លោក ឃ្លាំង ហួត៖ បើចង់ឱ្យគ្មានសំរាមទាល់តែចាប់អ្នកចោលដាក់គុក

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ថ្លែងទៅកាន់អ្នកចូលរួមជា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ (រូបភាព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ)

អភិបាលខណ្ឌជ្រោយចង្វារអះអាងថា ក្នុងពេលបច្ចុប្បន្ននេះបើចង់ឱ្យបរិស្ថានស្អាតទាល់តែមានច្បាប់ចាប់អ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់ដាក់ពន្ធនាគារ ព្រោះលោកថា អាជ្ញាធរប្រឹងប្រែងអប់រំយ៉ាងណាក៏មិនមានការចូលរួមពីប្រជាជនដែរ។​

ការលើកឡើងរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបែបនេះធ្វើឡើងពេលឆ្លើយសំនួររបស់អ្នកសារព័ត៌មានវីអូឌី ដែលសាកសួរជុំវិញករណីប្រជាជនចោលសំរាមនៅតាមដងផ្លូវជាតិលេខ៦ដែលស្ថិតក្នុងទឹកដីខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។​

បណ្តោយផ្លូវជាតិលេខ៦ចេញពីស្ពានជ្រោយចង្វារឆ្ពោះទៅស្ពានព្រែកតាមាក់គឺនៅក្នុងសង្កាត់ព្រែកលៀប និងសង្កាត់បាក់ខែង មានការចោលសំរាមជាហូហែសងខាងផ្លូវនៅតាមដីទំនេរដែលមិនមានផ្ទះ។​ សំរាមកន្លែងខ្លះតិច កន្លែងខ្លះច្រើនក្លាយជាគំនរហើយបានជះក្លិនស្អុយដល់អ្នកធ្វើដំណើរផងដែរ។​

សំរាមនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១។ រូប ដោយ ពៅ មេត្តា

លោក ឃ្លាំង ហួត មានប្រសាសន៍ថា ទោះអាជ្ញាធរមានវិធានការបែបណាក៏មិនអាចដោះស្រាយបញ្ហាសំរាមទាំងនេះបានដែរ។​

លោក ឃ្លាំង ហួត៖«ស្រុកខ្មែរយើងសម្រាប់ច្បាប់បើថា ចង់ឱ្យសំរាមស្អាតទាល់តែចាប់ដាក់គុក ។ព្រោះការធ្វើណឹងទាល់តែមានការចូលរួមពីប្រជាជនបើប្រជាជនមិនចូលរួមទេ សំរាមវានៅតែមានចឹង។ ប៉ុន្តែយ៉ាងណាមិញ យើងមិនមែនទុកសំរាមលំអទីក្រុង សម្រាប់ការរិះគន់ ការពេបជ្រាយទេ»។​

លោក ឃ្លាំង ហួត ជំរុញឱ្យសារព័ត៌មានជួយផ្សព្វផ្សាយអប់រំឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាមនេះ។​

លោក ឃ្លាំង ហួត៖«វិទ្យុណឹងគប្បីធ្វើការអប់រំឱ្យច្រើន​ជាជាងធ្វើការស្តីបន្ទោសអាជ្ញាធរ។​ រាល់ថ្ងៃណឹងខ្ញុំមើលឃើញថា ពួកយើងទាំងអស់គ្នាខ្វះការអប់រំ បើប្រៀបធៀបជាមួយគេទាំងវៀតណាម ទាំងថៃ គេធ្វើស្ពតសម្រាប់អប់រំដើម្បីឱ្យមានការភ្ញាក់រឭក ហើយយើងនេះមិនសូវទេ ចាំតែឃើញចាប់កំហុសវ៉ៃផូងតែម្តង»។​

ចាប់ពីចំណុចស្ពានជ្រោយចង្វារ ទៅដល់ស្ពានព្រែកតាមាក់ ក្រៅពីសង្កាត់ចំនួន២នៅក្នុងខណ្ឌជ្រោយចង្វារ ក៏មានឃុំព្រែកអញ្ជាញស្ថិតនៅក្នុងស្រុកមុខកំពូលខេត្តកណ្តាលដែរ ដែលមានចោលសំរាមតាមបណ្តោយផ្លូវជាតិលេខ៦នេះ។ ស្ថានភាពនៃការចោលសំរាមនៅឃុំព្រែកអញ្ជ្រាញក៏ប្រហាក់ប្រហែលនៅក្នុងខណ្ឌជ្រោយចង្វារដែរគឺមានដាក់នៅរាយប៉ាយ និង គរដោយដុំ។​

សំរាមនៅក្នុងឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាលនៅថ្ងៃទី១៣ខែមករា ឆ្នាំ២០២១។ រូប ដោយ ពៅ មេត្តា
សំរាមនៅក្នុងឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ រូប ដោយ ពៅ មេត្តា

ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលលោក អ៊ូម ផាត់ ថ្លែងថា ខាងមន្ទីរតែងតែផ្សព្វផ្សាយអប់រំជាប្រចាំពីផលប៉ះពាល់នៃសំរាម។

លោក អ៊ូម ផាត់ បញ្ជាក់ថា ការចាត់ចែងរៀបចំសំរាមជាសមត្ថកិច្ចទទួលខុសត្រូវផ្ទាល់របស់អាជ្ញាធរឃុំ។​

លោក អ៊ូម ផាត់៖«តាមអនុក្រឹត្យប១៣ ស្តីពីទីលានចាក់សំរាមឬកន្លែងទុកដាក់សំរាមទីប្រជុំជនយើងមានភាស៊ីផ្សារ ឬ អាជ្ញាធរឃុំហ្នឹង ជាអ្នករៀបចំទីតាំងឱ្យបោះចោល»។​

លោក អ៊ូម ផាត់​ បញ្ជាក់ថា ចំពោះអ្នកចោលសំរាមតាមទីសាធារណៈមិនបា​នត្រឹមត្រូវក៏ប្រឈមការផាកពិន័យផងដែរ។

លោក អ៊ូម ផាត់៖«នៅក្នុងអនុក្រឹត្យមានផាកពិន័យពួកគាត់ដែរតើស ផាកពី២ម៉ឺនទៅ៤០ម៉ឺនឯណោះ អាណឹងបើគាត់បោះចោលយើងអប់រំម្តងទៅ២ដងហើយគាត់មិនបានស្តាប់ចឹង»។​

អ្នកលក់ពោតស្ងោរម្នាក់នៅសង្កាត់បាក់ខែងអ្នកស្រី លក្ខណ៍ ថ្លែងថា គាត់លក់មិនដាច់ដូច្នេះមិនចង់អស់លុយបង់ថ្លៃសំរាមទើបយកទៅរកកន្លែងចោលដោយខ្លួនឯង។​

អ្នកស្រីលក្ខណ៍៖« ខ្ញុំលក់អត់សូវដាច់ អត់សូវមានសំរាមផង។ ចឹង២ទៅ៣ថ្ងៃយកទៅបោះចោលខ្លួនឯង»។​

របាយការណ៍​របស់​ក្រសួង​បរិស្ថានបានបង្ហាញថា ប្រទេស​កម្ពុជា​បាន​ផលិតសំរាម​ជាង​១​ម៉ឺន​តោនក្នុង​មួយ​ថ្ងៃ ​ហើយក្នុងរាជធានី​ភ្នំពេញ​មាន​សំរាម​ជិត​៣​ពាន់​តោន ដោយការប្រើប្រាស់ថង់​ប្លាស្ទិក​ប្រមាណ​ជាង​១០​លាន​ថង់ក្នុងមួយថ្ងៃ។

របាយការណ៍ដដែលបញ្ជាក់ថា បរិមាណសំរាមនៅទូទាំងប្រទេសកម្ពុជាមានប្រមាណជិត៤លានតោនក្នុងមួយឆ្នាំ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ