គ្រួសារ​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​បន្ត​​រង​​ការ​រារាំង​​ពី​​អាជ្ញាធរ​ ខណៈ​​ពួក​​គេ​​តវ៉ា​​មុខ​​តុលាការ​

ក្រុម​ស្ត្រី​ប្រមាណ១០នាក់ បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេ (អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​) នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​ក្រុម​ស្ត្រី​ដែល​ជា​ភរិយានិង​សាច់ញាតិ​របស់​អតីត​សកម្មជន​គណបក្ស​ប្រឆាំង បន្ត​រង​ការ​រុញច្រាននិង​រារាំង​ពីសំណាក់​អាជ្ញាធរ ខណៈ​ពួក​គេ​ប្រមូល​តវ៉ា​មុខ​សាលាដំបូង​រា​ធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ខ្លួន​ដែល​កំពុង​ជាប់ឃុំ។

អ្នកស្រី ផល ជើន ជា​កូនស្រី​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប ឈ្មោះ ឡុង ផា​វី បាន​និយាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា អ្នកស្រី​បាន​ចូល​ធ្វើ​យុទ្ធនាការ​ប្រមូល​ផ្តុំ​តវ៉ា​ជា​រៀងរាល់ថ្ងៃ​សុក្រ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ផ្សេងទៀត ជិត​មួយឆ្នាំ​ហើយ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​ឪពុក​របស់​អ្នកស្រី។

អ្នកស្រី​បន្ត​ថា ការ​តវ៉ា​នៅ​ថ្ងៃនេះក៏ដូចជា​លើ​កមុន​ៗ ដោយ​ពួក​គាត់​បាន​រង​នូវ​ការ​រុញច្រាននិង​រារាំង​ពីសំណាក់​សន្តិសុខ​ខណ្ឌ៧មករា ដែល​មិន​ឱ្យ​ពួក​គាត់​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​តុលាការ​ឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «ចាប់តាំងពី​ពួក​ខ្ញុំ​តវ៉ា​មក គឺ​មានការ​រុញច្រាន អូសទាញ​ពួក​ខ្ញុំ​តាម​ចិញ្ចើម​ផ្លូវ ទាត់​ធាក់​ពួក​ខ្ញុំ​ជា​ហូរហែ គ្រប់សព្វ​បែបយ៉ាង ហើយ​នៅ​ព្រឹកមិញ​នេះ សន្តិសុខ​ខណ្ឌ៧មករា ក៏​រារាំង​មិន​ឱ្យ​ពួក​ខ្ញុំ​ មិន​ឱ្យ​តវ៉ា​នៅមុខ​តុលាការ​ដែរ ដោយ​រុញច្រាន អូសទាញ​ពួក​យើង​ចេញ»។

អ្នកស្រី​ចាត់ទុក​ការ​ចាប់និង​ឃុំខ្លួន​ឪពុក​របស់​អ្នកស្រី​ថា ជា​រឿង​អយុត្តិធម៌ ដោយ​ថា ឪពុក​របស់​អ្នកស្រី​មិនបាន​ធ្វើសកម្មភាព​នយោបាយនិង​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ ក្រោយពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

កូន​អតីត​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ និយាយ​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពេល​ទៅ​ប្រមូល​ផ្តុំ​តវ៉ា​នេះ ប៉ុន្តែ​ពួក​គាត់​មិន​បោះបង់​ការ​ធ្វើ​យុទ្ធនាការ​នេះ​ទេ រហូតដល់​មានការ​ដោះលែងឪពុកនិង​អតីត​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងទៀត។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយពី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី និង​អភិបាលខណ្ឌ៧មករា លោក លឹម សុភា បានទេ​នៅ​ថ្ងៃនេះ។ 

បើ​តាម​នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស លោក អំ សំអាត គឺ​ចាប់តាំងពី​ឆ្នាំ២០២០ មកដល់​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ មាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ និង​ក្រុម​យុវជន ប្រមាណ​ជិត៧០នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរនិង​តុលាការ​ចាប់ខ្លួននិង​ឃុំខ្លួន​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​បទ​ចោទ​មួយចំនួនដូចជា បទ​ចោទ​រួមគំនិតក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់ដឹកនាំ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ