ប្រជាពលរដ្ឋ៣០គ្រួសារដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍផ្លូវរថភ្លើងទៅជាផ្លូវបេតុងនិងអាងស្តុកទឹក ក្នុងខណ្ឌទួលគោក ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ដោះដូរដីនៅក្បែរទីតាំងចាស់ដែលពួកគេធ្លាប់រស់នៅ ដើម្បីឱ្យពួកគេងាយស្រួលប្រកបរបរចិញ្ចឹមជីវិត។
ការស្នើនេះបានធ្វើឡើងខណៈដែលពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យ៣០គ្រួសារ រស់នៅជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីសុំឱ្យមានកិច្ចអន្តរាគមន៍។
លោក កូវ សារុន អះអាងថាជាប្រជាពលរដ្ឋរស់នៅភូមិ១៧ សង្កាត់បឹងកក់២ ប្រាប់វីអូឌីនៅថ្ងៃនេះថា កន្លងមក អាជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋ អំពីការអភិវឌ្ឍផ្លូវរថភ្លើងទៅជាផ្លូវបេតុងនិងអាងស្តុកទឹក ដែលការអភិវឌ្ឍនេះបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួននៅអមសងខាងផ្លូវរថភ្លើងនេះ។
លោកបន្តថា ក្រោយទទួលបានព័ត៌មាន ពលរដ្ឋបានស្នើទៅអាជ្ញាធរខណ្ឌទួលគោក ដើម្បីសុំដោះដូរដីនៅទីតាំងថ្មីមួយកន្លែងក្នុងខណ្ឌនេះដដែល ប៉ុន្តែអាជ្ញាធរខណ្ឌមិនព្រម ទើបពួកគាត់នាំគ្នាទៅសុំអន្តរាគមន៍បន្តពីអាជ្ញាធររាជធានីភ្នំពេញ។
លោកថា៖ «អាជ្ញាធរខណ្ឌថា ដីនៅខណ្ឌទួលគោក និងក្រោយវត្តទួល មិនមានសម្រាប់ពួកយើងទេ តែយើងរកឃើញថា ដីនៅខាងក្រោយវត្តទួល វាធំណាស់ ដីដល់ទៅជាង៤គីឡូម៉ែត្រ ហើយបើយើងវាស់ទៅ អាចផ្ទុកគ្រួសារប៉ះពាល់បានដល់ជាង១ ០០០គ្រួសារ»។
អ្នកស្រី មាស ស្រីភាព ជាពលរដ្ឋម្នាក់ទៀតរស់នៅភូមិ១៦ សង្កាត់ទឹកល្អក់១ និយាយថា កន្លងមក អាជ្ញាធរខណ្ឌបានបង្ខំឱ្យពួកគាត់ដោះដូរដីទៅកាន់ទីតាំងថ្មី ក្នុងភូមិគោកខ្សាច់ ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ និងដីតំបន់ក្រុមហ៊ុន 7NG ក្នុងខេត្តកណ្តាល ដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយ។
អ្នកស្រីថា ការផ្តល់ទីតាំងថ្មីនេះ ត្រូវបានពលរដ្ឋបដិសេធ និងស្នើសុំឱ្យអាជ្ញាធរដោះដូរដីនៅក្នុងខណ្ឌនេះដដែល ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត។
អ្នកស្រីថា៖ «ទៅដល់នោះ [ទីតាំងថ្មី] យើងមិនដឹងរកស៊ីអី ហើយកូននៅរៀនសាលាណា […] នៅនេះ [ទីតាំងចាស់] យើងបានផ្ទះនៅហ្នឹង ធ្វើការហ្នឹង ដេកនៅហ្នឹង មិនសូវអស់លុយផ្ទះជួល នៅនេះគ្រាន់ដើរលាងចានលាងអី [បាន]លុយមកចិញ្ចឹមកូន»។
អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានច្រានចោលការចោទប្រកាន់ ដោយថា អាជ្ញាធរមិនបានបង្ខិតបង្ខំឬគំរាមកំហែងពលរដ្ឋឡើយ។ ចំពោះការស្នើសុំដីនៅក្នុងក្រុងវិញ លោកថា អាជ្ញាធរពុំមានដីផ្ដល់ឱ្យពលរដ្ឋនោះទេ។
លោកថា៖ «កន្លងមក យើងនៅជួយគាត់ សម្របសម្រួលគាត់ ហើយក៏មិនទាន់រើផ្ទះអ្នកណាមួយដែរ។ ប្រជាជនគាត់ស្ម័គ្ររុះរើដោយខ្លួនឯង យើងអត់មានបង្ខំទេ មើលជាក់ស្ដែង។ ការចោទរបស់គាត់ យើងខ្ញុំមិនទទួលទេ ព្រោះយើងមិនទាន់ទៅបង្ខំ ទៅជំរុញ តែគ្រាន់តែសុំឱ្យគាត់រស់នៅដោយនឹងន! ស្ងប់ស្ងាត់! រង់ចាំការដោះស្រាយពីសាលារាជធានី»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា មន្ត្រីជំនាញបានជួបជាមួយប្រជាពលរដ្ឋហើយ ប៉ុន្តែការដោះស្រាយយ៉ាងណានោះ លោកនៅពុំទាន់ដឹងនៅឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរដោះស្រាយករណីនេះជូនប្រជាពលរដ្ឋដោយតម្លាភាព ដើម្បីកុំឱ្យមានការតវ៉ាដូចការអភិវឌ្ឍមួយចំនួននាពេលកន្លងមក។
លោកថា៖ «បើសិនជាអូសបន្លាយឬក៏មិនស្វែងរកដំណោះស្រាយទេ ជាការកត់សម្គាល់របស់ខ្ញុំ គឺរឿងការតវ៉ា ការធ្វើបាតុកម្ម វាអាចកើតមាន អាហ្នឹងជារូបភាពមិនល្អទេ ពីព្រោះវាអាចនឹងឈានទៅមានអំពើហិង្សា ឬមានអ្នកដែលត្រូវចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ យើងឃើញកន្លងមកហើយ។ បញ្ហាទី២ កាលណាមិនព្រមព្រៀងអី វាឈានទៅដល់ការបណ្ដេញចេញទាំងបង្ខំអី ទាំងអស់នេះជារូបភាពមួយដែលមិនល្អមើល»។
ក្រុមប្រជាពលរដ្ឋទាំង៣០គ្រួសារ អះអាងថា ប្រសិនបើអាជ្ញាធររាជធានីភ្នំពេញ មិនព្រមដោះស្រាយឱ្យពួកគេបានសមរម្យទេ នោះពួកគាត់នឹងនាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់មានដំណោះស្រាយ៕