៩ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ បន្ទាប់ពី​មានការ​ឃ្លាំមើល​សកម្មភាពនិង​ការ​រំខាន​ជាបន្តបន្ទាប់​ក្នុង​ពេល​ដែល​អ្នកស្រី​ចេញមុខ​តវ៉ា​មុ​ខស្ថា​នទូត​រុស្ស៊ី​ជា​រៀងរាល់​សប្ដាហ៍ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឱ្យ​មានការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី។

អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ (UNHCR Thailand​) បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​អ្នកស្រី ឡុង គឹ​មហ៊ាង និង​កូនប្រុស នៅ​ខែកញ្ញា ឆ្នាំ២០១៩។

លោក ​រត្នមុនី មានប្រសាសន៍​ថា៖ «នឹក​ខ្លាំង​មែនទែន ​ព្រោះ​ពួក​យើង​អត់​ធ្លាប់​បែកគ្នា​ទេ។ ហើយ​ខ្ញុំ​មានកូន​តូច ​ដល់អ៊ីចឹង​ខ្ញុំ​ស្រមៃ​ពេល​ដែលគេ​កើតមក​នៅ​អាយុ​ជាង១ឆ្នាំ​ហ្នឹង​ គឺ​នៅជា​មួយ​ខ្ញុំ​ៗអ្នកមើល។ ឥលូវពេល​ដែល​នឹក ​ទាញ​រូបថត​កូនប្រពន្ធ​មើល។ ពេល​នៅ​ឯណោះ​[ពន្ធនាគារ​] ក៏​ខ្ញុំ​មើល​ដែរ ដេក​ដាក់​នៅ​ជញ្ជាំង​មើល​អ៊ីចឹង​ទៅ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ